ភ្នំពេញៈ មន្ទីរពេទ្យគន្ធបុប្ផាបានចំណាយថវិកា ក្នុងរយៈពេល៥ខែ នៃឆមាសទី១ ឆ្នាំ២០២៥នេះអស់​១៨​លាន​ដុ​ល្លា​រ​អាមេ​រិ​ក ដោយបានធ្វើការពិនិត្យព្យាបាលកុមារឈឺ និងស្រ្តីមានផ្ទៃពោះ ជាងកន្លះលាននាក់។

សង្ខេបរបាយការណ៍សកម្មភាពរបស់មន្ទីរពេទ្យគន្ធបុប្ផា នាថ្ងៃពុធ​ទី៤ ខែមិថុនានេះ បានឱ្យដឹងថា ក្នុងរយៈពេល ៥ខែ នាឆ្នាំ២០២៥នេះ មានកុ​មារ​ឈឺ​ និងស្រ្តីមានផ្ទៃ​ពោះចំនួន៥៣៥ ៣៧៧នាក់ ត្រូវបានពិនិត្យព្យាបាល នៅ​ក្នុង​ផ្នែក​ពិគ្រោះ​ជំងឺក្រៅ ហើយ កុមារមានជំងឺធ្ងន់ៗ ចំនួន ៧៧ ៩៩៥នាក់ ត្រូវបានសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ។

ក្រៅពីនោះ កុមារចំនួន១ ៧១៦ នាក់ ដែលមានជំងឺគ្រុនឈាម ក៏ត្រូវបានសម្រាកព្យាបាលក្នុងមន្ទីរពេទ្យផងដែរ ហើយកុមារចំនួន១៣ ១៨៤នាក់ បានទទួលការវះកាត់ទូទៅ។

មន្ទីរពេទ្យក៏បានធ្វើការវះកាត់បេះដូងនិងភ្ជិតប្រហោងបេះដូងតាមសរសៃឈាម (Heart interventional catheterization and operations) នៅមន្ទីរគន្ធបុប្ផាសៀមរាប និងភ្នំពេញ បានចំនួន៤៥៨នាក់ ហើយក៏មានស្រ្តីសម្រាលកូនបានចំនួន ៧ ៨២៩នាក់ នៅផ្នែកសម្ភព នៃមន្ទីរពេទ្យជ័យវរ្ម័នទី៧(គន្ធបុប្ផាទី៣)ផងដែរ។ រីឯ អត្រាមរណភាពកុមារក្នុងមន្ទីរពេទ្យ (hospitalized pediatric mortality rate)មាន០,៣ភាគរយ។

ក្នុងអំឡុងពេលយុទ្ធនាការ "១ម៉ឺនរៀល ១ម៉ឺននាក់" ឆ្នាំ២០២៥ របស់មូលនិធិគន្ធបុប្ផាកម្ពុជាកំពុងតែប្រព្រឹត្តទៅនោះ មន្ទីរពេទ្យគន្ធបុប្ផា ក៏បានទទួលថវិកា ១លានដុល្លារអាមេរិក ពីកាកបាទក្រហមកម្ពុជា ជាលើកទី១៤ ប្រចាំឆ្នាំ២០២៥ កាលពីថ្ងៃអង្គារ ទី៣ ខែមិថុនានេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពជាផងដែរ៕