
យុវជនឈ្មោះ ឈ.ណ.រ ត្រូវបានចាប់ខ្លួនក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ។ រូបថត សហការី
ភ្នំពេញ៖ នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបង្ក្រាបករណីឆបោកក្រោមរូបភាពទិញលក់ម៉ូតូតាមអនឡាញ ដែលជនសង្ស័យទៅកន្លែងលក់ម៉ូតូ សម្ដែងធ្វើជាទិញ និងថតរូបផ្ញើរទៅជនរងគ្រោះឱ្យជឿជាក់។
យុវជនឈ្មោះ ឈ.ណ.រ ត្រូវបានចាប់ខ្លួន ក្រោយនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបើកការស្រាវជ្រាវ ករណីផ្សព្វផ្សាយឆបោកប្រាក់លក់ម៉ូតូតាមបណ្ដាញទំនាក់ទំនងសង្គម។
យោងតាមនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានឱ្យដឹងថា៖ «តាមរយៈការស្រាវជ្រាវ សមត្ថកិច្ចកំណត់បានថា ជនសង្ស័យរូបនេះពិតបានទិញគណនីហ្វេសប៊ុក ដើម្បីធ្វើការផ្សព្វផ្សាយលក់ម៉ូតូ តាមអនឡាញ»។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានបន្ដថា៖ «ជនសង្ស័យបានឆបោកជនរងគ្រោះដែលបានបញ្ជាទិញម៉ូតូចំនួន០៣គ្រឿង ក្រោមរូបភាពទៅកន្លែងលក់ម៉ូតូ សម្ដែងធ្វើជាទិញ និងថតរូបផ្ញើរទៅជនរងគ្រោះអោយជឿជាក់ និងតម្រូវឱ្យទូទាត់ប្រាក់ជាមុនតាម QR code ទ្រូម៉ាន់នី ទីបំផុតមិនបានប្រគល់ម៉ូតូ និងបានផ្តាច់ទំនាក់ទំនងជាមួយជនរងគ្រោះតែម្តង»។
បច្ចុប្បន្នជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការតាមផ្លូវច្បាប់។
នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា បានក្រើនរំឭកសាធារណជនឱ្យប្រុងប្រយ័ត្ន មុននឹងធ្វើការទិញទំនិញតាមអនឡាញផ្សេងៗ ដោយត្រូវពិនិត្យ និងវិភាគឱ្យបានជាក់លាក់ពីប្រភពនៃការទិញលក់ ជៀសវាងការខាតបង់ផលប្រយោជន៍ផ្សេងៗ៕