ភ្នំពេញៈ ព្រះមហាក្សត្រអំពាវនាវឱ្យភាគីពាក់ព័ន្ធ សហការគ្នាលើកកម្ពស់ការថែរក្សាបរិស្ថាន និងប្រើប្រាស់​ធ​នធាន​ធ​ម្ម​ជាតិ ប្រកបដោយចីរភាព ដើម្បីបន្សល់សម្បត្តិធម្មជាតិដ៏មានតម្លៃទាំងនោះ ទុកសម្រាប់កូនចៅជំនាន់ក្រោយ។

ព្រះរាជបន្ទូលអំពាវនាវរបស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ធ្វើឡើង​ក្នុង​​ទិ​វាប​រិ​ស្ថា​នជាតិ និ​ងបរិស្ថានពិភពលោក ៥មិថុនា ២០២៥ ក្រោមប្រធានបទ៖ « ប្រយុទ្ធប្រឆាំងការបំពុលដោយប្លាស្ទិក Beat Plastic Pollution» នៅពហុកីឡដ្ឋានជាតិមរតកតេជោ ស្ថិតក្នុងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ។

ព្រះអង្គមានព្រះរាជបន្ទូលថា ការរៀបចំព្រឹត្តិការណ៍ទិវាបរិស្ថាន ៥ មិថុនានេះ គឺ​ជាកា​រ​ជួប​​ជុំ​គ្នាមួយ ដើម្បី​បង្ហាញ​នូវ​ការយកចិត្តទុកដាក់ខ្ពស់ចំពោះបរិស្ថាន។ ប្រធានបទ «ប្រយុទ្ធប្រឆាំងការ​បំពុល​ដោយ​ប្លាស្ទិក»នេះ គឺ​ជាការរំលឹក និង​ជាការអំពាវនាវមួយសម្រាប់ជនរួមជាតិទាំងអស់គ្នា ឱ្យ​រួមគ្នា ធ្វើ​សក​ម្ម​ភាព​ប្រក​ប​ដោយ​កា​រទ​ទួ​លខុ​ស​ត្រូវ​ខ្ពស់​។

ព្រះអង្គមានបន្ទូលដូច្នេះថា៖«ការដោះស្រាយបញ្ហានេះមិនជាការងារ របស់បុគ្គលណាម្នាក់ ឬស្ថាប័នណាមួយនោះទេ ប៉ុន្តែជាការទទួលខុសត្រូវរបស់យើងទាំងអស់គ្នា....និង​សុំបន្តផ្តល់​នូវកិច្ច​សហ​ការ​ណ៍​គាំទ្រ គ្រប់រូបភាព ជាមួ​យ​ក្រសួ​ង​ប​រិស្ថាន ក្នុងគោលបំណងសម្រេចបាននូវ បេសកកម្មរួមគ្នា គឺពិភព​លោកមាន​ភាព​ស្អាត ភាពបៃតង និងចីរ​ភាពស្រ​ប​តាម​ពាក្យស្លោកកម្ពុជាស្អាត ខ្មែរធ្វើបាន»។

ព្រះអង្គក៏បានមានព្រះរាជបន្ទូលលើកឡើងដែរថា មាតុភូមិកម្ពុជា គឺជាទឹកដីដ៏ស្រស់បំព្រង​ពោរពេញ​ដោយ​សម្បត្តិ​ធម្មជាតិ ដែលបុព្វបុរសកម្ពុជា​បាន​ថែ​រក្សា ​កេរដំណែលនេះ ទុកសម្រាប់កូនចៅទាំងអស់គ្នា។ ពីជួរភ្នំដ៏ខ្ពស់ត្រដែត ព្រៃឈើដ៏ខៀវស្រងាត់ ស្រស់ត្រកាល ទន្លេមេគង្គ បឹងទន្លេសាប ដែលជាមរតកធនធានធម្មជាតិ ដ៏សម្បូរបែប រហូត​ដល់តំបន់ឆ្នេរដ៏ស្រស់ស្អាតរស់រវើក និងប្រជុំកោះតូច ធំជាច្រើន។

សម្បត្តិធម្មជាតិទាំងអស់នេះហើយគឺជាសរសៃឈាម ជីវិត និងជាផ្នែកមួយនៃអត្តសញ្ញាណជាតិរបស់កម្ពុជា។ ភាព​សុ​ខដុ​មរមនារវាងមនុស្ស និងធម្មជាតិ គឺជាឫសគល់ នៃវប្បធម៌ ប្រពៃណី និងជំនឿរបស់ប្រជាជនខ្មែរ​​តាំងពី​បុ​រាណ​កា​លមក។

ព្រះអង្គមានព្រះរាជបន្ទូលថា៖«ការរស់នៅដោយការគោរពធម្មជាតិ មិនបំផ្លាញធម្មជាតិ និងចេះប្រើប្រាស់ធន​ធាន​ធម្ម​ជាតិ​ប្រកបដោយចីរភាព គឺជាកាតព្វកិច្ចដែលយើងត្រូវបន្តថែរក្សា ការពារ និងពង្រឹងឱ្យ​បានខ្ជាប់​ខ្ជួនសម្រាប់​បន្តដល់​កូន​ចៅ​ជំនាន់ក្រោយ»។

ព្រះអង្គមានបន្ទូលបន្តថា ថ្នាក់ដឹកនាំកម្ពុជា បាននិងកំពុងបន្តថែរក្សា ការពារអភិរក្សធនធានធម្មជាតិបានគង់វង្ស រីក​ច​ម្រើន រហូតទទួលបានការកោតសរសើរពីសហគមន៍អន្តរជាតិ និងមានលទ្ធភាព ត្រៀមខ្លួនរួចជាស្រេច ដើម្បី​ប​ន្សាំ​ទៅនឹង​​ផ​ល​ប៉ះពាល់ ក៏ដូចជាចូលរួមទប់ស្កាត់ការប្រែប្រួលអាកាសធាតុ។

ទិវានេះត្រូវបានសហការរៀបចំឡើង ដោយក្រសួងព្រះបរមរាជវាំង គណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ ​ក្រសួងបរិស្ថាន​ និង​រដ្ឋ​បាលរាជធានី​ភ្នំ​ពេញ ដែលមានការចូលរួមពីប្រធានព្រឹទ្ធសភា លោកហ៊ុន សែន, លោកនាយក​រដ្ឋមន្រ្តីហ៊ុន ម៉ាណែត ថ្នាក់ដឹកនាំស្ថាប័នជាតិកំពូលៗ តំណាងអង្គទូត អង្គការដៃគូ អាជ្ញាធរមូលដ្ឋាន ​និង​ពល​រដ្ឋ​ជា​ច្រើន​​រូបផ្សេ​ងៗទៀត​។

ក្នុងឱកាសនោះ រដ្ឋមន្ត្រីក្រសួងបរិស្ថាន លោកអ៊ាង សុផល្លែត បានថ្លែង​ប្តេជ្ញាចិត្ត​ដ៏មុត​មាំ​ក្នុង​ការ​ប្រយុ​ទ្ធប្រ​ឆាំ​ងនឹ​ង​សំរាម សំណល់ប្លាស្ទិក ដើម្បីការពារសុខភាពប្រជាពលរដ្ឋកម្ពុជា ពីការបំពុលដោយប្លាស្ទិក។

លោករដ្ឋមន្រ្តីបានលើកឡើងថា នាពេលបច្ចុប្បន្ននេះ ប្លាស្ទិកបានក្លាយជាផ្នែកមួយនៃជីវិតប្រចាំថ្ងៃរបស់មនុស្ស​ទៅ​ហើយ។ សព្វថ្ងៃនេះ ផលិតផលប្លាស្ទិក ៤០០លានតោន ត្រូវបានផលិតក្នុងមួយឆ្នាំៗ ប៉ុន្តែមានប្រមាណ ១២​ភា​គរយ ត្រូវបានដុតបំផ្លាញ ហើយប្រមាណ ៩ភាគរយ ប៉ុណ្ណោះ ត្រូវបានធ្វើការកែច្នៃឡើងវិញ។ រីឯ ចំណែកដែលនៅសល់ គឺ ត្រូវបានបោះចោលនៅទីលានចាក់សំរាម ឬបញ្ចេញទៅក្នុងបរិស្ថាន ដែលរួមទាំងមហាសមុទ្រផងដែរ។

ប្រសិនបើគ្មានវិធានការប្រកបដោយ និរន្តភាពនោះទេ គេរំពឹងថា បរិមាណ​សំណល់​ប្លាស្ទិក ដែលហូរចូល​ទៅក្នុង​ប្រព័ន្ធ​អេកូឡូស៊ី ក្នុងទឹក នឹងកើនឡើងជិត៣ដង ប្រមាណពី១១លាន តោន ក្នុងឆ្នាំ២០១៦ ដល់​ប្រមាណ​២៩​លាន​តោន ក្នុងឆ្នាំ២០៤០។

លោករដ្ឋមន្រ្តីបញ្ជាក់ថា៖«មិនតែប៉ុណ្ណោះ អ្វីដែលគួរឱ្យបារម្ភបំផុតនោះគឺ ប្លាស្ទិកបានបំបែកខ្លួន ក្លាយជា​បំណែក​តូចៗ​ហៅថា មីក្រូប្លាស្ទិក និងណាណូប្លាស្ទិក កំពុង បំពុលខ្សែចង្វាក់អាហារ និងបង្កគ្រោះ​ថ្នាក់​ដល់ភាវៈ​មាន​ជីវិត​ទាំងនៅ ក្នុងទឹកនិងលើគោក។ បំណែក ប្លាស្ទិកទាំងនេះ ត្រូវបានរកឃើញនៅ ក្នុងសរសៃឈាមអាកទែរ សួត​និងខួរ​ក្បាល​របស់​មនុស្ស និងសូម្បីតែ នៅក្នុងទឹកដោះម្តាយ»។

លោកក៏បានឱ្យដឹងផងដែរថា ឆ្លើយតបនឹងភាពស្អាតលើអាកាស ក្រសួង​បាន​បំពា​ក់ស្ថា​នី​យ៍​តាម​ដា​ន​គុណ​ភាព​ខ្យ​ល់ស្វ័​យ​ប្រ​វត្តិចំនួន៥៦កន្លែងទូទាំងប្រទេស។ ចំពោះភាពស្អាតលើដីវិញ គឺមានយុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិ​ន​ប្រើថ​ង់​ប្លាស្ទិ​កទេ» បាន​កាត់បន្ថយការនាំចូលថង់ប្លាស្ទិកដល់ទៅ៨៨ភាគរយ។

ស្របពេលជាមួយគ្នានេះ ក្រសួងក៏បានកំពុងសិក្សាប្រែក្លាយទីលានចាក់សំរាមចំនួន ២០៦ កន្លែង ឱ្យ​ក្លាយជាទី​លាន​ទុក​​ដាក់​មានសុវត្ថិភាពផងដែរ៕