ពោធិ៍សាត់​៖ និយ័តករធានារ៉ាប់រងកម្ពុជា (ន.ធ.ក.) ​ថ្ងៃ​ទី៥ ខែ​មិថុនា​នេះ​ បានរៀបចំសិក្ខាសាលាផ្សព្វផ្សាយអំពី «ផលិតផលធានារ៉ាប់រងអាយុជីវិត» ​ក្នុង​ខេត្តពោធិ៍សាត់ ដើម្បី​ផ្សព្វផ្សាយ និងបញ្ជ្រាបចំណេះ​ដឹងពី​អត្ថប្រយោជន៍​របស់​ផលិតផ​លធានារ៉ាប់រង​អាយុ​ជីវិត ក៏ដូចជា​ឱកាស​ការងារ​ បើសិន​ជា​ក្រុមហ៊ុន​ធានារ៉ាប់រង​បោះ​ជំហា​នចូល​ខេត្ដពោធិ៍សាត់​នេះ​។

លោក គិត សុផា អភិបាល​រង​ខេត្ដ​ពោធិ៍សាត់ បាន​ឱ្យ​ដឹងថា ជាមួយ​ប្រជាជនសរុប​ជិត ៥៥​ម៉ឺន​នាក់ និង​ផលិតផល​ក្នុង​ស្រុក​សរុប (ផ.ស.ស) ១៥៧៤ ដុល្លារ​សម្រាប់​ម្នាក់ បច្ចុប្បន្ន​មានតែ​ធនាគារ​ជាដៃគូ​របស់​ក្រុមហ៊ុន​ធានារ៉ាប់​រង​ប៉ុណ្ណោះ ដែល​មាន​វត្ដមាន​នៅ​ក្នុង​ខេត្ដ​ពោធិ៍សាត់​ ដោយ​មិន​មាន​ក្រុមហ៊ុន​ធានា​រ៉ាប់​រង​ឯកជន​ប្រតិ្ដការ​នៅខេត្ដ​នេះ​នៅឡើយ​។

នៅចំពោះមុខ​មន្ដ្រី​រាជការ តំណាង​គ្រឹះស្ថាន​ឯក និង​សិស្ស​-​និស្សិត លោក សុផា បាន​ថ្លែងថា​៖ «​ខ្ញុំសូម​លើក​ទឹកចិត្ដ​ និង​សំណូមពរ​ដល់​និយ័តករ​ធានារ៉ាប់រង​កម្ពុជា ត្រួត​ពិនិត្យ​លទ្ធភាព និង​សម្របសម្រួល​ឱ្យ​មាន​ការ​បើក​សាខា​របស់ក្រុមហ៊ុន​ធានារ៉ាប់រង​នៅ​ខេត្ដ​ពោធិ៍សាត់​ក្នុង​ន័យ​បង្កើត​នូវ​ឱកាស​ការងារ​ជូន​ដល់​ប្រជាពលរដ្ឋ​ក្នុង​ខេត្ដ ក៏ដូចជា​ជួយ​កាត់​បន្ថយ​ហានិភ័យ​ហិរញ្ញវត្ថុ​ផង​ដែរ»។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃ​និយ័តករ​ធានារ៉ាប់រង​កម្ពុជា បាន​​លើកឡើង​ថា វិស័យ​ធានារ៉ាប់រង​គឺជា​វិស័យ​ហិរញ្ញវត្ថុមិនមែនធនាគារ​ ដែល​បាន​និង​កំពុង​ដើរ​តួនាទី​ជា​សមាសភាគ​មួយ​ដ៏សំខាន់​ក្នុង​ការ​ទ្រទ្រង់​វិស័យ​សន្ដិសុខ​សង្គម និង​សេដ្ឋកិច្ច​ជាតិ​។

លោកបន្ដថា៖ «ដើម្បី​ជំរុញការអភិវឌ្ឍ​វិស័យ​ធានារ៉ាប់រង​កម្ពុជា​បន្ថែម​ទៀតប្រកប​ដោយ​ចដីរភាព កាលពី​ឆ្នាំ​២០២១ រាជរដ្ឋាភិបាល​កម្ពុជា​បាន​ធ្វើ​កំណែទម្រង់​យន្ដការ​ស្ថាប័ន​ ដោយ​បង្កើតនិយ័តករ​ធានារ៉ាប់​រង​កម្ពុជា នៃ​អាជ្ញាធរ​សេវា​ហិរញ្ញវត្ថុ​មិន​មែន​ធនាគារ ដែល​ជាស្ថាប័ន​ថ្មី​មួយ​ដើរ​តួនាទី​ជា​សេនាធិការ​ឱ្យ​រាជ​រដ្ឋាភិបាល​ក្នុងការ​គ្រប់គ្រង និងអភិវឌ្ឍន៍​វិស័យ​ធានា​រ៉ាប់​រង​កម្ពុជា»។

ជាមួយនឹង​កំណើន​ជា​មធ្យម​ប្រចាំឆ្នាំ​ប្រមាណ ២០%​ បច្ចុប្បន្ន ទំហំ​ទីផ្សារ​ធានារ៉ាប់រង កើន​ឡើងដល់​ប្រមាណ ៣៧០ លាន​ដុល្លារ​អាមេ​រិក ក្នុង​ឆ្នាំ​២០២៤​។

លោក ច័ន្ទភីរូ បានបន្ដថា យ៉ាងណា​ម៉ិ​ញ ទំហំ​ទីផ្សារ​នេះ បានរួម​ភាគទាន​ក្នុង​សេដ្ឋកិច្ចកម្ពុជា​តែ​ប្រមាណ ១.១៧% ហើយ​ដង់ស៊ីតេ ធានារ៉ាប់រង មានតែ ២២ ដុល្លារ​​ សម្រាប់​មនុស្ស​ម្នាក់ ដែល​អត្រា​នេះ​នៅមាន កម្រិត​ទាប បើ​ធៀប​នឹង​ប្រទេស​ក្នុង​តំបន់ និង​សកលលោក​។

លោក​បានបន្ថែម​ថា​ សូចនាករ​ទាំងនេះ​អាច​បញ្ជាក់បាន​ថា ការអភិវឌ្ឍ​នៃ​វិស័យ​ធានារ៉ាប់រង​កម្ពុជា នៅមាន​បញ្ហា​ប្រឈម​មួយចំនួន ដូចជា​​កង្វះ​ការយល់ដឹង​របស់​សាធារណជន​អំពី​អត្ថប្រយោជន៍​នៃ​ការ​ធានារ៉ាប់រង​ចំពោះ​បុគ្គល​ម្នាក់ៗ គ្រួសារ​នីមួយៗ និង​សង្គមជាតិ​ទាំងមូល​។​

យោងតាម​និយ័តករធានារ៉ាប់រង​កម្ពុជា បា​នឱ្យ​ដឹងថា​ ​ទឹក​ប្រាក់ធានារ៉ាប់រង​អាយុ​ជីវិត​ខែមេសា ឆ្នាំ​២០២៥ មានទំហំ​១.៦​លាន​ដុល្លារ កើនឡើង​ ២៦,២៧​ភាគរយ បើ​ធៀបនឹងរយៈ​ពេល​ដូច​គ្នា​ក្នុង​ឆ្នាំ​២០២៤​៕