
ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដើរកម្សាន្តនៅប្រាសាទអង្គរ ក្នុងខេត្តសៀមរាប។ ភ្នំពេញប៉ុស្តិ៍
ទោះបីស្ថានភាពនយោបាយ សេដ្ឋកិច្ច និងវិស័យទេសចរណ៍ពិភពលោកមិនទាន់មានភាពល្អប្រសើរដូចមុនការលេចឡើងនៃវត្តមានជំងឺកូវីដ១៩ ប៉ុន្តែសម្រាប់ចំនួនភ្ញៀវបរទេសដែលធ្វើដំណើរមកកម្ពុជា គឺកើនឡើងជាបន្តបន្ទាប់ដោយក្នុងរយៈពេល ៤ខែដើមឆ្នាំ២០២៥ កម្ពុជាទទួលបានភ្ញៀវបរទេសជាង ២លាននាក់។
ទិន្នន័យផ្លូវការរបស់ក្រសួងទេសចរណ៍ ដែលចេញផ្សាយនារសៀលថ្ងៃទី៥ ខែមិថុនា ឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវបរទេសសរុប ២,៤ លាននាក់បានចូលមកប្រទេសកម្ពុជា កើនឡើង ១៣,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងចំនួននេះ គឺភ្ញៀវមកតាមផ្លូវគោកចំនួន ១,៣៥លាននាក់ ស្មើនឹង ៥៦,២ភាគរយនៃចំនួនភ្ញៀវបរទេសសរុប, ផ្លូវអាកាស ១,០១លាននាក់ ស្មើ ៤២,១ភាគរយ, និងតាមផ្លូវទឹក ៤០ ១៥៩នាក់ ស្មើ ១,៧ភាគរយ។
សម្រាប់ភ្ញៀវបរទេសដែលចូលមកកម្ពុជាច្រើនជាងគេ គឺជនជាតិថៃចំនួន ៦៧៤ ១៣៤នាក់, វៀតណាម ៤១០ ៤២៤នាក់, ចិន ៣៨៧ ៥០៥នាក់, និងអាមេរិក ៩០ ៧១៥នាក់ ក្រៅពីនោះមានដូចជា ឡាវ កូរ៉េ ចក្រភពអង់គ្លេស បារាំង ឥណ្ឌូនេស៊ី និងជប៉ុន ជាដើម។
ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេសឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន ក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះបានដាក់ចេញនូវយុទ្ធសាស្រ្តរដូវកាលបៃតង(Green Season)នាអំឡុងខែមិនសូវមានភ្ញៀវបរទេសដើរកម្សាន្ត។
ក្រសួងទេសចរណ៍ បានព្យាករណ៍ថា ក្នុងឆ្នាំ២០២៥ នេះកម្ពុជានឹងអាចទទួលបានភ្ញៀវទេសចរបរទេសចន្លោះពី ៧,២-៧,៥ លាននាក់។
រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ហួត ហាក់ បាននិយាយថា៖«តាមរយៈការបន្តដាក់ចេញវិធានការគន្លឹះនានាជាបន្តបន្ទាប់របស់រាជរដ្ឋាភិបាល ក៏ដូចជាការជំរុញការអនុវត្តផែនការយុទ្ធសាស្ត្រនានារបស់ក្រសួងទេសចរណ៍ យើងរំពឹងចំនួនភ្ញៀវទេសចរអន្តរជាតិនឹងកើនឡើងពី ៧,២លាននាក់ទៅ ៧,៥លាននាក់នៅឆ្នាំ២០២៥ នេះ»។
ឆ្នាំ២០២៥ នេះក៏ត្រូវបានរដ្ឋាភិបាលកម្ពុជា-ចិន កំណត់យកជា«ឆ្នាំទេសចរណ៍កម្ពុជា-ចិន» ផងដែរ ជាមួយនឹងក្តីរំពឹងថា ប្រជាពលរដ្ឋនៃប្រទេសទាំង ២ នឹងធ្វើដំណើររវាងប្រទេសទាំង ២ កាន់តែច្រើន។
ប្រធានសមាគមមគ្គុទេសក៍ទេសចរណ៍ភាសាចិនកម្ពុជា លោក អនហេង សុភ័ក្រ បានប្រាប់ភ្នំពេញប៉ុស្តិ៍ ថា វត្តមានរបស់លោក ស៊ី ជីនពីង មកប្រទេសកម្ពុជាកាលពីខែមេសា បានផ្តល់ផលវិជ្ជមានលើវិស័យជាច្រើននៅកម្ពុជា រួមទាំងវិស័យទេសចរណ៍។ នៅពេលមានការផ្តល់ទំនុកចិត្ត និងការលើកទឹកចិត្តពីថ្នាក់ដឹកនាំចិនឱ្យមកកម្សាន្តនៅកម្ពុជា គឺប្រាកដណាស់នឹងមានភ្ញៀវទេសចរចិនចូលមកកម្ពុជាច្រើនជាងមុន។
លោកប្រាប់ទៀតថា ភ្ញៀវទេសចរចិនបានចូលរួមចំណែកយ៉ាងច្រើនក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិ តាមរយៈការបង្កើតការងារ និងប្រាក់ចំណូលក្នុងចរន្តសេដ្ឋកិច្ចកម្ពុជា ជាពិសេសមុនពេលពិភពលោកជួបនឹងវិបត្តិបណ្តាលមកពីជំងឺកូវីដ១៩ នាអំឡុងដើមឆ្នាំ២០២០។
លោកបានបញ្ជាក់ថា៖«តាមរយៈដំណើរទស្សនកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតីចិន ស៊ី ជិនពីង មកកម្ពុជា ខ្ញុំសង្ឃឹមថានឹងមានការវិនិយោគ និងភ្ញៀវទេសចរចិនបន្ថែមទៀតមកកាន់កម្ពុជា ជាពិសេសតាមរយៈថ្នាក់ដឹកនាំនៃប្រទេសទាំងពីរបានសម្រេចយកឆ្នាំ២០២៥ ជាឆ្នាំទេសចរណ៍កម្ពុជា-ចិន កំណើនភ្ញៀវទេសចរនឹងមានការកើនឡើង»។
កាលពីថ្ងៃទី៤ ខែមិថុនា នាអំឡុងដំណើរទស្សនកិច្ចទៅប្រទេសកូរ៉េដើម្បីចូលរួមពិព័រណ៌ទេសចរណ៍អន្តរជាតិលើកទី៤០( The 40th Seoul International Travel Fair) និងកម្មវិធីពាក់ព័ន្ធផ្សេងៗ រដ្ឋមន្ត្រីក្រសួងទេសចរណ៍កម្ពុជា លោក ហួត ហាក់ ក៏បានជួបពិភាក្សាជាមួយលោក Kim Yong Jae និងក្រុមការងារពីបណ្តាញទូរទស្សន៍ SBS កូរ៉េ ដើម្បីពិភាក្សាក្នុងន័យទាក់ទាញភ្ញៀវទេសចរបរទេស រួមទាំងជនជាតិកូរ៉េ ឱ្យធ្វើដំណើរមកកម្សាន្តនៅកម្ពុជាកាន់តែច្រើន។
តាមរយៈជំនួបនេះ ភាគីកូរ៉េបានស្នើសុំយោបល់ពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍កម្ពុជា អំពីគម្រោងសហប្រតិបត្តិការជាមួយក្រសួងទេសចរណ៍ តាមរយៈការរៀបចំដំណើររបស់ក្រុម Influencers ដ៏ល្បីប្រចាំទូរទស្សន៍មកទស្សនាស្វែងយល់ពីសក្តានុពលទេសចរណ៍កម្ពុជា ជាពិសេសទេសភាពដ៏ល្អប្លែកមួយបែបទៀតរបស់កម្ពុជានៅក្នុងរដូវកាលបៃតង(Green Season)៕