សៀមរាបៈ ខណៈពេលដែលកម្ពុជាមានចំនួនសត្វត្រដក់​ធំ​នៅសល់​ប្រហែ​ល​ជាជា​ង​៧​០០​ក្បា​ល​ប៉ុណ្ណោះ នាពេល​ប​ច្ចុប្បន្ននេះ កូនត្រដក់ធំចំនួន២ក្បាលត្រូវបានចិញ្ចឹមថែទាំ និងចេះហើរដោយជោគជ័យ​នៅ​មជ្ឈម​ណ្ឌ​លអ​ង្គរស​ម្រាប់ការអភិរក្សជីវៈចម្រុះ (ACCB)ក្នុងខេត្តសៀមរាប។

មជ្ឈម​ណ្ឌ​ACCBបានចាត់ទុក​ការ​បង្កាត់​ពូជ​សត្វ​ត្រដក់ធំមួយគូនេះ ថាជា ​​​ជោគជ័យមួយថ្មីបន្ថែមទៀត។

មជ្ឈម​ណ្ឌ​ACCBបានលើកឡើងថា៖«​ត្រដក់ធំមួយគូរបស់ពួកយើង​ បានចិញ្ចឹមថែទាំកូន២​ក្បាលបាន​ដោយ​ជោគ​ជ័យ ដែលឥឡូវនេះពួកវាអាចហើរបានហើយ។​ នេះជា​សមិ​ទ្ធផ​លដ៏​សំខាន់​មួយ​ ដែល​បញ្ជាក់​ឱ្យឃើ​ញ​ថាកា​រខិ​តខំប្រឹងប្រែងក្នុងការអភិរក្សរបស់ពួកយើង កំពុងតែបន្តសម្រាប់ប្រភេទដ៏អស្ចារ្យនេះ»។

ACCBបានឱ្យដឹងថា ចំ​នួ​ន​ស​ត្វត្រដក់ធំនៅក្នុងពិភពលោកនេះ ត្រូវបានគេប៉ាន់ប្រមាណថា មាន​ត្រឹម​តែ​ចន្លោះ​ពី ៣ ១៨០ ទៅ៣ ៣០០ ក្បាល​ប៉ុណ្ណោះ។ ក្នុងនោះប្រហែលជា ៧៥០ ក្បាលប៉ុណ្ណោះ មានវ​ត្តមាន​នៅ​ក្នុង​ប្រ​ទេស​ក​ម្ពុជា។ ហេតុនេះ ការបន្តកិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្សសត្វប្រភេទនេះ គឺមាន​សា​រសំ​ខា​ន់ខ្លាំ​ង​ណា​ស់។

ចំពោះសត្វត្រដក់ធំមួយគូនេះវិញ វាមិនមែនជាការព្យាយាមបង្កាត់ពូជជាលើកដំបូងរបស់ពួកវានោះទេ។ នៅ​ក្នុ​ងឆ្នាំ​២០២៣ និងឆ្នាំ២០២៤ មជ្ឈម​ណ្ឌ​ACCBបានភ្ញាស់ដោយជោគជ័យ ប៉ុន្តែ​ជាអកុសលកូន​ត្រដក់​ទាំង​នោះ​ មិនបានរស់រានមានជីវិតឡើយ។

ដោយបទពិសោធន៍នេះហើយបានបង្ហាញឱ្យឃើញនូវបញ្ហាប្រឈមក្នុងការអភិរក្សបង្កាត់ពូជ។ ដោយមេបា​ដែលគ្មានបទពិសោធន៍ ដូចជាសត្វបក្សី​នានានៅក្នុងមណ្ឌល ដែល​ត្រូ​វបា​ន​សង្គ្រោះ​ពីកា​រ​ជួញដូរសត្វ​ព្រៃ ដោយ​ខុស​ច្បាប់ គឺជារឿយៗ ប្រឈមមុខទៅនឹងការលំបាកក្នុងការចិញ្ចឹមថែទាំកូន។ នេះ​ដោយ​សា​រតែមេ​បា​ខ្វះ​នូវ​ជំនា​ញសំ​ខាន់ៗមួយចំនួនពីមេបារបស់ពួកវា។

កូនត្រដក់ដែលទើបតែរៀនហើរនេះ ស្ថិតនៅក្រោមការមើលថែទាំដោយមេបារបស់ពួកវានៅឡើយ។ ដោយ​មានការគាំទ្រពីរដ្ឋាភិបាល និងអង្គការដៃគូអភិរក្សរបស់មជ្ឈម​ណ្ឌ​ACCBផងនោះ កូនត្រដក់ទាំងនេះ​នឹង​ត្រូវ​លែង​ចូល​ទៅក្នុ​ងតំបន់ការពារវិញនៅក្នុងប្រទេសកម្ពុជា ដើម្បី​ពង្រឹ​ង​ឱ្យមា​ន​ស្ថិរ​ភា​ពនូ​វ​ចំនួ​នប្រ​ជាសា​ស្ត្រ​រ​បស់​ពួក​វាបន្ថែមទៀតនៅក្នុងព្រៃធម្មជាតិ។​ ការព្រលែងនេះជួយ​​ពង្រឹង​តួនា​ទីដ៏​មាន​សា​រសំ​ខាន់​នៃ​ការ​អ​ភិរ​ក្ស​របស់ប្រទេសកម្ពុជា សម្រាប់ប្រភេទនេះ។

កាលពីឆ្នាំ២០២៣ ប្រភេទសត្វត្រដក់ធំនេះ​ត្រូវ​បាន​ធ្វើប​ច្ចុ​ប្បន្ន​ភាពចុះ​ក្នុង​បញ្ជី​ក្រហមអង្គការIUCN ពីប្រភេទ​កំពុងរង​គ្រោះ​​ជិត​ផុ​តពូជ ទៅជាប្រភេទជិតទទួលរងគ្រោះ ដែលជាក្រុមមានដោយបង្គួរវិញ ដោយសារតែ សកម្ម​ភាព​អភិរក្ស ដែលទទួលបានជោគជ័យ ដែលជួយបង្កើនចំនួនប្រជាសាស្ត្ររបស់វា ទាំង​នៅ​ក្នុង​ប្រទេ​សក​ម្ពុជា និងនៅ​ភូមិភាគឦសានក្នុងប្រទេសឥណ្ឌា។

សត្វត្រដក់ធំ(Greater Adjutant) មានវត្តមាននៅប្រទេស​បង់ក្លាដេស នេប៉ាល់​ ភូមា ​​ថៃ វៀតណាម និង​មាន​កន្លែង​បន្តពូជ តែនៅប្រទេសឥណ្ឌា និងកម្ពុជាប៉ុណ្ណោះ។ ភាគច្រើននៃចំនួនសរុបសត្វប្រភេទនេះមាននៅ ក្នុង​ប្រទេសកម្ពុជា និងឥណ្ឌា​។

ទីជម្រក​សត្វប្រភេទនេះ គឺនៅ ព្រៃរនាម(ព្រៃលិចទឹកតាមរដូវ) តំបន់ដីសើម និងព្រៃល្បោះ  និងមានកន្លែង ពង​កូនយ៉ាងធំនៅតំបន់រ៉ាមសា​រ​ព្រែកទាល់ ក្នុងបឹងទន្លេសាប ប្រទេសកម្ពុជា ដែលជាកន្លែង ពង​កូន​ធំ​ជាង​គេបំ​ផុត​នៅអាស៊ីអាគ្នេយ៍ និងជាតំបន់ពងកូនធំជាងគេទី២នៅលើពិភពលោក បន្ទាប់ពីតំបន់អាសាម ប្រ​ទេ​សឥ​ណ្ឌា​។

រដូវបន្តពូជ សត្វត្រដក់ធំ គឺចាប់ពីខែវិច្ឆិកា ដល់ខែមេសា ដែលវាមានពងចំនួនពី២​ ទៅ៤។ បន្ទាប់​ពី​បន្ត​ពូជ​ពង​​កូននៅតំបន់បឹងទន្លេសាបរួមក សត្វនេះបាននាំកូនចៅផ្លាស់ទី ​ទៅកាន់តំបន់​ដី​សើម​ផ្សេ​ង​ៗ​ទៀ​តក្នុ​ង​ប្រ​ទេ​សកម្ពុជា​ និងប្រទេសជិតខាងដើម្បីរស់នៅ និងរកចំណី។ កត្តាគំរាមកំហែងចំបងៗ​ទៅ​លើប្រភេទនេះគឺ ការ​ប្រមាញ់ ប្រមូលពងកូនពីកន្លែងបន្តពូជ ការជួញដូរ ការបាត់បង់ទីជម្រក និង​ការ​រំខា​ន​ដោ​យស​ក​ម្មភា​ព​ម​នុស្ស។ នេះបើយោងតាមក្រសួងបរិស្ថាន៕