ភ្នំពេញៈ យ៉ាងហោចណាស់សារធាតុញៀន និងសារធាតុគីមីផ្សំជាង ២តោនត្រូវបានរកឃើញ និងរឹបអូស ក្នុងយុទ្ធនាការបង្រ្កាបបទល្មើសគ្រឿងញៀនរួមចំនួន ៤ ១៣៤ករណី ក្នុងរយៈពេលជាង៥ខែដើមឆ្នាំ២០២៥នេះ។

អគ្គលេខាធិការ នៃអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន លោកនាយឧត្តមសេនីយ៍ មាស វិរិទ្ធបានដឹងថាលទ្ធផលបង្ក្រាប ក្នុងរយៈពេល១៥៧ថ្ងៃ ដែលគិតចាប់តាំងពីថ្ងៃទី១ ខែមករា ដល់ថ្ងៃទី៦ ខែមិថុនា ឆ្នាំ២០២៥នេះ សារធាតុញៀនជាង១តោន និង៥០៦គីឡូក្រាម ត្រូវបានចាប់រឹបអូសយក។ ក្រៅពីនោះ មានកញ្ឆាក្រៀមជាង១៥១គីឡូក្រាម, ដើមកញ្ឆា ១២ ២១២ដើម និងសារធាតុគីមីផ្សំជាង៥៤៩ គីឡូក្រាមផងដែរ។

ក្នុងចំណោមជាង៤ពាន់ករណីនេះ មនុស្សចំនួន១០ ៧៦៥នាក់ ត្រូវបានឃាត់ខ្លូន ក្នុងនោះមានស្រ្តីចំនួន ៨៦២នាក់ផងដែរ។

ករណីទាំងជាង៤ពាន់នេះ រួមមានការជួញដូរ, ការជួញដូរ-ដឹកជញ្ជូន-រក្សាទុក, ការផលិត កែច្នៃ, ការដាំដុះ, ការចាត់ចែង-សម្រួល, ការបើកបរក្រោមឥទ្ធិពល និងការការប្រើប្រាស់គ្រឿនញៀនផងដែរ។

អគ្គស្នងការនគរបាលជាតិ លោកនាយឧត្តមសេនីយ៍ ស ថេត បានបញ្ជាឱ្យកម្លាំងជំនាញបន្ដប្រតិបត្តិការ «កុំបន្ធូរដៃ» លើការបង្ការ បង្ក្រាបបទល្មើសគ្រឿងញៀន និងជំរុញការផ្សព្វផ្សាយអប់រំ។

ការដាក់បទបញ្ជាដល់កម្លាំងជំនាញ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ពិសេសមន្ទីរប្រឆាំងគ្រឿងញៀននេះ គឺធ្វើឡើង ក្នុងឱកាស ដែលលោកនាយឧត្តមសេនីយ៍ ដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងវាយតម្លៃលទ្ធផលការប្រយុទ្ធប្រឆាំងគ្រឿងញៀន ប្រចាំឆមាសទី១ នៅថ្ងៃទី៦ ខែមិថុនានេះ នៅទីស្តីការក្រសួងមហាផ្ទៃ។ នេះបើយោងតាមនគរបាលជាតិ។

សារធាតុញៀនជាង ៤៧គីឡូក្រាម និងមនុស្ស២នាក់ ត្រូវបានមន្ទីរប្រឆាំងគ្រឿងញៀន រឹបអូស និងឃាត់ខ្លួន ក្នុងខេត្តស្ទឹងត្រែង កាលពីខែមេសាកន្លងមក។ រូបថត Anti-Drug Department

លោកអគ្គស្នងការនគរបាលជាតិ បានជំរុញឱ្យផ្ដោតការយកចិត្តទុកដាក់ទៅ លើការងារផ្សព្វផ្សាយអប់រំអំពីផលប៉ះពាល់ នៃគ្រឿងញៀន ដល់ប្រជាពលរដ្ឋ ជាពិសេសអាណាព្យាបាល ត្រូវបន្ដយកចិត្តទុកដាក់ចំពោះកូនចៅរបស់ខ្លួន ដើម្បីជៀសឱ្យឆ្ងាយពីគ្រឿងញៀន។

បន្ថែមពីនោះ ដើម្បីឱ្យការងារបង្ការ ទប់ស្កាត់ និងបង្ក្រាបបទល្មើសគ្រឿងញៀនកាន់តែមានប្រសិទ្ធភាព លោកនាយឧត្តមសេនីយ៍ ក៏បានធ្វើការណែនាំដល់មន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ត្រូវសហការជាមួយគ្រប់ស្ថាប័ន អង្គភាព និងសមត្ថកិច្ចពាក់ព័ន្ធ ឱ្យបានស្អិតរមួត និងចាត់ទុកការងារប្រយុទ្ធប្រឆាំងគ្រឿងញៀន គឺជាទិសដៅរួមគ្នា។

លោកស ថេតមានប្រសាសន៍ថា៖«បញ្ហាគ្រឿងញៀននៅតែជាក្តីកង្វល់របស់សកលលោក ប្រទេសនៅក្នុងតំបន់ ក៏ដូចនៅក្នុងប្រទេសកម្ពុជា។ គ្រឿងញៀន គឺបានបំផ្លាញអនាគតរបស់យុវវ័យ ដែលជាទំពាំងស្នងឫស្សី​ ដូច្នេះត្រូវតែរួមគ្នាបង្ការ ទប់ស្កាត់ និងបង្ក្រាបឲ្យមានប្រសិទ្ធភាព»៕