ភ្នំពេញៈ ប្រសាសន៍របស់រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកឌិត ទីណាពីការរកមិនឃើញទុរេននាំចូលមានជ្រលក់ថ្នាំហាមឃាត់នោះ គឺដើម្បីបង្កើនទំនុកចិត្តដល់អ្នកហូប ដោយបង្ហាញពីការរឹតបន្តឹងយ៉ាងម៉ត់ចត់របស់រាជរដ្ឋាភិបាល និងធានាការពារដល់ទីផ្សារទុរេនក្នុងស្រុករបស់កសិករកម្ពុជា។

នេះជាការលើកឡើងរបស់ អ្នកនាំពាក្យក្រសួងកសិកម្ម លោកឃឹម ហ្វីណង់ ដែលជាការពន្យល់ទៅកាន់អ្នករិះគន់ បន្ទាប់ពីការថ្លែងរបស់លោករដ្ឋមន្រ្តី នៅក្នុងសមាជរដ្ឋសភា និងព្រឹទ្ធសភា កាលពីសប្តាហ៍មុន។ 

លោកហ្វីណង់បញ្ជាក់ថា៖«ប្រសាសន៍របស់ឯកឧត្តមរដ្ឋមន្ត្រី ចង់បង្ហាញពីប្រសិទ្ធភាពនៃការទប់ស្កាត់ការនាំចូលទុរេនជ្រលក់សារធាតុហាមឃាត់ពណ៌លឿង ដែលរាជរដ្ឋាភិបាល បានចាត់វិធានការរឹតបន្តឹងយ៉ាងម៉ឺងមាត់តែប៉ុណ្ណោះ មិនសំដៅលើករណីទូទៅ ឬកសិផលដទៃឡើយ»។ 

លោកបន្តថា ពួកគេគួរតែសាទរដល់ក្រសួង និងស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានប្រតិកម្មទាន់ពេលវេលា និងបិទហាមឃាត់តាំងពីព្រំដែន មិនឱ្យទុរេនទាំងនោះអាចលួចនាំចូលមកកម្ពុជាបាន ។ សាររបស់លោករដ្ឋមន្ត្រី គឺគ្មានអ្វីក្រៅពីបង្កើនទំនុកចិត្តដល់អ្នកទិញហូប និងផ្តល់ការគាំទ្រដល់បងប្អូនអ្នកដាំទុរេនក្នុងស្រុក ដែល​ទើប​ចាប់ផ្តើមប្រមូលផលនោះឡើយ។

លោកថ្លែងដូច្នេះថា៖«រឿងបន្លែត្រីសាច់នាំចូល ដែលអាចមានសារធាតុគីមី យើងនឹងបន្តធ្វើការជាមួយគ្នា និងស្វែងរកដំណោះស្រាយបន្ថែមបន្តទៀត តែសម្រាប់ការទប់ស្កាត់ទុរេនដែលមានជ្រលក់សារធាតុហាមឃាត់នេះ រាជរដ្ឋាភិបាលជឿជាក់ថា យើងអាចគ្រប់គ្រងបាន ហើយយើងអាចទិញទុរេនក្នុងស្រុកហូបបានប្រកបដោយទំនុកចិត្ត»។ 

ចំពោះរូបលោក លោកជ្រើសរើសយកភាពជឿជាក់បែបនេះ ដើម្បីបង្ហាញការគាំទ្ររបស់លោកដល់បងប្អូនកសិករអ្នកដាំទុរេនទាំងអស់ ប៉ុន្តែដាច់ខាត គឺមិនធ្វើបាបអ្នកដាំទុរេនកម្ពុជានោះទេ៕