
យុទ្ធនាការ«១សែនកោងកាង»បានចាប់ផ្តើម ក្នុងទិវាបុណ្យសមុទ្រពិភពលោក ៨មិថុនា ដើម្បីចូលរួមរក្សានិរន្តភាពជីវៈចម្រុះ និងទេសចរណ៍ធម្មជាតិ។ រូបថត ក្រសួងកសិកម្ម
កែបៈ យុទ្ធនាការ «១សែនកោងកាង»ត្រូវបានសម្ពោធ ដើម្បីដាំដើមកោងកាង ក្នុងការរក្សានិរន្តភាពជីវៈចម្រុះ និងទេសចរណ៍ធម្មជាតិ នៅក្នុងសហគមន៍ នេសាទចំនួន១៣ ក្នុងខេត្តកែប និងកំពត។
ការសម្ពោធនេះធ្វើឡើ នៅក្នុងការប្រារព្ឋទិវាបុណ្យសមុទ្រពិភពលោក ៨មិថុនា ក្រោមប្រធានបទ «ជម្រុញសកម្មភាព ដើម្បីមហាសមុទ្រ និងអាកាសធាតុយើង» ក្រោមអធិបតីភាព រដ្ឋលេខាធិការ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោកហាស់ សារ៉េត នៅសហគមន៍នេសាទភូមិថ្មី សង្កាត់កែប ក្រុងកែប។
នៅក្នុងឱកាសនោះ លោករដ្ឋលេខាធិការបានធ្វើការពន្យល់អំពីតួនាទីដ៏សំខាន់របស់សមុទ្រក្នុងការផ្តល់ជាជម្រកជីវៈចម្រុះ ធនធានជលផល សម្រាប់ជាអាហាររបស់មនុស្ស សត្វ និងប្រព័ន្ធអេកូឡូស៊ី ព្រមទាំងសោភ័ណភាពធម្មជាតិ។
ដើម្បីចាប់ផ្តើមយុទ្ធនាការ «១សែនកោងកាង»នេះ កូនដើមកោងកាងចំនួន ៣ ០០០ដើម ត្រូវបានដាំ នៅក្នុងដែននេសាទសហគមន៍នេសាទភូមិថ្មី។ ដើមកោងកាងផ្សេងទៀតនឹងត្រូវបន្តការដាំនេះទៅតាមសហគមន៍នេសាទផ្សេងៗទៀត។ នេះបើយោងតាមក្រសួងកសិកម្ម នៅថ្ងៃចន្ទ ទី៩ ខែមិថុនានេះ។
ទិវាបុណ្យសមុទ្រពិភពលោក ត្រូវបានសហការរៀបចំដោយមន្ទីរកសិកម្មខេត្ត, អង្គការ Action Aid Cambodia (AAC) និង អង្គការដៃគូជាច្រើនទៀត។
កម្ពុជាមានព្រៃកោងគ្របដណ្តប់លើផ្ទៃដីទំហំប្រមាណ៦ម៉ឺនហិកតា ដែលស្ថិតក្នុងខេត្តឆ្នេរសមុទ្រទាំង៤ ដូចជាកែប កំពត ព្រះសីហនុ និងខេត្តកោះកុង។ កោះកុង គឺជាខេត្ត ដែលមានទំហំផ្ទៃដីកោងកាងធំជាងគេ គឺរហូតដល់ទៅប្រមាណជាង៤ម៉ឺនហិកតា ដែលស្មើនឹង៨០ភាគរយ នៃផ្ទៃដីព្រៃកោងកាងសរុបរបស់កម្ពុជា។

ក្រុមអ្នកចូលរួម ទិវាបុណ្យសមុទ្រពិភពលោក បាននាំគ្នារើសសំរាមនៅកោះស្តេច ស្ថិតក្នុងស្រុក គិរីសាគរ ខេត្តកោះកុង។ រូបថត Fauna & Flora - Cambodia Programme
នៅថ្ងៃដដែលនោះ អង្គការសត្វព្រៃ និងរុក្ខជាតិប្រចាំកម្ពុជា (Fauna & Flora - Cambodia Programme) សហការជាមួយអង្គភាព ReMade in Cambodia (ច្នៃឡើងវិញនៅកកម្ពុជា) ក៏បានរៀបចំ ទិវាបុណ្យសមុទ្រពិភពលោកផងដែរ នៅ កោះស្តេចស្ថិតក្នុងស្រុក គិរីសាគរ ខេត្តកោះកុង។
អង្គការបានឱ្យដឹងថា ព្រឹត្តិការណ៍នេះត្រូវបានរៀបចំឡើង ក្នុងគោលបំណងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សនៅកោះស្តេច ជុំវិញវិបត្តិទាំង៣លើភពផែនដី រួមមានការប្រែប្រួលអាកាសធាតុ ការបំពុល និងការបាត់បង់ជីវៈចម្រុះ តាមរយៈការផ្តល់វគ្គបណ្តុះបណ្តាលអំពីសារៈសំខាន់ និងតួនាទីរបស់ជីវៈចម្រុះក្នុងប្រព័ន្ធអេកូឡូស៊ីសមុទ្រ ព្រមទាំងកត្តាគំរាមកំហែង ក៏ដូចជាយុទ្ធសាស្ត្រក្នុងការកាត់បន្ថយបញ្ហា និងការការពារធនធានដ៏មានតម្លៃទាំងនេះ។
ក្នុងពិធីនោះ ក៏មានការដាក់បង្ហាញនូវផលិតផលកែច្នៃរបស់សហគមន៍ ដោយផ្តោតលើការការកែច្នៃឡើងវិញពីឧបករណ៍នេសាទ (សំណាញ់) ដែលប្រើប្រាស់លែងបាន ទៅជាសម្ភារ ដែលអាចប្រើប្រាស់ និងលក់បាន។
ក្រុមអ្នករៀបចំបានសង្ឃឹមថា សកម្មភាពថ្ងៃនេះនឹងចូលរួមលើកកម្ពស់ការយល់ដឹងដល់សិស្សានុសិស្ស ប្រជានេសាទ និងអ្នកផ្តល់សេវាទេសចរណ៍ អំពីសារៈសំខាន់នៃការការពារ និងការប្រើប្រាស់ធនធានធម្មជាតិនៅក្នុងតំបន់ប្រកបដោយការទទួលខុសត្រូវខ្ពស់ ផ្អែកតាមស្ថានភាពធនធាន និងក្របខណ្ឌច្បាប់ ក្នុងន័យចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិរក្ស និងការបង្កើនភាពធន់ នៃធនធានសមុទ្រដ៏មានតម្លៃរបស់ប្រទេសកម្ពុជា៕