«ការ​កែ​សម្រួល​កម្លាំង​កង​ទ័ព​នៅ​តំបន់​មាន​ជម្លោះ»​ នៅ​ព្រំដែន​កម្ពុជា-ថៃ​ បង្ក​ជា​ចម្ងល់​និង​ការ​វែក​ញែក​ផ្សេងៗ​នៅ​លើ​បណ្ដាញ​សង្គម​ ខណៈ​ដែល​អ្នក​វិភាគ​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ការ​ផ្សព្វផ្សាយ​ព័ត៌មាន​ផ្លូវការ​ឲ្យ​បាន​លឿន​ជាងគូ​ប្រជែង។

ចាប់​ពី​ល្ងាច​ថ្ងៃទី៨ ​រហូត​ដល់​ថ្ងៃ​ទី៩ មិថុនា​នេះ មតិ​នានា​ត្រូវ​បាន​លើក​ឡើង​នៅ​លើ​បណ្ដាញ​សង្គម​ពាក់​ព័ន្ធ​នឹង​ការ​កែ​សម្រួល​កម្លាំង​ទ័ព​នៅ​កន្លែង​មាន​ជម្លោះ​នៅ​ព្រំដែន​ ជា​ពិសេស​នៅ​មុំ​បី ដែល​ជា​កន្លែង​ទាហាន​កម្ពុជា​ម្នាក់​ត្រូវ​បាន​បាញ់​ស្លាប់​ដោយ​ភាគី​ថៃ កាលពី​ថ្ងៃ​ទី២៨ ឧសភា។ ការ​បញ្ចេញ​មតិ​យោបល់​ភាគ​ច្រើន​ទៅ​លើ​ការ​កែ​សម្រួល​ដែល​ខ្លះ​បកប្រែ​ថា «ដក​ថយ» ខ្លះ​ថា​ប្ដូរ​ទីតាំង​ឈរ​ជើង។

លោក ហ៊ុន សែន​ ប្រធាន​ព្រឹទ្ធសភា​បាន​ពន្យល់​នៅ​លើ​បណ្ដាញ​សង្គម​ថា «ការ​កែ​សម្រួល​កម្លាំង​កងទ័ព​នៅ​តំបន់​មាន​ជម្លោះ​ដែល​ស្រុះ​ស្រួល​គ្នា​រវាង​មេ​បញ្ជាការ​កងទ័ព​នៃ​ប្រទេស​ទាំង​ពីរ​កម្ពុជា-ថៃ​ដើម្បី​បញ្ចៀស​នូវ​ការ​ប៉ះ​ទង្គិច​បង្ហូរ​ឈាម​ទ្រង់​ទ្រាយ​ធំ​គឺ​ជា​រឿង​ចាំ​បាច់»។

លោក​សរសេរ​តប​ទៅ​នឹង​មតិ​អ្នក​ប្រើ​ប្រាស់​ហ្វេសប៊ុក​ថា៖ «រៀន​យល់! មិន​មែន​ដក​កងទ័ព​ចេញ​ពី​ដី​ខ្លួន​ឯង​ទេ​ តែ​ជា​ការ​កែ​សម្រួល​កម្លាំង​ក្នុង​ទឹក​ដី​របស់​ខ្លួន។ ការ​កែសម្រួល​ប្រៀប​ដូច​ជា​នៅ​លើ​គ្រែ​ដេក​ពី​មុន​ដេក​ក្បាល​ទៅ​ជើង​តែ​ពេល​នេះ​ដេក​ក្បាល​ទៅ​កើត​វិញ។ ដី​យើង​នៅ​តែ​ដី​យើង​ដដែល»។

នៅ​ក្នុង​ការ​ឆ្លើយ​តប​មួយ​ទៀត​ លោក​សរសេរ​ថា៖ «ការ​កែ​សម្រួល​កងទ័ព​ខុស​គ្នា​ជាមួយ​ការ​ដក​កង​ទ័ព។យើង​កែ​សម្រួល​ដើម្បី​ជៀសវាង​ការ​ប្រយុទ្ធ​បង្ហូរ​ឈាម​គ្នា ឯ​ការ​ដោះស្រាយ​ចុង​ក្រោយ​គឺ​តុលាការ​យុត្តិធម៌​អន្តរជាតិ ICJ»។

កាល​ពី​សប្ដាហ៍​មុន លោក​បាន​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់​ថា កម្ពុជា​នឹង​មិន​ដក​ទ័ព​ចេញ​ពី​តំបន់​មុំ​បី​នោះ​ទេ ព្រោះ​ជា​តំបន់​ដែល​ទ័ព​កម្ពុជា​ឈរ​ជាង​ជា​យូរ​មក​ហើយ​ ហើយ​លោក​ផ្ទាល់​ក៏​បាន​ទៅ​ទីនោះ​នៅ​ឆ្នាំ​២០១០។

ភាព​មិន​ច្បាស់​លាស់​នៃ​ពាក្យ​កែ​សម្រួល ត្រូវ​បាន​បន្ថែម​ចម្ងល់​នៅ​ពេល​ភាគី​ថៃ​អះអាង​ថា កម្ពុជា​និង​ថៃ ​បាន​ឯកភាព​ទៅ​ឈរជើង​លើ​ទីតាំង​ចាស់​កាល​ពី​ឆ្នាំ​២០២៤ និង​បាន​លុប​លេណដ្ឋាន។ ការ​វែកញែក​នៅ​លើ​បណ្ដាញ​សង្គម​និង​ការ​ភ័យ​ខ្លាច​បាត់​បង់​ទឹកដី ជំរុញ​ឲ្យ​ក្រសួង​ការពារ​ជាតិ​ចេញ​សេចក្ដី​ប្រកាស​ចំនួន​ ២ ក្នុង​រយៈ​ពេល ៣​ម៉ោង នៅ​ថ្ងៃ​ទី៩ មិថុនា​នេះ។​

នៅ​ក្នុង​សេចក្ដី​ប្រកាស​ព័ត៌មាន​នៅ​ម៉ោង​ជិត ១០​ព្រឹក ក្រសួង​ក្រសួង​ការពារ​ជាតិ​ ថ្លែង​ថា ក្នុង​រយៈ​ពេល​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ មាន​ស្ថាប័ន​សារព័ត៌មាន​ថៃ និង​បណ្តាញ​សង្គម​ក្នុង​ស្រុក​មួយ​ចំនួន​បាន​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​នាំ​ឱ្យ​មាន​ការ​យល់​ច្រឡំ ដែល​អាច​បញ្ឆេះ​កំហឹង​ជាតិ​សាសន៍​ និង​រុញ​ច្រាន​ឱ្យ​ស្ថានការណ៍​រឹត​តែ​តាន​តឹង។ ក្រសួង​អំពាវនាវ​ឱ្យ​ជន​រួម​ជាតិ​ទាំង​អស់​ ទទួល​យក​តែ​ព័ត៌មាន​ដែល​មាន​ប្រភព​ច្បាស់​លាស់ ជាពិសេស​ការ​ជូន​ព័ត៌មាន​ដោយ​រាជរដ្ឋាភិបាល និង​ពី​ក្រសួង​ការពារ​ជាតិ​នៃ​ប្រទេស​ទាំង​ពីរ ដែល​ជា​ប្រភព​ព័ត៌មាន «ផ្លូវការ​ ពិត និងត្រឹមត្រូវ ជឿ​ទុក​ចិត្ត​បាន»។

សេចក្ដី​ប្រកាស​ព័ត៌មាន​មួយ​ទៀត​នៅ​ក្រោយ​ម៉ោង ១២​ថ្ងៃ​ត្រង់ បាន​បង្ហាញ​ពី​ការ​វិវត្ត​ថ្មីៗ​នៃ​ស្ថានការណ៍​នៅ​តំបន់​ព្រំ​ដែន​កម្ពុជា-ថៃ ដោយ​ក្រសួង​បញ្ជាក់​ថា ពុំ​មាន​ការ​ដក​កង​ទ័ព​កម្ពុជា​ចេញ​ពី​តំបន់​ដែល​ស្ថិត​ក្នុង​ដែន​អធិបតេយ្យភាព​របស់​កម្ពុជា ហើយ​ដែល​កង ទ័ព​កម្ពុជា​បាន​ឈរ​ជើង​កាន់​កាប់​ជា​យូរ​មក​ហើយ​នោះ​ទេ។

ក្រសួង​បញ្ជាក់​ថា៖ «រាល់​ការ​រៀប​ចំ​កម្លាំង​របស់​កង​ទ័ព​កម្ពុជា ​រាប់​ទាំង​ការ​ឈរ​ជើង​ ការ​ពង្រាយ​កម្លាំង​ ការ​កែ​សម្រួល​កម្លាំង ​ការ​ចល័ត​កម្លាំង គឺ​ស្ថិត​នៅ​ក្នុង​ដែន​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ និង​ក្នុង​គោល​ដៅ​ត្រៀម​ខ្លួន​ការ​ពារ​បូរណភាព​ទឹក​ដី​របស់​កម្ពុជា​តែ​ប៉ុណ្ណោះ»។

ក្រសួង​បញ្ជាក់​ពី​ការ​គាំទ្រ​ដល់​ការ​ខិត​ខំ​ស្វែង​រក​ដំណោះ​ស្រាយ​បញ្ហា​ដោយ​សន្តិវិធី​ ប៉ុន្តែ​ត្រៀម​ខ្លួន​ជា​ស្រេច ​ដើម្បី​អនុវត្ត​បទ​បញ្ជា​របស់​រាជ​រដ្ឋាភិបាល​ក្នុង​ការ​ការ​ពារ​បូរណភាព​ទឹក​ដី ប្រឆាំង​រាល់​ការ​ប៉ុន​ប៉ង​ឈ្លាន​ពាន​នានា។

លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏​បាន​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​ផងដែរ ខណៈ​ដែល​លោក​កំពុង​ស្ថិត​នៅ​ប្រទេស​បារាំង ដើម្បី​ចូល​រួម​សន្និសីទ​របស់​អង្គការ​សហ​ប្រជាជាតិ​ស្តីពី​មហាសមុទ្រ​លើក​ទី៣ (UNOC3)។ លោក​ស្នើ​ឲ្យ​ប្រជាពលរដ្ឋ​រក្សា​ភាព​ស្ងប់​ស្ងាត់ និង​ទុកចិត្ត​រដ្ឋាភិបាល​លើ​ការ​ដោះ​ស្រាយ​បញ្ហា​ព្រំដែន។

លោក​ថ្លែង​ថា៖ «ខ្ញុំ​ក៏​សូម​អំពាវនាវ​ឱ្យ​បណ្តាសារព័ត៌មាន និងប្រជាពលរដ្ឋរបស់​យើងសូមរក្សា​ភាព​ស្ងៀម​ស្ងាត់ និង​សូម​ជឿ​ទុក​ចិត្ត​លើ​រាជរដ្ឋាភិបាល​និង​កងទ័ព​កម្ពុជា​ក្នុង​ការ​ការពារ​បូរណភាព​ទឹកដី និង​ឧត្តម​ប្រយោជន៍​ជាតិ​ខ្មែរ​យើង»។

លោក​ក៏​ស្នើ​ពលរដ្ឋ​ចៀសវាង​ការបង្កើត ឬចែករំលែកព័ត៌មាន​មិន​ច្បាស់​លាស់​ណា​មួយ​ ដែល​នាំឱ្យ​មាន​ការ​យល់​ច្រឡំ និង​នាំ​ឱ្យ​បំប៉ោង​សភាពការណ៍​លើស​ពី​ការ​ពិត ដែល​អាច​ពង្រីក​បញ្ហា ទៅ​ជា​ជម្លោះ​រវាង​ប្រជាជន​និង​ប្រជាជន​នៃ​ប្រទេស​ទាំង​ពីរ។

លោក យ៉ង់ ពៅ អគ្គលេខាធិការ​រាជបណ្ឌិត្យ​សភា​កម្ពុជា ថ្លែង​ថា ប្រជា​ពលរដ្ឋ​តែង​តែ​មាន​សមាន​ចិត្ត​ឈឺ​ឆ្អាល​ និង​អន្ទះសា​ចង់​ដឹង​ព័ត៌មាន​រឿង​ទឹក​ដី។ ប៉ុន្តែ​ ភាគី​ម្ខាង​ទៀត គឺ​ប្រទេស​ថៃ​ចេះ​យក​ឱកាស​ក្នុង​ករ​ប្រើ​ប្រាស់​ព័ត៌មាន​ដើម្បី​ធ្វើ​សង្គ្រាម​ចិត្តសាស្ត្រ មិន​ថា​តាម​រយៈ​សារព័ត៌មាន ឬ តាម​អ្នក​មាន​ឥទ្ធិពល​លើ​បណ្ដាញ​សង្គម។ លោក​ថា សង្គ្រាម​ចិត្តសាស្ត្រ​នេះ​ត្រូវ​បាន​សៀម​ប្រើ​តាំង​ពី​សម័យ​លង្វែក។

លោក យង់ ពៅ៖ «ប្រជា​ពលរដ្ឋ​របស់​យើង​ទន្ទឹង​រង់ចាំ​ព័ត៌មាន​ខាង​រដ្ឋាភិបាល​យ៉ាង​អន្ទះសារ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នោះ យើង​ហាក់​ដូច​ជា​ចេញ​យឺត​ជាង​ថៃ​បន្តិច អីចឹង​ថៃ​យក​ប្រៀប​ជាង​តាំង​ពី​សង្គ្រាម​ចិត្តសាស្ត្រ​និង​សង្គ្រាម​ព័ត៌មាន។ ត្រង់​នេះ​ខ្ញុំ​សំណូមពរ​ឲ្យ​យើង​ផ្ដល់​ព័ត៌មាន​រហ័ស និង​ជឿ​ទុកចិត្ត​ដល់​ប្រជាពលរដ្ឋ។ ពលរដ្ឋ​ចង់​ដឹង​ណាស់ ព្រោះ​ជា​រឿង​ស្លាប់​រស់​របស់​ជាតិ»។

លោក​បន្ត​ថា ការ​ចេញ​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​ការពារ​ជាតិ​បញ្ជាក់​ពី​ជំហរ​របស់​កម្ពុជា​នៅ​ថ្ងៃ​នេះ​ បង្កើត​បាន​ភាព​កក់ក្ដៅ​ក្នុង​ចំណោម​ប្រជាពលរដ្ឋ ហើយ​លោក​ចង់​បាន​ការ​បញ្ជាក់​ច្បាស់​លាស់​បែប​នេះ ក្នុង​កម្រិត​ឆាប់​រហ័ស និង​ផ្លូវការ។

លោក​ថា៖ «ខ្ញុំ​សំណូមពរ​ដែរ នៅ​ពេល​មាន​ការ​សន្ទនា​លើក​ក្រោយ​ជាមួយ​ថៃ ភាគី​ទាំង​ពីរ​ត្រូវ​កំណត់​គ្នា​នូវ​លក្ខខណ្ឌ​ផ្សព្វផ្សាយ ដោយ​យក​ទម្រង់​ផ្សព្វផ្សាយ​ដូចគ្នា ម៉ោង​ដូច​គ្នា ដើម្បី​ឲ្យ​ពលរដ្ឋ​ទាំង​សង​ខាង​មាន​ភាព​កក់ក្ដៅ​ដូច​គ្នា»។

លោក ទេព អស្នារិទ្ធ អ្នក​នាំពាក្យ​ក្រសួង​ព័ត៌មាន​ បាន​អំពាវនាវ​ដល់​អ្នកសារព័ត៌មាន ព្រម​ទាំង​អស់​លេង​បណ្តាញ​សង្គម កុំ​ចែក​ចាយ​ ឬ​ផ្សាយ​ព័ត៌មាន​លឿន​ជ្រុល នៅ​ពេល​ស្រង់​ប្រភព​ពី​ក្រៅ​ប្រទេស​ ដោយ​លោក​ថា វា​អាច​ជា​ព័ត៌មាន​មិន​ផ្លូវការ គ្មាន​ការ​ផ្ទៀង​ផ្ទាត់ ឬ​ជា​ព័ត៌មាន​ក្លែង​ក្លាយ»៕