
ការហោះហើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline។ សហការី
កម្ពុជាបានស្នើឱ្យក្រុមហ៊ុនអាកាសចរណ៍ Asiana Airline ពិនិត្យលទ្ធភាពក្នុងការពង្រីកជើងហោះហើររបស់ខ្លួនពីប្រទេសកូរ៉េ មកកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ ដើម្បីផ្តល់ភាពងាយស្រួលបន្ថែមទៅដល់វិនិយោគិន និងភ្ញៀវទេសចរកូរ៉េ ព្រមទាំងជនបរទេសផ្សេងទៀតដែលមានចំណងធ្វើដំណើរមកប្រទេសកម្ពុជា។
សំណើនេះត្រូវបានរដ្ឋមន្រ្តីក្រសួងទេសចរណ៍ លោក ហួត ហាក់ លើកឡើងក្នុងឱកាសជំនួបពិភាក្សាជាមួយលោក Park Jongman អគ្គនាយករងប្រតិបត្តិ និងជាប្រធានផ្នែកកិច្ចការអ្នកដំណើររបស់ក្រុមហ៊ុនអាកាសចរណ៍ Asiana Airline នៅក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េ កាលពីថ្ងៃទី៥ ខែមិថុនា កន្លងមក។
ក្នុងជំនួបនេះ លោក ហួត ហាក់ បានថ្លែងការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ក្រុមហ៊ុនលើសេវាកម្មដឹកជញ្ជូនអ្នកដំណើរ និងអ្នកទេសចរតាមផ្លូវអាកាសរវាងកម្ពុជា និងកូរ៉េ ប្រកបដោយផាសុកភាព និងសុវត្ថិភាពខ្ពស់។ បន្ថែមពីលើនេះលោករដ្ឋមន្ត្រីក៏ស្នើឱ្យក្រុមហ៊ុនពិចារណាពីការពង្រីកការហោះហើររបស់ខ្លួនមកកាន់អាកាសយានដ្ឋានខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏មានសក្តានុពលរបស់កម្ពុជា។
លោកនិយាយថា៖«សូមស្នើឱ្យក្រុមហ៊ុនបន្តជួយ ព្រមទាំងស្នើពិនិត្យលទ្ធភាពក្នុងការពង្រីកបន្ថែមទៀតតាមរយៈការហោះហើរត្រង់ និងជាប្រចាំមកខេត្តសៀមរាប និងខេត្តព្រះសីហនុ ដែលជាតំបន់ទេសចរណ៍ដ៏ពេញនិយម ដើម្បីផ្តល់ភាពងាយស្រួលមួយកម្រិតទៀតដល់ប្រជាជន និងវិនិយោគិនកូរ៉េ និងភ្ញៀវអន្តរជាតិដែលធ្វើដំណើរមកប្រទេសកម្ពុជាឱ្យបានកាន់តែច្រើនបន្ថែមទៀត»។
រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល លោក ស៊ីន ចាន់សិរីវុត្ថា Sinn Chanserey Vutha, secretary of state at the State Secretariat of Civil Aviation (SSCA) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី៩ ខែមិថុនា ថា ជានិច្ចកាលគ្រប់ស្ថាប័ន្ធពាក់ព័ន្ធតែងតែខិតខំក្នុងការផ្សព្វផ្សាយដើម្បីទាក់ទាញឱ្យក្រុមហ៊ុនអាកាសចរណ៍អន្តរជាតិ ក៏ដូចជាភ្ញៀវបរទេសឱ្យធ្វើដំណើរមកកម្ពុជាកាន់តែច្រើន។ លោកបន្តថា បច្ចុប្បន្នការហោះហើរជាប្រចាំរបស់ក្រុមហ៊ុន Asiana Airline មកកម្ពុជា គឺមានតែរាជធានីភ្នំពេញប៉ុណ្ណោះ ខណៈមុនវត្តមានជំងឺកូវីដ១៩ គឺធ្លាប់មានការហោះហើរទៅកាន់គោលដៅទាំង ២នេះ។
លោកបានថ្លែងថា៖«យើងស្វាគមន៍រាល់ក្រុមហ៊ុនអាកាសចរណ៍ទាំងអស់ដែលចង់ហោះមកកម្ពុជា។ កម្ពុជាត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលជើងហោះហើរ ក៏ដូចជាភ្ញៀវទេសចរ រួមទាំងអ្នកវិនិយោគបរទេសចូលមកកម្សាន្តនៅកម្ពុជា»។
នៅថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខ រាជរដ្ឋាភិបាលកម្ពុជានឹងចាប់ផ្តើមបើកឱ្យមានប្រតិបត្តិការហោះហើរនៅអាកាសយានដ្ឋានអន្តរជាតិតេជោ លំដាប់ថ្នាក់ 4F ដើម្បីជំនួសឱ្យអាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលមានអាយុកាលប្រើប្រាស់ជិត ៧០ឆ្នាំកន្លងមក។ អាកាសយានដ្ឋានថ្មីនេះ គឺជាប្រភេទអាកាសយានដ្ឋាន Greenfield ដែលមានខ្នាតធំលំដាប់ 4F និងអាចអនុញ្ញាតឱ្យយន្តហោះប្រភេទធុនធំៗដូចជា Airbus A380-800 និង យន្តហោះ Boeing 747-800 ចុះចតបាន។
អាកាសយានដ្ឋាននេះរចនាឡើងជា ៣ ដំណាក់កាល ដោយដំណាក់កាល១ ពីឆ្នាំ២០២០ ដល់២០៣០ អាចទទួលភ្ញៀវបានចំនួន ១៥ លាននាក់, ដំណាក់កាលទី ២ ឆ្នាំ២០៣០ ដល់ឆ្នាំ២០៥០ ទទួលភ្ញៀវបាន ៣០ លាននាក់ និងដំណាក់កាលពី ៣ ចាប់ពីឆ្នាំ២០៥០ អាចទទួលភ្ញៀវបាន ៤៥ លាននាក់។
របាយការណ៍របស់រដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិលកម្ពុជា ឱ្យដឹងថា វិស័យដឹកជញ្ជូនតាមផ្លូវអាកាសរបស់អាកាសយានដ្ឋានអន្តរជាតិទាំង ៣ នៅកម្ពុជា(អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ សៀមរាប និងខេត្តព្រះសីហនុ) កាលពីឆ្នាំ ២០២៤ បានកើនឡើងគួរឱ្យកត់សម្គាល់ ដោយទទួលបានជើងហោះហើរចេញ-ចូល(ទ្វេទិស) សរុប ៥៨ ៣៥៤ កើនឡើង ១៤ ភាគរយបើធៀបនឹងឆ្នាំ ២០២៣ និងអ្នកដំណើរឆ្លងកាត់ចេញ-ចូល(ទ្វេទិស) មានចំនួន ៦ ២៤១ ៨៤២ នាក់ កើនឡើង ២២ ភាគរយ។ ចំណែកទំនិញដឹកជញ្ជូនតាមផ្លូវអាកាសចេញ-ចូល(ទ្វេទិស) មានចំនួន ៧៧ ៧៥២តោន កើនឡើង ៤០ ភាគរយ។
ទិន្នន័យក្រសួងទេសចរណ៍ ឱ្យដឹងថា គិតចាប់ពីខែមករា ដល់ខែមេសា ឆ្នាំ២០២៥ មានភ្ញៀវបរទេសសរុប ២,៤ លាននាក់បានចូលមកប្រទេសកម្ពុជា កើនឡើង ១៣,៦ភាគរយបើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។ ក្នុងចំនួននេះ ភ្ញៀវជនជាតិកូរ៉េ មានចំនួន ៧៣ ៧៦១នាក់៕