អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាថ្លែងថា ការដែលលោក ហ៊ុន សែន នៅតែអត់ឱនដល់អ្នកនយោបាយប្រឆាំងដែលដឹងកំហុស គឺជាគោលនយោបាយផ្សះផ្សាជាតិ ខណៈដែលអ្នកវិភាគយល់ថា នយោបាយផ្ដាច់ខ្លួននិងបញ្ចប់ (Isolate, Finish) របស់លោកហ៊ុន សែន មានប្រសិទ្ធភាព។
ទោះបីជាគណបក្សប្រឆាំងបានបែកបាក់ទៅជាបក្សតូចៗជាច្រើន ហើយអតីតមេដឹកនាំបក្សប្រឆាំង លោក សម រង្ស៊ី កំពុងធ្លាក់ចុះឥទ្ធិពលយ៉ាងណាក៏ដោយ ក៏លោក ហ៊ុន សែន នៅតែបន្តទទួលស្វាគមន៍និងលើកលែងកំហុសសម្រាប់អ្នកដែលប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី។
អ្នកដែលប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ចុងក្រោយបំផុតគឺលោក ជា ប៉ូច សមាជិកគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សភ្លើងទៀន ដែលរងបណ្ដឹងរបស់គណបក្សប្រជាជនកម្ពុជាពាក់ព័ន្ធទៅនឹងការអះអាងថាលោកតស៊ូជាច្រើនឆ្នាំដើម្បីទម្លាក់លោក ហ៊ុន សែន។
លោក ជា ប៉ូច ដែលធ្លាប់ជាតំណាងរាស្ត្រគណបក្សប្រឆាំងមណ្ឌលព្រៃវែងនិងកំពត បានសរសេរលិខិតមួយទៅលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ ខែមេសា ដោយទទួលស្គាល់កំហុស និងប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី និងបញ្ឈប់រាល់សកម្មភាពនយោបាយប្រឆាំងទាំងអស់។
លោកថ្លែងថាលោក «អស់ជំនឿទៅលើគោលនយោបាយបរទេសនិយម ការមួលបង្កាច់ ការជេរប្រមាថ ការលាបពណ៌ ការបំបែកបំបាក់ ដែលមិនអាចឈានទៅរកការបង្រួបបង្រួមនិងផ្សះផ្សារជាតិបាន»។
លោក ហ៊ុន សែន ទទួលយកការសុំទោសរបស់លោក ជា ប៉ូច និងបញ្ជាក់ថា លោកក៏នឹងបន្តទទួលស្វាគមន៍អ្នកដែលប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ដែលលោកហៅថា «ជនក្បត់ជាតិបីជំនាន់»។
លោកសរសេរនៅលើហ្វេសប៊ុករបស់លោកថា៖ «ខ្ញុំសូមយកឱកាសនេះបញ្ជាក់ថា យើងនឹងទទួលយកការសុំទោសពីមនុស្សផ្សេងទៀតដែលទទួលកំហុសនិងប្រកាសផ្តាច់ខ្លួនចេញពីជនក្បត់ជាតិបីជំនាន់ នឹងសូមលើកលែងទោសឲ្យពួកគេ តែយើងមិនអត់ឱនឲ្យជនណាឬក្រុមណាក៏ដោយដែលបន្តដើរតាម ជនក្បត់ជាតិនេះជាដាច់ខាត»។
អ្នកដែលបានប្រកាសសុំការអធ្យាស្រ័យម្នាក់ទៀត គឺលោក គង់ សភា អតីតតំណាងរាស្ត្រខេត្តព្រៃវែងពីគណបក្សប្រឆាំង ដែលស្នើសុំឲ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អន្តរាគមន៍ស្នើសុំការលើកលែងទោសពីព្រះមហាក្សត្រ ដើម្បីបើកផ្លូវឲ្យរូបលោកបានចូលស្រុកវិញមកមើលថែឪពុកម្ដាយចាស់ជរា។
លោក គង់ សភា គឺជាមនុស្សជំនិតម្នាក់របស់លោក សម រង្ស៊ី រហូតដល់មួយរយៈពេលចុងក្រោយ។ ការសុំអធ្យាស្រ័យរបស់លោកត្រូវបានលោក ហ៊ុន ម៉ាណែត ទទួលយកដោយលោកនាយរដ្ឋមន្ត្រីថាលោកក៏នឹងអាចជួបពិភាក្សាជាមួយគ្នានាពេលខាងមុខផងដែរ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា ថ្លែងថា លោក ហ៊ុន សែន នឹងនៅបន្តអត់ឱនដល់អ្នកប្រកាសផ្ដាច់ខ្លួនពីលោក សម រង្ស៊ី ប្រសិនបើពួកគេមានភាពច្បាស់លាស់។
លោកថ្លែងដូច្នេះថា៖ «គណបក្សប្រជាជនកម្ពុជាមាននយោបាយបង្រួបបង្រួមជាតិតាំងពីដើមមក គឺតាំងពីទសវត្សរ៍ឆ្នាំ១៩៩០។ ដោយសារនយោបាយនេះហើយទើបយើងអាចសម្រេចបាននូវកិច្ចព្រមព្រៀងទីក្រុងប៉ារីសស្ដីពីបញ្ហាកម្ពុជា។ នយោបាយបង្រួបបង្រួមជាតិនេះនៅតែបន្តរហូតដល់សព្វថ្ងៃ។ គណបក្សប្រជាជនអត់និយាយបាតដៃខ្នងដៃទេ»។
លោកបន្តថា៖ «អីចឹងបានជាចុងក្រោយនេះ បើអ្នកណាផ្ដាច់ខ្លួនពីទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ជ្រុលនិយមក្បត់ជាតិបីជំនាន់ហ្នឹង សម្ដេចមិនប្រកែប្រកាន់ទេ ឲ្យតែមកពិតប្រាកដ ហើយឈប់ធ្វើសកម្មភាពបម្រើដល់ទណ្ឌិតមេឧទ្ទាមក្រៅច្បាប់»។
លោក ឯម សុវណ្ណារ៉ា អ្នកវិភាគនយោបាយឯករាជ្យ យល់ថា គណបក្សប្រឆាំងបានបែកបាក់គ្នា និងគ្មានវិធីប្រមូលផ្ដុំការគាំទ្រ ឬគ្មានអ្នកដឹកនាំជំនាន់ថ្មីទេ។ លោកថា ក្រុមលោក សម រង្ស៊ី កំពុងស្ថិតក្នុងស្ថានភាពលំបាក ទោះបីជាមានការគាំទ្រពីសហគមន៍អន្តរជាតិក៏ដោយ។
យ៉ាងណាក៏ដោយ លោកយល់ថា លោក សម រង្ស៊ី នៅតែមានឥទ្ធិពលខ្លះ និង ជាការគំរាមកំហែងនយោបាយសម្រាប់គណបក្សកាន់អំណាច។
លោកនិយាយថា៖ «ដូច្នេះហើយបានជាអតីតនាយករដ្ឋមន្ត្រីកម្ពុជា លោក ហ៊ុន សែន ទទួលយកមន្ត្រីបក្សប្រឆាំងពីបក្សប្រឆាំង និងពីក្រុមលោក សម រង្ស៊ី ដើម្បីឲ្យលោក សម រង្ស៊ី កាន់តែឯកោ កាន់តែខ្សោយទៅៗ។ នេះជាចរន្តនយោបាយ IF (ផ្ដាច់ខ្លួន និងបញ្ចប់) របស់លោក ហ៊ុន សែន ដែលគាត់អនុវត្តកាន់តែមានប្រសិទ្ធិភាពនៅពេលដែលមានមន្ត្រីបក្សប្រឆាំងចូលរួម។ នេះជាអ្វីដែលយើងមើលឃើញជាទូទៅ»។
លោក សុវណ្ណារ៉ា យល់ថា អ្នកដែលបានចូលរួមជីវភាពនយោបាយជាមួយបក្សកាន់អំណាចដូចជាមិនសូវមានឥទ្ធិពលអ្វីចម្បងទេ ដែលចំណុចនេះធ្វើឲ្យអ្នកដែលនៅដើរតាមបក្សប្រឆាំងនៅតែពិចារណាក្នុងការចូលរួមជាមួយបក្សកាន់អំណាច។
សម្រាប់រយៈពេល ១០ ទៅ ១៥ ឆ្នាំខាងមុខ លោក សុវណ្ណារ៉ា យល់ថានឹងនៅតែមានចលនារបស់បក្សប្រឆាំងពីសំណាក់ក្រុមលោក សម រង្ស៊ី ប៉ុន្តែអាចក្នុងទម្រង់ផ្សេង។
លោក យ៉ង់ គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព យល់ឃើញថា នយោបាយនៅកម្ពុជាមានភាពចុះឡើង ដោយលោករំលឹកថា ដំបូងឡើយ មានតែគណបក្សប្រជាជនកម្ពុជា និងគណបក្សហ៊្វុនស៊ិនប៉ិចទេដែលគេគិតថាជាគណបក្សធំៗនៅកម្ពុជា។ ប៉ុន្តែក្រោយមកក៏មានគណបក្សជាតិខ្មែរ ដែលបានប្ដូរទៅជាគណបក្សសម រង្ស៊ី។
លោកថា ទៅថ្ងៃអនាគត ទោះបីគ្មានវត្តមានលោក សម រង្ស៊ី នៅក្នុងចំណោមក្រុមប្រឆាំងក៏ដោយ ក៏នឹងមានគណបក្សប្រឆាំងដែលមានភាពទាក់ទាញតាមរយៈកម្មវិធីនយោបាយ និងសារនយហោបាយរបស់ពួកគេ។
ចំពោះការយោគយល់របស់លោក ហ៊ុន សែន និងលោក ហ៊ុន ម៉ាណែត ទៅលើអ្នកនយោបាយប្រឆាំងដែលដឹងកំហុស លោក គឹមអេង យល់ថាវាជារឿងសំខាន់នៅក្នុងសង្គមនិងវប្បធម៌ប្រជាធិបតេយ្យ។
លោកនិយាយថា៖ «ប្រសិនបើអាចធ្វើបាននូវការយោគយល់អធ្យាស្រ័យគ្នាបែបនេះតទៅទៀត ខ្ញុំគិតថាជារឿងសំខាន់ អាចធ្វើឲ្យនយោបាយកម្ពុជាមានភាពរស់រវើក និងបានជាប្រយោជន៍សំខាន់ដល់ប្រជាពលរដ្ឋ។ គណបក្សដឹកនាំរដ្ឋាភិបាលនិងគណបក្សប្រឆាំងមានសារៈសំខាន់រៀងៗខ្លួនក្នុងការចូលរួមចំណែកអភិវឌ្ឍជាតិ»៕