ភ្នំពេញៈ មេដឹកនាំកម្ពុជា-សិង្ហបុរីប្ដេជ្ញាក្នុងការជំរុញកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំ និងប្រកបដោយវិបុលភាព ដោយបន្តកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ។
ការឯកភាពនេះធ្វើឡើងក្នុងជំនួបរវាងលោក Lawrence Wong នាយករដ្ឋមន្ត្រីសិង្ហបុរី និងលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត នាថ្ងៃទី១៨ ខែមិថុនា ក្នុងឱកាសលោកបំពេញទស្សនកិច្ចផ្លូវការរយៈពេលពីរថ្ងៃនៅសិង្ហបុរី ចាប់ពីថ្ងៃទី១៨-១៩ ខែមិថុនា។
ទស្សនកិច្ចនេះធ្វើឡើងដើម្បីពង្រឹង និងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការឱ្យកាន់តែរីកចម្រើន និងរឹងមាំបន្ថែមទៀត ខណៈនៅឆ្នាំ២០២៥ គឺជាខួបលើកទី៦០នៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះ លោក ហ៊ុន ម៉ាណែត បានគូសបញ្ជាក់អំពីភាពរីកចម្រើននៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរ ក៏ដូចជាការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន ដោយលោកថ្លែងថា ទស្សនកិច្ចរបស់លោកនឹងកាន់តែធ្វើឱ្យប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ។
សេចក្ដីប្រកាសព័ត៌មានដែលបង្ហោះក្នុងបណ្ដាញសង្គមលោកនាយករដ្ឋមន្ត្រីបញ្ជាក់ថា៖ «សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការបន្តនូវកិច្ចពិគ្រោះយោបល់នយោបាយជាទៀងទាត់រវាងក្រសួងការបរទេសនៃប្រទេសទាំងពីរ ដើម្បីពង្រីកនូវកិច្ចសហប្រតិបត្តិការឱ្យកាន់តែទូលំទូលាយបន្ថែមទៀត»។
សេចក្តីប្រកាសព័ត៌មានបញ្ជាក់នាយប់ថ្ងៃទី១៨ មិថុនាថា៖ «សមភាគីទាំងពីរបានឯកភាពគ្នាក្នុងការរៀបចំក្រុមការងាររួមដើម្បីពិភាក្សាអំពីមធ្យោបាយ និងផែនការសកម្មភាព ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវកិច្ចសហប្រតិបត្តិការលើវិស័យពាណិជ្ជកម្ម និងការវិនិយោគនៃប្រទេសទាំងពីរ។
មេដឹកនាំទាំងពីរក៏បានឯកភាពគ្នាបន្តកិច្ចសហប្រតិបត្តិការក្នុងការផ្លាស់ប្ដូរប្រជាជន និងប្រជាជន ដែលរួមមានការកសាងនូវមូលធនមនុស្ស ការបណ្ដុះបណ្ដាលវិជ្ជាជីវៈ ការជំរុញវិស័យទេសចរណ៍ តាមរយៈការពង្រីកជើងហោះហើរត្រង់បន្ថែមទៀតកម្ពុជា-សិង្ហបុរី ជាមួយនឹងការខិតខំទាក់ទាញភ្ញៀវទេសចរពីបណ្ដាប្រទេសផ្សេងទៀតមកទស្សនាប្រទេសទាំងពីរ។
នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ នាយករដ្ឋមន្ត្រីទាំងពីរបានពិភាក្សាអំពីការផ្លាស់ប្ដូរទស្សនកិច្ចនៃមន្ត្រីជាន់ខ្ពស់ និងវគ្គបណ្ដុះបណ្ដាល ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើការប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរមនុស្ស ការជួញដូរគ្រឿងញៀន បទល្មើសបច្ចេកវិទ្យា និងការឆបោកតាមប្រព័ន្ធអនឡាញ (online)។
សមភាគីទាំងពីរបានពិភាក្សាគ្នាលើបញ្ហាក្នុងតំបន់ និងអន្តរជាតិមួយចំនួន ដើម្បីចូលរួមក្នុងការកសាងសន្តិភាព ស្ថិរភាព សាមគ្គីភាព និងវិបុលភាពនៅក្នុងតំបន់ និងពិភពលោក ក៏ដូចជាផ្ដល់នូវអត្ថប្រយោជន៍ទៅវិញទៅមករវាងប្រទេសទាំងពីរ។
លោក ហ៊ុន ម៉ាណែត ក៏បានអញ្ជើញលោក Lawrence Wong មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជានាពេលសមស្របណាមួយ។
លោក Lawrence Wong បានបញ្ជាក់នៅលើបណ្តាញសង្គម X (អតីត Twitter) នាថ្ងៃទី១៩ ខែមិថុនា ថា លោក និងលោក ហ៊ុន ម៉ាណែត បានពិភាក្សាគ្នាអំពីវិធីសាស្ត្រក្នុងការពង្រីកកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ហើយថា លោក ហ៊ុន ម៉ាណែត បានដាក់ចេញនូវយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយដើម្បីធ្វើឱ្យប្រទេសកម្ពុជាក្លាយជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ សិង្ហបុរីនឹងចូលរួមចំណែកដើម្បីគាំទ្រដល់អាទិភាពអភិវឌ្ឍន៍របស់កម្ពុជាក្រោមយុទ្ធសាស្ត្រនេះ។
លោកបញ្ជាក់ថា លោកទន្ទឹងរង់ចាំធ្វើការយ៉ាងជិតស្និទ្ធជាមួយលោក ហ៊ុន ម៉ាណែត ដើម្បីពង្រឹងភាពជាដៃគូនៃប្រទេសទាំងពីរ និងនាំភាពជាដៃគូនេះឡើងទៅកាន់កម្រិតថ្មី ដោយលោកបន្ថែមថា៖ «កិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់យើងបានពង្រីកទៅកាន់វិស័យថ្មី ដូចជាថាមពលកកើតឡើងវិញ និងឥណទានកាបូន ព្រមទាំងកិច្ចសហប្រតិបត្តិការនៅក្នុងរដ្ឋាភិបាលឌីជីថល (digital)»៕