ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានថ្លែងថា ការប្រកាសបិទការិយាល័យស្ថានទូតស៊ុយអែតនៅភ្នំពេញ ដែលនឹងមកដល់នៅចុងខែកញ្ញានេះ មិនគួរបានបកស្រាយដោយគោលបំណងបម្រើឲ្យគោលដៅនយោបាយណាមួយឡើយ។
នៅក្នុងសេចក្ដីបំភ្លឺដាច់ដោយឡែកពីរចុះថ្ងៃទី១៦ និង ១៧ ខែកញ្ញានេះ ក្រសួងការបរទេស ថ្លែងថា កាលពីខែមីនា ឆ្នាំនេះ ក្រសួងការបរទេសស៊ុយអែតបានប្រកាសពីការបិទការិយាល័យរបស់ខ្លួននៅភ្នំពេញ ចាប់ពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៤ នេះតទៅ។ រដ្ឋាភិបាលស៊ុយអែតធ្វើការសម្រេចចិត្តបែបនេះក្រោមហេតុផលនៃការរៀបចំឡើងវិញនៅចំណុចអាទិភាព របស់ខ្លួន ដោយត្រូវផ្តល់អាទិភាពលើការអភិវឌ្ឍន៍សេដ្ឋកិច្ច សន្តិភាព និងសន្តិសុខ នៅតំបន់ជិតខាងខ្លួន ដើម្បីឆ្លើយតបនឹងការប្រែប្រួលបរិបទពិភពលោក បន្ទាប់ពីការផ្ទុះសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន។
សេចក្ដីបំភ្លឺបញ្ជាក់ថា៖ «អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ សូមប្រកាសទាត់ចោលនូវរាល់ការប៉ុនប៉ងធ្វើការបកស្រាយករណីការបិទការិយាល័យស្ថានទូតស៊ុយអែតនៅរាជធានីភ្នំពេញ សម្រាប់បម្រើឱ្យគោលដៅនយោបាយ»។
យ៉ាងណាក៏ដោយ អ្នកពាក្យក្រសួងបានថ្លែងថា ក្នុងកន្លងមកនេះ ក៏មានការបើកបន្ថែមការិយាល័យនានារបស់ស្ថានទូតមួយចំនួន ដូចជា ការបើកការិយាល័យពាណិជ្ជកម្មរបស់ស្ថានទូតតួកគី ក្នុងខែមេសា ឆ្នាំ២០២៣ ការបើកការិយាល័យពាណិជ្ជកម្ម និងវិនិយោគរបស់ស្ថានទូតអូស្ត្រាលី ក្នុងខែ មករា ឆ្នាំ២០២៤ និងការបើកការិយាល័យកុងស៊ុលរបស់កាណាដានៅខេត្តសៀមរាប ក្នុងខែកុម្ភៈ ឆ្នាំ២០២៤។
នៅក្នុងសេចក្ដីប្រកាសថ្ងៃទី១៦ ខែកញ្ញា ស្ថានទូតស៊ុយអែត បញ្ជាក់ថា ការបិទការិយាល័យស្ថានទូតនេះ«ដោយសារសេចក្តីសម្រេចរបស់រដ្ឋាភិបាលស៊ុយអែតក្នុងការបញ្ចប់ កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ទ្វេភាគីជាមួយប្រទេសកម្ពុជា»។
ស្ថានទូតបន្តថា ចាប់តាំងពីថ្ងៃទី ១៦ ខែសីហា ការគ្រប់គ្រងការគាំទ្រដល់ប្រទេសកម្ពុជា យោងទៅតាមយុទ្ធសាស្ត្រតំបន់សម្រាប់កិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ជាមួយអាស៊ី និងប៉ាស៊ីហ្វិក ត្រូវបានផ្ទេរទៅអង្គការសហប្រតិបត្តិការអន្តរជាតិអភិវឌ្ឍន៍ស៊ុយអែត (Sida)។
យ៉ាងណាក៏ដោយ ការប្រកាសបិទការិយាល័យស្ថានទូតរបស់ស៊ុយអែត មិនមែនជាលើកទី១នោះទេ ដោយកាលពីឆ្នាំ២០២០ ក្រសួងការបរទេសស៊ុយអែត ក៏ធ្លាប់បានប្រកាសពីការបិទនេះ ដែលដំបូងគ្រោងធ្វើឡើងនៅចុងឆ្នាំ២០២១។ ការប្រកាសនាពេលនោះ ធ្វើឲ្យអង្គការសង្គមស៊ីវិលធ្វើការផ្នែកសិទ្ធិមនុស្សបង្ហាញក្ដីកង្វល់ និងស្នើឲ្យស៊ុយអែតចាត់តាំងមន្ត្រីនយោបាយ ឬសិទ្ធិមនុស្សមកធ្វើការនៅកម្ពុជា។
នៅខែមេសា ឆ្នាំ២០២២ ស៊ុយអែត បានបើកជាផ្លូវការនូវ ស្ថានកុងស៊ុលរបស់ខ្លួននៅភ្នំពេញ ដើម្បីបន្តដំណើរការនិងផ្តល់សេវាកម្មសម្រាប់ពលរដ្ឋនៅកម្ពុជា។
លោក យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បាននិយាយថា វាជាការសោកស្តាយដែលរដ្ឋាភិបាលស៊ុយអែត បានធ្វើការសម្រេចបែបនេះ ហើយលោកក៏សោកស្ដាយផងដែរ ដែលការបិទនេះត្រូវបានបកស្រាយផ្សេងៗ ដោយភ្ជាប់ជាមួយនឹងហេតុផលនយោបាយ សិទ្ធិមនុស្ស និងស្ថានភាពប្រជាធិបតេយ្យ។
លោកថ្លែងថា៖ «ខ្ញុំគិតថា ការបិទនេះដោយសារការសម្រេចចិត្តផ្ទៃក្នុងរបស់រដ្ឋាភិបាលស៊ុយអែត ដែលផ្អែកលើកម្រិតនៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាលស៊ុយអែត និងរាជរដ្ឋាភិបាលកម្ពុជា និងហេតុផលដូចជាវិបត្តិពិភពលោកផងដែរ»៕