កម្ពុជាបន្តរក្សាជំហររបស់ខ្លួនក្នុងការគាំទ្រដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន និងបានបង្ហាញពីកង្វល់ចំពោះលទ្ធភាពនៃការផ្ទុះឡើងនៃសង្គ្រាមនៅទូទាំងតំបន់តំបន់មជ្ឈិមបូព៌ា។
នៅក្នុងសុន្ទរថានៅឯកិច្ចពិភាក្សាទូទៅរបស់អង្គការសហប្រជាជាតិលើកទី៧៩ នៅថ្ងៃទី២៨ ខែកញ្ញា រដ្ឋមន្រ្តីការបរទេស លោក សុខ ចិន្តាសោភា បានបញ្ជាក់ថា កម្ពុជានៅតែប្ដេជ្ញាទៅលើការគាំទ្រយូរឆ្នាំរបស់ខ្លួនចំពោះដំណោះស្រាយរដ្ឋពីរ ដោយស្របតាមសេចក្ដីសម្រេចរបស់អង្គការសហប្រជាជាតិ។
លោកបាននិយាយថា ដំណោះស្រាយរដ្ឋពីរ គឺជាវិធីតែមួយគាត់ដែលប្រជាជនប៉ាឡេស្ទីន និងអ៊ីស្រាអែលអាចបញ្ចប់ជម្លោះដែលមានជារមកហើយ និងអាចរស់នៅដោយសន្តិសហវិជ្ជាមានជាមួយគ្នា។
លោកថ្លែង៖ «កម្ពុជាគាំទ្រដល់ការបង្កើតរដ្ឋប៉ាឡេស្ទីន និងការស្នើសុំរបស់ប៉ាឡេស្ទីនដើម្បីក្លាយជាសមាជិកពេញលេញរបស់អង្គការសហប្រជាជាតិ។ កម្ពុជាក៏ថ្កោលទោសសកម្មភាពអំពើភេរវកម្មទាំងអស់ និងអំពាវនាវឱ្យមានកិច្ចពិភាក្សាដើម្បីបញ្ចប់សង្គ្រាមនិងវិបត្តិមនុស្សធម៌ដែលកាន់តែអាក្រក់នៅតំបន់កាហ្សា»។
លោកបន្តថា៖ «យើងមានកង្វល់យ៉ាងខ្លាំងចំពោះអនាគតនៃសង្គ្រាមដែលអាចផ្ទុះស្ទើរទាំងស្រុងនៅមជ្ឈិមបូព៌ា។ បើតាមរាយការណ៍ចុងក្រោយ មានការកើនឡើងនៃការប្រយុទ្ធនៅក្នុងប្រទេសលីបង់។ សង្គ្រាមនៅតំបន់នេះដែលកំពុងកើនឡើងយ៉ាងឆាប់រហ័សត្រូវតែបញ្ឈប់ ហើយសមាជិកសហគមន៍អន្តរជាតិត្រូវតែទាមទារឱ្យគ្រប់ភាគីទាំងអស់ធ្វើការយ៉ាងបុរេសកម្មដើម្បីរកវិធីសាស្រ្តដោះស្រាយស្ថានការណ៍ដ៏អាក្រក់នេះ»។
គិតត្រឹមសប្ដាហ៍មុន ចំនួនមនុស្សស្លាប់ក្នុងជម្លោះរវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ បានកើនលើស ៤១,០០០នាក់ និងរងរបួសជិត ៩៦,០០០ នាក់ ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់លើអ៊ីស្រាអែលនៅថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។
លោក យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា បានអះអាងថា កម្ពុជាមានភាពច្បាស់លាស់អំពីជំហររបស់ខ្លួនលើបញ្ហារដ្ឋប៉ាឡេស្ទីន តាំងពីរដ្ឋាភិបាលអាណត្តិមុនៗដែលគាំទ្រដល់ការមានរដ្ឋប៉ាឡេស្ទីន ស្របតាមច្បាប់អន្តរជាតិ និងការសម្រេចរបស់អង្គការសហប្រជាជាតិ។
លោកយល់ឃើញថា សហរដ្ឋអាមេរិកនិងប្រទេសមហាអំណាចធំៗគាំទ្រអ៊ីស្រាអែល ដោយសារតែពួកគេមានសម្ព័ន្ធភាពយ៉ាងរឹងមាំជាមួយអ៊ីស្រាអែល ខណៈដែលប៉ាឡេស្ទីនបន្តបាត់បង់ដីធ្លីរបស់ខ្លួនតាំងពីធំរហូតដល់តូច។ លំនាំបែននេះលោកយល់ថាជា «ស្ដង់ដារពីរ»។
លោកនិយាយថា៖ «សម្រាប់ស្ថានភាពបច្ចុប្បន្ន ប្រទេសមហាធំៗបានចាត់ទុកខ្លួនឯងថាជាច្បាប់ និងជាសណ្ដាប់ធ្នាប់ពិភពលោកថ្មី។ នោះហើយជាហេតុដែលខ្ញុំបាននិយាយថា យុត្តិធម៌គឺសម្រាប់តែប្រទេសធំៗឬប្រទេសអ្នកមាន។ មិនថាពួកគេធ្វើអ្វីក៏ដោយ ទោះបីជាគេបំពានច្បាប់អន្តរជាតិក៏ដោយ ពួកគេនៅតែអះអាងថា វាជាយុត្តិធម៌ ខណៈដែលប្រទេសខ្សោយត្រូវតែគោរពច្បាប់អន្តរជាតិ។ ដូច្នេះកម្ពុជាគិតថា មិនគួរមានស្ដង់ដារពីរនោះទេ»។
ក្នុងកិច្ចពិភាក្សាទូទៅ លោក សុខ ចិន្ដាសោភា ក៏បានលើកឡើងកង្វល់របស់កម្ពុជាចំពោះវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ ដោយលោកបានបញ្ជាក់ថា និងសមាជិកអាស៊ានផ្សេងៗទៀត គាំទ្រកុងសង់ស៊ីស៥ចំណុច របស់អាស៊ាន ដើម្បីជាមូលដ្ឋានសម្រាប់ដំណោះស្រាយរកសន្តិភាព និងមានការរួបរួមគ្នានៅមីយ៉ាន់ម៉ា។
លោកថ្លែងថា៖ «យើងគាំត្របង្កើតបរិយាកាសឱ្យចាប់ផ្តើមកិច្ចពិភាក្សា និងការចរចាអំពីការឈប់បាញ់គ្នា។ យើងក៏បញ្ជាក់អំពីភាពចាំបាច់នៃអំណោយមនុស្សធម៌ ហើយគាំទ្រដំណើរការដឹកនាំដោយមីយ៉ាន់ម៉ា សម្រាប់សន្តិភាពអចិន្រ្តៃយ៍ និងការវិលទៅរកភាពប្រក្រតីឡើងវិញ»។
លោក យង់ ពៅ យល់ថា កម្ពុជាបានបង្ហាញពីការខិតខំយ៉ាងខ្លាំងក្នុងការរកដំណោះស្រាយសម្រាប់វិបត្តិនៅមីយ៉ាន់ម៉ា ដោយអតីតនាយករដ្ឋមន្រ្តី លោក ហ៊ុន សែន ដែលជាប្រធានអាស៊ានក្នុងឆ្នាំ ២០២២ បានធ្វើទស្សនកិច្ចទៅកាន់ប្រទេសមីយ៉ាន់ម៉ា និងបានជួបគ្នាជាមួយលោក Min Aung Hlaing ដែលជាប្រធានក្រុមប្រឹក្សារដ្ឋមីរដ្ឋមីយ៉ាន់ម៉ា។ លោក ហ៊ុន សែន បានលើកឡើងពីគោលនយោបាយ «ឈ្នះ-ឈ្នះ» របស់លោកជាមួយមេដឹកនាំមីយ៉ាន់ម៉ា ដែលយកបទពិសោធន៍របស់កម្ពុជាកាលពីកន្លងមកក្នុងការបញ្ចប់ជម្លោះក្រោយសម័យខ្មែរក្រហម។
លោក យង់ ពៅ ថ្លែងថា៖ «នៅពេលដែល សម្តេច ហ៊ុន សែន ជួបជាមួយ Min Aung Hlaing មេដឹកនាំអាស៊ានមួយចំនួន និងមេដឹកនាំមហាអំណាចបានបន្ទោសគាត់ ប៉ុន្តែមកដល់ពេលនេះ ពួកគេមិនបានបង្ហាញវិធីណាល្អណាមួយក្នុងការដោះស្រាយវិបត្តិនៅមីយ៉ាន់ម៉ានោះទេ»៕