
ពិធីសម្ពោធស្ថានីយសាករថយន្តអគ្គិសនី ដែលជាជំហានមួយទៀតនៃ ESG របស់យើង។
ក្រុមហ៊ុនអេទីកា ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) ម.ក កំពុង ផ្តល់ជូនផែនការការពារ និងសុខុមាលភាពប្រកបដោយតុល្យភាព សម្រាប់គ្រប់ ផ្នែកទាំងអស់ដែលត្រូវបានចែកចាយតាមរយៈបណ្តាញឌីជីថលរបស់ខ្លួន និងដៃគូធនាគារ Maybank Cambodia ដែលជាផ្នែកមួយនៃក្រុមហ៊ុនផ្តល់សេវាហិរញ្ញវត្ថុកំពូលរបស់ម៉ាឡេសីុគឺក្រុមហ៊ុន Maybank Group។ លោក ហ៊ង វុទ្ធី នាយកប្រតិបត្តិក្រុមហ៊ុន អេទីកា ឡាយហ្វ៍ អ៊ិនសួរេនបានចែករំលែកអំពីចក្ខុវិស័យរបស់ក្រុមហ៊ុនសម្រាប់ទីផ្សារកម្ពុជា។

អេទីកា ឡាយហ្វ៍ នាំជំនាញធានារ៉ាប់រង មកទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជា។
តើក្រុមហ៊ុន អេទីកា ឡាយហ្វ៍ អ៊ិនសួរេន (ខេមបូឌា) មានគម្រោងអ្វីខ្លះសម្រាប់ព្រះរាជាណាចក្រកម្ពុជា ក្នុងនាមជាក្រុមហ៊ុនចំណូលថ្មីក្នុងទីផ្សារ?
គោលបំណងរបស់ក្រុមហ៊ុន អេទីកា (Etiqa) គឺថាយើងចង់ធ្វើឱ្យពិភពលោកក្លាយជាកន្លែងកាន់តែប្រសើរ ដោយបានផ្តល់អាទិភាពសំខាន់លើអត្ថប្រយោជន៍របស់អតិថិជន និងសហគមន៍របស់យើង ហើយផ្តល់ការការពារ និងសុខុមាលភាពដល់មនុស្សឱ្យបានច្រើនបំផុតតាមដែលយើងអាចធ្វើបាន។
ជាក់ស្តែង ផែនការរបស់យើងនៅ ក្នុងប្រទេសកម្ពុជាគឺផ្តល់ដំណោះស្រាយការពារផ្នែកហិរញ្ញវត្ថុដល់គ្រួសារឱ្យបានច្រើនតាមតែអាចធ្វើបាន តាមវិធីដែលឆាប់រហ័ស និងមាន ភាពងាយស្រួល។
បច្ចុប្បន្ន តាមរយៈភាពជាដៃគូរបស់យើងជាមួយធនាគារ មេយប៊ែង ខេមបូឌា យើងបន្តលើកកម្ពស់ការយល់ដឹងរបស់អតិថិជន អំពីសារៈសំខាន់នៃធានារ៉ាប់រងអាយុជីវិត ដោយធ្វើការសន្សំ និងការពារ។ ក្នុងរយៈពេល ៦ ខែកន្លងមកនេះ យើងឃើញមាន កំណើនខ្លាំង ខណៈសកម្មភាពសេដ្ឋកិច្ចងើបឡើងវិញ និងជំងឺរាតត្បាតកូវីដ១៩ បានធូរស្រាល ហើយយើងក៏បានមើលឃើញកំណើនអតិថិជនដែលមានការយលដឹងពីធានារ៉ាប់រងអាយុជីវិត និងជាវផលិតផលរបស់យើងផងដែរ។
ផែនការរយៈពេលវែងរបស់យើង គឺក្លាយជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតឈានមុខគេដែលផ្តល់នូវដំណោះស្រាយការពារហិរញ្ញវត្ថុ ប្រកបដោយភាពច្នៃប្រឌិតនៅលើទីផ្សារ ស្របតាមយុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុរបស់រដ្ឋាភិបាល។ យើងនឹងសម្រេចបានតាមផែនការនេះ
តាមរយៈការប្រើប្រាស់បទពិសោធដ៏រឹងមាំរបស់យើង ក្នុងការចែកចាយផលិតផលធានារ៉ាប់រងតាមរយៈបណ្តាញឌីជីថល។

ស្នាក់ការកណ្តាលអេទីកានៅម៉ាឡេស៊ី
ក្រុមហ៊ុន Etiqa Group ក៏កំពុងផ្តោតសំខាន់លើរបៀបវារៈដូចជា បរិស្ថាន សង្គម និងអភិបាលកិច្ច សាជីវកម្ម (ESG) ដែលសមស្របចំពោះបរិបទក្នុងស្រុក។ នៅកម្ពុជាក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខ យើងនឹងលើកកម្ពស់ការយល់ដឹងអំពី ESG ឱ្យបានកាន់តែសកម្ម និងស្វែងរកដៃគូ ដើម្បីបន្តរបៀបវារៈ ESG នៅក្នុងប្រទេសកម្ពុជា។
តើ អេទីកា ឡាយហ្វ៍ ខេមបូឌា នឹងទាញយកអត្ថប្រយោជន៍ ក្នុងនាមជាក្រុមហ៊ុនក្នុងតំបន់យ៉ាងដូចម្តេច?
ក្នុងនាមជាក្រុមហ៊ុនក្នុងតំបន់គឺ អនុញ្ញាតឱ្យយើងចែករំលែកការអនុវត្តដ៏ល្អបំផុត ដើម្បីបម្រើអតិថិជននិងសហគមន៍របស់យើងឱ្យបានកាន់តែប្រសើរឡើង។ ជាការកត់សម្គាល់គឺថាក្រុមហ៊ុនធានារ៉ាប់រងអេទីកា ឡាយហ្វ៍ ត្រូវបានគ្រប់គ្រង ១០០ ភាគរយ ដោយថ្នាក់ដឹកនាំ និងបុគ្គលិកជាជនជាតិខ្មែរ ដែលអនុញ្ញាតឱ្យយើងដាក់បញ្ចូលការអនុវត្តក្នុងតំបន់ល្អបំផុត ជាមួយការយល់ដឹងបានយ៉ាងស៊ីជម្រៅអំពីតម្រូវការនៅក្នុងស្រុក ដើម្បីផ្តល់ការការពារ និងសុខុមាលភាព បានត្រឹមត្រូវ។

លោក ហ៊ង វុទ្ធី នាយកប្រតិបត្តិក្រុមហ៊ុនអេទីកា ឡាយហ្វ៍ អិុនសួរេន (ខេមបូឌា)
តើមានផលិតផលអ្វីខ្លះដែលក្រុមហ៊ុន អេទីកា ឡាយហ្វ៍ អិុនសួរេន (ខេមបូឌា) នឹងផ្សព្វផ្សាយឱ្យបានកាន់តែទូលំទូលាយ?
ដំណោះស្រាយផលិតផលពិសេសៗរបស់យើងដូចជា My Future and Saving Booster Rider និង Premier Saver គឺមានប្រជាប្រិយភាពខ្លាំងជាមួយអតិថិជនរបស់យើង ដោយសារ ការសន្សំ ការការពារ និងការចូលនិវត្តន៍របស់ពួកគេ ត្រូវបានធានា។ យើងនឹងបន្តធ្វើឱ្យដំណោះស្រាយទាំងនេះមានសម្រាប់អតិថិជនកាន់តែច្រើន ដោយធ្វើការយ៉ាងជិតស្និទ្ធជាមួយធនាគារ មេយប៊ែង ខេមបូឌា និងតាមរយៈបណ្តាញឌីជីថលរបស់យើង។
តើអ្នកណាជាទីផ្សារគោលដៅរបស់លោក?
ជាដំបូង ទីផ្សារគោលដៅរបស់យើងគឺអ្នកដែលកំពុងមានជីវភាពធូរធារ និងអ្នកមានទ្រព្យសម្បត្តិស្តុកស្តម្ភ។ នៅពេលដែលវេទិកាឌីជីថលរបស់យើងរីកចម្រើន នោះយើងនឹងឈោងចាប់មូលដ្ឋានទីផ្សារអតិថិជនឱ្យកាន់តែធំនិងកាន់តែមានប្រសិទ្ធភាព។
តើ អេទីកា ឡាយហ្វ៍ ខេមបូឌា មានអ្វីពិសេសបន្ថែម ដើម្បីដើរតួសំខាន់នៅក្នុងទីផ្សារប្រកួតប្រជែង?
ក្នុងនាមជាក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិតនៃជម្រើស គឺទាមទារឱ្យអ្វីៗដំណើរការទៅបានត្រឹមត្រូវ គ្រប់ពេលវេលានៅក្នុងភ្នែកអតិថិជនរបស់យើង។ យើងជឿថាអ្វីដែលពិសេសគឺយើងផ្អែកលើសមត្ថភាពរបស់យើងក្នុងការធ្វើអ្វីៗឱ្យមានភាពងាយស្រួល និងឆាប់រហ័សសម្រាប់អតិថិជនរបស់យើង។
តើលោកវាយតម្លៃទីផ្សារធានារ៉ាប់រងអាយុជីវិតនៅក្នុងប្រទេសកម្ពុជាយ៉ាងដូចម្តេច?
ទីផ្សារធានារ៉ាប់រងអាយុជីវិតនៅកម្ពុជាមានសក្ដានុពលខ្លាំងណាស់។ អ្នកអាចសម្លឹងមើលអត្រាភាគទានធានារ៉ាប់រងក្នុងសេដ្ឋកិច្ច មានអត្រាតិចជាង១ភាគរយ។ ក្រុមហ៊ុន Etiqa ប្តេជ្ញាធ្វើការឱ្យជិតស្និទ្ធជាមួយនិយតករធានារ៉ាប់រងកម្ពុជា ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារៈសំខាន់នៃធានារ៉ាប់រងអាយុជីវិត នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ខ្ញុំសូមបញ្ជាក់បន្ថែមទៀតថា និយតកររបស់យើងបាន នឹងកំពុងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីបន្តពង្រឹងក្របខ័ណ្ឌ បទប្បញ្ញត្តិ ដើម្បីអនុញ្ញាតឱ្យឧស្សាហកម្មនេះរីកចម្រើនកាន់តែខ្លាំង និងដើម្បីឱ្យគ្រួសារកម្ពុជាកាន់តែច្រើន ទទួលបានការការពារផ្នែកហិរញ្ញវត្ថុ ដែលពួកគេត្រូវការចាំបាច់។ កិច្ចខិតខំប្រឹងប្រែងរបស់និយតកររបស់យើង ពិតជាគួរឱ្យកោតសរសើរខ្លាំងណាស់៕