ក្រុមហ៊ុន​ធានារ៉ាប់រង​អាយុជីវិត GC Life កំពុង​ប្រើប្រាស់​វេទិកា​ឌីជីថល​ដ៏​ងាយស្រួល​សម្រាប់​អតិថិជន​របស់​ខ្លួន គួបផ្សំ​ជាមួយ​បុគ្គលិក​ជំនាញ​ដើម្បី​បម្រើ​អតិថិជន​នៅ​លើ​ទីផ្សារ ខណៈ​ព្រះរាជាណាចក្រ​កម្ពុជា បាន​ងើបឡើង​វិញ​កាន់តែ​ប្រសើរ​ពី​ការ​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ១៩។

ដោយ​បាន​មើលឃើញ​ពី «សក្តា​នុ​ពល​ទីផ្សារ​ដ៏​ធំ» សម្រាប់​ធានារ៉ាប់រង​នៅក្នុង​ប្រទេស​កម្ពុជា និង​ដោយសារ​អត្រា​នៃ​ការប្រើ​ប្រាស់​ធានារ៉ាប់រង​នៅ​កម្ពុជា​មានកម្រិត​ទាប​នៅឡើយ បើ​ធៀប​ទៅ​នឹង​សមាជិក​អាស៊ាន​ដែល​ជា​ប្រទេសជិតខាង​រុ​មហ៊ុន​ធានារ៉ាប់រង​មួយ​នេះ​កំពុង​ដាក់​ឱ្យ​ប្រើប្រាស់​នូវ​ផលិតផល​បុគ្គល​ជាច្រើន ជាពិសេស​ផ្តោត​លើ​ស្ត្រី និង​កុមារ នៅក្នុង​ឆ្នាំនេះ។

លោក Michael Tee នាយក​ប្រតិបត្តិ​នៃ​ GC Life

«ក្រុមហ៊ុន​ធានារ៉ាប់រង GC Life ផ្តោត​លើ​ការ​ដាក់ចេញ​នូវ​ផលិតផល​ធានារ៉ាប់រង​ពិ​សេសៗជាច្រើន​ប្រភេទ ដើម្បី​ធ្វើ​ឱ្យ​ជីវិត​ប្រជាជន​កម្ពុជា​កាន់តែ​ប្រសើរ​ឡើង ដូចជា​គម្រោង GC គាំពារ​នារី (GC Neary Care) ដែល​ត្រូវ​បាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ស្ត្រី និង​គម្រោង GC អនាគត​បុត្រធីតា (GC Scholar) ត្រូវ​បាន​រចនា​ឡើងជា​ពិសេស​សម្រាប់​កុមារ​ដែល​ជា​អ្នក​ជំនាន់​ក្រោយ​ក្នុង​ការដឹកនាំ​ប្រទេស​កម្ពុជា»។

ផ្អែកលើ​ស្ថិតិ​នា​ពេល​ថ្មីៗនេះ បានឱ្យ​ដឹង​ថា​ស្ត្រី​ដើរតួ​នាទី​យ៉ាង​សំខាន់​នៅក្នុង​ការ​គាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​សម្រាប់​គ្រួសារ​របស់​ពួក​គាត់។ យោង​តាម​របាយការណ៍​អង្កេត​សេដ្ឋកិច្ច​សង្គមកិច្ច​កម្ពុជា ២០១៩/២០ បានឱ្យ​ដឹង​ថា ៤៩ភាគរយ​នៃ​កម្លាំង​ពលកម្ម​នៅ​ប្រទេស​កម្ពុជា គឺជា​ស្ត្រី។ ក្នុងចំណោម​នោះ ៣៨,៦ ភាគរយ​ជា​អ្នក​ប្រកប​អា​ជី​កម្ម​ដោយខ្លួនឯង ខណៈ ៤០,៩ ភាគរយ គឺជា​និយោជិត។

យើង​អាច​ព្យាករ​បាន​ថា ប្រទេស​កម្ពុជា​ស្ថិតនៅ​ក្នុង​ដំណាក់កាល​ងើបឡើង​វិញ​ពី​ជំងឺរាតត្បាត ហើយ​យើង​ចង់​ចូលរួម​ចំណែក​ដល់​សង្គម ជួយ​ដល់​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​ជំងឺរាតត្បាត ដោយ​ផ្តល់​ការអប់រំ​កាន់តែ​ប្រសើរ​ឡើង​តាមរយៈ​ការ​កែ​លម្អ​បរិវេណ​សាលា និង​តម្រូវការ​ផ្នែក​វេជ្ជសាស្ត្រ​តាមរយៈ​ការ​បរិច្ចាគ​ឈាម»។

លោក Michael បាន​ថ្លែង​ថា៖ «យើង​អាច​មើលឃើញ​ថា ស្ត្រី​កម្ពុជា​បាន​ចូលរួម​ចំណែក​កាន់តែ​ច្រើន​ចំពោះ​ប្រទេសជាតិ សង្គម និង​ក្រុម​គ្រួសារ​របស់​ពួក​គាត់។ ក្រុមហ៊ុន​ធានារ៉ាប់រង GC Life បាន​យល់​ច្បាស់​អំពី​ចំណុច​នេះ និង​បាន​ធ្វើការ​ដាក់​លក់​នូវ​ផលិតផល​ធានារ៉ាប់រង​អាយុជីវិត​ដំបូង​គេ​នៅ​ប្រទេស​កម្ពុជា ដែល​យើង​បាន​រចនា​ឡើងជា​ពិសេស​សម្រាប់​ស្ត្រី ដែល​មានឈ្មោះ​ថា គម្រោង GC គាំពារ​នារី»។

គម្រោង GC គាំពារ​នារី ផ្តល់​នូវ​អត្ថ​ប្រយោជន៍ និង​/ឬការធានា​រ៉ាប់រង​ជាច្រើន​ដល់​ស្ត្រី ដូចជា អត្ថ​ប្រយោជន៍​បង្កក់​ខែ​កូន អត្ថ​ប្រយោជន៍​ថែទាំ​សុខភាព អត្ថ​ប្រយោជន៍​សម្រាប់​ការ​ព្យាបាល​ជំងឺមហារីក​ដែល​ទាក់ទង​នឹង​សុខភាព​ស្ត្រី និង​ការ​ជួបប្រទះ​គ្រោះ​អកុសល​ណាមួយ​នៅក្នុង​ជីវិត​របស់​ពួក​គាត់។ លក្ខណ​ពិសេស​គួរ​ឱ្យ​ចាប់អារម្មណ៍​មួយ​នៃ​គម្រោង​នេះ គឺ​វា​ភ្ជាប់​មក​ជាមួយ​នូវ​អត្ថ​ប្រយោជន៍​នា​គ្រា​ចុងបញ្ចប់​នៃ​រយៈពេល​របស់​គម្រោង​ធានារ៉ាប់រង ដែល​នឹង​ផ្តល់​នូវ​ការ​ផ្តល់​សាច់ប្រាក់​ត្រឡប់ទៅ​កាន់​អតិថិជន​វិញ។

ក្រុមហ៊ុន​ធានារ៉ាប់រង GC Life ក៏បាន​បង្កើត​ផលិតផល​ធានារ៉ាប់រង​ជាច្រើន​ប្រភេទ​ទៀត​ជាមួយនឹង​បុព្វលាភ​ដែល​មានតម្លៃ​សមរម្យ ដូចជា​គម្រោង​សន្សំ ការអប់រំ និង​គម្រោងការ​ពារ​ប្រាក់កម្ចី ដែល​ទាំងអស់​នេះ​មាន​គោលបំណង​ការពារ​ប្រជាជន​កម្ពុជា​តាម​វិ​ធី​ផ្សេងៗ ដោយ​ផ្អែកលើ​តម្រូវការ​របស់​ពួក​គេ។

លោក​បន្ត​ថា៖«គម្រោង GC អនាគត​បុត្រធីតា ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ការពារ​កុមារ និង​ផ្តល់​នូវ​អត្ថ​ប្រយោជន៍​សម្រាប់​ការសិក្សា​របស់​ពួក​គាត់ ហើយ​មាន​អត្ថ​ប្រយោជន៍​ធានារ៉ាប់រង​បន្ថែម​លើ​ជំងឺ​ធ្ងន់ធ្ងរ​សម្រាប់​កុមារ ដែល​ក៏​ជា​ផលិតផល​ដំបូង​គេ​នៅ​លើ​ទីផ្សារ​ផង​ដែរ។ បេសកកម្ម​របស់ GC Life គឺ​ធ្វើ​ឱ្យ​ជីវិត​មនុស្ស​កាន់តែ​ប្រសើរ ហើយ​យើង​ចង់​ការពារ​ប្រជាជន​កម្ពុជា​គ្រប់រូប មិន​ត្រឹមតែ​សម្រាប់​មេ​គ្រួសារ​ប៉ុណ្ណោះទេ។ លើស​ពីនេះ​ទៀត​ក្រុមហ៊ុន GC Life ក៏​មាន​ផលិតផល​សន្សំ ផលិតផល​ការពារ​សុទ្ធ និង​ផលិតផល​ជា​ក្រុម​ដែល​ផ្តោត​លើ​ការ​ការពារ​ជាច្រើន​ប្រភេទ​ផ្សេងៗគ្នា»

GC Life ពឹងផ្អែក​លើ​ការ​ធ្វើ​ទំនើបកម្ម​ឌីជីថល​យ៉ាង​ទូលំទូលាយ ដែល​មិន​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​បរិស្ថាន និង​ផ្តល់​នូវ​សេវាកម្ម​អតិថិជន​ដ៏​ល្អជា​មួយ​នឹង​ល្បឿន​ឆាប់រហ័ស។