
តើអ្វីទៅជាសេរីភាពហិរញ្ញវត្ថុ?
សេរីភាពហិរញ្ញវត្ថុ (Financial Freedom) គឺជាស្ថានភាពដែលបុគ្គលម្នាក់មានប្រាក់គ្រប់គ្រាន់ ដើម្បីបំពេញតម្រូវការមូលដ្ឋាន និងអាចបង្កើតជីវិតដែលគេចង់បាន ដោយមិនពឹងផ្អែកលើប្រាក់ចំណូលប្រចាំខែ។ នៅក្នុងលក្ខខណ្ឌនៃហិរញ្ញវត្ថុ ការសម្រេចបាននូវសេរីភាពហិរញ្ញវត្ថុ គឺនៅពេលដែលចំនួនសរុបនៃប្រាក់ចំណូលអកម្មធំជាងការចំណាយជាក់ស្តែង ប៉ុន្តែអត្ថន័យនៃសេរីភាពផ្នែកហិរញ្ញវត្ថុអាចខុសគ្នាពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត។
ឧទាហរណ៍៖ មនុស្សមួយចំនួនប្រឹងប្រែងរកប្រាក់ចំណូល និងខិតខំសន្សំសំចៃ ដើម្បីមានលទ្ធភាពចូលនិវត្តន៍មុនអាយុ។ សម្រាប់អ្នកខ្លះវិញទៀត និយមន័យនៃសេរីភាពហិរញ្ញវត្ថុអាចគ្រាន់តែចង់មានសេរីភាពក្នុងការជ្រើសរើសអាជីពដែលពួកគេពេញចិត្ត ដោយមិនខ្វល់ពីប្រាក់ចំណូលប្រចាំខែ។
តើអ្វីទៅជាការសន្សំ?
ការសន្សំ គឺជាមធ្យោបាយដ៏ល្អមួយ ដែលដកប្រាក់មួយចំនួនទុកដោយឡែកជាប្រចាំ ដើម្បីសម្រេចបាននូវគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី និងជាចន្ទល់ផ្នែកហិរញ្ញវត្ថុដ៏សំខាន់ ដែលឆ្លើយតបនឹងតម្រូវការហិរញ្ញវត្ថុបន្ទាន់នាពេលអនាគត។
ឧទាហរណ៍៖ អ្នកចង់សន្សំ ១,០០០ ដុល្លារអាមេរិក សម្រាប់ទិញកុំព្យូទ័រយួរដៃថ្មី ហើយអ្នកមានពេលដប់ខែដើម្បីសន្សំ។ ដោយដកប្រាក់ ១០០ ដុល្លារអាមេរិក សម្រាប់សន្សំជារៀងរាល់ខែ អ្នកអាចសម្រេចគោលដៅរបស់អ្នក ដោយមិនចាំបាច់ចំណាយលើការបង់ប្រាក់កម្ចី ឬ ប័ណ្ណឥណទាន។
តើអ្វីទៅជាការវិនិយោគ?
ការវិនិយោគ ជាមធ្យោបាយបង្កើនប្រាក់ក្នុងរយៈពេលជាក់លាក់ណាមួយ ដោយបណ្តាក់ទុនលើឧបករណ៍ហិរញ្ញវត្ថុ ដូចជា ភាគហ៊ុន សញ្ញាបណ្ណ និងគម្រោងវិនិយោគរួម ជាដើម។
ផ្ទុយស្រលះពីការសន្សំ រាល់ការវិនិយោគសុទ្ធតែមានហានិភ័យ ប៉ុន្តែក៏មានសក្តានុពលក្នុងការបង្កើត និងបង្កើនចំណូលអកម្ម ហើយវាចាំបាច់ណាស់ក្នុងការជ្រើសរើសការវិនិយោគដែលស្របនឹងគោលដៅ កម្រិតហានិភ័យដែលទទួលយកបាន (Risk Tolerance) និងពេលវេលា។
យោងតាមទ្រឹស្តីវិនិយោគបានកំណត់ថា “រយៈពេលវិនិយោគកាន់តែយូរ ផលចំណេញត្រលប់មកវិញកាន់តែច្រើន និងហានិភ័យកាន់តែខ្ពស់ ដោយសារ ធម្មជាតិនៃការប្រែប្រួលស្ថានភាពទីផ្សារភាគហ៊ុន”។
ភាពខុសគ្នារវាងការសន្សំ និងការវិនិយោគ | ||
ការសន្សំ | ការវិនិយោគ | |
១ | សន្ទនីយភាពខ្ពស់ជាងការវិនិយោគ អាចទទួលសាច់ប្រាក់ភ្លាមៗ។ | សន្ទនីយភាពទាបជាងការសន្សំ ការបំប្លែងជាសាច់ប្រាក់ត្រូវការរយៈពេលរង់ចាំ អាស្រ័យលើប្រភេទនៃការវិនិយោគ ដែលជ្រើសរើស។ |
២ | ហានិភ័យតិចតួចបំផុត អាស្រ័យលើវិធីសាស្រ្តសន្សំដែលជ្រើសរើស។ | ហានិភ័យខ្ពស់ជាងការសន្សំ ការវិនិយោគមិនធានាបានផលចំណេញត្រលប់មកវិញ និងអាស្រ័យលើផលិតផលវិនិយោគ ការវិភាគ និងបទពិសោធន៍ផ្ទាល់ខ្លួន។ |
៣ | ការប្រាក់ ទទួលបានការប្រាក់ទាបជាងការវិនិយោគ ឬមិនទទួលបានការប្រាក់សោះ ប្រសិនបើជ្រើសរើសយកការសន្សំប្រាក់នៅផ្ទះដោយខ្លួនឯង។ | ប្រាក់ចំណេញ ការវិនិយោគជាធម្មតាមានសក្តានុពលទទួល បានផលត្រលប់មកវិញខ្ពស់ជាងវិធីសាស្រ្តសន្សំ។ |
ហេតុអ្វីបានជាមនុស្សមួយចំនួនជ្រើសរើសការសន្សំជាជាងការវិនិយោគ?

មនុស្សមួយចំនួនជ្រើសរើសយកការសន្សំជាជាងយកទៅវិនិយោគ ក្រោមហេតុផលផ្សេងៗគ្នា ដូចជា៖
- ត្រូវការអារម្មណ៍សុវត្ថិភាព នៃការមានប្រាក់នៅក្នុងគណនីសន្សំសម្រាប់ការចំណាយ ដែលមិនបានរំពឹងទុក ឬមានហេតុការណ៍បន្ទាន់ណាមួយ។
- មានគោលដៅហិរញ្ញវត្ថុរយៈពេលខ្លី ដូចជា ការសន្សំសម្រាប់វិស្សមកាល ឬការបង់រំលោះផ្ទះ ហើយសម្រេចជ្រើសរើសរក្សាទុកប្រាក់នៅក្នុងគណនីសន្សំ ដែលមានហានិភ័យទាបបំផុត។
- មិនមានចំណេះដឹង ឬជំនាញក្នុងការវិនិយោគ ឬពួកគេបារម្ភអំពីកម្រិតនៃហានិភ័យ ដែលទាក់ទងនឹងការវិនិយោគ ដោយសារតែពួកគេស្ថិតក្នុងប្រភេទវិនិយោគិន ដែលខ្លាចហានិភ័យ។
- មិនមានលុយគ្រប់គ្រាន់ ដើម្បីចាប់ផ្តើមវិនិយោគ បន្ទាប់ពីចំណាយលើតម្រូវការចាំបាច់។
ការវិនិយោគធៀបនឹងការសន្សំ
ចំនួនទឹកប្រាក់ ដែលគួរវិនិយោគធៀបនឹងការសន្សំ គឺអាស្រ័យលើអាយុ ប្រាក់ចំណូលប្រចាំខែ បំណុល គោលដៅហិរញ្ញវត្ថុ កម្រិតហានិភ័យដែលទទួលយកបាន និងស្ថានភាពផ្ទាល់ខ្លួន។ អ្នកគួរមានកញ្ចប់ប្រាក់សន្សំ ដើម្បីទ្រទ្រង់ក្នុងការចំណាយការរស់នៅឱ្យបានពី ៣ ទៅ ៦ ខែ។
ហេតុអ្វីបានជាយុវជនមួយចំនួនបរាជ័យក្នុងការវិនិយោគ?
យុវជនមួយចំនួនជួបការលំបាក និងឈានទៅរកភាពបរាជ័យក្នុងការវិនិយោគ ដោយសារមូលហេតុមួយចំនួន ដូចខាងក្រោម៖
- កង្វះចំណេះដឹង ឬបទពិសោធន៍ ដែលអាចនាំឱ្យការសម្រេចចិត្តវិនិយោគមានការខាតបង់ច្រើន ឬធ្លាក់ក្នុងស្ថានភាពដែលពិបាកស្រោចស្រង់វិញបាន។
- ការភ័យខ្លាច ឬការលោភលន់ អាចបណ្តាលឱ្យអ្នកវិនិយោគធ្វើការសម្រេចចិត្តដោយអន្ទះសារ ឬសម្រេចចិត្តវិនិយោគមិនសមហេតុផល។
***ការវិនិយោគដែលទទួលបានជោគជ័យទាមទារទស្សនវិស័យរយៈពេលវែង វិន័យ និងការអត់ធ្មត់។
***អត្ថបទនេះ ត្រូវបានចងក្រងឡើងក្នុងគោលបំណងផ្តល់ជាព័ត៌មាន និងអប់រំតែប៉ុណ្ណោះ ដោយមិនឆ្លុះបញ្ចាំងពីអនុសាសន៍ ឬដំបូន្មានក្នុងការវិនិយោគនោះទេ។ ន.ម.ក. និងក្រុមហ៊ុន ផូសមេឌា ខូអិលធីឌី មិនទទួលខុសត្រូវចំពោះការបាត់បង់ ឬការខូចខាតណាមួយនោះឡើយ។
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា, នាយកដ្ឋានស្រាវជ្រាវ បណ្ដុះបណ្ដាល អភិវឌ្ឍន៍ទីផ្សារមូលបត្រ និងទំនាក់ទំនងអន្តរជាតិ
អ៊ីមែល៖ edu@serc.gov.kh
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១