សញ្ញាបណ្ណបៃតង សំដៅលើមូលបត្របំណុលដែលត្រូវបានបោះផ្សាយដោយក្រុមហ៊ុនបោះផ្សាយលក់មូលបត្រ ហើយសាច់ប្រាក់ដែលទទួលបានមកពីការបោះផ្សាយត្រូវបានប្រើប្រាស់ ដើម្បីធ្វើហិរញ្ញប្បទាន ឬហិរញ្ញប្បទានឡើងវិញដល់គម្រោង ឬទ្រព្យសកម្មបៃតងដែលជះឥទ្ធិពលវិជ្ជមានដល់បរិស្ថាន និង/ឬអាកាសធាតុ។
សញ្ញាបណ្ណបៃតងត្រូវបានប្រើប្រាស់ជាទូទៅ ដើម្បីផ្តល់ហិរញ្ញប្បទានដល់ប្រភេទនៃគម្រោងដូចខាងក្រោម៖
- គម្រោងពាក់ព័ន្ធនឹងការប្រើប្រាស់ថាមពលប្រកបដោយប្រសិទ្ធភាព
- គម្រោងថាមពលកកើតឡើងវិញ
- គម្រោងការពារ និងគ្រប់គ្រងការបំពុល
- គម្រោងគ្រប់គ្រងដីធ្លី និងធនធានធម្មជាតិ
- គម្រោងការដឹកជញ្ជូនដោយកាត់បន្ថយការបំពុល
- គម្រោងគ្រប់គ្រងទឹក និងទឹកកខ្វក់
- គម្រោងអគារបៃតង។ល។
ឧទាហរណ៍៖ ការអភិវឌ្ឍគម្រោងបង្កើតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ឬពន្លឺព្រះអាទិត្យ ការទិញដីសម្រាប់សាងសង់ ឬសំភារៈបរិក្ខារសម្រាប់គាំទ្រដល់ការផលិតថាមពលអគ្គិសនីដើរដោយកម្លាំងខ្យល់ ឬពន្លឺព្រះអាទិត្យ ការអភិវឌ្ឍគម្រោងផលិតរថយន្តដែលដំណើរការដោយថាមពលអគ្គិសនី ជាដើម។
សាវតារនៃសញ្ញាបណ្ណបៃតង
នៅឆ្នាំ២០០៧ ក្រុមប្រឹក្សាអន្តររដ្ឋាភិបាលសម្រាប់ការប្រែប្រួលអាកាសធាតុ (IPCC) ដែលជាទីភ្នាក់ងារអង្គការសហប្រជាជាតិ បានបោះពុម្ពផ្សាយរបាយការណ៍ដែលផ្សារភ្ជាប់ការឡើងកម្តៅផែនដី និងសកម្មភាពរបស់មនុស្ស។ ការផ្សព្វផ្សាយនេះ បានជំរុញឱ្យមូលនិធិសោធននិវត្តន៍ស៊ុយអែតពិចារណាអំពីការធ្វើហិរញ្ញប្បទាន ដល់គម្រោងដែលរួមចំណែកជាវិជ្ជមានដល់បរិស្ថាន។
ក្នុងឆ្នាំ២០០៨ ធនាគារពិភពលោក បានបោះផ្សាយលក់សញ្ញាបណ្ណបៃតងជាលើកដំបូងរបស់ខ្លួន ដើម្បីឆ្លើយតបទៅនឹងតម្រូវការយ៉ាងច្រើននោះ។ ចាប់តាំងពីពេលនោះមក តម្រូវការកើនឡើង ហើយប្រទេសជាច្រើនបានចាប់ផ្តើមពិចារណាក្នុងការបោះផ្សាយសញ្ញាបណ្ណបៃតង។
អត្ថប្រយោជន៍នៃសញ្ញាបណ្ណបៃតង
សញ្ញាបណ្ណបៃតងផ្ដល់អត្ថប្រយោជន៍យ៉ាងច្រើនដល់ទីផ្សារហិញ្ញវត្ថុ ដោយផ្ដល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិន ក៏ដូចជា ប្រព័ន្ធអេកូឡូស៊ីហិរញ្ញវត្ថុទាំងមូល ព្រមទាំងគាំទ្រដល់ការសម្រេចបាននូវគោលដៅអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ វត្តមាននៃសញ្ញាបណ្ណបៃតង រួមចំណែក៖
- លើកកម្ពស់ការអនុវត្តស្ដង់ដាល្អសម្រាប់អាកាសធាតុ។
- បង្ហាញពីការខិតខំប្រឹងប្រែងរបស់ក្រុមហ៊ុនបោះផ្សាយ និងវិនិយោគិនក្នុងការបង្កើនលំហូរហិរញ្ញវត្ថុសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចដែលមានកាបូនទាប (low-carbon economies)។
- ធានាបាននូវវិបុលភាពសម្រាប់មនុស្សជំនាន់ក្រោយ។
តើអ្វីជាភាពខុសគ្នារវាងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណធម្មតា
មិនមានភាពខុសគ្នាច្រើននោះទេ រវាងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណធម្មតា ព្រោះសញ្ញាបណ្ណទាំងពីរនេះ មានកម្រិតហានិភ័យ និងផលត្រលប់មកវិញ ប្រហាក់ប្រហែលគ្នា។ ពាក្យសម្គាល់បៃតងនេះ គឺបញ្ជាក់ថាសាច់ប្រាក់ដែលទទួលបានមកពីការបោះផ្សាយនឹងត្រូវប្រើប្រាស់សម្រាប់គម្រោងទាក់ទងនឹងបរិស្ថាន និងការកាត់បន្ថយការប្រែប្រួលអាកាសធាតុ។ លក្ខណៈពិសេសបន្ថែមនៃសញ្ញាបណ្ណបៃតង គឺគុណភាពឥណទានកាន់តែខ្ពស់ និងអត្ថប្រយោជន៍នៃការធ្វើពិពិធកម្ម។ ជារួម សញ្ញាបណ្ណបៃតង គឺមានលក្ខណៈប្រហាក់ប្រហែលគ្នានឹងសញ្ញាបណ្ណធម្មតា ដែលតំណាងឱ្យកិច្ចសន្យាខ្ចីប្រាក់រវាងបុគ្គលបោះផ្សាយ (រួមមានសាជីវកម្ម ឬសហគ្រាសរដ្ឋ) និងវិនិយោគិន ដើម្បីផ្តល់ហិរញ្ញប្បទានដល់គម្រោងណាមួយ ហើយវិនិយោគិននឹងត្រូវបានទូទាត់ប្រាក់សងពេញលេញ (ទាំងដើម និងការ) នៅពេលដល់ឥណប្រតិទាន (Maturity date)។
ចំពោះភាពខុសគ្នារវាងសញ្ញាបណ្ណបៃតង និងសញ្ញាបណ្ណធម្មតា គឺគម្រោងដែលនឹងត្រូវបានធ្វើហិរញ្ញប្បទានដោយប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយលក់សញ្ញាបណ្ណបៃតងត្រូវបានប្រើប្រាស់ ដើម្បីធ្វើហិរញ្ញប្បទានដល់គម្រោងដែលជះឥទ្ធិពលវិជ្ជមានដល់បរិស្ថានប៉ុណ្ណោះ។ដោយឡែក សញ្ញាបណ្ណធម្មតាត្រូវបានបោះផ្សាយលក់ ដើម្បីធ្វើហិរញ្ញប្បទានដល់គម្រោងទូទៅសម្រាប់គោលបំណងជាទុនបង្វិលទូទៅ ឬសម្រាប់សងប្រាក់កម្ចីដែលមានស្រាប់។
ស្តង់ដាដែលសញ្ញាបណ្ណបៃតងរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី អនុលោមតាម
យោងតាមគោលការណ៍ណែនាំលេខ ០០៣/២២ ន.ម.ក./គ.ណ.ន. ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ ស្ដីពីការបោះផ្សាយលក់សញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម ឬសញ្ញាបណ្ណនិរន្តរភាព បុគ្គលដែលមានបំណងបោះផ្សាយលក់សញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម និងសញ្ញាបណ្ណនិរន្តរភាព ត្រូវអនុវត្តអនុលោមតាមប្រកាសស្ដីពីការបោះផ្សាយលក់មូលបត្រជាសាធារណៈ ករណីបោះផ្សាយលក់មូលបត្របំណុលជាសាធារណៈ និងប្រកាសស្ដីពីការបោះផ្សាយលក់មូលបត្របំណុលសម្រាប់វិនិយោគិនគុណវុឌ្ឍិ ករណីបោះផ្សាយលក់មូលបត្របំណុលសម្រាប់វិនិយោគិនគុណវុឌ្ឍិ និងបទប្បញ្ញត្តិពាក់ព័ន្ធដែលមានជាធរមាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងត្រូវបំពេញបន្ថែមនូវការអនុវត្តតាមគោលការណ៍ណែនាំលម្អិតស្ដីពីការបោះផ្សាយលក់សញ្ញាបណ្ណបៃតងនៅក្នុងព្រះរាជាណាចក្រកម្ពុជា ស្ដង់ដាសញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម ឬសញ្ញាបណ្ណនិរន្តរភាពរបស់អាស៊ាន (ASEAN GREEN BOND STANDARDS, ASEAN SOCIAL BOND STANDARDS AND ASEAN SUSTAINABILITY BOND STANDARDS) ឬស្តង់ដាអន្តរជាតិផ្សេងទៀតដែលពាក់ព័ន្ធនឹង សញ្ញាបណ្ណបៃតង សញ្ញាបណ្ណសង្គម ឬសញ្ញាបណ្ណនិរន្តរភាពដែលមានជាធរមាន។
ករណីក្រុមហ៊ុន ហ្គោលដេន ទ្រី ដែលជាក្រុមហ៊ុនបានបោះផ្សាយលក់សញ្ញាបណ្ណបៃតងដំបូងគេនៅក្នុងព្រះរាជាណាចក្រកម្ពុជាដែលមានឈ្មោះថា សញ្ញាបណ្ណបៃតងហ្គោលដេន ទ្រី បានអនុលោមក្របខណ្ឌសញ្ញាបណ្ណបៃតងជាមួយនឹងគោលការណ៍ សញ្ញាបណ្ណបៃតង (២០២១) និងស្ដង់ដាសញ្ញាបណ្ណបៃតងអាស៊ាន។ ក្របខណ្ឌនេះ មានភាពស្របគ្នាទៅនឹងគោលការណ៍សញ្ញាបណ្ណបៃតង ២០២១ (GBP) ដែលរៀបចំដោយសមាគមទីផ្សារមូលធនអន្តរជាតិ (ICMA) និងស្ដង់ដាសញ្ញាបណ្ណបៃតងអាស៊ានដែលរៀបចំដោយវេទិកាទីផ្សារមូលធនអាស៊ាន (ACMF)។ ក្របខណ្ឌនេះ គឺផ្អែកលើធាតុសំខាន់ៗ ដូចខាងក្រោម៖
១-ការប្រើប្រាស់សាច់ប្រាក់ដែលបានមកពីការបោះផ្សាយ
២-ដំណើរការនៃការវាយតម្លៃ និងជ្រើសរើសគម្រោង
៣-ការចាត់ចែងសាច់ប្រាក់ដែលបានមកពីការបោះផ្សាយ
៤-ការរាយការណ៍។
ក្រុមហ៊ុន ហ្គោលដេន ទ្រី ទទួលការផ្ដល់ប្រឹក្សាយោបល់លើក្របខណ្ឌសញ្ញាបណ្ណបៃតងដោយក្រុមហ៊ុន DNV GL (Thailand) Co., Ltd។ គួររំលឹកផងដែរថា ក្រុមហ៊ុន ហ្គោលដេន ទ្រី ជាក្រុមហ៊ុនដំបូងគេ ដែលបានចុះបញ្ជីសញ្ញាបណ្ណបៃតងជាផ្លូវការនៅផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ ២០២៣។
ក្រុមហ៊ុន ហ្គោលដេន ទ្រី ជាក្រុមហ៊ុនអចលនទ្រព្យឈានមុខគេមួយនៅកម្ពុជា ដោយផ្ដោតលើការផ្ដល់សេវាកម្មជួលអគារការិយាល័យគ្រប់គ្រង និងប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យ។ ក្រុមហ៊ុន ហ្គោលដេន ទ្រី បានធ្វើការបោះផ្សាយលក់សញ្ញាបណ្ណបៃតងហ្គោលដេន ទ្រី ក្នុងអត្រាគូប៉ុងប្រចាំឆ្នាំ ៧% ចំនួន ៦០.៧២១ សញ្ញាបណ្ណក្នុងទំហំទឹកប្រាក់ចំនួន ៦.០៧២.១០០.០០០ រៀល (ប្រមាណ ១.៤៦៨.១០០ ដុល្លារអាមេរិក)។ ការបោះផ្សាយលក់សញ្ញាបណ្ណបៃតងនេះ នឹងជួយបង្កើនទំនុកចិត្តពីវិនិយោគិនជាតិ និងអន្តរជាតិទៅលើធុរកិច្ចរបស់ក្រុមហ៊ុន ហ្គោលដេន ទ្រី ហើយក៏ជាការបើកលទ្ធភាពដ៏សំខាន់មួយក្នុងការទទួលបាននូវប្រភពទុនបន្ថែម ព្រមទាំងចូលរួមបង្កើនសក្ដានុពលនៃវិស័យហិរញ្ញវត្ថុនិរន្តរភាពនៅកម្ពុជា និងទទួលបានការអនុគ្រោះពន្ធ ផងដែរ។
ពុទ្ធិមូលបត្រលេខ ៩៤ “អត្ថប្រយោជន៍នៃសញ្ញាបណ្ណបៃតង” ចេញផ្សាយឆ្នាំ២០២៤
រៀបចំដោយ៖ និយ័តករមូលបត្រកម្ពុជា
នាយកដ្ឋានគ្រប់គ្រងការបោះផ្សាយលក់មូលបត្រ
អ៊ីមែល៖ issuance@serc.gov.kh
ទូរសព្ទ៖ ០២៣ ៨៨៥ ៦១១