សាច់​ត្រី​ទីឡាព្យ៉ា​គុណភាព​ខ្ពស់​ដែល​ផលិត​ដោយ​កសិដ្ឋាន​ចិញ្ចឹម​ត្រី Cambodia Fresh Farm ដោយ​ប្រើប្រាស់​បច្ចេកទេស​ជប៉ុន គឺ​កំពុង​ទទួល​បានកា​គាំទ្រ​ពី​ប្រជាជន​ខ្មែរ និង​ជនបរទេស ហើយ​ក៏​កំពុង​ទទួលបាន​ការបញ្ជា​ទិញ​កាន់តែ​ច្រើន​ពី​អតិថិជន​ជា​ជនបរទេស​ផងដែរ​។

កសិដ្ឋាន​ចិញ្ចឹម​ត្រី​ដែលមាន​អាយុកាល​ ៥ ​ឆ្នាំនេះ ត្រូវបាន​បង្កើតឡើង​ដោយ​ក្រុមហ៊ុន Rainbow Progress Enterprises Co Ltd មាន​ទីតាំង​ស្ថិតនៅក្នុង​ស្រុក​ពញាឮ ខេត្តកណ្តាល ដែល​មាន​ការគាំទ្រ​ផ្នែក​ហិរញ្ញវត្ថុ​ពី​ជប៉ុន ហើយ​ក៏​ទទួលបាន​ជំនួយ​បច្ចេកទេស​ពី​ទីភ្នាក់ងារ​សហប្រតិបត្តិការ​អន្តរជាតិ​ជប៉ុន​ (JICA) ផងដែរ ដើម្បី​ផ្តល់​ជំនាញ​នៅក្នុង​ការផលិត​សាច់​ត្រី​ទីឡាព្យ៉ា​គុណភាព​ខ្ពស់ ដែល​មាន​លក្ខណៈ​ពាណិជ្ជកម្ម​។

លោក ចាវ សួស្តី នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Rainbow progress enterprises co.,Ltd បាន​មានប្រសាសន៍​​ថា​៖ «​ដោយ​មើលឃើញ​ពី​កំណើន​នៃ​តម្រូវការ​ត្រី​ទាំង​ក្នុង​ និង​ក្រៅប្រទេស ក្រុមហ៊ុន Rainbow Progress Enterprise ក៏បាន​សម្រេច​បើក​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នេះ​ឡើង​»​។

«​មុន​ជំងឺ​កូវីដ​ផ្ទុះឡើង​គឺ​យើង​អាច​លក់​សាច់​ត្រី​បាន​ប្រមាណ ៥០០ ទៅ ៦០០ ​គីឡូក្រាម​ក្នុង​ ១ ​ខែ ដោយសារ​តែ​មាន​តម្រូវការ​ខ្ពស់​ពី​អតិថិជន​ខ្មែរ និង​បរទេស នៅ​តាម​ហាង ភោជនីយដ្ឋាន និង​ផ្សារ​ទំនើប​នានា​។ ការលក់​សាច់​ត្រី​របស់​យើង​មាន​កំណើន​ជាលំដាប់ ដោយសារ​មាន​ការគាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​»​។

លោក ចាវ សួស្តី ដែល​ជា​សហគ្រិន​វ័យ​ ៤០ ​ឆ្នាំ​មកពី​ខេត្តកណ្តាល​រូបនេះ បាន​សិក្សា​ពី​បច្ចេកទេស​រៀបចំ​ស្រះ ចិញ្ចឹម​ត្រី​សាច់ បង្កាត់កូន​ត្រី ពី​ក្រសួង​កសិកម្ម និង​រដ្ឋបាល​ជលផល​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​លោក​ក៏បាន​ទៅ​សិក្សា​ពី​របៀប​កែច្នៃ​ត្រី​នៅ​ប្រទេស​ជប៉ុន​ផងដែរ ខណៈ​ជប៉ុន​គឺជា​ប្រទេស​មួយ​ដែល​និយម​បរិភោគ​ត្រី​ដ៏ធំ​បំផុត​មួយ​នៅក្នុង​ពិភពលោក​។

សាច់​ត្រី​ទីឡាព្យ៉ា​របស់​កសិដ្ឋាន​ចិញ្ចឹម​ត្រី Cambodia Fresh Farm កំពុង​ទទួលបាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា ជា​កន្លែង​ដែល​ត្រី​នៅតែ​ជា​អាហារ​ដ៏សំខាន់ ខណៈ​ប្រជាជន​ខ្មែរ​ម្នាក់​បរិភោគ​ត្រី​ប្រមាណ​ជាង ៣០ ​គីឡូក្រាម​ក្នុង​ ១ ​ឆ្នាំ​។

បើ​យោងតាម​របាយការណ៍​របស់​ក្រសួង​កសិកម្ម​បានឱ្យដឹង​ថា​បរិមាណផល​ផលិតផល​ត្រី​ទឹកសាប​មាន​ចំនួន ៤១៣ ២០០ ​តោន​កាលពី​ឆ្នាំមុន ហើយ​ចំពោះ​ផល​វារីវប្បកម្ម​គឺមាន​ចំនួន ៤០០ ៤០០ ​តោន ហើយ​បើ​យោងតាម អង្គការ JICA បានឱ្យដឹងថា ប្រជាជន​កម្ពុជា​ប្រមាណ ៣០ ​ភាគរយ​ពឹង​ផ្អែកលើ​ជលផល​សម្រាប់​ទ្រទ្រង់​ជីវភាព​រស់នៅ​របស់​ពួកគេ គឺ ទី​ ២ ​បន្ទាប់ពី​បាយ​។

លោក Mitsuhiro Kubota ដែល​ជា​ប្រធាន​គ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Rainbow បាន​ថ្លែងថា​៖ «​មូលហេតុ​ដែល​យើង​ជ្រើសរើស​យក​ត្រី​ទីឡាព្យ៉ា​ ដោយសារ​តែ​មើលឃើញថា ត្រី​ទីឡាព្យ៉ា​មាន​រសជាតិ​ឆ្ងាញ់​ដូច​ត្រី​ម្យ៉ាង​ដែល​ល្បី​នៅក្នុង​ប្រទេស​ជប៉ុន ហើយ​ដែល​អាច​នាំ​ចេញទៅ​ប្រទេស​ជប៉ុន និង​ប្រទេស​ផ្សេងទៀត​បាន​។ យើង​ជ្រើសរើស​បង្កើត​កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ខេត្តកណ្តាល ពីព្រោះ​វា​នៅ​ជិត​រាជធានី​ភ្នំពេញ ម្យ៉ាងទៀត​វា​មាន​ប្រភពទឹក​ល្អ នៅ​ជិត​ទន្លេ​»​។

«​បច្ចុប្បន្ន​ក្រុមហ៊ុន​មាន​បុគ្គលិក​ និង​កម្មករ​បម្រើ​ការងារ​ជិត​ ៤០ ​នាក់​មាន​ម៉ាស៊ីន​បង្កក និង​ទឹក​សម្លាប់​មេរោគ​ដែល​នាំចូល​មកពី​ប្រទេស​ជប៉ុន ដូច្នេះ​ទើប​ធ្វើឱ្យ​សាច់​ត្រី​មាន​គុណភាព​ និង​មាន​សុវត្ថិភាព​ខ្ពស់ រហូត​ដល់​អាច​បរិភោគ​ឆៅ​បាន​។ ក្រុមហ៊ុន​ក៏មាន​សេវាកម្ម​ដឹកជញ្ជូន​ដល់​គេហដ្ឋាន​របស់​អតិថិជន​ផងដែរ ដោយ​អតិថិជន​អាច​ខល​កុម្ម៉ង់​តាមរយៈ​ទូរស័ព្ទ​លេខ 012 81 13 43»​។

លោក សួស្តី បាន​លើកឡើង​ថា​៖ «​បច្ចុប្បន្ន​កសិដ្ឋាន​របស់​យើង​មាន​ស្រះ​ចិញ្ចឹម​ត្រី​ចំនួន​ ២០ ​ស្រះ និង​ស្រះ​សម្អាត​ទឹក​ចំនួន​មួយ ដោយ​ស្រះ​នីមួយៗ​មាន​ទំហំ​ប្រមាណ ៤០ ​ម x ៤០ ​ម ហើយ​ស្រះ​នីមួយៗ គឺ​យើង​ចិញ្ចឹម​កូន​ត្រី​ទីឡាព្យ៉ា​ប្រមាណ​ ១ ​ម៉ឺន​ក្បាល និង​ទទួលផល​បាន​ប្រមាណ ៣ ​តោន​ក្នុង​ស្រះ​នីមួយៗ​»​។

«​កូន​ត្រី​ទីឡាព្យ៉ា​របស់​យើង​គឺជា​ប្រភេទ​ពូជ​ត្រី​ក្នុងស្រុក ហើយ​ចិញ្ចឹម​រយៈពេល​ ៦ ​ខែ​គឺ​ត្រី​របស់​យើង​អាច​ចាប់​លក់បាន ដោយ​ក្នុង​ ១ ​ក្បាល​គឺមាន​ទម្ងន់​ចន្លោះ​ពី​ ៥០០ ទៅ ៦០០ ​ក្រាម​។ យើង​មិន​ទុកឱ្យ​វា​ធំ​ជាង​នេះ​ទេ ពីព្រោះ​បើ​វា​ធំ​ពេក​ធ្វើឱ្យ​សាច់​ត្រី​មាន​ខ្លាញ់​ច្រើនពេក និង​មាន​ជាតិ​ទឹក​ច្រើនពេក ដែល​អាច​ធ្វើឱ្យ​សាច់​ត្រី​បាត់បង់​រសជាតិ​»​។

«​យើង​ធានាថា យើង​មាន​ត្រី​គ្រប់គ្រាន់​ដើម្បី​បំពេញ​តាម​តម្រូវការ​របស់​អតិថិជន​ជា​រៀងរាល់ថ្ងៃ​។ មុនពេល​យក​ត្រី​ទៅ​កែច្នៃ​យក​សាច់ គឺ​យើង​ត្រូវ​ចាប់​ត្រី​ចេញ​ពី​ស្រះ ហើយ​រក្សាទុក​ត្រី​នៅក្នុង​ទឹកស្អាត​រយៈពេល​ ៣ ​ថ្ងៃ​ដើម្បី​ឱ្យ​បាត់​ធុំក្លិន​ដី និង​បាត់​ធុំក្លិន​ចំណី​ត្រី​»​។

លោក​សួស្តី​បាន​បន្ថែមថា​៖ «​កសិដ្ឋាន​ចិញ្ចឹម​ត្រី Cambodia Fresh Farm ចិញ្ចឹម​តែ​ត្រី​ទីឡាព្យ៉ា​ ១ ​មុខ​ប៉ុណ្ណោះ ពីព្រោះ​វា​ក៏​ជា​ពូជ​ត្រី​ទឹកសាប​ដែល​ពេញនិយម​នៅ​ជប៉ុន និង​អឺរ៉ុប​ដែរ ហើយ​គោលដៅ​របស់​យើង​គឺ​ចិញ្ចឹម​ត្រី​នេះ​ដើម្បី​នាំចេញ គឺ​នាំ​ចេញ​ទៅ​ប្រទេស​ជប៉ុន សហរដ្ឋអាមេរិក អូស្ត្រាលី និង​អឺរ៉ុប ជាដើម​»​។

កសិដ្ឋាន​ចិញ្ចឹម​ត្រី​នៅ​ស្រុក​ពញឮ​នេះ​ក៏​មាន​ផលិត​ជា​ប្រហិត​សាច់​ត្រី​ផងដែរ ខណៈ​បំណែក​ផ្សេងៗ​នៃ​ត្រី​បន្ទាប់ពី​ពន្លះ​យកសា​ច់រួច គឺ​កិន​ធ្វើជា​ចំណី​ត្រី លក់​ទៅឱ្យ​កសិដ្ឋាន​ចិញ្ចឹម​ត្រី​ផ្សេងទៀត​៕

ស្រះ​ចិញ្ចឹម​ត្រី​មាន​ទំហំ ៤០ ​ម x ៤០ ​ម ។ រូបថត Supplied

សាច់​ត្រី​ទីឡាព្យ៉ា​ដែល​មាន​គុណភាព និង​សុវត្ថិភាព​ខ្ពស់​។

លោក ចាវ សួស្តី . លោក Mitsuhiro Kubota