The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - រូបភាព​គំនូរ​បែប​សិល្បៈ​តាម​ដងផ្លូវ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​កាន់តែ​ទទួល​បាន​ការគាំទ្រ​ និង​ពេញនិយម




រូបភាព​គំនូរ​បែប​សិល្បៈ​តាម​ដងផ្លូវ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​កាន់តែ​ទទួល​បាន​ការគាំទ្រ​ និង​ពេញនិយម

Content image - Phnom Penh Post
ឯកឧត្តម ប្រាក់ សុខុន និង​ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់ បើក​បង្ហាញ​គំនូរ​នៅ​ស្ថានទូត​អាល្លឺម៉ង់​ក្នុង​ឆ្នាំ​ ២០១៩​។

រូបភាព​គំនូរ​បែប​សិល្បៈ​តាម​ដងផ្លូវ​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា ​កាន់តែ​ទទួល​បាន​ការគាំទ្រ​ និង​ពេញនិយម

គំនូរ​សិល្បៈ​តាម​ដងផ្លូវ (street art) នៅក្នុង​ប្រទេស​កម្ពុជា​បន្ត​ទទួលបាន​ការទទួលស្គាល់​កាន់តែ​ច្រើន ជាមួយ​នឹង​ផ្ទាំងគំនូរ​សិល្បៈ​នៅលើ​ជញ្ជាំង​ស្ថានទូត​អាល្លឺម៉ង់​ប្រចាំ​នៅ​កម្ពុជា គឺ​គំនូរ​សិល្បៈ​ដ៏រស់រវើក​មួយ​ក្នុង​ចំណោម​គំនូរ​សិល្បៈ​ដ៏ស្រស់ស្អាត​ជាច្រើន​ទៀត​នៅក្នុង​រាជធានី​ភ្នំពេញ​។

ជា​ការរំឭក​ខួប​លើក​ទី ៣៥០ ​ឆ្នាំ​នៃ​កំណើត​របស់លោក Ludwig van Beethoven និង​រចនា​ដោយ​វិចិត្រករ​ល្បីឈ្មោះ លោក Chifumi មាន​មូលដ្ឋាន​នៅ​កម្ពុជា ដែល​ជា​ស្ថាបនិក​នៃ​ព្រឹត្តិការណ៍ Cambodian Urban Arts Festival គឺ​រូបគំនូរ​របស់​អ្នកនិពន្ធ​បទភ្លេង​ដ៏ល្បីល្បាញ​របស់​អាល្លឺម៉ង់ និង​រូបគំនូរ​របស់​រាជិនី​សំឡេង​មាស រស់ សេរីសុទ្ធា។

នេះ​ជា​គំនូ​សិល្បៈ​លើ​ជញ្ជាំង​ទី​ ២ ​ហើយ នៅឯ​ស្ថានទូត ដោយ​ពេល​កន្លងទៅ​មាន​ការរចនា​គំនូរ​សិល្បៈ​រួមគ្នា​រវាង​វិចិត្រករ​អាល្លឺម៉ង់ លោក Danilo Halle និង​វិត្រករ​កម្ពុជា លោក ហួរ សុបិន បាន​រួម​គ្នា​បង្កើត​ផ្ទាំង​រូបភាព​សិល្បៈ​ដ៏រស់រវើក នៅលើ​ទ្វារ​របស់​ស្ថានទូត​ក្នុង​ឆ្នាំ ២០១៩​។

«​ជា​ផ្នែក​មួយ​នៃ​បេសកកម្ម​របស់​ស្ថានទូត​អាល្លឺម៉ង់​ក្នុង​ការគាំទ្រ លើកកម្ពស់ និង​អបអរ​វប្បធម៌​រវាង​កម្ពុជា និង​អាល្លឺម៉ង់ យើង​មាន​សេចក្តី​សោមនស្ស​រីករាយ​ក្នុង​ការបង្ហាញ​ផ្ទាំង គំនូរ​សិល្បៈ​លើ​ជញ្ជាំង​ស្ថានទូត​របស់​យើង​ជា​លើក​ទី​ ២ ដែល​បង្ហាញ​ពី​សិល្បករ​ដ៏ល្បីល្បាញ គឺ​លោកស្រី រស់ សេរីសុទ្ធា និង លោក Ludwig van Beethoven»​។

«​ភាព​ជា​ដៃគូ​ជាមួយ​វិចិត្រសាល Gallery KB (KBach) និង​វិចិត្រករ Chifumi នេះ​គឺ​យក​លំនាំ​តាម​ផ្ទាំងគំនូរ​លើ​ជញ្ជាំង​ទី​ ១ របស់​ស្ថានទូត​ដែល​បាន​រចនា​ឡើង​នៅ​ឆ្នាំ​ ២០១៩ រវាង​វិចិត្រករ​ខ្មែរ​លោក ហួរ សុបិន និង​វិចិត្រករ អាល្លឺម៉ង់ លោក Danilo Halle»​។

Content image - Phnom Penh Post
រូបគំនូរ​លោក Ludwig van Beethoven និង​រូបគំនូរ​លោកស្រី រស់ សេរីសុទ្ធា នៅ​ស្ថានទូត​អាល្លឺម៉ង់​។

លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា​បាន​មានប្រសាសន៍​ថា​៖ «​យើង​ជឿជាក់​យ៉ាង​មុតមាំ​លើ​អត្ថប្រយោជន៍​នៃ​ការច្នៃប្រឌិត​ និង​សិល្បៈ ហើយ​សង្ឃឹម​ថា​នឹង​បន្ត​គាំទ្រ​ដល់​គម្រោង​បែបនេះ​ទៀត​នាពេល​អនាគត​»​។

ពិធី​បើក​បង្ហាញ​ផ្ទាំងគំនូរ​នៅលើ​ទ្វារ​ស្ថានទូត​អាល្លឺម៉ង់ ទទួល​បាន​ការអញ្ជើញ​ចូលរួម​ពី​លោក ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួង​ការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ និង​លោក Christian Berger ឯកអគ្គរដ្ឋទូត​អាល្លឺម៉ង់​ប្រចាំ​កម្ពុជា ដើម្បី​រំឭក​ខួប​លើក​ទី​ ៣០ ​ឆ្នាំ​នៃ​ការដួលរលំ​ជញ្ជាំង​ទីក្រុង​ប៊ែរឡាំង​ក្នុង​ឆ្នាំ​ ១៩៨៩​។

អត្ថប្រយោជន៍​នៃ​គំនូរ​សិល្បៈ​តាម​ដងផ្លូវ គឺ​ជួយ​កែលម្អ​សោភណភាព​ទីក្រុង និង​កំណើន​ទេសចរណ៍ ដែល​ត្រូវបាន​គេ​មើលឃើញ​នៅ​ទូទាំង​ពិភពលោក ខណៈ​ពេល​នេះ​គេ​ក៏​បានឃើញ​កាន់តែ​ច្រើន​នៅតាម​ដងផ្លូវ​មួយចំនួន​ក្នុងប្រទេស​កម្ពុជា ដូចដែល​បានបង្ហាញ​ដល់​សាធារណជន​ជាមួយ​ស្នាដៃ​សិល្បៈ​នៅ​ស្ថានទូត​អាល្លឺម៉ង់​នេះ​។

លោក Tony Francis ស្ថាបនិក Gallery KB ថ្លែងថា រូបគំនូរ​របស់​លោកស្រី រស់ សេរីសុទ្ធា នៅលើ​ជញ្ជាំង​បង្ហាញ​ដល់​សាធារណជន​នេះ​អាច​ជា​និមិត្តរូប​នៃ​ការកើត​ជាថ្មី​នៃ​គំនូ​សិល្បៈ​ខ្មែរ ដែល​គេ​មិនសូវ​បានឃើញ​គិត​ចាប់តាំងពី​ទសវត្សរ៍​ឆ្នាំ​ ១៩៦០ មក​។

«​រូបគំនូរ​សិល្បៈ​ដែល​យើង​បានឃើញ​នៅក្នុង​ប្រទេស​កម្ពុជា​នេះ គឺ​រួមផ្សំ​ជាមួយ​កត្តា​ជាច្រើន​ដូចជា ក្បាច់​ (Kbach style) ដែល​ច្របាច់​បញ្ចូល​គ្នា​បានល្អ​បំផុត​នៃ​វប្បធម៌ សិល្បៈ ដ៏សម្បូរបែប​របស់​កម្ពុជា​ជាមួយ​នឹង​រចនាប័ទ្ម និង​ឥទ្ធិពល​បរទេស​តាមរយៈ​ការសហការ​ជាមួយ​ក្រុមហ៊ុន​មួយចំនួន ដែល​ឥឡូវនេះ​បាន​ប្តូរ​ឈ្មោះ​ជា​វិចិត្រសាល Gallery KB (KBach)»​។

លោក Francis ថ្លែងថា​៖ «KBach អស់​រយៈពេល​ ៤ ​ឆ្នាំ​កន្លងមកនេះ​បាន​បង្កើត​វិចិត្រសាល ការប្រកួតប្រជែង ការគូរគំនូរ គម្រោង Artspace@Factory និង​គម្រោង​ជាច្រើន​ទៀត រួមទាំង​គម្រោង​ស្នាដៃ​សិល្បៈ​ និង​វប្បធម៌ ដែល​នឹង​បង្ហាញ​ក្នុង​ពេល​ឆាប់ៗ​នៅ​អគារ Royal Train Square ជា​អគារ​ស្ថានីយ​រថភ្លើង​ដ៏ស្រស់ស្អាត​នៅក្នុង​រាជធានី-ភ្នំពេញ​។

លោក Francis ជឿជាក់​ថា ខណៈ​ពេល​ដែល​រាជធានី​ភ្នំពេញ​នៅតែ​បន្ត​អភិវឌ្ឍ​ជា​លំដាប់ ទស្សនីយភាព​សិល្បៈ​ក្នុង​ទីក្រុង​ក៏​នឹង​រីកចម្រើន និង​ទទួលបាន​ការទទួល​ស្គាល់​ជា​សកល​បន្ថែមទៀត​។

Content image - Phnom Penh Post
លោក Theo Vallier កំពុង​គូរគំនូរ​លើ​ជញ្ជាំង​។ POST STAFF

«​វិចិត្រករ ដូចជា​វិចិត្រករ​កូឡុំប៊ី លោក Stinkfish ដែល​ឆ្នាំនេះ​គឺជា​ចៅក្រម​ក្នុងការ​ប្រគួតប្រជែង KBach Arts Competition និង​វិចិត្រករ​ប៉ូឡូញ លោក Sepe, Halle និង​វិចិត្រករ​មួយចំនួន​ទៀត​នឹង​បន្ត​នៅ​ទស្សនា និង​ធ្វើការ​ជាមួយ​វិចិត្រករ​ក្នុង​ស្រុក​ដែល​អាចមាន​ការសហការ​គ្នា​កាន់តែ​ច្រើន​»​។

«​ការមក​ដល់​នៃ​ផលិតផល​លំដាប់​ពិភពលោក ប្រកប​ដោយ​ជោគជ័យ ទាក់ទង​នឹង​ការផ្គត់ផ្គង់​សិល្បៈ​តាមរយៈ Dots MTN ក៏បាន​ជួយ​បង្កើន​ការចាប់​អារម្មណ៍​ផងដែរ​។ ការមកដល់​នៃ​ក្រុម​អ្នក​ច្នៃប្រឌិត​អន្តរជាតិ និង​សមត្ថភាព​របស់​ពួកគេ គឺ​អាច​ទាក់ទាញ​វិចិត្រករ​លំដាប់​ពិភពលោក​ផ្សេងទៀត សម្រាប់​ការរីកចម្រើន​នាពេល​អនាគត ដូចជា គុណភាព និង​ការយល់ដឹង​អំពី​សិល្បៈ​ខ្មែរ​»​។

លោក​ថ្លែងថា​៖ «​នេះ​បាន​ជំរុញ​ឱ្យ​វិចិត្រករ​ក្នុងស្រុក​ជំនាន់​ថ្មី ត្រូវ​បាន​បំផុសគំនិត​ ដើម្បី​បង្ហាញ​ពី​ការច្នៃប្រឌិត​របស់​ពួកគេ​នៅ​ទូទាំង​ទីក្រុង​។ ជាមួយ​នឹង​ឱកាស​រយៈពេល​ ៤ ​ឆ្នាំ​ដូចជា​ការប្រកួតប្រជែង KBach Arts Competition ឥឡូវនេះ​ក្នុង​ភាព​ដៃគូ​ជាមួយ​ក្រុមហ៊ុន​សែលកាត​មាន​វិចិត្រករ​កម្ពុជា​ថ្មីៗ​មាន​ជំនឿ​លើ​ឱកាស​បច្ចុប្បន្ន ដើម្បី​ក្លាយជា​វិចិត្រករ​អាជីព​»​។

ការប្រកួត​ផ្តាច់ព្រ័ត្រ​នៃ​ព្រឹត្តិការណ៍ 2020-21 KBach Arts Competition នឹងត្រូវ​រៀបចំឡើង​នៅ​ខែកក្កដា ដែល​ជា​ផ្នែក​មួយ​នៃ​ការបើក​អគារ Royal Royal Square ហើយ​ជយលាភី​ទាំង​ ៣ ​ផ្នែក​គឺ​រូបភាព​ផ្ទាំង canvas គំនូរ​សិល្បៈ​តាម​ដងផ្លូវ និង​ឌីជីថល គឺ​នឹងត្រូវ​បានប្រកាស​៕

អត្ថបទគួរចាប់អារម្មណ៍