The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គំរូ​នៃ​ការឧបត្ថម្ភ​សាច់ប្រាក់​ឆាប់រហ័ស​បាន​ជួយ​កាត់ បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ក្នុងអំឡុងពេល​នៃ​ជំងឺ​កូវីដ ១៩




គំរូ​នៃ​ការឧបត្ថម្ភ​សាច់ប្រាក់​ឆាប់រហ័ស​បាន​ជួយ​កាត់ បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ក្នុងអំឡុងពេល​នៃ​ជំងឺ​កូវីដ ១៩

Content image - Phnom Penh Post
ពលរដ្ឋ​ដែលមាន​បណ្ណសមធម៌​អាច​ទទួល​ជំនួយ​សម្រាប់​កម្មវិធី​នេះ​បាន​។ Supplied

គំរូ​នៃ​ការឧបត្ថម្ភ​សាច់ប្រាក់​ឆាប់រហ័ស​បាន​ជួយ​កាត់ បន្ថយ​បន្ទុក​ហិរញ្ញវត្ថុ​ក្នុងអំឡុងពេល​នៃ​ជំងឺ​កូវីដ ១៩

កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​របស់​រដ្ឋាភិបាល​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ ដោយ​ប្រើប្រាស់​ថ្នាល​ឌីជីថល គឺ​បានផ្តល់​សាច់ប្រាក់​ជូន​គ្រួសារ​ក្រីក្រ​ប្រមាណ ២,៧ លាន​នាក់​ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ដែល​នេះ​គឺជា​សក្ខីភាព​មួយ​បង្ហាញថា ព្រះរាជាណាចក្រ​កម្ពុជា​ជួយ​សម្រាល​បន្ទុក​ពលរដ្ឋ​ងាយ​រងគ្រោះ​បាន​ដោយ​ជោគជ័យ អំឡុងពេល​មាន​វិបត្តិ​។

របៀបវារៈ​គាំពារ​សង្គម​ក្នុង​ការឧបត្ថម្ភ​សាច់ប្រាក់​ដោយផ្ទាល់​ដល់​គ្រួសារ​ក្រីក្រ ត្រូវ​បាន​ធ្វើឡើង​ដោយ​ជោគជ័យ​ក្នុង​នោះ​ទឹកប្រាក់​ប្រមាណ ៣២២ ​លាន​ដុល្លារ​ត្រូវ​បាន​ផ្តល់ជូន​គ្រួសារ​ក្រីក្រ​ចំនួន ៦៩៣ ០០០ គ្រួសារ​ក្នុង​រយៈពេល​ ១ ​ឆ្នាំ ដែល​ជា​មធ្យម​ត្រូវ​ចំណាយ​ប្រមាណ ៣០ ​លាន​ដុល្លារ​ក្នុង​ ១ ​ខែ​។

របៀបវារៈ​ចម្បង​

«​គោលដៅ​របស់​យើង​គឺ​កាត់បន្ថយ​បន្ទុក​របស់​គ្រួសារ​ក្រីក្រ​ និង​ងាយរងគ្រោះ ប៉ុន្តែ​មិនមែន​ដើម្បី​ជំនួស​ប្រាក់ ចំណូល​របស់​ពួកគេ​ដែល​បាន​បាត់បង់​ក្នុង​ពេល​មាន​ជំងឺ​រាតត្បាត​នេះ​ទេ​។ កញ្ចប់​ថវិការ​គឺ​ត្រូវ​រៀបចំ​ឡើង​សម្រាប់​មនុស្ស​ ៣ ​ក្រុម គឺ​អ្នក​នៅ​ទីប្រជុំជន​ក្នុង​រាជធានី​ភ្នំពេញ អ្នក​នៅ​ទីប្រជុំជន​ក្រៅ​រាជធានី​ភ្នំពេញ និង​សម្រាប់​ប្រជាពលរដ្ឋ​ដែល​រស់នៅ​តំបន់​ជនបទ​»​។

ឯកឧត្តម​បណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ជា​អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​បាន​ឱ្យ​កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​កម្មវិធី​នេះ​ត្រូវ​បាន​ចាត់ទុក​ថា​ជា​កម្មវិធី​ជំនួយ​សង្គម​ពិសេស ពីព្រោះ​វា​នៅ​ក្រៅ​កម្មវិធី​ឧបត្ថម្ភ​ទៀងទាត់​ផ្សេងទៀត​ក្នុង​គោលបំណង​ចម្បង​គឺ​ដាក់ចេញ​នូវ​វិធានការ​សម្រាល​បន្ទុក​អំឡុង​ពេល​ផ្ទុះ​ជំងឺ​កូវីដ​»​។

រដ្ឋាភិបាល​បានដាក់​ចេញ​នូវ​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់ សម្រាប់​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ក្នុង​អំឡុងពេល​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​នេះ​កាលពី​ខែមិថុនា ឆ្នាំ​ ២០២០ ដើម្បី​ទប់ស្កាត់​ផលប៉ះពាល់​សេដ្ឋកិច្ច​សង្គម ដោយសារ​ជំងឺ​រាតត្បាត​មួយ​នេះ​នៅក្នុង​ចំណោម​អ្នក​ដែលមាន​បណ្ណសមធម៌ (IDPoor)​។

ប្រហែល ២ ​ភាគ​ ៣ នៃ​គ្រួសារ​ដែល​កាន់​បណ្ណ​សមធម៌ ប្រាក់​ចំណូល​របស់​ពួកគេ​បាន​ធ្លាក់ចុះ​ប្រមាណ ៣១ ភាគរយ ដោយសារ​វីរុស​រាតត្បាត​កូរ៉ូណា​។

ឯកឧត្តម ណារិទ្ធ ថ្លែងថា គ្រួសារ​ដែល​មាន​មាន​បណ្ណសមធម៌ (​ក្រ១ និង​ក្រ២) និង​គ្រួសារ​ដែល​រង​ផលប៉ះពាល់​ ដោយ​ជំងឺ​កូវីដ​ ១៩ រួមទាំង​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ការងារ ឬ​ប្រាក់​ចំណូល​ដែល​អាច​ធ្លាក់​ចូល​ក្នុង​ភាពក្រីក្រ​នោះ​ពួកគេ​នឹង​មាន​សិទ្ធិ​ទទួល​បាន​ជំនួយ​នៅក្រោម​កម្មវិធី​នេះ​។

កម្មវិធី​ផ្តល់​បណ្ណសមធម៌ ឬ​ប្រព័ន្ធ​កំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ត្រូវ​បាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០០៦ ដោយ​ក្រសួង​ផែនការ គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ជា​បន្តបន្ទាប់​ ដើម្បី​កាត់បន្ថយ​ភាពក្រីក្រ និង​គាំទ្រ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ចសង្គម​នៅ​ទូទាំង​ប្រទេស​។

Content image - Phnom Penh Post
កិច្ចខិតខំ​ប្រឹងប្រែង​របស់​រាជរដ្ឋាភិបាល​គឺ​ផ្តល់​សាច់ប្រាក់​ឆាប់រហ័ស​ដល់​ពលរដ្ឋ​។

វិធីសាស្ត្រ​អនុវត្តន៍

ឯកឧត្តម ណារិទ្ធ មានប្រសាសន៍​ថា​ការប្រើប្រាស់​រចនាសម្ព័ន្ធ​គាំពារ​សង្គម​របស់​រដ្ឋាភិបាល​ដែលមាន​ស្រាប់ ដើម្បី​ជួយ​ដល់​ក្រុម​ងាយ​រងគ្រោះ​តាមរយៈ​ការប្រើ​បច្ចេកវិទ្យា​នៅលើ​ថេប្ល៊ិត (Tablet) សម្រាប់​ការចុះឈ្មោះ និង​ផ្ទៀងផ្ទាត់ និង​ប្រព័ន្ធ​ទូទាត់​ប្រាក់​តាម​ទូរស័ព្ទដៃ និង​ភ្នាក់ងារ​វីង ដើម្បី​បញ្ជូន​សាច់ប្រាក់​ឆាប់រហ័ស ដែល​បាន​ធ្វើឱ្យ​កម្មវិធី​នេះ​អាចអនុវត្ត​ទៅបាន​ប្រកប​ដោយ​ប្រសិទ្ធភាព​។

បុគ្គលិក និង​មន្ត្រី​ពាក់ព័ន្ធ​ដែល​ចូលរួម​ក្នុង​គម្រោង​នេះ​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​ក្នុង​ការកំណត់​អត្តសញ្ញាណ​គ្រួសារ​ក្រីក្រ​ដែល​ត្រូវការ​ជំនួយ​មិន​ត្រឹមតែ​ពិនិត្យមើល​លើ​ប្រាក់ចំណូល​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏​ពិនិត្យមើល​លក្ខខណ្ឌ​ផ្ទះសំបែង ទ្រព្យសម្បត្តិ គ្រួសារ អចលនទ្រព្យ និង​ប្រភព​ចំណូល​ផងដែរ​។

នៅពេល​ដែល​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ​ត្រូវ​បាន​មន្ត្រី ភូមិ ឃុំ កំណត់​អត្តសញ្ញាណ​ និង​ពិនិត្យ​រួចរាល់​នោះ​សាច់ប្រាក់​នឹងត្រូវ​បាន​ផ្ទេរ​ដោយ​ផ្ទាល់​ពី​រតនាគារជាតិ ទៅ​ឱ្យ​អ្នក​ដែលមាន​សិទ្ធិ​ទទួល​សាច់ប្រាក់​តាមរយៈ​ភ្នាក់ងារ​វីង​។

ឯកឧត្តម ណារិទ្ធ ថ្លែងថា​៖ «​យើង​បាន​ដាក់ឱ្យ​អនុវត្ត​កម្មវិធី​កំណត់​អត្តសញ្ញាណ​ពលរដ្ឋ​ក្រីក្រ​អស់​រយៈពេល ១៣ ​ឆ្នាំ​មកហើយ និង​កម្មវិធី​ជំនួយ​សង្គម​ផ្សេងទៀត ដូចជា​កម្មវិធី​ឧបត្ថម្ភ​សាច់ប្រាក់​ជូន​ស្ត្រី​មាន​ផ្ទៃពោះ និង​កុមារ​អាយុ​ក្រោម​ ២ ​ឆ្នាំ​។

«​នៅពេល​មាន​តម្រូវការ​ជំនួយ​ថ្មី​ក្នុង​អំឡុងពេល​នៃ​ការរីករាលដាល​នៃ​ជំងឺ​កូវីដ​ ១៩ យើង​បាន​កែ​សម្រូល​កម្មវិធី​ដែល​មាន​ស្រាប់ ដើម្បី​ធ្វើឱ្យ​វា​កាន់តែ​ទូលំទូលាយ និង​ដាក់ចេញ​ដើម្បី​អនុវត្ត​»​។

«​នេះ​គឺជា​អ្វីដែល​ប្រព័ន្ធ​គាំពារ​សង្គម​មានន័យ​សម្រាប់​ប្រទេសជាតិ ដែល​មាន​រចនាសម្ព័ន្ធ​ត្រឹមត្រូវ​រួចរាល់​ ទោះបី​យើង​ស្ថិតក្នុង​ដំណាក់កាល​ក្មេងខ្ចី​នៅឡើយ​ក្តី​»​។

ឯកឧត្តម ណារិទ្ធ បន្ថែមថា​៖ «​វា​គឺជា​គម្រោង​មិន​ធ្លាប់​មាន​ពីមុន​ដែល​ត្រូវបាន​អនុវត្ត​នៅ​ទូទាំង​ប្រទេស ដោយ​មាន​ការសហការ​ពី​ក្រសួង​ជាច្រើន រួមទាំង​ក្រសួង សង្គមកិច្ច អតីតយុទ្ធជន និង​យុវនីតិសម្បទា​។

វា​គឺជា​កិច្ចខិតខំ​ប្រឹងប្រែង​ដ៏ខ្លាំងក្លា​ដោយ​យើង​មាន​ពេល​ ៣ ​សប្តាហ៍ ដើម្បី​កំណត់​អត្តសញ្ញាណ​អ្នក​ត្រូវ​ទទួល​ជំនួយ​សម្រាប់​កម្មវិធី​នេះ​។ ការវាយតម្លៃ​ឯករាជ្យ​បាន​បង្ហាញថា ការអនុវត្ត​កម្មវិធី​នេះ​ទទួល​បាន​ពិន្ទុ​ពេញចិត្ត​ចំនួន ៩,៨ លើ ១០​។

កម្មវិធី​ផ្តល់ជំនួយ​ជា​សាច់ប្រាក់​នេះ​បាន​ជួយ​បង្កើន​កម្រិត​នៃ​ការចំណាយ​របស់​ទទួល​ម្នាក់ៗ​រហូត​ដល់​ ៨៧ ​ភាគរយ បើ​មិន​ដូច្នេះ​ទេ​ការចំណាយ​របស់​ពួកគេ​នឹង​ធ្លាក់ចុះ​ក្នុង​អំឡុងពេល​បិទខ្ទប់​។

ឯកឧត្តម ណារិទ្ធ មានប្រសាសន៍​ថា​៖ «​សាច់ប្រាក់​ភាគច្រើន​គឺ​ត្រូវបាន​ចំណាយ​ទៅលើ​ស្បៀងអាហារ ការថែទាំ​សុខភាព និង​សម្លៀកបំពាក់ ហើយ​អ្នកទទួល​ខ្លះ​ថែមទាំង​អាច​សន្សំ​ប្រាក់​បាន​ខ្លះ​ថែម​ទៀតផង​»​។

ប្រមាណ​ ៨៨ ភាគរយ​នៃ​គ្រួសារ​ដែល​ត្រូវ​ទទួល​ជំនួយ​ជា​សាច់ប្រាក់ គឺ​អាច​ទទួល​ការឧបត្ថម្ភ​សាច់ប្រាក់​លើកដំបូង​របស់​ពួកគេ​នៅក្នុង​ខែ​ដដែល បន្ទាប់ពី​ការត្រួតពិនិត្យ​រួចរាល់​។

វិធីសាស្ត្រ​ថ្មី​នៃ​ការផ្តល់​ជំនួយ​សង្គម​ជា​សាច់ប្រាក់​នេះ​គឺ​កំពុង​បង្ហាញ​នូវ​ភាពជោគជ័យ ពោល​គឺ​ដោះស្រាយ​នូវ​ការរាំងស្ទះ​ក្នុងអំឡុងពេល​ផ្តល់ជំនួយ ការកំណត់​អត្តសញ្ញាណ​អ្នក​ត្រូវ​ទទួល​ពិតប្រាកដ និង​ល្បឿន​នៃ​ការផ្ទេរ​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​៕

Content image - Phnom Penh Post
ឯកឧត្តម​បណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការ​ក្រុមប្រឹក្សា​ជាតិ​គាំពារ​សង្គម​។ ហ៊ាន រង្សី

អត្ថបទគួរចាប់អារម្មណ៍