The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - គណៈវិស្វករ​កម្ពុជា និង​ក្រុមហ៊ុន CAST Lab រួមគ្នា​លើកកម្ពស់​វិស័យ​​សំណង់​តាមរយៈ​ការធ្វើ​តេស្ត និង​ត្រួតពិនិត្យ​ប្រកប​ដោយ​ភាពជឿ​ទុកចិត្ត




គណៈវិស្វករ​កម្ពុជា និង​ក្រុមហ៊ុន CAST Lab រួមគ្នា​លើកកម្ពស់​វិស័យ​​សំណង់​តាមរយៈ​ការធ្វើ​តេស្ត និង​ត្រួតពិនិត្យ​ប្រកប​ដោយ​ភាពជឿ​ទុកចិត្ត

Content image - Phnom Penh Post
ការធ្វើ​តេស្ត Sand Equivalent Test នៅក្នុង​មន្ទីរពិសោធន៍​របស់ ខាសថ៍ លេប័ររេថឹរី​។ រូបថត Supplied

គណៈវិស្វករ​កម្ពុជា និង​ក្រុមហ៊ុន CAST Lab រួមគ្នា​លើកកម្ពស់​វិស័យ​​សំណង់​តាមរយៈ​ការធ្វើ​តេស្ត និង​ត្រួតពិនិត្យ​ប្រកប​ដោយ​ភាពជឿ​ទុកចិត្ត

Content image - Phnom Penh Post

មន្ទីរពិសោធន៍​ជាតិ​លើកដំបូង​បង្អស់​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​សម្រាប់​វិស័យ​សំណង់ ដែល​ត្រូវបាន​បង្កើតឡើង​រួមគ្នា​ក្រោម​កិច្ចសហការ​រវាង​ក្រុមហ៊ុន​ឯកជន និង​រដ្ឋ ពោល​គឺ​រវាង​គណៈវិស្វករ​កម្ពុជា (​គ.វិ.ក) និង​ក្រុមហ៊ុន CAST Laboratories Pte Ltd របស់​ប្រទេស​សិង្ហបុរី​បាន​នាំនូវ​ការណែនាំ​នូវ​ស្តង់ដា​ថ្មី និង ការអនុវត្ត​ប្រកប​ដោយ​គុណភាព​ខ្ពស់​បំផុត​នៅក្នុង​ឧស្សាហកម្ម​សំណង់​។

មន្ទីរពិសោធន៍​គណៈ​វិស្វករ​កម្ពុជា ដែល​ទើបនឹង​បង្កើត​ថ្មី ហើយ​ដែល​ត្រូវបាន​សម្ពោធ​នៅក្នុង​ខែកក្កដា​បាន​ត្រៀម​រួចរាល់​ក្នុង​ការធ្វើ​តេស្ត​លើ​ផលិតផល ការផ្ទៀងផ្ទាត់ ការត្រួតពិនិត្យ និង​ការផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​សម្រាប់​វិស័យ​សំណង់​អគារ​។

ក្នុង​នាម​ជា​ផ្នែក​មួយ​នៃ​មន្ទីរពិសោធន៍​ជាតិ ធ្វើតេស្ត និង​ត្រួតពិនិត្យ​របស់​ប្រទេស​កម្ពុជា មន្ទីរពិសោធន៍​គណៈ​វិស្វករ​កម្ពុជា និង​ជួយ​ធានា​ឱ្យបាន​នូវ​គុណភាព និង​សុចរិតភាព​នៃ​គម្រោង​សាងសង់​នៅ​កម្ពុជា តាមរយៈ​ការផ្តល់​សេវាកម្ម​ធ្វើតេស្ត និង​ត្រួតពិនិត្យ​គម្រោង​សាងសង់ ប្រកប​ដោយ​ការជឿទុកចិត្ត​ខ្ពស់បំផុត​។ ការបង្កើត​មន្ទីរពិសោធន៍​គណៈ​វិស្វករ​កម្ពុជា គឺ​ពិតជា​មាន​សារៈសំខាន់​ណាស់ ដើម្បី​ឆ្ពោះ​ទៅ​រក​ការសម្រេច​ឱ្យបាន​នូវ​ឧស្សាហកម្ម​សំណង់​កាន់​តែមាន​សុវត្ថិភាព​ជាង​មុន​នៅក្នុង​ប្រទេស​កម្ពុជា​។

ខាសថ៍ លេបប័ររេថឹរី ត្រូវបាន​គេ​ស្គាល់​តាមរយៈ​សេវាកម្ម និង​សមត្ថភាព​ដែល​ត្រូវបាន​ទទួលស្គាល់​គុណភាព​ក្នុង​ការបំពេញ​តាម​ស្តង់ដា​នៃ​ការធ្វើ​តេស្ត និង​ការត្រួតពិនិត្យ​គុណភាព​ដ៏តឹងរ៉ឹង​របស់​ប្រទេស​សិង្ហបុរី​។ ជាមួយនឹង​ការបង្កើត​មន្ទីរពិសោធន៍​គណៈ​វិស្វករ​កម្ពុជា ស្ថិតក្រោម​ការចង្អុលបង្ហាញ​របស់​គណៈវិស្វករ​កម្ពុជា យើង​មាន​គោលបំណង​ពង្រឹង​ការសាងសង់ និង​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ​នៅក្នុង​ប្រទេស​កម្ពុជា តាមរយៈ​ដំណើរការ​ធ្វើតេស្ត និង​ការត្រួតពិនិត្យ​ប្រកបដោយ​ទំនុកចិត្ត​ខ្ពស់​។

លោក Gary Ng Kin Choy ប្រធាន​ក្រុមហ៊ុន​ខាសថ៍ លេបប័ររេថឹរី ខេមបូឌា បាន​ប្រាប់​ឱ្យ​ភ្នំពេញ​ប៉ុស្តិ៍​ដឹងថា​៖ «​ទាំងនេះ​នឹង​ជួយ​បង្កើន​ការជឿជាក់ និង​ទំនុកចិត្ត​ដល់​វិនិយោគិន​ក្នុង​ស្រុក និង​បរទេស​នៅ​កម្ពុជា ដោយ​សម្រេច​បាន​នូវ​សេដ្ឋកិច្ច​ប្រកប​ដោយ​និរន្តរភាព ព្រមទាំង​ធ្វើឱ្យ​គុណភាព​ជីវិត​របស់​ប្រជាជន​កម្ពុជា​មាន​ភាពប្រសើរ​ឡើង​»​។ លោក​ក៏បាន​បន្ថែម​​ថា​៖ «​ភាពជា​ដៃគូ​រវាង​ប្រទេស​នៅក្នុង​តំបន់​អាស៊ាន បាន​អនុញ្ញាត​ឱ្យ​ភាគី​ទាំង​ ២ ​ចែករំលែក​ជំនាញ​ឯកទេស​ក្នុង​ការបង្កើត​មន្ទីរពិសោធន៍​ដែលមាន ការទទួលស្គាល់​ដែល​នឹង​ជួយ​អ្នក​សាងសង់​ក្នុង​ការអនុវត្ត​ស្តង់ដា​កម្រិត​ខ្ពស់ និង​លើកកម្ពស់​គុណភាព​នៅក្នុង​វិស័យ​សំណង់​»​។

Content image - Phnom Penh Post
ការធ្វើ​តេស្ត Concrete Coring ។

«​ការចាប់​ដៃគូ​ជាមួយ​គណៈ​វិស្វករ​កម្ពុជា ដើម្បី​បង្កើត​មន្ទីរពិសោធន៍ គណៈវិស្វករ​កម្ពុជា អនុញ្ញាត​ឱ្យ​យើង​រួមបញ្ចូល​សមត្ថភាព​របស់​យើង ដើម្បី​ជួយ​សម្រួល​ដល់​ការធ្វើ​តេស្ត​លើ​គុណភាព និង​ត្រួតពិនិត្យ​ស្តង់ដា​អគារ និង​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​។ គណៈ​វិស្វករ​កម្ពុជា និង​ក្រុមហ៊ុន ខាសថ៍ លេបប័ររេថឹរី មាន​បេសកកម្ម​រួមមួយ ពោលគឺ​កសាង​បរិស្ថាន​មួយ​ប្រកបដោយ​សុវត្ថិភាព និង​មាន​និរន្តរភាព សម្រាប់​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា​»​។

«​ប្រទេស​កម្ពុជា គឺជា​ប្រទេសមួយ​ក្នុងចំណោម​ប្រទេស​ដែល​មាន​កំណើន​សេដ្ឋកិច្ច​លឿន​បំផុត​នៅក្នុង​តំបន់​អាស៊ី​ភាគ​អាគ្នេយ៍ ជាមួយនឹង​រាជរដ្ឋាភិបាល ប្រកបដោយ​ការប្តេជ្ញា​ខ្ពស់​ចំពោះ​វិបុលភាព​របស់​ប្រទេសជាតិ​»​។

លោក Ng មាន​ប្រសាសន៍​ថា​៖ «​ដោយ​ទទួលស្គាល់ថា សេវាកម្ម​របស់​យើង​នឹង​មានគុណ​តម្លៃ​លើ​ការគាំទ្រ និង​លើកកម្ពស់​គុណភាព និង​សុវត្ថិភាព​ក្នុង​វិស័យ​សំណង់ ខាសថ៍ លេបប័ររេថឹរី បាន​បង្កើត​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​មួយ​នៅក្នុង​ប្រទេស​កម្ពុជា ដើម្បី​បង្កើត​មន្ទីរពិសោធន៍​គណៈវិស្វករ​កម្ពុជា​នេះ​ឡើង ដែលជា​មន្ទីរពិសោធន៍ ផ្តល់​សេវា​ធ្វើតេស្ត ត្រួតពិនិត្យ និង​ផ្តល់​វិញ្ញាបនបត្រ​បញ្ជាក់​ពី​សុវត្ថិភាព ដែល​ឈានមុខ​គេ​នៅក្នុង​ប្រទេស​កម្ពុជា​»​។ ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៨១ នៅ​ប្រទេស​សិង្ហបុរី ខាសថ៍ លេបប័ររេថឹរី គឺជា​មជ្ឈមណ្ឌល​ធ្វើតេស្ត និង​ត្រួតពិនិត្យ​គុណភាព​ឯករាជ្យ​ឈានមុខ​គេ​មួយ ដែល​ផ្តល់ជូន​នូវ​ការធ្វើ​តេស្ត​នៅ​មន្ទីរពិសោធន៍ និង​នៅ​ការដ្ឋាន​សាងសង់ សេវាកម្ម​ត្រួតពិនិត្យ និង​ចេញ​វិញ្ញាបនបត្រ​ដល់​វិស័យ​អគារ និង​សំណង់ ប្រេង និង ឧស្ម័ន និង​កន្លែង​ផលិត​កប៉ាល់​។

មន្ទីរពិសោធន៍​បាន​ផ្តល់​នូវ​សេវាកម្ម​ធ្វើតេស្ត និង​ត្រួតពិនិត្យ​ជាង ២៥០ សេវាកម្ម​នៅ​ប្រទេស​សិង្ហបុរី និង​បណ្តា​ប្រទេស​ដទៃទៀត​ក្នុង​តំបន់​អាស៊ាន ហើយ​បាន​ប្រតិបត្តិការ​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​អស់​រយៈពេល ៦ ​ឆ្នាំ​មកហើយ​។ នៅក្នុង​ប្រទេស​កម្ពុជា ក្រុមហ៊ុន​នឹង​ចាប់ផ្តើម​ផ្តល់​សេវាកម្ម​ជាច្រើន ជា​ដំណាក់កាល​ដោយ​ចាប់ផ្តើម​ជាមួយ​នឹង​ការធ្វើ​តេស្ត​លើ​សម្ភារ​សំណង់​ស៊ីវិល រួមទាំង​មាន​ការធ្វើតេស្ត​បេតុង​ដែល​មិន​បង្ក​ការខូចខាត (NDT) ការធ្វើ​តេស្ត​លើ​ដែកថែប​ដែល​មិន​បង្ក​ការខូចខាត និង​ការធ្វើ​តេស្ត​ដី ក៏ដូចជា​ធ្វើតេស្ត​បេតុង​លាយ​ស្រេច និង​វិធីសាស្ត្រ​នៃ​ការលាយ​ជាដើម​។

ទន្ទឹមនឹង​នេះដែរ លោក Lim Eng Heng នាយក​ប្រតិបត្តិ​ក្រុមហ៊ុន CAST Group បាន​លើកឡើង​ថា ប្រវត្តិសាស្ត្រ​បានបង្ហាញ​ថា ការវាយតម្លៃ​គុណភាព​បែបនេះ គឺ​នឹង​បង្កើន​ប្រាក់ចំណេញ​លើ​ការវិនិយោគ​។

លោក​បន្តថា​៖ «​ប្រទេស​កម្ពុជា​កំពុង​ឆ្លងកាត់​ដំណាក់កាល​នៃ​វិស័យ​សំណង់​ដូច​ប្រទេស​សិង្ហបុរី​បាន​ឆ្លងកាត់​ដែរ​។ នៅពេលដែល​សង្គម​កាន់តែ​រីកចម្រើន សំណង់​អគារ​ខ្ពស់ៗ​ត្រូវបាន​សាងសង់ ប្រជាជន​តែងមាន​ការព្រួយបារម្ភ​អំពី​សុវត្ថិភាព​»​។

«​ដូច្នេះ​ជាមួយ​នឹង​ការធ្វើ​តេស្ត​ប្រកប​ដោយ​ភាពតឹងរ៉ឹង​ជាង​មុន សាធារណៈជន ភ្នាក់ងារ​រាជរដ្ឋាភិបាល និង​ភាគី​ពាក់ព័ន្ធ​ផ្សេងទៀត​ត្រូវ​បាន​ធានា​ជាមួយ​នឹង​សំណង់​ប្រកប ដោយ​គុណភាព ដែល​នេះ​ធ្វើឱ្យ​តម្លៃ​នៃ​អចលនទ្រព្យ​កាន់តែ​មាន​ភាពប្រសើរ​ឡើង​»​។

Content image - Phnom Penh Post
ការធ្វើ​តេស្ត Tensile Test​។ រូបថត Supplied

លោក​បន្ថែមថា​៖ «​ប្រសិនបើ​អាគារ​មាន​ស្នាម​ប្រេះ ហើយ​អគារ​មិន​រឹងមាំ នោះ​នឹង​គ្មាន​នរណាម្នាក់​ចង់​ទិញ អចលនទ្រព្យ​របស់​អ្នក​ទេ ហើយ​តម្លៃ​នឹង​ធ្លាក់ចុះ​។ មន្ទីរពិសោធន៍​ធ្វើតេស្ត​នេះ នឹង​ជួយ​ជំរុញ​ឱ្យ​ទីផ្សារ​អចលនទ្រព្យ និង​សំណង់​របស់​កម្ពុជា​មាន​តម្លៃ​ខ្ពស់ជាង​មុន​»​។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ និង​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ​បាន​ផ្តល់​សម្បទាន​រយៈពេល ៣០ ​ឆ្នាំ​ដល់​មន្ទីរពិសោធន៍​គណៈ​វិស្វករ​កម្ពុជា ដើម្បី​បម្រើ​សេវាកម្ម​របស់ខ្លួន​នៅក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​។

លោក Lim ថ្លែងថា​ការកើនឡើង​នូវ​ទំនុកចិត្ត​ទាំងនេះ​នឹង​ជួយ​ជំរុញ​វិស័យ​សំណង់​នៅ​កម្ពុជា​ទៅមុខ​បន្ថែមទៀត ដែលជា​កត្តា​ជំរុញ​ដ៏សំខាន់​ដល់​កំណើនសេដ្ឋកិច្ច​របស់​កម្ពុជា និង​ជួយ​ដល់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​របស់ខ្លួន​។

«​អគារ និង​ហេដ្ឋារចនាសម្ព័ន្ធ​ប្រកប​ដោយ​និរន្តរភាព គឺមាន​ភាពចាំបាច់​ណាស់​សម្រាប់​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ និង​នគរូបនីយកម្ម​របស់​ប្រទេស​កម្ពុជា​។ ជាមួយនឹង​ការរីកលូតលាស់​យ៉ាង​ឆាប់រហ័ស នៃ​វិស័យ​សំណង់​នៅក្នុង​ប្រទេស​កម្ពុជា ការអនុលោម​តាម​បទដ្ឋាន​ស្តង់ដារ​អគារ​គឺ​មិនត្រូវ​មើល​រំលង​ឡើយ​»​។

«​មន្ទីរពិសោធន៍​គណៈវិស្វករ​កម្ពុជា នឹង​ធានាថា​រាល់​គម្រោង​សាងសង់​ទាំងអស់​នៅក្នុង​ប្រទេស​កម្ពុជា គឺ​បំពេញ​តាម​ស្តង់ដារ​សុវត្ថិភាព​ខ្ពស់បំផុត តាមរយៈ​ការតម្រូវ​ឱ្យធ្វើ​តេស្ត និង​ត្រួតពិនិត្យ​ផ្សេងៗ​»​។

លោក Lim មានប្រសាសន៍​ថា​៖ «​ការធ្វើ​បែបនេះ​នឹង​ជួយ​បង្កើន​ទំនុកចិត្ត​ដល់​ភាគី​ពាក់ព័ន្ធ​ទាំងអស់ និង​ជួយ​លើកកម្ពស់​ការរីកចម្រើន​ឥត​ឈប់ឈរ​នៅក្នុង​ទីផ្សារ​សំណង់​នៅ​កម្ពុជា​»៕

អត្ថបទគួរចាប់អារម្មណ៍