The Phnom Penh Post Search

Search form

Logo of Phnom Penh Post newspaper Phnom Penh Post - ហាង​លក់​ឧបករណ៍​តន្ត្រី Hope Music Center មាន​កំណើន​​អាជីវកម្ម​ល្អប្រសើរ ជាមួយ​នឹង​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​អតិថិជន




ហាង​លក់​ឧបករណ៍​តន្ត្រី Hope Music Center មាន​កំណើន​​អាជីវកម្ម​ល្អប្រសើរ ជាមួយ​នឹង​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​អតិថិជន

Content image - Phnom Penh Post
បុគ្គលិក​ទាំងអស់​មាន​ចំណេះដឹង និង​ទឹកចិត្ត​ស្រឡាញ់​ចំពោះ​តន្ត្រី​។ រូបថត JOE CURTIN

ហាង​លក់​ឧបករណ៍​តន្ត្រី Hope Music Center មាន​កំណើន​​អាជីវកម្ម​ល្អប្រសើរ ជាមួយ​នឹង​ការយកចិត្ត​ទុកដាក់​ខ្ពស់​លើ​អតិថិជន

Hope Music Centre គឺជា​ហាង​លក់​ឧបករណ៍​តន្ត្រី​ឈានមុខ​គេ​មួយ​នៅក្នុង​ទីក្រុង​ភ្នំពេញ ដែល​បាន​ក្លាយជា​កន្លែង​សម្រាប់​អ្នកមាន​ទេពកោសល្យ​ផ្នែក​តន្ត្រី​នៅ​កម្ពុជា ថ្វីបើ​ហាង​ទើបតែ​បាន​ប្រារព្ធ​ខួប​លើក​ទី​ ១ ​របស់​ខ្លួន​កាលពី​ខែកក្កដា​ក្តី​។

Content image - Phnom Penh Post

ហាង​លក់​ឧបករណ៍​តន្ត្រី Hope Music Center មាន​លក់​ឧបករណ៍​តន្ត្រី​គ្រប់​ប្រភេទ​រាប់​ចាប់ពី​ការលក់​ឧបករណ៍​សម្រាប់​ការសិក្សា​ពី​តន្ត្រី មាន​ការផ្គត់ផ្គង់ និង​ការថែទាំ​ឧបករណ៍​តន្ត្រី រហូត​ដល់​មាន​កន្លែង​សម​តន្ត្រី មាន​ថត​សំឡេង និង​ផលិត​តន្ត្រី និង​មាន​សេវាកម្ម​ជាច្រើន​ទៀត​។

«​ខណៈ​អាជីវកម្ម​ស្នូល​គឺ​លក់​ឧបករណ៍​តន្ត្រី ប៉ុន្តែ​យើង​មានបំណង​ជំរុញ​យុវជន​ឱ្យ​បង្កើត​តន្ត្រី​ផ្ទាល់ខ្លួន​តាម​ដែល​យើង​អាច​ធ្វើបាន តាមរយៈ​ការផ្គត់ផ្គង់ និង​ការគាំទ្រ​។ ពីមុន​មិនមាន ឱកាស​ច្រើន​សម្រាប់​យុវជន​ដែលមាន​ទេពកោសល្យ​ក្នុង​ការបញ្ចេញ​សមត្ថភាព​ទេ ដូច្នេះហើយ​យើង​ចង់​ជួយ​លើ​បញ្ហា​នេះ​»​។

«​ដោយបាន​មើលឃើញ​ហាង​លក់​ឧបករណ៍​តន្ត្រី និង​សាលារៀន​តន្ត្រី​ជាច្រើន ចាប់ផ្តើម​រីកចម្រើន ខ្ញុំ​ក៏បាន​សម្រេចចិត្ត បើកហាង​លក់​ឧបករណ៍​តន្ត្រី​នេះ​ឡើង និង​នាំយក​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ដើម្បី​បង្កើន​គុណភាព​តន្ត្រី​នៅ​កម្ពុជា​»​។

លោក អែល ប៊ុនធឿន ជា​ស្ថាបនិក​ដែល​ត្រូវបាន​គេ​ស្គាល់​ឈ្មោះថា Jonathan បាន​បន្តថា​៖ «​យើង​ក៏មាន​ថ្នាក់​បង្រៀន​តន្ត្រី​ផងដែរ ដើម្បី​ផ្តល់​ចំណេះដឹង​ផ្នែក​តន្ត្រី យើង​មាន​ស្ទូឌីយោ​តន្ត្រី និង​កន្លែង​ហាត់​សម ហើយ​យើង​រៀបចំ​ការប្រគំ​តន្ត្រី​ផ្ទាល់ ដែល​ទាំងអស់​នេះ​ធ្វើឱ្យ​ហាង​លក់​ឧបករណ៍​តន្ត្រី Hope Music Center ក្លាយ​ជា​ទីកន្លែង​ដែលមាន​គ្រប់សព្វ​បែបយ៉ាង ទាក់ទង​នឹង​តន្ត្រី​»​។

បុរស​វ័យ​ ២៩ ​ឆ្នាំ​រូបនេះ​បាន​បន្ថែមថា វិស័យ​តន្ត្រី​កំពុងស្ថិត​នៅក្នុង​ស្ថានភាព​ល្អប្រសើរ ទោះបី​មាន​ការផ្ទុះ​ជំងឺ​កូវីដ​ ១៩ ​ក្តី ក៏​បច្ចុប្បន្ន​ទីក្រុង​ភ្នំពេញ​មាន​ហាង​លក់​ឧបករណ៍​តន្ត្រី​ជាច្រើន ដោយសារ​តែមាន​តម្រូវការ​ឧបករណ៍​តន្ត្រី និង​ស្ទូឌីយោ​ខ្ពស់​។

«​ទីផ្សារ​តន្ត្រី​មាន​ប្រហែល ១,២ ទៅ ២,២ ​លាន​ដុល្លារ​ក្នុង ១ ​ឆ្នាំ មុនពេល​ជំងឺ​រាតត្បាត​ផ្ទុះឡើង​ ប៉ុន្តែ​ឥឡូវ​បាន​ថយចុះ​មក​នៅ​តិចជាង ១,២ ​លាន​ដុល្លារ​»​។

«​ខ្ញុំ​គិតថា​ខ្ញុំ​មាន​សំណាង បើ​ទោះបី​ជា​បាន​បើកហាង​លក់​ឧបករណ៍​តន្ត្រី Hope Music Center ក្នុងអំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ​ក្តី​។ ដោយសារ​តែ​ភាពស្មោះត្រង់ និង​គុណតម្លៃ​ក្នុង​ការផ្តល់​សេវាកម្ម និង​ផលិតផល​របស់​យើង​ដល់​អតិថិជន នោះ​យើង​នឹង​បន្ត​រីកចម្រើន​»​។

លោក​ ប៊ុនធឿន ​បន្ថែមថា​៖ «​ក្នុង​រយៈពេល​តែ ១ ​ឆ្នាំ​ប៉ុណ្ណោះ យើង​ទទួលបាន​ការគាំទ្រ​យ៉ាងច្រើន​ពី​ប្រជាជន​ក្នុងស្រុក និង​ជនបរទេស​។ ខណៈ​ដែល​អាជីវកម្ម​ជាច្រើន​កំពុង​ជួប​ការលំបាក​ក្នុង​អំឡុងពេល​មាន​ជំងឺ​រាតត្បាត​នេះ ដោយ​អាជីវកម្ម​ខ្លះ​ត្រូវបាន​បិទទ្វារ​ជា​អចិន្ត្រៃយ៍​ ប៉ុន្តែ​ហាង Hope Music Center នៅតែ​បន្ត​រីកចម្រើន​ជា​រៀងរាល់ថ្ងៃ​»​។

លោក​ ប៊ុនធឿន ​មានចិត្ត​ស្រឡាញ់​តន្ត្រី​នេះ​ជា​យូរ​មកហើយ ក៏ដូចជា​បុគ្គលិក​ទាំងអស់​របស់លោក​ដែរ​ហើយ​ឈ្មោះ​ហាង​របស់លោក គឺ​ឆ្លុះបញ្ចាំង​អំពី​អ្វីដែល​លោក​មើលឃើញថា វា​ជា​សម្បត្តិ​ដ៏មាន​ឥទ្ធិពល​បំផុត​របស់​សិល្បៈ​។

Content image - Phnom Penh Post
លោក អែល ប៊ុនធឿន​។ រូបថត JOE CURTIN

«​ខ្ញុំ​ធំធាត់​ឡើង​នៅក្នុង​ព្រះវិហារ ហើយ​ខ្ញុំ​បាន​ចូលរួម​លេង​ឧបករណ៍​តន្ត្រី​ជា​រៀងរាល់ថ្ងៃ​។ ដូច្នេះ​ខ្ញុំ​ក៏​ស្រឡាញ់ និង​ចូលចិត្ត​តន្ត្រី ហើយ​វា​​គឺជា​ឯកសិទ្ធិ​ពិសេស​ដែល​ខ្ញុំ​អាច​បញ្ចូល​អាជីវកម្ម ជាមួយ​ចំណង់ចំណូល​ចិត្ត​របស់ខ្ញុំ​»​។

លោក​បន្ថែម​ថា​៖ «​មនុស្ស​គ្រប់រូប​ប្រឈមមុខ​នឹង​បញ្ហា និង​ការតស៊ូ​ក្នុង​ជីវិត ហើយ​ខ្ញុំ​គិតថា​តន្ត្រី​ដើរតួ​យ៉ាងសំខាន់​នៅក្នុង​ការជំរុញ លើកទឹកចិត្ត​មនុស្ស ផ្តល់​ក្តីសង្ឃឹម​ដល់​ពួកគេ ដើម្បី​ឆ្លងកាត់​ស្ថានភាព​លំបាក​ណាមួយ ដូច​ពាក្យស្លោក​របស់​យើង​គឺ​ «​តន្ត្រី​ដើម្បី​ក្តីសង្ឃឹម​»​។ កាលពីមុន​តន្ត្រី​របស់​កម្ពុជា ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​ការច្រៀង​ចម្លង និង​ការកែសម្រួល​បទចម្រៀង​បរទេស​ឡើងវិញ ប៉ុន្តែ​បុរស​ដែលមាន​ដើមកំណើត​ក្នុង​រាជធានី​ភ្នំពេញ​រូបនេះ​បាន​និយាយថា ឥឡូវ​វា​មានការ​ផ្លាស់ប្តូរ​។

«​តន្ត្រី​ក្នុងស្រុក​បាន​ត្រៀមខ្លួន​ជាស្រេច ដើម្បី​ការរីកលូតលាស់​។ យើង​កំពុង​មើលឃើញ​នូវ​បដិវត្តន៍​តន្ត្រី​នៅក្នុង​ប្រទេស​កម្ពុជា ដោយសារ​អ្នកគាំទ្រ​កាន់តែ​មាន​ការយល់ដឹង និង​ចង់​យល់ដឹង និង​ចង់​ស្តាប់​បទចម្រៀង​និពន្ធ​ថ្មី​។

«​ជា​លទ្ធផល​មាន​មនុស្ស​ជាច្រើន​​ចង់​ថត​ចម្រៀង​ថ្មី​របស់ខ្លួន ហើយ​យើង​ត្រៀមខ្លួន​ជាស្រេច​ដើម្បី​ធ្វើ​រឿងនេះ​។ យើង​ចង់​ជួយ​ក្នុង​គ្រប់​ជំហាន​នៃ​ដំណើរ​នេះ ដើម្បី​ជួយ និង​បំផុសគំនិត​ដល់​យុវជន​ជំនាន់​ក្រោយ​»​។

លោក ប៊ុនធឿន ថ្លែងថា​៖ «​ជា​ឧទាហរណ៍ តម្លៃ​ស្ទូឌីយោ ជា​ឧបសគ្គ​សម្រាប់​តន្ត្រីករ​ក្មេងៗ​ជាច្រើន​ហើយ​យើង​ដោះស្រាយ​បញ្ហា​នេះ ដោយ​ផ្តល់​ការបង្រៀន​អំពី​ការរីខត​នៅផ្ទះ ដើម្បី​ជួយ​ពួកគេ​ចាប់ផ្តើម និង​កសាង​ទំនុកចិត្ត​»​។ ហើយ​អ្នកគ្រប់គ្រង​ស្ទូឌីយោ លោក ព្រឿង ធនបញ្ញាវ័ន្ត បាន​និយាយថា​នេះ​ឆ្លុះបញ្ចាំង​តាមរយៈ​ការចូលរួម​ដ៏ធំធេង​នៃ​ការប្រកួត​តន្ត្រី​ដំបូង​របស់ Hope Music Center ដែល​ត្រូវបាន​រៀបចំឡើង​នៅពេល​ដែល​អាជីវកម្ម​ទើប​មាន​អាយុ​តិចជាង​ ៦ ​ខែ​។

«​យើង​មាន​ការភ្ញាក់ផ្អើល និង​សប្បាយចិត្ត​យ៉ាងខ្លាំង ដែល​ឃើញ​អ្នកមាន​ទេពកោសល្យ​ជាច្រើន​ដាក់ពាក្យ​ចូលរួម​។ បេក្ខជន​ប្រមាណ ៧០ នាក់​បាន​ថត​សំឡេង (acoustic song) ហើយ​បង្ហោះ​នៅលើ​ហ្វេសប៊ុក​របស់​យើង ហើយ​អ្នក​ដែល​ទទួល​បាន​ការចុច Like និង Comment ច្រើនជាងគេ គឺជា​អ្នកឈ្នះ​»​។

លោក បញ្ញាវ័ន្ត បន្តថា​៖ «​អ្នកឈ្នះ​ទទួលបាន​ការចូល​មើល (view) ចំនួន ២៧ ០០០​ ដង ក្នុង​រយៈពេល តែ​ ១ ​សប្តាហ៍​ប៉ុណ្ណោះ​! នេះ​បង្ហាញ​ពី​ភាពខ្លាំង​នៃ​វិស័យនេះ ហើយ​យើង​មាន​សុទិដ្ឋិនិយម​ចំពោះ​ចំនួន​អ្នកចូលរួម​កាន់តែច្រើន​សម្រាប់​ការប្រកួតប្រជែង​ក្នុងឆ្នាំនេះ ពោលគឺ​នៅ​ខែវិច្ឆិកា​ខាងមុខ​»​។

លោក​ ប៊ុនធឿន ​បញ្ជាក់ថា​៖ «​ការកំណត់​តម្លៃ​ប្រកួតប្រជែង​គឺ​សំខាន់​ណាស់ ប៉ុន្តែ​យើង​ផ្តោតលើ​ចំណុច​សំខាន់បំផុត​ចំនួន​ ៣»​។ «​ទី​ ១ គឺ​គុណភាព​នៃ​ផលិតផល និង​សេវាកម្ម​ដែល​យើង​ផ្តល់ជូន​។ ទី​ ២ គឺ​ការ​ផ្តល់ព័ត៌មាន​ពិត និង​លម្អិត​ដល់​អតិថិជន មាន​តែ​ការពិត​ប៉ុណ្ណោះ​ដែល​យើង​ផ្តល់ជូន​អតិថិជន​របស់​យើង​។ ហើយ​ទី​ ៣ ​ដែល​សំខាន់បំផុត​នោះ​គឺ​អតិថិជន​របស់​យើង​គឺ​សំខាន់​ណាស់​ចំពោះ​យើង​។ យើង​ទទួល​ស្វាគមន៍​ពួកគេ​ដោយ​អាកប្បកិរិយា​ និង​ការគោរព​បំផុត​»​។

លោក​ ប៊ុនធឿន ​បន្ថែមថា​៖ «​នេះ​គឺជា​អាថ៌កំបាំង​នៃ​ភាពជោគជ័យ​របស់​យើង យើង​ចូលចិត្ត​និយាយថា​អ្នក​ចូល​មកជា​អតិថិជន ប៉ុន្តែ​ចាកចេញ​ទៅវិញ​គឺជា​មិត្តភក្តិ​របស់​យើង​។ ជាមួយ​អតិថិជន​ក្នុងស្រុក និង​ជនបរទេស​មកពី​ជាង​ ២០ ​ប្រទេស​រួចហើយនោះ ចំនួន​មិត្តភក្តិ​របស់​យើង​កាន់តែ​បន្ត​កើនឡើង​»៕

អត្ថបទគួរចាប់អារម្មណ៍