ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល (G-Link) ណែនាំ​អំពី​ផលិតផល​វិនិយោគ​ថ្មី​ក្នុង​ទម្រង់​ជា​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​មូលបត្រ​កម្មសិទ្ធិ (Equity CFD) ដែល​អនុញ្ញាត​ឱ្យ​វិនិយោគិន​កម្ពុជា ក៏ដូចជា​ជនបរទេស​ដែល​កំពុងស្នាក់នៅ​ក្នុងប្រទេស​កម្ពុជា អាច​ជួញដូរ​ទៅលើ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន​ធំៗ​លំដាប់ថ្នាក់​ពិភពលោក​បាន​។

លោក ជា សុធា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​មានប្រសាសន៍​ថា​៖ «​ការវិនិយោគ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​មូលបត្រ​កម្មសិទ្ធិ ក៏​ជា​ផលបត្រ​វិនិយោគ​ ១ ​ប្រភេទ ដែល​ប្រជាជន​កម្ពុជា​អាច​ប្រើប្រាស់​ដើម្បី​ការពារ​ហានិភ័យ​ក្នុង​ការវិនិយោគ​ណាមួយ ដែល​អាច​រង​ផលប៉ះពាល់​នៃ​វិបត្ដិ​ទីផ្សារ​ក្នុងពេល​អនាគត តាមរយៈ​ការបង្កើត​ឱ្យ​មាន​ប្រភព​មុខរបរ ឬ​អាជីវកម្ម​ច្រើន​ប្រភេទ​ក្នុងពេល​តែ​ ១ ​ដែលជា​យុទ្ធសាស្ដ្រ​នៃ​ការវិនិយោគ​មួយ​ដ៏មាន​ប្រសិទ្ធភាព និង​សុវត្ថិភាព​បំផុត​»​។

«​ម្យ៉ាងវិញទៀត ការវិនិយោគ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​មូលបត្រ​កម្មសិទ្ធិ គឺអាច​ផ្ដល់នូវ​ឱកាស​ទទួលបាន​ផលចំណេញ និង​ស្ថិរភាព​ខ្ពស់​ជាមួយ​នឹង​ជម្រើស​ផលិតផល​វិនិយោគ​ច្រើន ហើយ​អាចអនុវត្ត​ទៅបាន​ដោយមាន​ភាពងាយស្រួល ភាពបត់បែន សុវត្ថិភាព​នៃ​ដើមទុន និង​គុណសម្បត្តិ​វិនិយោគ​ជាច្រើន​ទៀត​»​។

លោក​ សុធា ​បាន​បន្ថែមទៀតថា​៖ «​ផលិតផល​ថ្មី​នេះ​អនុញ្ញាត​ឱ្យ​វិនិយោគិន​វិនិយោគ​លើ​តម្លៃ​ភាគហ៊ុន​នៃ​ក្រុមហ៊ុន​លំដាប់​ពិភព​លោកធំៗ​ដូចជា​៖ Amazon Facebook Google Apple និង Tesla ជាដើម​»​។

«​ការវិនិយោគ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​មូលបត្រ​កម្មសិទ្ធិ គឺជា​ការវិនិយោគ​លើ​ផលិតផល​វិនិយោគ​មួយ​ក្នុងចំណោម​ផលិតផល​ឧបករណ៍​និស្សន្ទ ដែល​ផ្តល់ឱ្យ​វិនិយោគិន​នូវ​ទីផ្សារ​ជួញដូរ​ទូលំទូលាយ ការ​ផាត់ទាត់​សាច់ប្រាក់​ឆាប់រហ័ស បទប្បញ្ញត្ដិ​ការពារ​ពី​និយតករ​ទីផ្សារ ការបណ្ដុះបណ្ដាល​ជំនាញ​ជួញដូរ និង​ការប្រឹក្សា​យោបល់​ជាមួយ​ភ្នាក់ងារ​ប្រឹក្សា​។ កាន់តែ​ពិសេស វិនិយោគិន​អាច​ជួញដូរ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​មូលបត្រ​កម្មសិទ្ធិ ដោយ​ប្រើប្រាស់​ដើមទុន​នៅ​កម្រិត​ទាប​បាន ពោល​គឺ​អាច​ប្រើ​ដើមទុន​ត្រឹមតែ ៥% ទៅ ១០% នៃ​តម្លៃ​មួយ​ហ៊ុន​នៃ​ក្រុមហ៊ុន​ដែល​បាន​ចុះបញ្ជី​ណាមួយ​»​។

លោក ជា សុធា ប្រគល់ជូន​វត្ថុ​អនុស្សាវរីយ៍​ដល់​គណៈអធិបតី​ក្នុង​សិក្ខាសាលា​អប់រំ​អំពី​ឧបករណ៍​និស្សន្ទ​នៅ​ខេត្ដ​កំពង់ធំ​។

ពិធី​អបអរសាទរ​សមិទ្ធផល​ថ្មី​នេះ​ត្រូវបាន​ធ្វើឡើង​កាលពី​ខែ​មុន ដែល​ត្រូវ​បានផ្ដល់​កិត្ដិយស​ចូលរួម​ពី​ភ្ញៀវកិត្តិយស​ជាច្រើនរូប ក្នុងនោះ​រួមមាន ឯកឧត្ដម ស៊ូ សុជាតិ ប្រតិភូរាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក​នៃ​និយតករ​មូលបត្រ​កម្ពុជា (​ន.ម.ក) និង ឯកឧត្ដម​បណ្ឌិត វិន ភក្ដី អគ្គនាយករង​នៃ ន.ម.ក។

លោក​ សុធា បាន​មានប្រសាសន៍​ទៀតថា​៖ «​ក្រុមហ៊ុន​ក៏បាន​ចាប់ផ្ដើម​ណែនាំ​ផលិតផល​ថ្មី​នេះ​ជា​ផ្លូវការ​ទៅដល់​សាធារណជន ជាពិសេស​វិនិយោគិន​ទាំងចាស់​ទាំងថ្មី ដើម្បី​ឱ្យ​ពួកគាត់​ទទួលបាន​នូវ​ឱកាស​វិនិយោគ​បន្ថែម ដែល​អាច​ចាប់ផ្ដើម​បាន​ប្រកបដោយ​ភាពងាយស្រួល និង​សុវត្ថិភាព​ខ្ពស់ ជាពិសេស​ក្នុង​ស្ថានភាព​នៃ​ការរឹតបន្ដឹង​សកម្មភាព​សង្គម​ដោយសារ​ផលប៉ះពាល់​នៃ​ជំងឺ​កូវីដ​ ១៩ នេះ​។ សកម្មភាព​នេះ​ក៏​ស្របតាម​បេសកកម្ម​របស់​ក្រុមហ៊ុន​យើង ក្នុងការ​ផ្ដល់ឱ្យ​ប្រជាជន​កម្ពុជា​នូវ​ចំណេះដឹង ឱកាស និង​ផលិតផល​វិនិយោគ​ថ្មីៗ គ្រប់​កាលៈទេសៈ​ទាំងអស់​»​។

«​ជាការ​ពិតណាស់ មិនថាតែ​ក្នុងអំឡុង​ពេលនេះ​ទេ ការវិនិយោគ​នៅក្នុង​វិស័យ​ហិរញ្ញវត្ថុ រួមទាំង​ការវិនិយោគ​កិច្ចសន្យា​លើ​គម្លាត​ថ្លៃ​មូលបត្រ​កម្មសិទ្ធិ​នេះ នៅតែ​សកម្ម និង​មាន​កំណើន​នៅក្នុង​ទីផ្សារ ព្រោះ​វា​ជា​ប្រភេទ​ការវិនិយោគ​ដែល​អាច​អនុវត្ដ​ទៅបាន​តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទំនើប​»​។

លោក​ សុធា ​បាន​បន្តថា​៖ «​ទោះបីជា​រាល់​ការវិនិយោគ​តែងតែ​តម្រូវឱ្យ​វិនិយោគិន​មាន​បទពិសោធ និង​ចំណេះដឹង​លើ​ការវិនិយោគ​ក៏ដោយ វិនិយោគិន​ថ្មីៗ​នឹង​ទទួលបាន​ឱកាស​ក្នុងការ​ចាប់ផ្ដើម​ប្រកបដោយ​ទំនុកចិត្ដ និង​អាច​ជំរុញ​សុខភាព​ហិរញ្ញវត្ថុ​របស់​ពួកគាត់​ឱ្យ​កាន់តែ​ល្អប្រសើរ ប្រសិនបើ​ពួកគាត់​ចាប់ផ្ដើម​ជាមួយ​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ដែលមាន​វិជ្ជាជីវៈ និង​បទពិសោធ​ខ្ពស់​ក្នុង​ការផ្ដល់​ជូន​នូវ​ផលិតផល បច្ចេកវិទ្យា និង​ការប្រឹក្សា​យោបល់​»​។

បន្ទាប់ពី​ទទួលបាន​ការអនុញ្ញាត​ពី ​ន.ម.ក ឱ្យ​ផ្ដល់​សេវាកម្ម​វិនិយោគ​លើ​ផលិតផល​ថ្មី​នេះ​មក ក្រុមហ៊ុន ហ្គោលដេន អេហ្វអិកស៍ លីង ឃែភីថល បាន​ក្លាយជា​ក្រុមហ៊ុន​ឈ្មួញ​ជើងសា​ឧបករណ៍​និស្សន្ទលេខ ១ ដែលមាន​ផលិតផល​វិនិយោគ​ច្រើន​ជាង​គេបង្អស់​នៅ​កម្ពុជា​៕

ឯកឧត្តម ស៊ូ សុជាតិ អគ្គនាយក ន.ម.ក (​រូប​ឆ្វេង​) និង លោក ជា សុធា នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន G-Link ។