The Vine គឺជា​ភោជនីយដ្ឋាន បារ និង​កន្លែង​កាត់សក់​ដ៏ពិសេស​នៅក្នុង​រាជធានី​ភ្នំពេញ ដែល​នៅតែ​មាន​ដំណើរការ​ដោយ​រលូន ទោះបី​មាន​ការរំខាន​ពី​ការរីករាលដាល​នៃ​ជំងឺ​កូវីដ ១៩ ក៏ដោយ ពីព្រោះ​ហាង​នេះ​ផ្តល់​នូវ​បទពិសោធ​ដ៏អស្ទារ្យ​សម្រាប់​អតិថិជន​ដែល​ធ្វើឱ្យ​ពួកគេ​មាន​អារម្មណ៍​ថា ដូច​នៅផ្ទះ​។

ដោយ​បាន​បើក​បម្រើ​ម្ហូបអាហារ​នៅក្នុង​ទីក្រុង​ភ្នំពេញ​ចាប់តាំងពី​ឆ្នាំ​ ២០១៨ លោក Joel Shipsides និង អ្នកស្រី Sara Collins ដែលជា​ម្ចាស់​រួម មាន​គម្រោង​ផ្លាស់ប្តូរ​ទីតាំង​ហាង The Vine ពី​ផ្លូវ​ ១៧២ ទៅកាន់​ទីតាំង​ធំ​ជាង​ដែល​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្លូវ ២៤៤​។

លោក Shipsides បានឱ្យដឹងថា​ការផ្លាស់ប្តូរ​ទីតាំង​នេះ​គឺ​គ្រោង​ធ្វើឡើង​នៅមុន​ខែធ្នូ ហើយ​សន្យាថា​វា​នឹងមាន​បរិយាកាស​ដ៏រស់រវើក ខណៈ​ហាង The Vine មាន​ទីតាំង​ល្អ ដែល​ជា​ផ្នែក​មួយ​នៃ​ភាពជោគជ័យ​នៃ​គំរូ​ពហុអាជីវកម្ម​របស់ខ្លួន​។

«​ហាង The Vine គឺជា​កន្លែង​ដំបូង​សម្រាប់​ដៃគូ​របស់ខ្ញុំ​គឺ​អ្នកស្រី Sara ដែល​គាត់​គឺជា​ជាងកាត់សក់​ដ៏មាន​បទពិសោធ​មកពី​បស្ចិមប្រទេស ដើម្បី​បើកហាង​សាឡន ដោយ​យើង​មានគំនិត​ចង់​បើក​រួមបញ្ចូល​គ្នា​ជាមួយ​ហាង​បារស្រា​ក្រឡុក​។ ការមាន​គំនិត​បែបនេះ​គឺ​ដើម្បី​បំពេញ​តម្រូវការ​របស់​អតិថិជន ខណៈ​មិត្តភក្តិ​របស់​ពួកគេ​អាច​ផឹកស្រា​ក្រឡុក ពេល​រង់ចាំ​មិត្តភក្តិ​ពួកគេ​កាត់សក់​»​។

«​ចំណុច​នេះ​បាន​ធ្វើឱ្យ​វា​មាន​ការពេញនិយម​យ៉ាង​ឆាប់រហ័ស ដោយ​ហាង The Vine មាន​ការរីកចម្រើន​ និង​វិវត្ត​ទៅ​យ៉ាង​រលូន​។ នៅពេល​អតិថិជន​ចង់យក​អាហារ​ចូម​មក​ញុំា​ក្នុង​ហាង ពេលនោះ​យើង​គិតថា យើង​អាច​ផ្តល់​អាហារ​ដ៏ឈ្ងុយឆ្ងាញ់​សម្រាប់​ពួកគេ​ដោយផ្ទាល់ ដូច្នេះ​យើង​ក៏​រៀបចំ​ផ្ទះបាយ​»​។

លោក Joel Shipsides ម្ចាស់​ហាង The Vine​។ រូបថត Joe Curtin

បុរស​ជនជាតិ​អូស្ត្រាលី​រូបនេះ​បាន​បន្តថា​៖ «​ចំណុច​នេះ​ធ្វើឱ្យ​យើង​ទទួលបាន​ភាពទាក់ទាញ​ភ្លាមៗ ហើយ​នៅតែ​មាន​ការគាំទ្រ​ច្រើន ទោះបី​អំឡុងពេល​ជំងឺ​កូវីដ​ ១៩ ហើយ​យើង​នឹង​ផ្លាស់​ទៅ​ទីតាំង​ធំ​ជាង​នេះ​»​។

អ្នកស្រី Sara ដែល​ធ្លាប់​ធ្វើការ​នៅ​ហាង​សាឡន​ដ៏ល្បីល្បាញ​មួយ កន្លែង​ក្នុង​ទីក្រុង​មែលប៊ន​អស់​រយៈពេល​ ១៨ ​ឆ្នាំ​បាន​លើកឡើងថា វិធីសាស្ត្រ​កាត់សក់​របស់គាត់​គឺ​បាន​ឆ្លុះបញ្ចាំង​ពី​ទស្សនៈ​របស់​ហាង The Vine ទាំងមូល ដែល​យើង​ផ្តោតលើ​សេវាកម្ម​ដ៏ជំនាញ​ និង​គួរឱ្យ​ជឿទុកចិត្ត​។

«​ស្តាយ​កាត់សក់​តែងតែ​មាន​ការផ្លាស់ប្តូរ​ជានិច្ច​ជាមួយ​នឹង​និន្នាការ​ និង​ស្ទីល​ថ្មីៗ ដែល​មានន័យថា អ្នក​ត្រូវ​តាម​ឱ្យទាន់​និន្នាការ​បច្ចុប្បន្ន ប៉ុន្តែ​អ្វីដែល​មិន​ផ្លាស់ប្តូរ​នោះ​គឺ​ការផ្តល់​សេវាកម្ម​ដ៏ល្អ​បំផុត​សម្រាប់​អតិថិជន​របស់ខ្ញុំ ដែលមាន​ទាំង​ជនជាតិខ្មែរ​ និង​ជនបរទេស ទាំង​ស្ត្រី​ និង​បុរស​»​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ខ្ញុំ​សុខចិត្ត​បដិសេធ​ទទួល​លុយ​របស់​នរណាម្នាក់ ប្រសិនបើ​ខ្ញុំ​ផ្តល់​សេវាកម្ម​មិន​តាម​អ្វីដែល​ពួកគេ​ចង់បាន ឬ​ធ្វើឱ្យ​ខួច​សក់​របស់​ពួកគេ ហើយ​ខ្ញុំ​ជឿជាក់ថា​ទំនុកចិត្ត​បែបនេះ​គឺជា​រឿង​ចាំបាច់​»​។

លោក Shipsides បញ្ជាក់ថា គំរូ​ពហុអាជីវកម្ម​បែបនេះ​គឺ​បានបង្ហាញ​ឱ្យឃើញ​នូវ​ដំណើរ​ដ៏ជោគជ័យ​របស់ The Vine ទោះបី​ជួប​វិបត្តិ​ជំងឺ​រាតត្បាត​ជា​សកល ខណៈ​ឧស្សាហកម្ម​ទេសចរណ៍​ត្រូវបាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយ​ជំងឺ​រាតត្បាត​នេះ​។

«​វា​ជា​រឿង​គួរឱ្យ​រំភើប​ណាស់​នៅក្នុង​រយៈពេល​ ៣ ​ឆ្នាំកន្លងមក ដែល​យើង​បាន​ដំណើរការ​គំរូ​អាជីវកម្ម​ដ៏ពិសេស​នេះ​។ សម្រាប់​ផ្នែក​ម្ហូបអាហារ មាន​អតិថិជន​ទាំង​ខ្មែរ និង​បរទេស​ប្រមាណ ៥០-៥០ ខណៈ​ផ្នែក​កាត់សក់​ និង​បារ៍​ភាគច្រើន​គឺ​ជនបរទេស​»​។

លោក Shipsides បន្តថា​៖ «​យើង​មើលឃើញថា​ទស្សនៈ​អាជីវកម្ម​នេះ​គឺមាន​និរន្តរភាព ជាពិសេស​អំឡុងពេល​ជំងឺ​រាតត្បាត​នេះ ហើយ​យើង​មានសំណាង​ដែលមាន​អតិថិជន​ប្រចាំ​ហាង រួមជាមួយ​បុគ្គលិក​របស់​យើង ដែល​យើង​តែង​ចាត់​ទុកដូចជា​គ្រួសារ​របស់​ហាង The Vine»​។

ផ្នែក​សាឡន​គឺ​ទទួល​ខុសត្រូវ​ដោយ​លោកស្រី Sara ដែលមាន​បទពិសោធ​ជាង​ ២០ ​ឆ្នាំ​។

«​មុនពេល​មាន​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ ប្រហែល​ ៣០ ​ភាគរយ​នៃ​អាជីវកម្ម​ម្ហូបអាហារ​របស់​យើង​គឺ​តាមរយៈ​ការដឹកជញ្ជូន​។ ហើយ​ចំនួន​នេះ​គឺ​បាន​កើនឡើង​ប្រហែល​ ៥០ ​ភាគរយ គិត​ចាប់តាំងពី​ជំងឺ​រាតត្បាត​បាន​ផ្ទុះឡើង​»​។

លោក Shipsides បាន​បញ្ចាក់​ថា​៖ «​ខណៈដែល​យើង​រំពឹងថា​វា​នឹង​វិល​ទៅរក​ភាពប្រក្រតី​ឡើងវិញ​នៅពេល​ការរឹតត្បិត​ត្រូវបាន​បញ្ចប់ យើង​ក៏​ប្រមើល​ឃើញ​ថា​ការទទួលទាន​អាហារ​នៅ​ខាងក្រៅ​នឹង​ពេញនិយម​ឡើងវិញ​នៅក្រោយ​ជំងឺ​រាតត្បាត​នេះ​ត្រូវបាន​បញ្ចប់ ហើយ​ទីតាំង​ថ្មី​របស់​យើង​គឺមាន​ទីធ្លា​ធំ​ទូលាយ​»​។

ម្ហូប​បស្ចិមប្រទេស​នៅ​ហាង Vine គឺ​ផ្តោតលើ​ម្ហូប​ពិសេស​ដ៏ឈ្ងុយឆ្ងាញ់ ដែល​ទទួលបាន​ការពេញនិយម​ក្នុង​ចំណោម​ជនបរទេស​នៅក្នុង​ទីក្រុង​ភ្នំពេញ ជាពិសេស​គឺ​ប៊ឺហ្គឺរ​ដែលមាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​។

«​ខ្ញុំ​ពិតជា​ចូលចិត្ត​ប៊ឺហ្គឺរ​ម៉ាក Big Mac ហើយដោយ​សារ​ហាង McDonald មិន​មាននៅ​កម្ពុជា ខ្ញុំ​ក៏​បាន​សម្រេច​សាកល្បង​បង្កើត​រសជាតិ​ដោយ​ខ្លួនឯង ហើយ​ការឆ្លើយតប​ពី​អតិថិជន​គឺ​វិជ្ជមាន​»​។

ខណៈ​គំរូ​អាជីវកម្ម​ពិសេស​របស់ ហាង The Vine បាន​ជួយ​ឱ្យ​ហាង​រីកចម្រើន លោក Shipsides បាន​បន្តថា ភាពជោគជ័យ​របស់​ខ្លួន​ត្រូវបាន​បង្កើតឡើង​ដោយ​ផ្តោតលើ​គុណភាព និង​ស្ថិរភាព​។

«​ខ្ញុំ​គិតថា អាជីវកម្ម​របស់​យើង​គឺ​មាន​ភាពច្នៃប្រឌិត ហើយ​ខ្ញុំ​ជឿជាក់ថា ភាពច្នៃប្រឌិត​នេះ​អាច​ជា​កត្តា​ជំរុញ​ដ៏អស្ចារ្យ ប្រសិនបើ​អ្នកមាន​មូលដ្ឋានគ្រឹះ​ត្រឹមត្រូវ​»​។

«​យើង​មាន​ស្តាយ​របស់​យើង ហើយ​ខ្ញុំ​គិតថា មាន​កន្លែង​ប្លែកៗ​ជាច្រើន​នៅក្នុង​ទីក្រុង​។ ប៉ុន្តែ​អ្នក​មិនគួរ​ខ្វល់ខ្វាយ​ច្រើនពេក​អំពី​អ្វីដែល​អ្នកដទៃ​កំពុង​ធ្វើ​នោះទេ ប៉ុន្តែ​ត្រូវ​ផ្តោតលើ​ភាពខ្លាំង​របស់​អ្នក ហើយ​ខិតខំ​ធ្វើ​វា​ឱ្យ​បានល្អ​បំផុត​»​។

លោក Shipsides បាន​បន្ថែមទៀតថា​៖ «​ដោយបាន​ធ្វើ​ការងារ​ផ្នែក​បដិសណ្ឋារកិច្ច​នៅ​ប្រទេស​អូស្ត្រាលី​អស់​រយៈពេល​ជាង​ ១ ​ទសវត្សរ៍ អ្វីដែល​ខ្ញុំ​ចង់​នាំ​មក​ប្រទេស​កម្ពុជា​គឺ​គុណភាព និង​ស្ថិរភាព ហើយ​ខ្ញុំ​គិតថា នេះ​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ភាពជោគជ័យ​របស់​យើង​»៕