ការប្រែក្លាយ​ផ្នែក​ខ្លះ​នៃ​ខេត្ត​សៀមរាប​ឱ្យ​ទៅជា​តំបន់​គ្មាន​គ្រាប់មីន ដើម្បី​អនុញ្ញាត​ឱ្យ​សហគមន៍​កសិកម្ម​អាច​វិលត្រឡប់​ទៅ​ប្រកប​ការងារ​កសិកម្ម​របស់​ពួកគេ​ឡើងវិញ ហើយ​កុមារ​អាច​ធំធាត់​នៅក្នុង​បរិស្ថាន​មួយ​ដែលមាន​សុវត្ថិភាព ដែល​ទាំងនេះ​នៅតែ​ជាអាទិភាព​កំពូល​នៃ​កម្មវិធី​ការទទួល​ខុសត្រូវ​សង្គម​របស់​ក្រុមហ៊ុន (CSR) របស់​ធនាគារ ភីភីស៊ីប៊ែង (PPCBank)​។

គម្រោង​ដោះមីន​របស់​អង្គការ APOPO នេះ​គឺ​ក្នុង​គោលបំណង​នាំមក​នូវ​វឌ្ឍនភាព​សេដ្ឋកិច្ចសង្គម​សម្រាប់​ក្រុមគ្រួសារ​ក្រីក្រ​រស់នៅ​តាម​បណ្តា​ខេត្ត​ដាច់ស្រយាល ដែល​នៅតែ​ប្រឈម​នឹង​កាកសំណល់​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ (UXO) ផ្សេងទៀត ដែល​បាន​បន្សល់ទុក​ បន្ទាប់ពី​ជម្លោះ​ស៊ីវិល​ជាច្រើន​ទសវត្សរ៍​។

ធនាគារ PPCBank បានផ្តល់​មូលនិធិ​ដល់​គម្រោង​បោសសម្អាត​មីន​ «HeroRATs» របស់​អង្គការ APOPO ដើម្បី​បោសសម្អាត​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ UXO នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា រួមទាំង​នៅ​តំបន់​ដាច់ស្រយាល​នៃ​ខេត្តសៀមរាប​ដែលជា​ខេត្ត​ទេសចរណ៍​ដ៏ល្បីល្បាញ​។

ចំនួន​ភ្ញៀវទេសចរ​បាន​ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​ខេត្តសៀមរាប ដែលជា​ខេត្ត​ល្បីល្បាញ​ខាង​វិស័យ​ទេសចរណ៍ និង​បាន​បង្កើត​ការងារ​រាប់ពាន់​កន្លែង មុនពេល​ជំងឺ​រាតត្បាត​ផ្ទុះឡើង​ដែល​បាន​ធ្វើឱ្យ​ចំនួន​ភ្ញៀវទេសចរ​អន្តរជាតិ​ធ្លាក់ចុះ​យ៉ាងខ្លាំង​។

លោក Baek Jongil ប្រធាន​នាយក​ប្រតិបត្តិ​ធនាគារ PPCBank បាន​មានប្រសាសន៍ថា​៖ «​ប្រជាជន​បាន​បាត់បង់​ប្រភព​ប្រាក់ចំណូល​របស់​ពួកគេ​។ គ្រួសារ​ដែល​ធ្លាប់​ពឹងផ្អែក​ខ្លាំង​លើ​ការមកដល់​នៃ​ភ្ញៀវទេសចរ​បាន​ងាក​ទៅធ្វើ​កសិកម្ម​វិញ ដើម្បី​ស្វែងរក​ប្រាក់ចំណូល​។ ទោះយ៉ាងណា មនុស្ស​ជាច្រើន​មិន​អាចធ្វើ​កសិកម្ម​បានទេ ដោយសារ​តែ​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផ្សេងទៀត នៅលើ​ដីស្រែ​ចម្ការ​របស់​ពួកគេ​»​។

ខេត្តសៀមរាប​គឺជា​ខេត្ត​មួយ​ក្នុង​នៅ​ព្រះរាជាណាចក្រ​កម្ពុជា​ដែល​ត្រូវបាន​ញាំញី​ដោយ​សំណល់​ជាតិ​ផ្ទុះ​សល់​ពី​សង្គ្រាម (ERW)​។

អង្គការ APOPO បាន​ចាប់​ដៃគូ​ជាមួយ​មជ្ឈមណ្ឌល​សកម្មភាព​កំចាត់មីន​កម្ពុជា គិត​ចាប់តាំងពី​ឆ្នាំ​ ២០១៤ ដើម្បី​អនុវត្ត​ការបោសសម្អាត​មីន​ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ UXO នៅ​កម្ពុជា ដោយបាន​បោសសម្អាត​មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ជា​សរុប​មាន​ចំនួន ១៧ ៧១៨ គ្រាប់ និង​គ្រាប់បែក​មិនទាន់​ផ្ទុះ​ជាច្រើន​ទៀត ហើយ​បានប្រគល់​ដី​ដែល​ត្រូវបាន​បោសសម្អាត​គ្រាប់មីន​ជាង​ ២៣ ​គីឡូម៉ែត្រ​ការ៉េ ទៅ​ឱ្យ​ប្រជាជន​ក្នុង​តំបន់​វិញ​។

ដើម្បី​បន្ត​ការប្តេជ្ញាចិត្ត​ក្នុង​កិច្ចគាំពារ​សង្គម​របស់​ខ្លួន ធនាគារ PPCBank ធ្វើ​យុទ្ធនាការ រៃអង្គាស​ថវិកា​ក្នុងចំណោម​អតិថិជន​របស់ខ្លួន​ដោយ​ផ្តល់​ឱ្យ​វិញ​នូវ​ចំនួន​ទឹកប្រាក់​បរិច្ចាគ (dollar for dollar)​។

«​យើង​ផ្តល់ឱ្យ​ ១០០ ​ភាគរយ​នៃ​ការបរិច្ចាគ​ដែល​ទទួលបាន​ពី​បុគ្គលិក និង​អតិថិជន​របស់​យើង​។ ខេត្តសៀមរាប​ត្រូវ​បាន​បាន​រង​ផលប៉ះពាល់​យ៉ាងខ្លាំង​ដោយសារ​ជំងឺ​រាតត្បាត​។ អ្វីៗ​ដែល​ពឹង​ផ្អែកលើ​ឧស្សាហកម្ម​ទេសចរណ៍​ត្រូវបាន​បាត់បង់​»​។

យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​មួយចំនួន​ត្រូវបាន​រកឃើញ​ដោយ​កណ្តុរ​ហិត​មីន HeroRats​។

លោក Baek បន្តថា​៖ «​រួមគ្នា​យើង​អាច​បន្ត​ជួយ​រក្សា​ការងារ​ដែល​ផ្តល់​នេះ សម្រាប់​សហគមន៍​នៅ​ខេត្តសៀមរាប​។ រាល់​ប្រាក់​ដែល​ត្រូវបាន​បរិច្ចាគ​គឺ​ពិតជា​មានតម្លៃ​ណាស់ ហើយនឹង​ត្រូវ​ផ្តល់​ដោយផ្ទាល់​ទៅដល់​អង្គការ APOPO ដើម្បី​ទិញ​អាហារ​ឱ្យ​កណ្តុរ​ហិត​មីន HeroRATs និង​ចំណាយ​លើ​ពេទ្យសត្វ​ថែទាំ ឬ​ដើម្បី​ជួយ​បោសសម្អាត​ដី​តាមរយៈ​ប្រតិបត្តិការ​ដោះមីន ដូច្នេះ​រាល់​ការបរិច្ចាគ​ទាំងអស់ ទោះ​តិចក្តី ច្រើនក្តី គឺជា​ការរួមចំណែក​ដ៏សំខាន់​»​។

ដោយមាន​ជំនួយ​ពី​អង្គការ APOPO ធនាគារ​កូរ៉េខាងត្បូង​ដែលមាន​ស្នាក់ការ​នៅ​ទីក្រុង​ភ្នំពេញ​មួយ​នេះ​បាន​បង្កើតឡើង​នៅ​ខែកញ្ញា ឆ្នាំ​ ២០០៨ ហើយ​កាលពី​ខែមករា បាន​ប្រគល់​ដី​ដែល​បាន​បោសសម្អាត​មីន​ចំនួន​ ២,៤ ​ហិកតា ដល់​ ១១ ​គ្រួសារ​នៅ​ខេត្តសៀមរាប​ក្នុង​ខែកុម្ភៈ ឆ្នាំ​ ២០២១​។

ជាមួយ​កណ្តុ​រហិត​មីន HeroRATs ចំនួន​ ១២ ​ក្បាល និង​អ្នកដោះមីន​ចំនួន​ ១៥ ​នាក់ គ្រាប់មីន​ប្រឆាំង​រថយន្ត​ចំនួន​ ១ ​គ្រាប់ មីន​ប្រឆាំង​មនុស្ស​ចំនួន​ ៧ និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​ផ្សេងទៀត​ចំនួន​ ៩ ​ដូចជា​គ្រាប់បែកដៃ គ្រាប់​រ៉ុក្កែត និង​គ្រាប់បែក​ត្បាល់​ជាដើម​ត្រូវ​បាន​រកឃើញ និង​ត្រូវការ​បោសសម្អាត​ចេញពី​តំបន់​នោះ​ដោយ​សុវត្ថិភាព​។

ធនាគារ​បានឱ្យដឹងថា​៖ «​ការងារ​នេះ​គឺជា​ព្រឹត្តិការណ៍​ដ៏សំខាន់​មួយ​សម្រាប់​ធនាគារ PPCBank ក្នុង​ឆ្នាំ ២០២០ ខណៈដែល​យើង​នៅតែ​បន្ត​គាំទ្រ​ដល់​គម្រោង​ផ្លាស់ប្តូរ​ជីវិត​មួយ​នេះ​»​។

ធ្វើការ​សហការ​ជាមួយ​ធនាគារ PPCBank នៅថ្ងៃនេះ និង​ជួយសង្គ្រោះ​ជីវិត​ប្រជាជន​កម្ពុជា​ម្នាក់ទៀត​ពី​ការគំរាមកំហែង​ពី​គ្រាប់មីន និង​យុទ្ធភណ្ឌ​មិនទាន់​ផ្ទុះ​។ ដើម្បី​បរិច្ចាគ​គឺ​គ្រាន់តែ​បើក​កម្មវិធី​ទូរស័ព្ទ PPCBank Mobile App ហើយ​ស្កេន QR កូដ ឬ​ចុច​លេខ​សម្ងាត់​ក្នុង​គណនី​។ ប្រសិនបើ​មិនមាន​កម្មវិធី​ទូរស័ព្ទ PPCBank Mobile App ទេ លោកអ្នក​អាច​ផ្ទេរ​តាមរយៈ​កម្មវិធី​បាគង​ទៅ​គណនី CSR APOPO Fundraising របស់​ធនាគារ PPCBank​។

សូមជម្រាបថា រាល់​ការបរិច្ចាគ​មិន​ថា តិចក្តី​ច្រើនក្តី គឺមាន​សារៈសំខាន់​ណាស់ ហើយ​យើង​សូម​ស្វាគមន៍​រាល់​ការបរិច្ចាគ​ទាំងអស់​៕

គម្រោង CSR របស់​ធនាគារ PPCBank ផ្តោត​ខ្លាំង​លើ​ការអភិវឌ្ឍ​សហគមន៍​។