គំរូ​នៃ​ការបង្រៀន​បែប​ថ្មី និង​បរិក្ខារ​សិក្សា​ប្រកប​ដោយ​អនាម័យ រួមជាមួយ​វិធានការ​ទប់ស្កាត់​ជំងឺ​កូវីដ​ ១៩ យ៉ាង​តឹងរ៉ឹង​នៅក្នុង​បរិវេណ​សាលា គឺជា​ជំហាន​មួយចំនួន​ដែល​សាលារៀន​អន្តរជាតិ ទ្រូ វីហ្សិន​កម្ពុជា កំពុង​រៀបចំ​ដើម្បី​ស្វាគមន៍​សិស្សានុសិស្ស​ឱ្យ​វិល​ត្រឡប់មក​ថ្នាក់រៀន​វិញ​។

វា​ជា​បញ្ហា​ប្រឈម​មួយ ប្រសិនបើ​សាលា​មិន​យកចិត្ត​ទុកដាក់​ឱ្យបាន​ខ្ពស់​ទៅលើ​ការគំរាមកំហែង​ពី​ជំងឺ​រាតត្បាត​នេះ​។ សុវត្ថិភាព​សិស្ស និង​បុគ្គលិក គឺជា​អាទិភាព​ចម្បង ដូច្នេះ​ការបង្រៀន​នឹង​ប្រព្រឹត្ត​ទៅក្នុង​បរិយាកាស​ប្រកប​ដោយ​សុវត្ថិភាព និង​អនាម័យ ក្រោម​ការឃ្លាំមើល​យ៉ាង​យកចិត្ត​ដាក់​បំផុត​ពី​គ្រូ។

«​អនុសាសន៍​របស់ខ្ញុំ​ចំពោះ​ឪពុក-ម្តាយ គឺ​យើង​ត្រូវ​រៀន​រស់នៅ​ជាមួយ​ជំងឺ​កូវីដ​ ១៩ ហើយ​យើង​មិនចាំបាច់​ភ័យខ្លាច​ទេ ពីព្រោះ​យើង​ភាគច្រើន​នៅ​ទីក្រុង​ភ្នំពេញ​បាន​ចាក់​វ៉ាក់សាំង​យ៉ាង​ត្រឹមត្រូវ​។ សាលា​អន្តរជាតិ​ទ្រូវីហ្សិន​កម្ពុជា​បាន​អនុវត្តតាម​គោលការណ៍​ប្រតិបត្តិ​ស្តង់ដា (SOP) ដែល​កំណត់ ដោយ​ក្រសួង​សុខាភិបាល និង​រដ្ឋាភិបាល​។

លោក សេង បូណា អគ្គនាយក​សាលា ទ្រូ វីហ្សិន​កម្ពុជា​ មាន​ប្រសាសន៍​ថា​៖ «​ដល់​ពេលដែល​កុមារ​ត្រូវ​វិល​ត្រឡប់មក​សាលារៀន​វិញ​ហើយ ពីព្រោះ​ពួកគេ​នៅ​ឆ្ងាយ​ពី​ថ្នាក់រៀន​របស់​ពួកគេ​យូរណាស់​ហើយ​។ ការបង្រៀន​តាម​អនឡាញ​​គឺ​មិន​ថ្វី​ទេ ប៉ុន្តែ​កុមារ​ត្រូវការ​ចូលរៀន​ជួបជុំ​គ្រូ​ និង​មិត្តភក្តិ​របស់​ពួកគេ​វិញ ពីព្រោះ​នេះ​គឺជា​វិធី​នៃ​ការរៀនសូត្រ​ដែលមាន​ផលិតភាព​ជាង​។ តាម​គ្រប់​មធ្យោបាយ​សាលា ទ្រូ វីហ្សិន បាន​ត្រៀមខ្លួន​រួចជាស្រេច ដើម្បី​ស្វាគមន៍​សិស្សានុសិស្ស​របស់​យើង​»​។

សិស្ស​វិទ្យាល័យ​ចាប់ពី​ថ្នាក់​ទី​ ៧ ដល់ទី​ ១២ បាន​វិលត្រឡប់​មកកាន់​បរិវេណ​សាលា​វិញ គិត​ចាប់តាំងពី​ខែកញ្ញា នៅពេល​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​សាលារៀន​បើក​ឡើងវិញ បន្ទាប់ពី​ត្រូវបាន​បិទ​អស់​ជាច្រើន​ខែ​ដោយសារ​ជំងឺ​រាតត្បាត ខណៈ​សិស្ស​ថ្នាក់​មត្តេយ្យ និង​បឋមសិក្សា​នឹង​ចូលរៀន​នៅក្នុង​ថ្នាក់​ធម្មតា​ឡើងវិញ​នៅក្នុង​សាលារៀន ទ្រូ វីហ្សិន នៅពេលណា​ដែល​រដ្ឋាភិបាល​អនុញ្ញាត​ឱ្យ​បើក​ដំណើរការ​ឡើងវិញ​។

ដូច​ស្ថាប័ន​អប់រំ​ដទៃទៀត​នៅ​កម្ពុជា​ដែរ ការបង្រៀន​ក្នុង​ថ្នាក់​របស់​សាលា ទ្រូ វីហ្សិន ​ត្រូវបាន​រំខាន​ដោយ​ជំងឺ​រាតត្បាត ដែល​បង្ខំ​ឱ្យ​សិស្ស​នៅ​ឆ្ងាយ​ពី​ថ្នាក់រៀន​។

លោក សេង បូណា អគ្គនាយក​សាលារៀន​អន្តរជាតិ ទ្រូ វីហ្សិន​កម្ពុជា​។

សាលា ទ្រូ វីហ្សិន បាន​ដាក់ចេញ​យុទ្ធសាស្ត្រ​ផ្ទាល់ ដើម្បី​កែសម្រួល​វិធីសាស្ត្រ​បង្រៀន​របស់ខ្លួន​យ៉ាង​ឆាប់រហ័ស ដោយ​ការបង្រៀន​បែប​ប្រពៃណី ត្រូវបាន​ជំនួស​ដោយ​ឧបករណ៍​ឌីជីថល និង​ការបង្រៀន​តាម​អនឡាញ ដើម្បីឱ្យ​សិស្ស​អាច​បន្ត​ការសិក្សា​ដោយ​គ្មាន​ការអាក់ខាន​។

ជាមួយ​នឹង​ស្ថានភាព​បាន​ផ្លាស់ប្តូរ ខណៈ​ករណី​ជំងឺ​កូវីដ​ ១៩ កំពុង​បង្ហាញ​ពី​ការធ្លាក់ចុះ រដ្ឋាភិបាល​កំពុង​អនុញ្ញាត​ឱ្យ​អាជីវកម្ម និង​សាលារៀន​បើក​ដំណើរការ​ឡើងវិញ​បន្តិច​ម្តងៗ ហើយ​ការគ្រប់គ្រង​របស់​សាលា​ ទ្រូ វីហ្សិន កំពុង​ធ្វើឱ្យ​ឪពុក- ម្តាយ​មាន​ទំនុកចិត្ត​ក្នុង​ការបញ្ជូន​កូន​របស់​ពួកគេ​មកកាន់​សាលារៀន​វិញ ដោយ​ធានា​ពី​សុវត្ថិភាព សុខភាព​របស់​ពួកគេ​។

«​ឪពុកម្តាយ​ខ្លះ​នៅតែ​ស្ទាក់ស្ទើរ​ក្នុង​ការបញ្ជូន​កូន​របស់​ពួកគេ​មក​សាលារៀន​វិញ ប៉ុន្តែ​ខ្ញុំ​សូម​លើក​ទឹកចិត្ត​ឪពុកម្តាយ​ឱ្យ​បញ្ជូន​ពួកគេ​មក​សាលារៀន ពីព្រោះ​នេះ​គឺជា​បទដ្ឋាន​ថ្មី ហើយ​យើង​ត្រូវតែ​រៀន​សម្រប​ខ្លួន​ និង​រស់នៅក្នុង​យុគសម័យ​ថ្មី​»​។

«​បុគ្គលិក​របស់​យើង​ដឹង​យ៉ាងច្បាស់​ក្នុង​ការមើលថែ​កុមារ​។ ឧទាហរណ៍ ពួកគេ​មិនត្រូវ​បានអនុញ្ញាត​​ឱ្យ​ប៉ះពាល់​រាងកាយ​ដោយផ្ទាល់​ឡើយ ហើយ​យើង​ពិនិត្យ​សីតុណ្ហភាព​របស់​សិស្ស​គ្រប់រូប មុនពេល​ចូលទៅក្នុង​បរិវេណ​សាលា​»​។

លោក សេង បូណា បាន​បន្តថា​៖ «​បច្ចុប្បន្ន ទំហំ​ថ្នាក់រៀន​នីមួយៗ​ត្រូវបាន​បន្ថយ​មក​ពាក់​កណ្តា​លពី ១៨ ទៅ​ ២០ ​នាក់ មុនពេល​ជំងឺ​កូវីដ មក​នៅត្រឹមតែ​ប្រមាណ​ ១០ ​នាក់​ប៉ុណ្ណោះ​នៅក្នុង​ថ្នាក់​នីមួយៗ​។ សិស្ស ត្រូវបាន​អនុញ្ញាត​ឱ្យ​ឈប់សម្រាក​រៀងរាល់​ ២០ ​នាទី​ម្តង បន្ទាប់ពី​ការសិក្សា​រៀងរាល់​ ៤០ ​នាទី​។ នៅក្នុង​ថ្នាក់រៀន យើង​មិន​បើក​ម៉ាស៊ីនត្រជាក់​ទេ ប៉ុន្តែ​ប្រើតែ​កង្ហារ​ប៉ុណ្ណោះ ហើយ​យើង​បើកទ្វារ​ និង​បង្អួច​ដើម្បី​ឱ្យមាន​ខ្យល់​ចេញចូល​គ្រប់គ្រាន់​។ បន្ទប់​ដោយឡែក​ក៏ត្រូវ​បានរៀបចំ​ផងដែរ ក្នុងករណី​បន្ទាន់​»​។

ការយកចិត្ត​ទុកដាក់​អំពី​សុខភាព​របស់​សាលា ទ្រូ វីហ្សិន ​មិនមែន​មានតែ​នៅក្នុង​ថ្នាក់រៀន​ប៉ុណ្ណោះ​ទេ​។ សាលា​មិន​អនុញ្ញាត​ឱ្យ​ហាង​ ឬ​តូប​ណាមួយ​អាច​លក់​អាហារ​ ឬ​ភេសជ្ជៈ​ដល់​សិស្ស​បាន​ទេ នៅក្នុង​បរិវេណ​ជុំវិញ គឺ​អនុញ្ញាត​ឱ្យ​មាតាបិតា រៀបចំ​អាហារ ឬ​ចំណី ពី​ផ្ទះ​ក៏ដូចជា​អាហារ​ថ្ងៃត្រង់ សម្រាប់​សិស្ស​ដែល​ស្នាក់នៅ​ច្រើន​ម៉ោង​នៅ​សាលា​។

សិស្ស​ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង​មុនពេល​ចូល​បរិវេណ​សាលា​។ រូបថត Supplied

ដើម្បី​ឱ្យ​ការបើក​សាលារៀន​វិញ​មាន​សុវត្ថិភាព ទាំង​គ្រូបង្រៀន សិស្ស និង​បុគ្គលិក​សិក្សា ត្រូវ​បង្ហាញ​បណ្ណ​ចាក់​វ៉ាក់សាំង មុនពេល​ចូលទៅក្នុង​បរិវេណ​សាលា​។

លោក សេង បូណា បាន​ថ្លែងថា​៖ «​សម្រាប់​សិស្ស​ដែល​មិនបាន​ចាក់វ៉ាក់សាំង​ដោយ​មិនមាន​បញ្ហា​សុខភាព​ពួកគេ​មិនត្រូវ​បានអនុញ្ញាត​ឱ្យចូល​សាលារៀន​ឡើយ ប៉ុន្តែ​សិស្សានុសិស្ស​អាច​ធ្វើការ​រៀន​ពី​ចម្ងាយ​នៅ​ផ្ទះ​ជាធម្មតា​។ លើសពីនេះ​ដោយ​មាន​ការសម្របសម្រួល​ពី​អាជ្ញាធរ​មូលដ្ឋាន​លោកគ្រូ-អ្នកគ្រូ និង​បុគ្គលិក​ទាំងអស់​ត្រូវបាន​អនុញ្ញាត​ឱ្យ​ធ្វើតេស្ត​ឆាប់រហ័ស (Rapid-Test) ដើម្បីឱ្យ​ប្រាកដថា បុគ្គលិក​ទាំងអស់​ត្រូវ​បាន​តេស្ត​អវិជ្ជមាន​ជំងឺ​កូវីដ​ ១៩»​។

គ្រូបង្រៀន និង​បុគ្គលិក​សិក្សា ដែល​មាន​អាយុ​លើសពី ៥០ ឆ្នាំ​ឡើង​ដែល​មិន​ត្រូវបាន​ចាក់​វ៉ាក់សាំង​ដោយ​បញ្ហា​សុខភាព និង​សិស្ស​ដែលមាន​បញ្ហា​សុខភាព​ដែល​មិនបាន​ចាក់វ៉ាក់សាំង​ត្រូវបាន​តម្រូវឱ្យ​បង្រៀន​​ និង​រៀន​ពី​ចម្ងាយ​។

សាលា​អន្តរជាតិ ទ្រូ វីហ្សិន​កម្ពុជា ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៣ ក្រោម​បេសកកម្ម​ដែល​កំណត់​យ៉ាងច្បាស់លាស់ ពោល​គឺ​សាលារៀន​អន្តរជាតិ ទ្រូ វីហ្សិន​កម្ពុជា ​មាន​ការតាំងចិត្ត​ខ្ពស់​ និង​ប្រាកដប្រជា​ក្នុង​ការកសាង​សមត្ថភាព និង​អភិវឌ្ឍន៍​ជំនាញ​របស់​សិស្ស​។ ស្ថាប័ន​នេះ​ផ្តល់​ការអប់រំ​ទាំង​ភាសា​អង់គ្លេស ខ្មែរ និង​ចិន ចាប់ពី​ថ្នាក់​មត្តេយ្យ រហូតដល់​កម្រិត​វិទ្យាល័យ ហើយ​បច្ចុប្បន្ន​មាន​ ៧ ​សាខា​៕