សាលា​កីឡា​អេឡិចត្រូនិក DragonFly E-Learning''s Academy ដែលមាន​ស្នាក់ការ​នៅ​ទីក្រុង​ភ្នំពេញ កំពុង​ដាក់ឱ្យ​ដំណើរការ​កម្មវិធី​បណ្តុះបណ្តាល ដើម្បី​បង្កើត​អ្នកលេង​កីឡា​អេឡិចត្រូនិក​អាជីព​សម្រាប់​គំរូ​អាជីវកម្ម​ដែល​កំពុង​រីកចម្រើន​យ៉ាង​ឆាប់រហ័ស​មួយ​នេះ​។

ក្រុមហ៊ុន​កំពុង​លើកទឹកចិត្ត​យុវជន​កម្ពុជា​ឱ្យ​ចូលរួម​ក្នុង​កម្មវិធី​ផ្តល់​អាហារូបករណ៍​ដំបូង (ISO) របស់​ខ្លួន ដែល​សិក្ខាកាម​ត្រូវបាន​បង្រៀន​អំពី​ទ្រឹស្តី និង​ការអនុវត្ត​ជាក់ស្តែង​អំពី​កីឡា​អេឡិចត្រូនិក​។

លោក រិទ្ធ វណ្ណៈ នាយក​សាលា DragonFly E-Learning បាន​មានប្រសាសន៍​ថា​៖ «​យើង​កំពុង​ផ្តល់​ឱកាស​ដល់​យុវជន​កម្ពុជា​ ដើម្បី​ស្វែងយល់​អំពី​គំរូ​នៃ​ការលេង ដែល​កំពុង​​តែ​ពេញនិយម​។ វា​គឺជា​ឧស្សាហកម្ម​ដែល​កំពុង​រីកចម្រើន​ខ្លាំង​នៅក្នុង​ប្រទេស​ហ្វីលីពីន និង​ប្រទេស​ថៃ​។ ប្រទេស​កម្ពុជា​មាន​មូលដ្ឋានគ្រឹះ​​កីឡា​អេឡិចត្រូនិក​ផ្ទាល់ខ្លួន ហើយ​យើង​គិតថា​វា​ជា​ពេលវេលា​ដ៏ល្អ ដើម្បី​ណែនាំ​គំរូ​នេះ ជាពិសេស​ក្នុងអំឡុង​ជំងឺ​កូវីដ​ ១៩ រាតត្បាត​។

កីឡា​អេឡិចត្រូនិក​ថ្មី​នេះ អនុញ្ញាត​ឱ្យ​អ្នកលេង​កីឡា​អេឡិកត្រូនិក​អាច​រកប្រាក់​ចំណូល​បាន ឬ​ទ្រព្យ​ឌីជីថល​។ សាលា​កីឡា​អេឡិចត្រូនិក​នេះ​មាន​ទីតាំង​ស្ថិតនៅ​អគារ Aquation Office Park ផ្តល់​ការបណ្តុះបណ្តាល​ជំនាញ និង​កន្លែង​ការងារ​សម្រាប់​សិក្ខាកាម​នៅ​កម្ពុជា ដែលមាន​បំណង​ចង់​បន្ត​អាជីព​ក្នុង​វិស័យ​កីឡា​អេឡិចត្រូនិក​អាជីព តាមរយៈ​កម្មវិធី ISO ។

កម្មវិធី​រៀន​កីឡា​អេឡិចត្រូនិក របស់​សាលា DragonFly E-Learning គឺ​ផ្តោតលើ​ការជ្រើសរើស និង​បណ្តុះបណ្តាល អ្នកមាន​ទេពកោសល្យ សម្រាប់​ឧស្សាហកម្ម​កីឡា​អេឡិចត្រូនិក​ប្រកប​ដោយ​ជំនាញ​វិជ្ជាជីវៈ ក៏ដូចជា​ការផ្តល់ឱ្យ​ពួកគេ​នូវ​ផ្លូវ​រីកចម្រើន​នៅក្នុង​អាជីព​ច្បាស់លាស់ និង​ទូលំទូលាយ​។

«​យើង​មាន​ក្តី​រីករាយ​ក្នុង​ការបើក​ដំណើរការ​សាលា​បណ្តុះបណ្តាល​នេះ​នៅក្នុង​ប្រទេស​កម្ពុជា និង​នាំមក​នូវ​ឱកាស​ការងារ​ដល់​សហគមន៍​នៅ​កម្ពុជា​។ ជាមួយ​យុវជន​ជំនាន់​ក្រោយ​ដែលមាន​ចំណេះដឹង​ផ្នែក​បច្ចេកវិទ្យា ប្រទេស​កម្ពុជា​មាន​សក្តានុពល​ច្រើន​នៅក្នុង​ការអភិវឌ្ឍ​កីឡា​អេឡិចត្រូនិក​របស់ខ្លួន​»​។

លោក វណ្ណៈ បន្ថែមថា​៖ «​នេះ​គឺជា​ឱកាស​មួយ​សម្រាប់​អ្នកចូលរួម​ថ្មី​នៅក្នុង​ឧស្សាហកម្ម​កីឡា​អេឡិចត្រូនិក ដើម្បី​ឈានទៅដល់​កម្រិត​អាច​លេង​បាន ដែល​ត្រូវ​ទទួល​ការបណ្តុះបណ្តាល និង​ធ្វើការ​នៅ​កន្លែង​ការងារ​ដែលមាន​ប្រាក់ខែ​ល្អ និង​អាចឱ្យ​ពួកគេ​លេង និង​រកប្រាក់​ចំណូល​បាន​ក្នុងពេល​តែមួយ​»​។

កម្មវិធី ISO ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយ​ដៃគូ​ស្ថាប័នឯកជន​នៅក្នុង​សហគមន៍​កីឡា​មួយ​នេះ ដើម្បី​ផ្តល់​មូលនិធិ ក៏ដូចជា​ការបណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ និង​ឱកាស​ការងារ​សម្រាប់​សិក្ខាកាម ដែលមាន​សក្តានុពល​របស់ខ្លួន​។

សាលា​មាន​ទីតាំង​ស្ថិតនៅ​អគារ Aquation Office Park នៅ​កោះពេជ្រ​។

ក្រុម​បណ្តុះបណ្តាល​របស់​សាលា DragonFly E-Learning ដែល​រួមមាន​អ្នកលេង​កីឡា​អេឡិចត្រូនិក​អាជីព គឺ​ពឹង​ផ្អែកលើ​កម្មវិធីសិក្សា​ដ៏ទូលំទូលាយ ដើម្បី​ណែនាំ​អ្នកចូលរួម​តាមរយៈ​ដំណើរការ​មួយ​ជំហាន​ម្តងៗ ដែល​ត្រូវបាន​រៀបចំឡើង​ដើម្បី​ដឹកនាំ​ពួកគេ​តាំងពី​ចាប់ផ្តើម​ដំបូង​សម្រាប់​អ្នក ដែលមាន​ជំនាញ​តិចតួច ឬ​គ្មាន និង​អ្នកមាន​បទពិសោធ​ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​ពី​សហគមន៍​កីឡា​អេឡិចត្រូនិក​។

កីឡា​អេឡិចត្រូនិក​កម្ពុជា គឺជា​ឧស្សាហកម្ម​ដែលមាន​តម្លៃ​រាប់ពាន់​លាន​ដុល្លារ នេះ​បើ​យោងតាម​អ្នកជំនាញ ដែល​វា​គឺជា​មធ្យោបាយ​មួយ​ដើម្បី​ជួយ​អភិវឌ្ឍ​សេដ្ឋកិច្ចកម្ពុជា​បន្ថែមទៀត ហើយ​វា​ក៏ត្រូវ​បាន​គេ​ប៉ាន់ប្រមាណ​ថា​មាន​អ្នកលេង​កីឡា​អេឡិចត្រូនិក​ច្រើនជាង​ ២ ​លាន​នាក់​នៅក្នុង​ប្រទេស​កម្ពុជា ហើយ​ចំនួន​នេះ​ទំនង​ជា​នឹង​កើនឡើង​បន្ថែមទៀត ខណៈ​ឱកាស​កាន់តែ​បើកចំហ​នៅក្នុង​វិស័យ​មួយ​នេះ​។

សាលា​កីឡា​អេឡិចត្រូនិក DragonFly E-Learning''s Academy នៅ​កម្ពុជា គឺជា​មជ្ឈមណ្ឌល​ដំបូង​​គេ​បង្អស់ ដែល​ត្រូវបាន​បង្កើតឡើង​ដោយ​ស្ថាប័ន ហើយ​រំពឹងថា​នឹង​ជ្រើសរើស ក៏ដូចជា​បណ្តុះបណ្តាល​សិក្ខាកាម​ថ្មី​ចំនួន​ ១០ ​ម៉ឺន​នាក់ ត្រឹម​ចុងឆ្នាំ​ ២០២២​។

មាន​ការប៉ាន់​ស្មាន​ថា​នៅ​កម្ពុជា​មាន​អ្នកលេង​កីឡា​អេឡិចត្រូនិក​ប្រមាណ​ ២ ​លាន​នាក់​។

ចំនួន​សិក្ខាកាម​ត្រូវបាន​រំពឹងថា​នឹង​កើនឡើង​បន្ថែមទៀត ស្រប​ជាមួយ​កំណើន​នៃ​ចំនួន​កន្លែង​បណ្តុះបណ្តាល​ដែល​បង្កើតឡើង​ដោយ DragonFly E-Learning Academy នៅ​ទូទាំង​បណ្តា​ប្រទេស​អាស៊ីអាគ្នេយ៍​ផ្សេងទៀត ក្នុង​រយៈពេល​ដ៏ខ្លី​។

លោក វណ្ណៈ បាន​បន្តថា​៖ «​ខណៈ​​ឧស្សាហកម្ម​កីឡា​អេឡិចត្រូនិក​បន្ត​រីកចម្រើន ហើយ​មនុស្ស​កំពុង​គិត​ឡើង​​វិញ​អំពី​អាជីព​របស់​ពួកគេ សាលា DragonFly E-Learning Academy តាមរយៈ​កម្មវិធី ISO របស់ខ្លួន​បាន​ច្នៃប្រឌិត​វិធីសាស្ត្រ ដើម្បី​បង្កើត​អ្នកលេង​កីឡា​ជំនាញ ដែល​កំពុងមាន​តម្រូវការ​ខ្ពស់​នៅក្នុង​ឧស្សាហកម្ម​កីឡាអេឡិចត្រូនិក​»៕