ក្រុមហ៊ុន Worldwide Motors Company Ltd (WMC) ដែលជា​ក្រុមហ៊ុន​នាំចូល និង​ចែកចាយ​រថយន្ត​ចិន​ឈានមុខ​គេ​នៅ​កម្ពុជា បាន​បន្ត​ពង្រីក​អាជីវកម្ម​របស់ខ្លួន តាមរយៈ​ការចុះ​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​ដ៏ធំ​ឈ្មោះ Dongfeng Motor Corporation​។

លោក Peang Mann អគ្គនាយក​ក្រុមហ៊ុន​នាំចូល​រថយន្ត​ថ្មី​ដែលមាន​មូលដ្ឋាន​នៅ​ទីក្រុង​ភ្នំពេញ​មួយ​នេះ​បាន​មានប្រសាសន៍ថា ការវិវឌ្ឍ​នេះ​គឺ​ឆ្លុះបញ្ចាំង​អំពី​កំណើន​នៃ​តម្រូវការ​រថយន្ត​ចិន ជាមួយ​នឹង​ម៉ាក Dongfeng G500 ចំនួន​ ៣ ​ម៉ូដែល​ប្រភេទ SUV ដែល​នឹងដាក់​លក់​នៅ​ដើមឆ្នាំ​ក្រោយ​ ខណៈ​រថយន្ត Dongfeng IX5 និង IX7 SUVs គ្រោង​នឹង​ចេញលក់​នៅ​ចុងឆ្នាំ​ ២០២២​។

«​កិច្ចព្រមព្រៀង​ជាមួយ​ក្រុមហ៊ុន Dongfeng នេះ អនុញ្ញាត​ឱ្យ​យើង​ផ្តល់ជូន​ប្រជាជន​កម្ពុជា​នូវ​ជម្រើស​កាន់តែច្រើន​នៃ​រថយន្ត​ដែលមាន​គុណភាព​ខ្ពស់ ផលិត​នៅ​ប្រទេស​ចិន ខណៈ​អតិថិជន​បាន​យល់ដឹង​កាន់តែច្បាស់​ថា រថយន្ត​ចិន​គឺមាន​គុណភាព​ខ្ពស់ ដូច​អ្វី​ផ្សេងទៀត​ដែល​មាន​នៅលើ​ទីផ្សារ​ដែរ ប៉ុន្តែ​តំណាងឱ្យ​តម្លៃ និង​គុណភាព​ច្រើនជាង​»​។

លោក Mann អគ្គនាយក​ក្រុមហ៊ុន WMC បន្តថា​៖ «​ទីផ្សារ​កម្ពុជា​កំពុង​កើនឡើង ហើយ​ពេលនេះ​មានឱកាស​កាន់តែ​ច្រើនជាង​ពេលណាៗ​ទាំងអស់ សម្រាប់​ប្រជាជន​កម្ពុជា​ក្នុង​ការធ្វើ​ជា​ម្ចាស់​រថយន្ត​ចិន​ថ្មី​»​។

ក្រុមហ៊ុន Dongfeng ជា​ក្រុមហ៊ុន​មួយ​ក្នុងចំណោម​ក្រុមហ៊ុន​ផលិត​រថយន្ត​ចិន​ធំៗ​ទាំង​ ៤ ខណៈ​ក្រុមហ៊ុន WMC មាន​ចែកចាយ​រថយន្ត​ល្បីៗ​ជាច្រើន​ប្រភេទ​ដូចជា​រថយន្ត​ម៉ាក Great Wall រថយន្ត​ប្រភេទ SUV រថយន្ត​ម៉ាក Haval, Zotye, Huanghai, Traum និង FAW ក៏ដូចជា​រថយន្ត​ធុន​តូច BAW​។

ត្រូវបាន​បង្កើតឡើង​ក្នុង​ឆ្នាំ​ ១៩៦៩ ក្រុមហ៊ុន Dongfeng ដែល​ភាសា​ចិន​មានន័យថា «​ខ្យល់​ទិសខាងកើត​» មាន​បុគ្គលិក​ប្រមាណ​​ ១៥ ​ម៉ឺន​នាក់ និង​ប្រាក់ចំណូល​ពី​ការលក់​ចំនួន​ ៩០ ​ពាន់​លាន​ដុល្លារ គិត​ត្រឹម​ឆ្នាំ​ ២០១៨​។

ពាណិជ្ជសញ្ញា​របស់ WMC ត្រូវបាន​ចុះបញ្ជី​ពាណិជ្ជ​នៅ​ក្រសួង​ពាណិជ្ជកម្ម និង​ត្រូវបាន​បង្កើតឡើង​ជាង​ ១០ ​ឆ្នាំ លើ​ទីផ្សារ​រថយន្ត​ថ្មី​ក្នុងស្រុក ដែល​បានទទួល​ការគាំទ្រ​ និង​ពេញនិយម​ប្រើប្រាស់​ពី​សំណាក់​អតិថិជន​ទាំង​ជា​បុគ្គល និង​ក្រុមហ៊ុន​។

បង្កើតឡើង​ក្នុង​ឆ្នាំ​ ២០១៣ ស្នាក់ការ​កណ្តាល​របស់​ក្រុមហ៊ុន​មាន​ទីតាំង​ស្ថិតនៅ​បណ្តាយ​មហាវិថី​សហព័ន្ធរុស្ស៊ី​ខណ្ឌ​សែនសុខ ក្នុង​រាជធានី​ភ្នំពេញ ហើយ​ក្រុមហ៊ុន​បាន​បើក​សាខា​ចំនួន​ ២ ​បន្ថែមទៀត គឺ​សាខា​ផ្លូវ​ ២០០៤ និង​សាខា​ទួលពង្រ​។

ការពង្រីក​នេះ​គឺ​ដើម្បី​ឆ្លើយតប​ទៅនឹង​តម្រូវការ​របស់​អតិថិជន​ដែល​កំពុង​កើនឡើង ដែល​ចង់បាន​រថយន្ត​ថ្មី​ទំនើប​ទាន់សម័យ មាន​គុណភាព​ខ្ពស់ និង​មានតម្លៃ​សមរម្យ ខណៈ​មុនពេល​ជំងឺ​រាតត្បាត ក្រុមហ៊ុន WMC មាន​កំណើន​ ៦០ ​ភាគរយ​នៃ​ការលក់​រថយន្ត​ចិន ក្នុង​ឆ្នាំ​ ២០១៩ បើ​ធៀប​នឹង​ឆ្នាំ​ ២០១៨​។

ជាមួយ​បទពិសោធ​ជាច្រើន​ឆ្នាំ កេរ្តិ៍ឈ្មោះ​ល្បីល្បាញ និង​ប្រវត្តិ​នៃ​ភាពជោគជ័យ​នៅក្នុង​ទីផ្សារ​រថយន្ត​ថ្មី ក្រុមហ៊ុន WMC ទទួល​សិទ្ធិផ្តាច់មុខ​ក្នុង​ការនាំចូល និង​ចែកចាយ​រថយន្ត​ម៉ាក​ល្បីៗ​របស់​ចិន​ដូចជា ម៉ាក ZX Auto, Bestune, Changhe, Kaiyi, Hawtai, Kenbo និង Bisu ជាដើម​។

រថយន្ត​ដែលមាន​នៅ​ក្រុមហ៊ុន WMC ទាំងអស់​សុទ្ធសឹងតែ​ជា​រថយន្ត​ថ្មី​សន្លាង មាន​រូបរាង​ស្រស់សង្ហា បំពាក់​ដោយ​ម៉ាស៊ីន​កម្លាំង​ខ្លាំង ស៊ីប្រេង​តិច គុណភាព​ខ្ពស់ តួ និង​សាក់​ស៊ី​រឹងមាំ ពោង​សុវត្ថិភាព ហ្វ្រាំង ABS និង EBD ដែល​អាច​ធានាបាន​នូវ​សុវត្ថិភាព និង​ទំនុកចិត្ត​ក្នុងការ​បើកបរ​លើ​គ្រប់​ស្ថានភាព​ផ្លូវ​។

ដោយ​បន្ថែម​ពី​លើ​ការផលិត​រថយន្ត​សម្រាប់​គោលបំណង​ពាណិជ្ជកម្ម និង​លក្ខណៈ​គ្រួសារ ជាច្រើន​ប្រភេទ ក្រុមហ៊ុន Dongfeng ក៏​ផលិត​គ្រឿងបន្លាស់​រថយន្ត និង​សហការ​ជាមួយ​ក្រុមហ៊ុន​បរទេស ដោយ​បាន​បណ្តាក់ទុន​រួមគ្នា​ជាមួយ​ក្រុមហ៊ុន​ផលិត​រថយន្ត​កំពូលៗ​នៅលើ​ពិភពលោក​ដូចជា Peugeot, Honda, Citroen, Nissan និង Renault ជាដើម​។

លោក Mann ជឿជាក់ថា អត្ថប្រយោជន៍​ដ៏ច្រើន​នៃ​រថយន្ត​ទាំងនេះ គឺ​មានន័យថា រថយន្ត​ចិន​នឹង​ទទួលបាន​ការគាំទ្រ​កាន់តែ​ទូលំទូលាយ​បន្ថែមទៀត​។

«​ដោយ​មើលឃើញ​ឱកាស​ទីផ្សារ​មាន​សក្តានុពល យើង​កំពុង​ពង្រីក​កិច្ចសហប្រតិបត្តិការ និង​ម៉ាក​យីហោ​ផ្ទាល់​របស់​យើង តាមរយៈ​ការនាំ​ចូល និង​ចែកចាយ​ផ្តាច់មុខ​រថយន្ត​ចិន​នៅ​កម្ពុជា ក្រោម​ម៉ាក WMC »​។

«​យើង​មាន​ទំនុកចិត្ត​ថា នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ រថយន្ត​ចិន​នឹងមាន​វត្តមាន​កាន់តែច្រើន​នៅលើ​ដងផ្លូវ​នៅ​កម្ពុជា និង​នាំមុខគេ​នៅក្នុង​ទីផ្សារ​រថយន្ត​កម្ពុជា​»​។

លោក Mann មានការ​ប្តេជ្ញាចិត្ត​ខ្ពស់​ចំពោះ​គោលដៅ​របស់លោក​ក្នុង​ការលើក​ទឹកចិត្ត​ប្រជាជន​កម្ពុជា​ឱ្យក្លាយ​ជា​ម្ចាស់​រថយន្ត​ថ្មី​ផ្ទាល់ខ្លួន ពីព្រោះ​វា​ជា​ការវិនិយោគ​មួយ​ដែល​ផ្តល់​អត្ថប្រយោជន៍​ ដើម្បី​បង្កើន​សុវត្ថិភាព ខណៈ​បច្ចេកវិទ្យា​ចុងក្រោយ​បំផុត មានន័យថា វា​មិន​ប៉ះពាល់​ដល់​បរិស្ថាន​។

«​យើង​បាន​ណែនាំ​ពី​វិធីសាស្ត្រ​ក្នុង​ការជួយ​ផ្តល់​ហិរញ្ញប្បទាន​ដល់​អតិថិជន​របស់​យើង តាមរយៈ​ដៃគូ​ហិរញ្ញវត្ថុ​របស់​យើង រួមទាំង​ធនាគារ​ដូចជា ធនាគារ Shinhan Bank ធនាគារ KB Finance ធនាគារ​អេស៊ីលីដា និង​ធនាគារ ABA ព្រមទាំង​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ផ្សេងទៀត​»​។

«​យើង​ក៏​ផ្តល់ជូន​សេវាកម្ម​ជាច្រើន​ប្រភេទ ដែល​ចាប់ផ្តើម​ពី​ការផ្តល់​ប្រាក់កម្ចី​ទិញ​រថយន្ត រយៈពេល​ចាប់ពី​ ១ ទៅ ៧ ​ឆ្នាំ​ជាមួយនឹង​អត្រា​ការប្រាក់​ទាប​បំផុត​»​។

លោក Mann មានប្រសាសន៍​ថា​៖ «WMC ប្តេជ្ញា​ជួយ​អ្នក​ដែលមាន​បំណង​ចង់​ទិញ​រថយន្ត​ថ្មី ដូចជា​ណែនាំ​ជម្រើស​ដែល​តប​តាម​តម្រូវការ​របស់​អតិថិជន​នីមួយៗ ជាមួយ​នឹង​ការផ្តល់ជូន​ពិសេសៗ ដូចជា ការធានា និង​សេវាកម្ម​ថែទាំ​ជាដើម​»៕