សភា​ពាណិជ្ជកម្ម​អាមេរិក​នៅ​កម្ពុជា (AmCham) កាលពី​ថ្ងៃទី ១៨ ខែវិច្ឆិកា បានរៀបចំ​ពិធី​ប្រគល់​ពានរង្វាន់ CSR Excellence Awards 2021 «​ដើម្បី​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការតបស្នង​» ដល់​ព្រះរាជាណាចក្រ ខណៈ​ដែល​ពិធី​នេះ​ផ្តោត​កាន់តែ​ខ្លាំង​លើ​ភាពជា​ពលរដ្ឋ​នៃ​សាជីវកម្ម​។

ព្រឹត្តិការណ៍​នេះ​ធ្វើឡើង​នៅក្នុង​សណ្ឋាគារ Raffles Hotel Le Royal ក្នុង​រាជធានី​ភ្នំពេញ​បានផ្តល់​កិត្តិយស​ដល់​សមាជិក AmCham សម្រាប់​កិច្ចខិតខំ​ប្រឹងប្រែង​គួរឱ្យ​កត់សម្គាល់​របស់​ពួកគេ​ក្នុង​ការជួយ​ដល់​សង្គម​។

ដោយសារ​តែ​ការរីករាលដាល​ជំងឺ​ដែល​បណ្ដាល​ឱ្យ​មាន​ការពិបាក​មិន​ធ្លាប់​មាននៅ​ឆ្នាំនេះ និង​បញ្ហា​ជាច្រើន​ទៀត ដែល​ត្រូវ​ប្រឈម សមាជិក AmCham ទាំង​ ១៨ ត្រូវបាន​កោតសរសើរ​ដល់​កិច្ចខិតខំ​ប្រឹងប្រែង​ចំពោះ​ការខុសត្រូវ​ផ្នែក​សង្គម​រួមគ្នា​ជាពិសេស (CSR) របស់​ពួកគេ​ក្នុង​ការប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូវីដ-១៩ ក៏ដូចជា​ផលប៉ះពាល់​បរិស្ថាន និង​សង្គម​របស់​ពួកគេ​ផងដែរ​។

ពានរង្វាន់​នេះ​ត្រូវ​បាន​ប្រគល់ជូន​ដល់​ក្រុមហ៊ុន Wing ក្រុមហ៊ុន Cellcard និង​សណ្ឋាគារ Hyatt Regency ជាពិសេស ចំពោះ​ការរួមចំណែក​យ៉ាងខ្លាំង​របស់​ពួកគេ​នៅក្នុង​វិស័យ​ទាំងនេះ​។

« វា​ជា​ឱកាស​ដ៏ពិសេស​មួយ​សម្រាប់​ពួកយើង​។ វា​ជា​ព្រឹត្តិការណ៍ CSR ដែលជា​កិច្ចខិតខំ​ប្រឹងប្រែង​ជា​លើកដំបូង​របស់​យើង ដោយ​វា​បំបែក​ចេញពី​កិច្ចប្រជុំ​ទូទៅ​ប្រចាំឆ្នាំ​របស់​យើង ដែល​មានន័យថា យើង​កំពុង​ផ្តោត​ការយកចិត្ត​ទុកដាក់​យ៉ាងខ្លាំង​លើ CSR នៅ​ឆ្នាំនេះ​»​។

«CSR គឺជា​សសរស្តម្ភ​មួយ​ក្នុង​ចំណោម​សសរស្តម្ភ​ទាំង​ ៤ ដែល​ក្រុមប្រឹក្សាភិបាល បាន​សម្រេច​ចិត្ត​ផ្តោត​ការយកចិត្ត​ទុកដាក់​នៅ​ឆ្នាំនេះ​ជាមួយ CSR យើង​ត្រូវ​ទទួលស្គាល់​ពី​សារៈសំខាន់​នៃ​ការតបស្នង​ដល់​កន្លែង​ដែល​យើង​ធ្វើ​អាជីវកម្ម​»​។

លោក Anthony Galliano ប្រធាន AmCham បាន​ថ្លែងថា​៖ «​យើង​មិន​ត្រឹមតែ​នៅទីនេះ​ដើម្បី​រកប្រាក់​ចំណេញ​ប៉ុណ្ណោះ​ទេ ក៏ប៉ុន្តែ​យើង​ថែមទាំង​កំពុងស្ថិត​នៅក្នុង​ប្រទេស​មួយ ដែល​ស្វាគមន៍​ដល់​ពួកយើង ដែល​មាន​បរិយាកាស​សេរី​ខ្លាំង​បំផុត សម្រាប់​ការវិនិយោគ និង​ការធ្វើ​អាជីវកម្ម ហើយ​យើង​ចាំបាច់​ត្រូវ​មើលខ្លួន​ឯង​ថា ជា​អ្នក​តបស្នង មិន​គ្រាន់តែ​ថា យើង​នៅទីនេះ​សម្រាប់​មូលហេតុ​ហិរញ្ញវត្ថុ​តែប៉ុណ្ណោះ​ទេ​»​។

លោក Anthony Galliano ប្រគល់​ពានរង្វាន់​ជូន​លោក Han Peng Kwang​។

ក្រុម​គណៈកម្មការ​រួម​មាន លោក Lauren Higgins ជា​មន្ត្រី​សេដ្ឋកិច្ច​នៅ​ស្ថានទូត​អាមេរិក ប្រចាំ​ទីក្រុង​ភ្នំពេញ លោក Sabine Joukes ប្រធាន​ផ្នែក​គម្រោង​ច្បាប់​សហគ្រិន​ស្ត្រី​ដែល​ផ្តល់​មូលនិធិ​ដោយ USAID និង​លោក William Monroe ជា​ឯកអគ្គរដ្ឋទូត និង​អតីត​អ្នកការទូត​ក្រសួង​ការបរទេស​។

ក្រុមហ៊ុន​ជាច្រើន​ត្រូវបាន​វិនិច្ឆ័យ​លើ​លក្ខណៈ​ចំនួន​ ៧ ​គឺ ការដោះស្រាយ​បញ្ហា​ជាក់លាក់​មួយ​រួមទាំង​ការចូលរួម​ពី​ភាគី​ពាក់ព័ន្ធ នវានុវត្តន៍ ផលប៉ះពាល់​ដែល​ខ្លួន​មាន របៀប​ដែល​ខ្លួន​ពាក់ព័ន្ធ​ជាមួយនឹង​បុគ្គលិក​របស់​ក្រុមហ៊ុន និរន្តរភាព និង​ការលើកកម្ពស់​ការយល់ដឹង​។

ក្រុមហ៊ុន Cellcard បានឈ្នះ​ពានរង្វាន់​ប្រភេទ «​គំនិត​ផ្តួចផ្តើម​ជំងឺ​កូវីដ​ ១៩» ដោយ​ក្រុមហ៊ុន RMA Cambodia ជាប់​ចំណាត់ថ្នាក់​លេខ​ ២​។

សណ្ឋាគារ Hyatt Regency Phnom Penh និង​សណ្ឋាគារ Rosewood Phnom Penh គឺជា​សហម្ចាស់​ជយលាភី​ក្នុង​ប្រភេទ «Environment Impact» ខណៈ​ដែល​ក្រុមហ៊ុន Wing បាន​ទទួលបាន​ជយលាភី​ផ្នែក «Social Impact» ក្នុងនោះ​ក្រុមហ៊ុន AIA Cambodia ទទួលបាន​ពានរង្វាន់​ចំណាត់ថ្នាក់​លេខ​ ២​។

ក្រុម​គណៈកម្មការ​ក៏បាន​ផ្តល់​ពានរង្វាន់​ដល់​ក្រុមហ៊ុន Khmer Organic Cooperative Co Ltd ក្រុមហ៊ុន Amru Rice Cambodia Co Ltd និង​ក្រុមហ៊ុន Fourth Culture Cambodia ជាមួយ​នឹង​ការទទួល​ស្គាល់​ ជាពិសេស​សម្រាប់​ការដាក់​បញ្ចូល CSR ទៅក្នុង​បេសកកម្ម​របស់​ពួកគេ​។

ក្រុម​គណៈកម្មការ​បាន​សរសើរ​យ៉ាងខ្លាំង​ដល់​អាជីវកម្ម AmCham ទាំង​ ១៨ ដែល​បាន​ចូលរួម ហើយ​បានឱ្យ​ដឹងថា ការជ្រើសរើស​អ្នកទទួល​បាន​ជយលាភី​គឺ​ពិបាក​ខ្លាំង​បំផុត​។

«​វា​ពិតជា​ក្ដី​រីករាយ​ក្នុង​ការបម្រើ​គណៈកម្មាធិការ​ផ្តល់​ពានរង្វាន់​។ យើង​មាន​ការជ្រើសរើស​បេក្ខជន​ជាច្រើន​។ ពួកគេ​ទាំងអស់​សុទ្ធតែ​ល្អឥតខ្ចោះ ហើយ​វា​មិន​ងាយស្រួល​ទេ ក្នុង​ការសម្រេចចិត្ត​ថា តើ​ត្រូវ​ផ្តល់​ពានរង្វាន់​ដល់​ក្រុម​ណាមួយ​នោះ​។

លោក Munroe ដែល​បានប្រគល់​ពានរង្វាន់​នៅក្នុង​ប្រភេទ «​គំនិត​ផ្តួចផ្តើម​ជំងឺ​កូវីដ​ ១៩» បានឱ្យដឹងថា​៖ «​ពួកគេ​ទាំងអស់​គ្នា មិន​គ្រាន់តែ​ធ្វើ​ការងារ​បានល្អ​បំផុត​នៅក្នុង​ក្រុមហ៊ុន​របស់​ពួកគេ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​បាន​ចេញ​ទៅ​ជួយ​សហគមន៍​កម្ពុជា និង​ប្រជាជន​កម្ពុជា​កាន់តែ​ទូលំទូលាយ​ផងដែរ​»​។

លោក Higgins ដែល​បានប្រកាស​ក្រុមហ៊ុន ដែល​ទទួល​បាន​ការទទួល​បាន​ការទទួលស្គាល់​ជាពិសេស​សម្រាប់​ការដាក់បញ្ចូល CSR ទៅក្នុង​បេសកកម្ម​របស់​ពួកគេ​បាន​ថ្លែងថា​៖ «​ខ្ញុំ​ពិតជា​រីករាយ​ណាស់ ដែល​បាន​មើលឃើញ​មាន​សកម្មភាព CSR ជាច្រើន​ពី​សមាជិក AmCham ពោលគឺ​កើនឡើង​ទ្វេដង​កាលពី​ឆ្នាំមុន​»​។

លោក Galliano បានឱ្យដឹងថា ពិធី​ប្រគល់​ពានរង្វាន់​ប្រចាំ​ឆ្នាំនេះ​គឺ AmCham បានដាក់​ការវិនិយោគ​យ៉ាងច្រើន ព្រោះ AmCham ជឿជាក់​យ៉ាងខ្លាំង​លើ​សារៈសំខាន់​នៃ CSR ។

«​កម្ពុជា​ជា​ប្រទេសមួយ​ដែល​ធ្វើ​បានល្អ ក្នុង​ការកាត់បន្ថយ​ភាពក្រីក្រ ដូច្នេះ​ឆ្នាំនេះ​បេសកកម្ម [CSR] របស់​យើង​អាច​នឹងមាន​ការផ្លាស់ប្តូរ​»​។

«​បញ្ហា​ប្រឈម​របស់​យើង នៅពេល​នេះ​គឺ​លើ​បរិស្ថាន​លើ​ការប្រែប្រួល​អាកាសធាតុ ខណៈពេល​ដែល​នៅតែ​មាន​ការអប់រំ និង​សមភាព​យេនឌ័រ ដែលមាន​សារៈសំខាន់​ខ្លាំង​បំផុត​សម្រាប់​ពួកយើង​»​។

លោក Galliano បានលើកឡើង​​ថា​៖ «​មាន​អត្ថប្រយោជន៍​ជាច្រើន​ក្នុង​ការធ្វើ​អាជីវកម្ម​នៅក្នុង​ប្រទេស​នេះ ហើយ​ខ្ញុំ​គិតថា យើង​គួរតែ​ព្យាយាម​មើល​មក​ខ្លួនឯង ទោះបីជា​យើង​ជា​ជនបរទេស​ក៏ដោយ​ក្នុង​នាម​ជា «​ប្រជាពលរដ្ឋ​ស្ថិត​ក្នុង​ស្មារតី​" ដែលថា ទោះបីជា​យើង​មិនមែន​ជា​ពលរដ្ឋ​របស់​ប្រទេស​នេះ​ក៏ដោយ ក៏​យើង​គួរតែ​មាន​ស្មារតី​ព្យាយាម​តបស្នង​ឱ្យ​ដូចជា​ប្រទេស​យើង​ផងដែរ​»៕