ស្រា​ក្រឡុក​ម៉ាក Bottl''it គឺជា​គំនិត​ច្នៃប្រឌិត​របស់​អ្នកជំនាញ​ខាង​លាយ​ស្រា​ជនជាតិ​បារាំង​ដ៏ឆ្នើម គឺ​អ្នកស្រី Mathilde Thillay ដែល​ផ្តល់ឱ្យ អ្នក​ចូលចិត្ត​ស្រា​ក្រឡុក​នៅ​កម្ពុជា នូវ​រសជាតិ​ដ៏​ឈ្ងុយឆ្ងាញ់ និង​តម្លៃ​សមរម្យ​។

អ្នកស្រី Thillay ថ្លែងថា ខណៈ​ស្រា​ក្រឡុក​កាន់តែ​មាន​ប្រជាប្រិយភាព​នៅក្នុង​ប្រទេស​កម្ពុជា ប៉ុន្តែ​នៅ​ខ្វះ អ្នកមាន​ជំនាញ​ចំពោះ​ភេសជ្ជៈ​ប្រភេទ​នេះ ដូច្នេះ​ទើប​អាជីវកម្ម​អនឡាញ​របស់​អ្នកស្រី បោះជំហាន​ចូលមក បើក​ជា​សិប្បកម្ម​ផលិត​ស្រា​ក្រឡុក​ដប​ដ៏ពេញនិយម​ជាច្រើន​ប្រភេទ​។

«​ប្រជាជន​នៅ​កម្ពុជា​ចាប់អារម្មណ៍​លើ​ស្រា​ក្រឡុក​កាន់តែច្រើន គឺ​ដូចគ្នា​កាលពី ១០​ ឆ្នាំមុន​នៅ​ប្រទេស​បារាំង​ដែរ ហើយ​សព្វថ្ងៃ​វា​មាន​ទីផ្សារ​ដ៏ធំ នៅ​ទីនោះ​»​។

«​ប៉ុន្តែ កម្រ​មាន​អ្នក​ក្រឡុក​ស្រា​ដែល​ទទួលបាន​ការបណ្តុះ​បណ្តាល​ត្រឹមត្រូវ និង​យល់​ពី​សារៈសំខាន់​នៃ​ការប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ ឬ​ការទទួលបាន​តុល្យភាព​ត្រឹមត្រូវ​នៅក្នុង​ស្រា​ក្រឡុក​ណាស់​»​។

អ្នកស្រី Thillay បន្តថា​៖ «​នៅក្នុង​ប្រទេស​កម្ពុជា យើង​រស់នៅក្នុង​ប្រទេស​មួយ​ដែលមាន​ផលិតផល​ស្រស់ៗ​ដ៏​សម្បូរបែប ដូចជា​ផ្លែឈើ ប៉ុន្តែ​បារ៍​មួយចំនួន នៅតែ​ប្រើ​ទឹក​ផ្លែឈើ​ដែលមាន​គុណភាព​ទាប ឬ​ទឹក​ស៊ីរ៉ូដប ជំនួស​ឱ្យ​ការធ្វើ​វា​ដោយ​ខ្លួនឯង​។ សព្វថ្ងៃ ភាគច្រើន​អ្នកចំណាយ​លើ​កន្លែង​ច្រើនជាង​ភេសជ្ជៈ​»​។

ដើម្បី​ដោះស្រាយ​បញ្ហា​នេះ អ្នកស្រី​បានគិត​ជា​យូរ​មកហើយ​ថា​នឹង​ចាប់ផ្តើម​អាជីវកម្ម​មួយ​ដើម្បី​ផ្តល់ជូន​ស្រា​ក្រឡុក​ដ៏ល្អ​ដែល​កំពុង​រីកចម្រើន​នៅ​កម្ពុជា ខណៈ​បច្ចុប្បន្ន​ស្រា​ក្រឡុក Bottl''it មាន​ជាច្រើន​ប្រភេទ ហើយ​អ្នកស្រី ចង់​ប្រើ​គ្រឿងផ្សំ​ក្នុងស្រុក​ឱ្យបាន​ច្រើន​បំផុត​តាម​ដែល​អាច​ធ្វើបាន​។

អ្នកស្រី Mathilde Thillay ម្ចាស់​ស្រា​ក្រឡុក​ម៉ាក Bottl'it ។

«​បច្ចុប្បន្ន​យើង​មាន​ស្រា​ក្រឡុក​ប្រហែល ១៧ ​ប្រភេទ​ផ្សេងៗ​គ្នា​។ យើង​ផ្តល់ជូន​នូវ​ស្រា​ក្រឡុក​បែប​បុរាណ​ដូចជា Negroni, Penicillin, Martini និង​រសជាតិ​មួយចំនួន​លាយ​គ្រឿងផ្សំ​បែប​អាស៊ី​ដូចជា Mango Chili Margarita, Boulevardier ជាមួយ​កាហ្វេ​មណ្ឌលគិរី ឬ Manhattan ជាមួយ​ការី​»​។

«​យើង​ក៏​អាចបង្កើត​ស្រា​ក្រឡុក​ថ្មីៗ​តាម​តម្រូវការ​ពិសេស​ផងដែរ​។ ខណៈពេលដែល​យើង​ព្យាយាម​ប្រើប្រាស់​ផលិតផល​ដែលមាន​គុណភាព​ខ្ពស់ និង​គ្រឿងផ្សំ​ក្នុងស្រុក​ឱ្យបាន​ច្រើន​តាមតែ​អាចធ្វើ​ទៅបាន ប៉ុន្តែ​យើង​នៅ​មិនទាន់​អាច​ស្វែងរក​អ្វី​គ្រប់យ៉ាង​នៅ​កម្ពុជា​ក្នុងតម្លៃ​សមរម្យ​នៅឡើយ​»​។

«​យើង​ផ្តល់ជូន​នូវ​សេវាកម្ម​ប្រឹក្សាយោបល់ ដើម្បី​ជួយ​ដល់​ការរីក​លូតលាស់ និង​កែលម្អ​អាជីវកម្ម​អាហារ និង​ភេសជ្ជៈ រាប់​ចាប់ពី​ការបង្កើត​ឧបករណ៍​គ្រប់គ្រង រហូតដល់​ការ​មក​គ្រប់គ្រង​កន្លែង​នោះ​ ២-៣ ​ខែ ដើម្បី​អនុវត្ត​ការងារ​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព និង​បណ្តុះបណ្តាល​បុគ្គលិក​។ ទាំងអស់នេះ​វា​អាស្រ័យ​លើ​កញ្ចប់​ថវិកា​ និង​តម្រូវការ​របស់​អតិថិជន​»​។

អ្នកស្រី Thillay បញ្ជាក់ថា​៖ «​ថ្មីៗ​នេះ​យើង​បានរៀបចំ​កម្មវិធី​ប្រារព្ធ​ខួប​មួយ ដែលមាន​ភ្ញៀវ​ចូលរួម​ប្រមាណ​ ៥០​ នាក់ ដោយ​ក្រុមការងារ​របស់ខ្ញុំ​បាន​ចាត់ចែង​ខាង​ភេសជ្ជៈ ហើយ​ភោជនីយដ្ឋាន Pepe Bistrot រៀបចំ​ម្ហូបអាហារ ដែល​វា​គឺជា​បទពិសោធ​ដ៏អស្ចារ្យ​»​។

ស្ត្រី​ដែលមាន​ដើមកំណើត​មកពី​តំបន់ Normandy រូបនេះ បាន​លើកឡើង​ថា ខណៈដែល​អ្នកស្រី​បានចាប់ផ្តើម​សហគ្រាស​ដំបូង ដើម្បី​ឆ្លើយតប​នឹង​កំណើន​អ្នក​ចូលចិត្ត​ស្រាក្រឡុក​ដែល​កំពុង​កើនឡើង​នៅ​កម្ពុជា អ្នកស្រី​ក៏បាន​មើលឃើញ​ឱកាស​អាជីវកម្ម​កើនឡើង​យ៉ាង​ឆាប់រហ័ស​ដែរ​។

«​ពីដំបូង យើង​ផ្តោត​តែ​ទៅលើ​អ្នក​ដែល​ចូលចិត្ត​ស្រា​ក្រឡុក​ជា​លក្ខណៈ​បុគ្គល​ប៉ុណ្ណោះ ដែល​មិនដឹង​ពី​របៀប​ធ្វើ​វា​ឱ្យបាន​ត្រឹមត្រូវ ឬ​មិន​ចង់​វិនិយោគ​ច្រើន​លើ​ឧបករណ៍​»​។

អ្នកស្រី Thillay បាន​បន្តថា​៖ «​ប៉ុន្តែ​បន្តិច​មក យើង​បានដឹងថា​ក៏មាន​ទីផ្សារ​សម្រាប់​អាជីវកម្ម​ផងដែរ ដែល​ភាគច្រើន​ជា​ភោជនីយដ្ឋាន និង​បារ៍ ដែល​មិនមាន​ឧបករណ៍ ឬ​បុគ្គលិក​ធ្វើ​ស្រា​ក្រឡុក​បាន​ត្រឹមត្រូវ ប៉ុន្តែ​មាន​អតិថិជន​ដែល​ពេញចិត្ត​ពួកគេ​។ ដូច្នេះ បច្ចុប្បន្ន​យើង​ផ្តល់ជូន​ផលិតផល​របស់​យើង​ក្នុង​បរិមាណ​កាន់តែច្រើន​ជាមួយ​នឹង​តម្លៃ​លក្ខណៈ​អាជីវកម្ម (B2B)»​។

អ្នកស្រី​លើកឡើងថា​សូម្បីតែ​អ្នក​នៅក្នុង​ឧស្សាហកម្ម​នេះ​ក៏​អាច​ទទួលបាន​អត្ថប្រយោជន៍​ពី​ការប្តេជ្ញាចិត្ត​របស់​អ្នកស្រី​ចំពោះ​ជំនាញ​នេះដែរ បទពិសោធ​ដ៏ច្រើន​របស់​អ្នកស្រី​ជួយ​ដល់​អ្នក​ដែល​ចង់​ស្វែងរក​ពិភព​ស្រា​ក្រឡុក​ដ៏អស្ទារ្យ​។

«​ខ្ញុំ​បានបញ្ចប់​ការសិក្សា​ពី​សាលា (bartending school) ប្រហែល​ ១០ ​ឆ្នាំមុន​នៅ​ប្រទេស​បារាំង​។ បន្ទាប់មក​ខ្ញុំ​បានធ្វើការ​នៅ​បារ៍​ផ្សេងៗ​រហូត​ដល់​ខ្ញុំ​មានឱកាស​ចូលរួម​ជាមួយ​ក្រុម​ដ៏អស្ចារ្យ​មួយ Quixotic Project នៅ​ប្រទេស​បារាំង ជា​កន្លែង​ដែល​ខ្ញុំ​អាច​រៀន​បាន​ច្រើន​អំពី​ស្រា​ក្រឡុក​។ ខ្ញុំ​ចាប់ផ្តើម​ជា​អ្នក​ក្រឡុក​ស្រា បន្ទាប់មក​ក្លាយជា​អ្នកគ្រប់គ្រង​»​។

«​ខ្ញុំ​បាន​ទិញ​សៀវភៅ​ជាច្រើន ហើយ​ខ្ញុំ​តែងតែ​អាន​ច្រើន​អំពី​បារ៍​ដែលមាន​ស្រា​ក្រឡុក​ និង​អ្នក​ក្រឡុក​ស្រា​ដែល​ល្អ​បំផុត ក៏ដូចជា​តាមដាន​ព្រឹត្តិការណ៍​អន្តរជាតិ​នានា​ដូចជា​សន្និសីទ Tales of Cocktails និង​ការប្រកួតប្រជែង Speed Racks ជាដើម​»​។

អ្នកស្រី​បាន​ថ្លែងថា​៖ «​ខណៈដែល​ស្រា​ក្រឡុក​ម៉ាក Bottl''it អាច​បម្រើ​ក្នុង​ព្រឹត្តិការណ៍​លក្ខណៈ​ឯកជន ឬ​សាធារណៈ​ជាមួយ​នឹង​កញ្ចប់​ផ្សេងៗ និង​ផ្តល់​ការប្រឹក្សា​សម្រាប់​អាជីវកម្ម​ដែល​កំពុង​ស្វែងរក​ការកែលម្អ​របារ៍​របស់​ពួកគេ​ហើយ​នោះ យើង​ថែមទាំង​អាច​បង្រៀន​សម្រាប់​អ្នក​ដែល​ចង់​ស្វែងយល់​បន្ថែម​អំពី​ស្រា​ក្រឡុក និង​ស្រា​ផងដែរ​»៕