
ការិយាល័យ និងសាលតាំងបង្ហាញរបស់ Seara Cambodia នៅជិតវិមានឯករាជ្យ។

លោក Anthony S Gaglardi អ្នកគ្រប់គ្រងក្រុមហ៊ុន Seara Cambodia គូសបញ្ជាក់អំពីភាពជោគជ័យរបស់ក្រុមហ៊ុនផ្គត់ផ្គង់ឧបករណ៍ហាត់ប្រាណ និងសម្ភារកីឡាឈានមុខគេក្នុងតំបន់មួយនេះ និងចែករំលែកផែនការរបស់ខ្លួនក្នុងការពង្រីកទីផ្សារសម្ភារហាត់ប្រាណដែលកំពុងតែរីកចម្រើននៅកម្ពុជា។
តើក្រុមហ៊ុន Seara ចាប់ផ្ដើមនៅពេលណា និងនៅទីណា?
ក្រុមហ៊ុន Sports Engineering And Recreation Asia Ltd (Seara) ត្រូវបានបង្កើតឡើងក្នុងខែធ្នូ ឆ្នាំ ១៩៩៩ ដោយលោក George Foose, Patrick Dean និង Ken Stevens។ មានស្នាក់ការកណ្តាលនៅទីក្រុងបាងកក យើងមានការិយាល័យ សាខា និងសាលតាំងបង្ហាញជាច្រើនកន្លែងនៅអាស៊ីអាគ្នេយ៍ ដើម្បីផ្តត់ផ្គង់សម្ភារហាត់ប្រាណ និងកីឡា។
តើក្រុមហ៊ុន Seara ផ្គត់ផ្គង់សេវាកម្មអ្វីខ្លះ?
Seara គឺជាក្រុមហ៊ុនឈានមុខមួយក្នុងតំបន់ដែលមានឯកទេសខាងការរចនា អភិវឌ្ឍ ផ្គត់ផ្គង់ និងដំឡើងសម្ភារកីឡា កន្លែងហាត់ប្រាណ ស្តង់ដាអន្តរជាតិ នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ និងមានជាច្រើនទៀត។ យើងផ្តល់នូវផលិតផល និងសេវាកម្មគុណភាពខ្ពស់ដល់ផ្នែកជាច្រើននៅលើទីផ្សារ រួមមាននៅតាមគេហដ្ឋានលក្ខណៈឯកជន កន្លែងហាត់ប្រាណ ក្លិបឯកជន ស្ថាប័នអប់រំ សណ្ឋាគារ រមណីយដ្ឋាន គម្រោងអភិវឌ្ឍន៍អចលនទ្រព្យ អតិថិជនផ្នែកពាណិជ្ជកម្ម និង រដ្ឋាភិបាលជាដើម។ នៅក្នុងបណ្តាញសាជីវកម្មរបស់ Seara យើងមានម៉ាកយីហោឧបករណ៍កីឡាឈានមុខគេល្បីៗ ដូចជា Life Fitness, Hammer Strength, ICG, Octane Fitness, Balanced Body, Escape Fitness, True Fitness, Power Plate, Icaros, Brunswick, Concept2, Kompan, MyEquilibria, Evolt 360, MyZone, Act Global, Laykold, Rephouse និងមានច្រើនទៀត។
តើក្រុមហ៊ុនបើកនៅកម្ពុជាក្នុងឆ្នាំណា?
ការិយាល័យ និងសាលតាំងបង្ហាញនៅទីក្រុងភ្នំពេញរបស់យើងបានបើកប្រតិបត្តិការនៅថ្ងៃទី ៥ ខែកក្កដា ឆ្នាំ ២០១៣ ហើយទីតាំងបច្ចុប្បន្នរបស់យើងនៅជិតវិមានឯករាជ្យ គិតត្រឹមខែធ្នូ ឆ្នាំ ២០២០។ បច្ចុប្បន្ន Seara មានប្រតិបត្តិការនៅក្នុងប្រទេសមួយចំនួនដូចជា កម្ពុជា ថៃ វៀតណាម
មីយ៉ាន់ម៉ា ឡាវ ប៊ូតង់ បង់ក្លាដែស និងម៉ាល់ឌីវ។ នៅប្រទេសថៃ យើងមានការិយាល័យ និងសាលតាំងបង្ហាញនៅទីក្រុងបាងកក ភូកេត ប៉ាតាយ៉ា ហួហ៊ីន សាមុយ និងហាតយ៉ៃ។
តើអ្វីជាអាថ៌កំបាំងនៃជោគជ័យរបស់ Seara និងការពង្រីកនៅក្នុងតំបន់?
កត្តាសំខាន់មួយដែលរួមចំណែកដល់ភាពជោគជ័យរបស់ Seara គឺសមាជិកក្រុមដែលមានជំនាញវិជ្ជាជីវៈ និងការខិតខំប្រឹងប្រែងជារៀងរាល់ថ្ងៃ ដើម្បីបម្រើអតិថិជនឱ្យអស់ពីសមត្ថភាពរបស់ពួកគេ។ បណ្តាញអតិថិជន និងដៃគូដ៏រឹងមាំរបស់យើងគឺដើរតួជាផ្នែកដ៏សំខាន់នៃកត្តាជោគជ័យរបស់យើង។ ប្រសិនបើគ្មានការជឿជាក់ និងការគាំទ្រឥតងាករេរបស់ពួកគេចំពោះក្រុមហ៊ុន Seara ដែលផ្តល់ជូននូវម៉ាកយីហោឈានមុខគេលើពិភពលោកទេ នោះយើងនឹងមិនអាចសម្រេចបានសមិទ្ធផលដូចសព្វថ្ងៃនេះទេ។ ភាពជាដៃគូដ៏រឹងមាំរបស់យើង គួបផ្សំនឹងការយល់ដឹងអំពីអំពីឧស្សាហកម្មនេះ អនុញ្ញាតឱ្យ Seara ក្លាយជាក្រុមហ៊ុនឈានមុខក្នុងឧស្សាហកម្មនេះ ដែលតែងតែផ្គត់ផ្គង់អ្វីៗដែលថ្មី និងមានការច្នៃប្រឌិតខ្ពស់នៅក្នុងទីផ្សារ។
សូមលោករៀបរាប់ត្រួសៗអំពីគំរូអាជីវកម្មរបស់លោក។

លោក Anthony S Gaglardi
អ្វីដែលធ្វើឱ្យ Seara មានលក្ខណៈ ពិសេសគឺវិធីសាស្ត្រប្រឹក្សាយោបល់របស់យើងចំពោះគម្រោងនីមួយៗមិនមែនផ្តោតតែលើការលក់ ១ មុខប៉ុណ្ណោះទេ។ បទពិសោធជាច្រើនឆ្នាំរបស់យើងនៅក្នុងតំបន់ដែលផ្គត់ផ្គង់ឧបករណ៍ហាត់ប្រាណ និងសម្ភារកីឡាគឺពិតជាធ្វើឱ្យ Seara មានលក្ខណពិសេស ខណៈយើងផ្តល់នូវដំណោះស្រាយពេញលេញសម្រាប់កន្លែងហាត់ប្រាណ ឬកន្លែងលេងកីឡាកម្រិតខ្ពស់រាប់ចាប់ពីការរចនា និងផ្គត់ផ្គង់សម្ភារដែលមានគុណភាពខ្ពស់រួមជាមួយនឹងសេវាកម្មនៅក្រោយការលក់ដ៏រឹងមាំ។
តើទីផ្សារសម្ភារកីឡានៅកម្ពុជា/តំបន់មានទំហំប៉ុនណា?
ឧស្សាហកម្មសម្ភារកីឡា និងហាត់ប្រាណនៅកម្ពុជា នៅក្មេងខ្ចីនៅឡើយ ជាពិសេសបើធៀបនឹងប្រទេសជិតខាង ដូចជាប្រទេសថៃ និងវៀតណាម។ ទោះយ៉ាងណា វាគួរឱ្យចាប់អារម្មណ៍ដែលថាចំណូលប្រចាំឆ្នាំនៃឧស្សាហកម្មហាត់ប្រាណនៅក្នុងប្រទេសថៃត្រូវបានរាយការណ៍នៅក្នុងការសិក្សាដោយ Statista ២០២០ ថាមានចំនួនប្រហែល ៥០ លានដុល្លារ ខណៈទំហំទីផ្សារឧស្សាហកម្មឧបករណ៍ហាត់ប្រាណរបស់វៀតណាមក្នុងឆ្នាំ ២០២០ មានចំនួន១៨៦ លានដុល្លារ នេះបើយោងតាមរបាយការណ៍ Statista ដូចគ្នា។
ក្នុងឆ្នាំ ២០១៩, Nikkei Asia បានរាយការណ៍ថា យោងតាមក្រុមហ៊ុនស្រាវជ្រាវ Euromonitor របស់ចក្រភពអង់គ្លេសបានឱ្យដឹងថាទីផ្សារទាក់ទងនឹងសុខភាពនៅប្រទេសកម្ពុជាត្រូវបានគេប៉ាន់ស្មានថានឹងកើនឡើងដល់ជាង ៤៦០ លានដុល្លារ នៅឆ្នាំ ២០២៣។
តើអ្វីទៅជាគោលដៅរបស់ Seara ហើយតើមានផែនការអភិវឌ្ឍន៍អ្វីខ្លះទៀតដែរឬទេ?
យើងចង់ជួយអភិវឌ្ឍផ្នែកកាយសម្បទា និងកីឡាសម្រាប់ប្រទេសកម្ពុជា ខណៈជំងឺរាតត្បាតបានធ្វើឱ្យពិភពលោកដឹងអំពីសារៈសំខាន់នៃសុខភាព និងកាយសម្បទាផ្ទាល់ខ្លួន។ យើងដើរតួនាទីយ៉ាងសំខាន់នៅក្នុងការលើកកម្ពស់សហគមន៍របស់យើងឱ្យកាន់តែមានមានសុខភាពល្អ និងកាន់តែសកម្ម។
នៅក្នុងឆ្នាំ ២០២០ យើងបានជួយសម្រួល ផ្គត់ផ្គង់ និងដំឡើងឧបករណ៍ហាត់ប្រាណលំដាប់ខ្ពស់ សម្រាប់សណ្ឋាគារ Hyatt Regency ក្នុងរាជធានីភ្នំពេញ។ នៅឆ្នាំ ២០២១ ក្រុមការងាររបស់យើងបានសហការជាមួយ Go Gym Cambodia លើមជ្ឈមណ្ឌលហាត់ប្រាណបែបពាណិជ្ជកម្មដ៏ទំនើបរបស់ពួកគេនៅទួលគោក ហើយក៏បានជួយអតិថិជនរបស់យើងនៅ Premium Fitness ដើម្បីបង្កើតកន្លែងហាត់ប្រាណ Official Hammer Strength Training Center ដំបូងបង្អស់នៅកម្ពុជា។ កាលពីឆ្នាំមុន Seara ក៏បានសាងសង់ទីលានវាយកូនបាល់ចំនួន ២ និងទីលានបាល់បោះមួយសម្រាប់សាកលវិទ្យាល័យអាមេរិកាំងភ្នំពេញ (AUPP) ដែលទីលានមួយក្នុងចំណោម ២ ត្រូវបានសាងសង់តាមស្តង់ដា Australian Open។ យើងនឹងណែនាំផលិតផលថ្មីពីដៃគូជាសាកលរបស់យើងនៅក្នុងប៉ុន្មានខែខាងមុខ ខណៈផ្នែកកាយសម្បទានៅតែបន្តវិវឌ្ឍទៅមុខ។
យើងប្តេជ្ញាផ្តល់នូវដំណោះស្រាយដល់ផ្នែកកីឡា និងហាត់ប្រាណពីផលិតផលនៃម៉ាកល្បីៗរបស់ពិភពលោក ដែលភ្ជាប់ជាមួយនឹងសេវាកម្មបន្ទាប់ពីការលក់ដ៏ល្អបំផុតនៅក្នុងទីផ្សារ។ ជាពិសេស ដើម្បីខិតឱ្យកាន់តែជិតជាមួយអតិថិជន យើងនឹងបើកដំណើរការគេហទំព័រពាណិជ្ជកម្មអេឡិចត្រូនិកថ្មីក្នុងពេលឆាប់ៗ ដែលមានន័យថា ការទទួលបានឧបករណ៍ និងសម្ភារហាត់ប្រាណដែលលោកអ្នកពេញចិត្ត និងត្រូវបានបញ្ជូនទៅដល់មាត់ទ្វារផ្ទះរបស់លោកអ្នក ដោយគ្រាន់តែចុច ២-៣ ដងប៉ុណ្ណោះ។ ក្រុមហ៊ុន Seara មានបំណងចង់ក្លាយជាជម្រើសដែលលោកអ្នកពេញចិត្តសម្រាប់ឧបករណ៍ហាត់ប្រាណប្រកបដោយគុណភាពខ្ពស់នៅក្នុងប្រទេសកម្ពុជា៕