ខណៈ​ឧស្សាហកម្ម​ទេសចរណ៍​កំពុង​ផ្តោតលើ​និរន្តរភាព​ទេសចរណ៍​កាន់តែខ្លាំង លោក Mark Bibby Jackson ដែលជា​អ្នកសរសេរ​អត្ថបទ​ស្តីពី​ការធ្វើ​ដំណើរ និង​ជា​ស្ថាបនិក​នៃ​គេហទំព័រ Travel Begins at 40 បាន​គូសបញ្ជាក់​អំពី​ការវិវឌ្ឍ​ថ្មីៗ និង​សារៈសំខាន់​នៃ​វិស័យ​មួយ​នេះ​។

Q-អាជ្ញាធរខេត្ត​ព្រះសីហនុ​ផ្តោត​ការយកចិត្ត​ទុកដាក់​ខ្លាំង​លើ​និរន្តរភាព ដែលជា​ផ្នែក​មួយ​នៃ​ផែនការមេ​របស់ខ្លួន​។ ហេតុអ្វី​បានជា​និរន្តរភាព​មាន​សារៈសំខាន់​ខ្លាំង​ម្ល៉េះ​?

និរន្តរភាព​មាន​សារៈសំខាន់​នៅ​គ្រប់​ទីកន្លែង​។ ខ្ញុំ​បាន​និយាយ​ជាមួយ​មិត្តភក្តិ​ម្នាក់​ដែល​ធ្វើការ​ក្នុង​ផ្នែក​វិនិយោគ គាត់​បាន​និយាយថា និរន្តរភាព​មិនមែន​ជា​ជម្រើស​ទេ​ប៉ុន្តែ​វា​គឺជា​ការវិនិយោគ​។ ប្រសិនបើ​អ្នក​កំពុង​សម្លឹង​ទៅ​អនាគត នោះ​អ្នក​ត្រូវ​ពិចារណា​អំពី​និរន្តរភាព​ក្នុងពេល​ឥឡូវនេះ ហើយ​វា​មាន​សារៈសំខាន់​សម្រាប់​ខេត្ត​ព្រះសីហនុ ក៏​ដូច​ប្រទេស​កម្ពុជា​ និង​ពិភពលោក​ទាំងមូល​ដែរ​។ ដូច្នេះ​អាជ្ញាធរខេត្ត​ព្រះសីហនុ និង​អ្នក​នៅក្នុង​វិស័យ​ទេសចរណ៍ គួរផ្តោត​លើ​និរន្តរភាព​ឱ្យបាន​ខ្លាំង​បំផុត​។

Q-ហេតុអ្វី​បានជា​និរន្តរភាព​វិស័យ​ទេសចរណ៍​មាន​សារៈសំខាន់​ខ្លាំង​នាពេល​បច្ចុប្បន្ន​?

និរន្តរភាព​ទេសចរណ៍​គឺជា​អនាគត​។ វា​បង្ហាញ​កាន់តែច្បាស់​ជាមួយ​ជំងឺ​​កូវីដ​។ ប្រជាជន​ដឹងថា វិបត្តិ​អាកាសធាតុ​គឺមាន​ពិតប្រាកដ ហើយ​ពួកគេ​ចង់ឱ្យ​ការធ្វើដំណើរ​របស់​ពួកគេ​ប្រព្រឹត្តទៅ​ល្អ​ជាង​មុន​។

ការស្ទង់មតិ​ជាច្រើន​នៅ​ប្រទេស​លោកខាងលិច​បានបង្ហាញ​ថា​និរន្តរភាព​ និង​ការទទួល​ខុសត្រូវ​គឺជា​កត្តា​ដ៏សំខាន់ ដែល​មនុស្ស​គិតពិចារណា នៅពេល​ធ្វើដំណើរ​កម្សាន្ត​ថ្ងៃ​ឈប់សម្រាក​។ ឥឡូវ​សំណួរ​មិនមែន​គ្រាន់តែ​សួរ​អំពី​វិធី​កាត់បន្ថយ​ផលប៉ះពាល់​អវិជ្ជមាន​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថា​តើ​ត្រូវធ្វើ​ដូចម្តេច​ដើម្បី​ទទួលបាន​ផល​វិជ្ជមាន​ច្រើន​បំផុត នៅពេល​ធ្វើដំណើរ​។

Q-តើ​វា​ផ្តល់​អត្ថប្រយោជន៍​អ្វីខ្លះ​ដល់​អ្នកធ្វើដំណើរ និង​ប្រតិបត្តិករ​អាជីវកម្ម​?

ប្រតិបត្តិករ​អាជីវកម្ម​ទទួលបាន​អត្ថប្រយោជន៍​ច្រើន​ពី​និរន្តរភាព​ទេសចរណ៍ ពីព្រោះ​វា​ជា​អនាគត​។ ប្រាកដ​ណាស់ អាជីវកម្ម​ដែល​នៅ​ដំណើរការ​នឹង​ទទួលបាន​និរន្តរភាព​។ អ្នក​អាចមាន​និរន្តរភាព​ពី​ការគិត​ត្រឹមត្រូវ ឬ​ពី​ការយល់ដឹង​ល្អ​អំពី​អាជីវកម្ម​។ ចំពោះ​អ្នកធ្វើដំណើរ យើង​ទាំងអស់គ្នា​នឹង​ដើរ​កម្សាន្ត​ដើម្បីឱ្យ​អារម្មណ៍​ស្រស់ស្រាយ បើ​មិន​ដូច្នេះ​ទេ​យើង​នៅផ្ទះ​។ និរន្តរភាព​ការធ្វើដំណើរ គឺជា​កត្តា​ដ៏រីករាយ​បំផុត​។ វា​ធ្វើឱ្យ​អ្នក​ជឿថា តាមរយៈ​ការធ្វើដំណើរ​ទៅ​កន្លែង​ណាមួយ អ្នក​និង​ផ្តល់​អត្ថប្រយោជន៍​ដល់​ទាំង​សហគមន៍ និង​ភពផែនដី​។

ខ្ញុំ​បាន​ស្នាក់នៅ​រមណីយដ្ឋាន​ផ្កាយ​ ៥ ​ជាច្រើន​កន្លែង គឺថា​មាន​អារម្មណ៍​ដូចគ្នា​។ ទោះយ៉ាងណា​ក៏ដោយ បើ​អ្នក​បាន​ចូល​ឱ្យ​ជិតស្និទ្ធ​ជាមួយ​សហគមន៍​មូលដ្ឋាន នោះ​អ្នកនឹង​ដឹងថា​បទពិសោធ​នៃ​ការធ្វើដំណើរ​របស់​អ្នក​គឺមាន​អត្ថន័យ​ខ្លាំង​។ និរន្តរភាព​គឺជា​ការធ្វើដំណើរ​ថ្មី​ដ៏អស្ចារ្យ​។

លោក Mark Bibby Jackson. SUPpLIED

Q-តើ​ការអភិវឌ្ឍ​និរន្តរភាព​វិស័យ​ទេសចរណ៍ នៅ​កម្ពុជា​នាពេល​ថ្មីៗ​នេះ​មាន​អ្វីខ្លះ​?

ខ្ញុំ​មានការ​ចាប់អារម្មណ៍​ខ្លាំង​ចំពោះ​វិធានការ​ឆ្ពោះទៅរក​និរន្តរភាព​ទេសចរណ៍ និង​អេកូ​ទេសចរណ៍​នៅ​កម្ពុជា ខណៈ​គម្រោង​ប្រណីតៗ​ដូចជា​គម្រោង Shinta Mani Wild អាច​ទាក់ទាញ​ការចាប់អារម្មណ៍​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទូទាំង​ពិភពលោក ហើយ​មាន​គម្រោង​ទេសចរណ៍​ធម្មជាតិ​តាម​សហគមន៍ (CBET) ដ៏អស្ចារ្យ​មួយចំនួន​នៅក្នុង​ប្រទេស ដែល​ទេសចរ​អាច​ស្នាក់​នៅផ្ទះ​សហគមន៍​បាន​។

ទាំងនេះ​គឺជា​អត្ថប្រយោជន៍​សម្រាប់​បរិស្ថាន និង​សហគមន៍ ក៏ដូចជា​ផ្តល់ឱ្យ​អ្នកធ្វើដំណើរ​នូវ​បទពិសោធ​ដែល​មិនអាច​បំភ្លេចបាន​អំពី​ជីវិត​នៅតាម​ជនបទ​ក្នុងប្រទេស​កម្ពុជា​។ ប៉ុន្តែ​ទាំងនេះ​បាន​រង​ផលប៉ះពាល់​ខ្លាំង​ដោយសារ​ជំងឺ​កូវីដ ទោះយ៉ាងណា​ក៏​ទេសចរណ៍​ក្នុងស្រុក​មាន​កំណើន​ដែរ​។

អេកូទេសចរណ៍​ក៏​ជួយ​រក្សាបាន​នូវ​ផ្នែក​ខ្លះ​ក្នុងប្រទេស​កម្ពុជា ជាពិសេស​នៅ​តំបន់​ជួរ​ភ្នំក្រវាញ បើ​មិន​ដូច្នេះ​ទេវា​អាច​រង​ផលប៉ះពាល់​ ដោយសារ​សម្បទាន​ដីធ្លី​។ អង្គការ Wildlife Alliance កំពុង​ធ្វើ​ការងារ​ដ៏អស្ចារ្យ​ក្នុងការ​អភិរក្ស​សត្វព្រៃ​នៅ​កម្ពុជា ហើយ​តំបន់​ទេសចរណ៍​ធម្មជាតិ Cardamom Tented Camp តំណាងឱ្យ​ពន្លឺ​ដ៏ចែងចាំង​អំពី​ទេសចរណ៍ធម្មជាតិ​ដ៏អស្ចារ្យ​នៅ​កម្ពុជា​។

Q-តើ​មាន​ការវិវឌ្ឍ​ចម្បងៗ​ទៅលើ​និរន្តរភាព​ទេសចរណ៍​ក្នុង​ព្រះរាជាណាចក្រ​កម្ពុជា​ដែរឬទេ​?

ខ្ញុំ​គិតថា​ចំណុច​សំខាន់​គឺ​ត្រូវ​ព្យាយាម​ឱ្យ​វិស័យ​ទេសចរណ៍​ធ្វើការ​រួមគ្នា​ដើម្បី​ផ្សព្វផ្សាយ​កម្ពុជា​ឱ្យក្លាយ​ជា​គោលដៅ​មួយ​។ ជា​យូរ​មកហើយ គេ​មើលឃើញថា ថៃ ឬ​វៀតណាម​គឺជា​គោលដៅ​ពេញនិយម​មួយ​។ នៅ​កម្ពុជា​មាន​អ្វីដែល​ត្រូវ​ទស្សនា​ច្រើនណាស់ ហើយ​រយៈពេល ២ ​សប្តាហ៍​គឺ​មិន គ្រប់គ្រាន់​ទេ​។

សម្រាប់​ឆ្នាំ ​២០២២ ឬ​ប្រហែលជា​ឆ្នាំ ​២០២៣ ទេសចរ​នឹងមិន​ទៅកាន់​គោលដៅ​ច្រើន​ទេ ដោយសារតែ​វា​ស្មុគស្មាញ​ និង​ប្រថុយប្រថាន​ពេក​។ ដូច្នេះ​កម្ពុជា​ត្រូវ​លើកកម្ពស់​ជា​គោលដៅ​តែមួយ​។ ខ្ញុំ​គិតថា យុទ្ធនាការ​តាម​អនឡាញ​អាច​ចាប់ផ្តើម​ដើម្បី​សម្រេចបាន​គោលដៅ​នេះ​។

សម្រាប់​ខ្ញុំ ខ្ញុំ​បាន​ព្យាយាម​ផ្សព្វផ្សាយ​ទស្សនៈ​របស់ START Cambodia (​និរន្តរភាព​ទេសចរណ៍ និង​ការធ្វើដំណើរ​ប្រកបដោយ​ការទទួល​ខុសត្រូវ​)​។ គំនិត​នេះ​គឺ​ដើម្បីឱ្យ​វិស័យ​អេកូទេសចរណ៍​/​និរន្តរភាព រួមគ្នា​លើកកម្ពស់​ប្រទេសជាតិ​ជា​គោលដៅ​ប្រកបដោយ​និរន្តរភាព​។

យើង​មាន​ផែនការអាជីវកម្ម​រួច​ហើយ និង​បាន​បង្កើត​ទស្សនៈ​សម្រាប់​យុទ្ធនាការ​ផ្សព្វផ្សាយ និង​គេហទំព័រ សម្រាប់​បណ្តាញ STaRT នៃ​សហគ្រាស​ទេសចរណ៍​និង​អេកូទេសចរណ៍​ប្រកបដោយ​និរន្តរភាព​។ បច្ចុប្បន្ន​យើង​កំពុង​ស្វែងរក​ការគាំទ្រ និង​ចាក់បញ្ចូល​ហិរញ្ញវត្ថុ​តិចតួច ដើម្បី​ចាប់ផ្តើម​បណ្តាញ STaRT​។

Q-តើ​លោក​ចង់​និយាយ​បែបណា​ចំពោះ​អ្នក​នៅក្នុង​ឧស្សាហកម្ម​ទេសចរណ៍​ដែល​នៅ​ស្ទាក់ស្ទើរ​ក្នុងការ​ចាប់យក​និរន្តរភាព​?

វា​គឺជា​អនាគត អ្នក​ពិតជា​គ្មាន​ជម្រើស​ទេ​។ តាមរយៈ​ការស្ទង់មតិ​អំពី​ការធ្វើដំណើរ​ក្រោយ​កូវីដ គឺ​បាន​បង្ហាញថា និរន្តរភាព គឺជា​អាទិភាព​នៃ​ការធ្វើ​ដំណើរ​។ ការប្រែប្រួល​អាកាសធាតុ​គឺមាន​ពិតប្រាកដ ហើយ​នៅពេល​យើង​កាន់តែ​អភិវឌ្ឍ នោះ​នឹងមាន​ការដាក់​កម្រិត​កាន់តែ​ច្រើន​ទៅលើ​អ្វីដែល​យើង​អាចធ្វើ​បាន និង​អ្វីដែល​មិនអាច​ធ្វើបាន​។ ដូច្នេះ​វា​ជា​ការល្អ​ប្រសើរ​ដែល​យើង​ត្រូវ​ត្រៀមខ្លួន​ឱ្យបាន​រួចរាល់​។

Q-តើ​អនាគត​សម្រាប់​ការធ្វើ​ដំណើរ​ប្រកបដោយ​និរន្តរភាព គឺជា​អ្វី​?

និរន្តរភាព​នៃ​ការធ្វើដំណើរ​គឺជា​អនាគត​។ អនាគត​នៃ​ការធ្វើដំណើរ​គឺជា​និរន្តរភាព​។ លុះត្រាតែ​ប្រទេស​កម្ពុជា ឬ​ប្រទេស​ផ្សេងទៀត​យល់​អំពី​បញ្ហា​នេះ បើ​មិន​ដូច្នេះ​ទេវា​នឹង​បាត់បង់​នូវ​ចក្ខុវិស័យ​សម្រាប់​គោលដៅ​ទេសចរណ៍​ផ្សេងទៀត​៕