
រមណីយដ្ឋានទទួលពានរង្វាន់ជាសកល និងការសរសើរពីអន្តរជាតិជាច្រើន។ រូបថត Supplied
Shinta Mani Wild គឺជារមណីយដ្ឋានដ៏ប្រណីតដែលទទួលពានរង្វាន់អន្តរជាតិ គឺមានទីតាំងស្ថិតនៅក្នុងតំបន់ដ៏ស្ងប់ស្ងាត់នៃជួរភ្នំក្រវាញកំពុងជួយលើកកម្ពស់ដល់ការធ្វើដំណើរកម្សាន្តក្នុងប្រទេសកម្ពុជា និងដាក់ព្រះរាជាណាចក្រកម្ពុជាយ៉ាងរឹងមាំនៅលើផែនទីអន្តរជាតិសម្រាប់និរន្តរភាពទេសចរណ៍។
ស្ថិតនៅលើផ្ទៃដីជាង ៣៥០ ហិកតាក្នុងខេត្តកោះកុង រមណីយដ្ឋាន Shinta Mani Wild គឺជាលទ្ធផលនៃកិច្ចសហការរវាងពាណិជ្ជករកម្ពុជាលោក Sokoun Chanpreda និងអ្នករចនាម៉ូដអាមេរិក លោក Bill Bensley ដែលមានមូលដ្ឋាននៅទីក្រុងបាងកក ដើម្បីការពារព្រៃឈើ និងសត្វព្រៃដ៏មានតម្លៃនៅភាគនិរតីនៃប្រទេសកម្ពុជា។
លោក David Steyn អ្នកគ្រប់គ្រងទូទៅនៃរមណីយដ្ឋាន Shinta Mani ថ្លែងថា៖ «នៅក្នុងខែធ្នូ ឆ្នាំ ២០១៨ រមណីយដ្ឋាន Shinta Mani Wild ត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើការជាមួយសហគមន៍ និងអង្គការ Wildlife Alliance ដើម្បីការពារតំបន់ធម្មជាតិរវាងតំបន់កំពុងអភិវឌ្ឍន៍ និងតំបន់ព្រៃនៃភ្នំក្រវាញនៅភាគខាងត្បូង»។
«លោក Bill Bensley ដែលជាអ្នករចនាសណ្ឋាគារ Shinta Mani, ជាសហម្ចាស់, ជាមិត្តភក្តិល្អ និងដៃគូអាជីវកម្មរបស់គាត់គឺលោក Sokoun Chanpreda បានទិញដីរួមគ្នាដើម្បីការពារព្រៃឈើ និងសត្វព្រៃនៅក្នុងតំបន់នោះ»។

លោក David Steyn
តំបន់ព្រៃភ្នំ និងដាច់ស្រយាលរបៀបផ្សងព្រេងបែបនេះ ដើម្បីចូលទៅដល់គឺត្រូវចាប់ផ្តើមដោយការជិះរថយន្ត jeep សម័យទសវត្សរ៍ឆ្នាំ ១៩៦០ ហើយមុនពេលទៅដល់រមណីយដ្ឋានដ៏ប្រណីតនេះ អ្នកត្រូវជិះខ្សែរ៉កប្រវែង ៤០០ ម៉ែត្រ។
«ក្នុងអំឡុងពេលសាងសង់ អ្វីៗត្រូវបានដឹកមកដោយប្រើរទេះក្របី ដូច្នេះហើយរាល់ផ្លូវចេញចូលគឺមានតែមួយប៉ុណ្ណោះ ដែលធ្វើឱ្យប៉ះពាល់តិចតួចបំផុត និងដុះត្រឡប់មកវិញក្នុងរយៈពេលដ៏ខ្លី»។
«ផ្លូវ និងអគារត្រូវបានផ្លាស់ទី ដែលអនុញ្ញាតឱ្យដើមឈើបន្តលូតលាស់ និងមិនមានដើមឈើណាមួយត្រូវបានកាប់បំផ្លាញអំឡុងពេលសាងសង់នោះទេ។ វាក៏អនុញ្ញាតឱ្យសត្វព្រៃដើរហើរដោយគ្មានការរំខាន ហើយក៏មិនធ្វើឱ្យប៉ះពាល់ដល់ផ្លូវទឹកហូរបែបធម្មជាតិផងដែរ»។
លោក Steyn បន្តថា៖ «ការទទួលស្គាល់ដំបូងគឺសំខាន់ណាស់សម្រាប់ការសាងសង់អចលនទ្រព្យ ដើម្បីឱ្យការសាងសង់មានផលប៉ះពាល់តិច និងមាននិរន្តរភាព គឺជាអ្វីដែលស្ថាបត្យករ អ្នករចនា និងម្ចាស់ តែងផ្តោតសំខាន់។ គោលដៅគឺធ្វើឱ្យមានផលប៉ះពាល់តិចតួចបំផុតទៅលើព្រៃឈើតាមដែលអាចធ្វើបាន»។
Shinta Mani Wild ធ្វើការជាមួយអង្គការអភិរក្សអន្តរជាតិមិនស្វែងរកប្រាក់ចំណេញ Wildlife Alliance ដើម្បីធានាថា វាត្រូវបានការពារពីការកាប់ឈើ និងការបរបាញ់។
«តាមរយៈមូលនិធិ Shinta Mani យើងសហការជាមួយអង្គការ Wildlife Alliance និងក្រុមអនុរក្សរបស់ពួកគេ ដែលដើរល្បាតព្រៃជារៀងរាល់ថ្ងៃ ដើម្បីស្វែងរក និងបំផ្លាញជំរំកាប់ឈើខុសច្បាប់ ក៏ដូចជារឹបអូសរណារអារឈើ បំផ្លាញអន្ទាក់ទាក់សត្វ ដែលអាចប៉ះពាល់ដល់កូនដំរី និងសំបុកបក្សី»។
លោក Steyn បន្តថា៖ «រហូតមកដល់ពេលនេះ យើងរឹបអូសបានរណារអារឈើចំនួន ៣៨៥ គ្រឿង អន្ទាក់ទាក់សត្វចំនួន ៥ ៩៥២ អន្ទាក់ជាសម្ភារដែលបំផ្លាញព្រៃឈើ ហើយនោះគ្រាន់តែជាក្រុមតូចមួយរបស់យើងនៅទីនេះ។ ទប់ស្កាត់ការជួញដូរសាច់សត្វខុសច្បាប់ ក៏ជាផ្នែកមួយនៃការងារការពារព្រៃឈើ និងសត្វព្រៃផងដែរ»។
ភ្ញៀវអាចចូលរួមការពារព្រៃឈើតាមរយៈការចូលរួមល្បាតប្រឆាំងការបរបាញ់ ជាមួយគ្នាក៏រីករាយជាមួយធម្មជាតិដ៏ខៀវស្រងាត់ព័ទ្ធជុំវិញ មើលទឹកធ្លាក់ មើលបក្សាបក្សី ជិះទូកកម្សាន្ត ខណៈការចម្អិនអាហារជាមួយចុងភៅ ការឡើងភ្នំ និងការមើលមេអំបៅ សុទ្ធសឹងជាសកម្មភាពដ៏រីករាយនៅពេលដើរកម្សាន្តក្នុងព្រៃ។
លោក Steyn ពន្យល់ថា ពាក្យស្លោករបស់ Shinta Mani គឺ «open hearts, open doors» ដែលធានាថាអាជីវកម្មរបស់ខ្លួនត្រូវបានធ្វើឡើងប្រកបដោយក្រមសីលធម៌ និងនិរន្តរភាព តាមដែលអាចធ្វើបាន និងធ្វើការជាមួយក៏ដូចជាគាំទ្រសហគមន៍មូលដ្ឋាន។

រមណីយដ្ឋាន Shinta Mani Wild ស្ថិតនៅលើទីតាំងទំហំជាង ៣៥០ ហិកតា។
កិច្ចខិតខំប្រឹងប្រែងរបស់ Shinta Mani Wild ក្នុងការការពារបរិស្ថាន និងការគាំទ្រសហគមន៍ ក៏ដូចជាផ្តល់នូវបទពិសោធវិស្សមកាល ដែលមិនអាចបំភ្លេចបាន ធ្វើឱ្យរមណីយដ្ឋាននេះទទួលបានពានរង្វាន់ជាសកល«Eco-Friendly Accommodation of the Year» នៅឯពិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំ Luxury Travel Group Asia and Australia Awards 2020។
ក្រៅពីនោះក៏ទទួលបានការកោតសរសើរពីទស្សនាវដ្តីទេសចរណ៍អន្តរជាតិល្បីៗដូចជា Time, Tatler និង Harper''s Bazaar ក៏ដូចជាអត្ថបទរបស់អ្នកសារព័ត៌មាន Juliet Kinsman នៅទស្សនាវដ្តី Conde Nast Traveller ផងដែរ។
«ចាប់តាំងពីបើកដំណើរការមក ដោយសារការផ្តល់ជូនបទពិសោធដ៏ពិសេសៗ យើងពិតជារីករាយ និងអរគុណ ដែលទទួលបានពានរង្វាន់ និងការទទួលស្គាល់សំខាន់ៗជាច្រើន ដែលវាពិតជាមានតម្លៃខ្លាំងណាស់នៅ ក្នុងការផ្សព្វផ្សាយ និងបង្កើនការយល់ដឹងនៅទូទាំងពិភពលោក»។
«ហើយកាលពីពេលថ្មីៗនេះ ត្រូវបានបញ្ចូលក្នុងបញ្ជីមាសឆ្នាំ ២០២២ របស់ទស្សនាវដ្ដី Conde Nast Traveler ដែលគេឱ្យតម្លៃបំផុតមួយនៅទូទាំងពិភពលោក។
លោក Steyn បានបន្ថែមថា៖ «ខ្ញុំគិតថា មិនមានវិធីណាទៀតទេនៅក្នុងពិភពលោកក្នុងពេលឥឡូវនេះ។ ប្រសិនបើអ្នកមិនធ្វើអ្វីដែលអ្នកអាចធ្វើបានដើម្បីថែរក្សា និងអភិរក្សទេ នោះអ្នកមិនគួរធ្វើប្រតិបត្តិការទេ។
វាចាំបាច់ណាស់ដែលយើងត្រូវបន្តរំឭក និងបង្រៀនមនុស្សឱ្យយល់ដឹងថា យើងគឺត្រូវបានផ្សារភ្ជាប់ដោយមិនអាចកាត់ផ្តាច់បានពីផែនដី និងប្រព័ន្ធអេកូរបស់វា»៕