
លោក Tan ប្រើប្រាស់បទពិសោធរបស់លោកដើម្បីផ្តល់ការយល់ដឹងសម្រាប់សហគមន៍អាជីវកម្ម។ រូបថត Supplied
លោក Allen Dodgson Tan ជនជាតិអាមេរិកដើមកំណើតខ្មែរធ្វើឱ្យមានការចាប់អារម្មណ៍ជាច្រើនក្នុងនាមជាថ្នាក់នាំក្រុមហ៊ុន អ្នករចនាផលិតផល សហគ្រិន និងជាអ្នកនិពន្ធ។ អាជីពមួយក្នុងចំណោមអាជីពដំបូងរបស់លោកគឺកាន់តែមានលក្ខណៈផ្សងព្រេងខ្លាំងថែមទៀត ពីព្រោះលោកបានបម្រើការងារនៅក្នុងជួរកងទ័ពសហរដ្ឋអាមេរិករយៈពេល ៧ ឆ្នាំ នៅអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ ដែលហែកហួរដោយសង្គ្រាម។
លោក Tan បានបន្ថែមអាជីពដ៏អស្ចារ្យមួយទៀតកាលពីថ្ងៃសៅរ៍សប្តាហ៍មុន នៅពេលសម្ពោធសៀវភៅរបស់លោកមានចំណងជើងថា «Essential Cambodia» ដែលផ្តល់ការណែនាំសម្រាប់វិនិយោគិន និងអ្នកគ្រប់គ្រងអាជីវកម្ម អំពីទិដ្ឋភាពសាជីវកម្មនៅកម្ពុជា ដើម្បីទទួលបានភាពជោគជ័យ។
«ខ្ញុំបានសម្រេចចិត្តសរសេរសៀវភៅ Essential Cambodia បន្ទាប់ពីកាន់តំណែងជាប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ដែលខ្ញុំបានសង្កេតឃើញថា វិនិយោគិន អ្នកគ្រប់គ្រង និងនិយោជិតដែលជាជនបរទេស មានការលំបាកស្រដៀងៗគ្នាក្នុងការស្វែងយល់ពីរបៀបធ្វើការនៅព្រះរាជាណាចក្រកម្ពុជា»។
លោកបានប្រាប់ភ្នំពេញ ប៉ុស្តិ៍ថា៖ «ខណៈមានសៀវភៅល្អៗជាច្រើនស្តីពីទិដ្ឋភាពច្បាប់នៃការធ្វើអាជីវកម្មនៅកម្ពុជា ខ្ញុំបានគិតថាមគ្គុទ្ទេសក៍វប្បធម៌សម្រាប់អ្នកធ្វើអាជីវកម្មនៅខ្វះខាត។ ដូច្នេះសង្ឃឹមថា សៀវភៅនេះនឹងជួយបំពេញចន្លោះខ្វះខាត បន្ថែមលើធនធានដ៏អស្ចារ្យផ្សេងទៀតដែលមានស្រាប់»។
វិនិយោគិនអន្តរជាតិ និងអ្នកគ្រប់គ្រងអាជីវកម្មដែលប្រតិបត្តិការលើអាជីវកម្មចម្រុះតែងតែព្យាយាមស្វែងរកដំណោះស្រាយ ដើម្បីដំណើរការអាជីវកម្មរបស់ពួកគេប្រកបដោយផលិតភាពនៅក្នុងសេដ្ឋកិច្ចសកលភាវូបនីយកម្មជាកន្លែងដែលវប្បធម៌ ភាសា ក្រមសីលធម៌ការងារ និងសង្គម ផ្តល់ភាពងាយស្រួល ជាពិសេសនៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។

លោក Allen Dodgson Tan
កម្ពុជាក៏មានលក្ខណពិសេសរបស់ខ្លួនដែរ។ នៅក្នុងសៀវភៅ Essential Cambodia លោក Tan ជាមួយនឹងបទពិសោធសាជីវកម្មដ៏ច្រើន លោកបានលើកយកភាពចម្រុះនៃវប្បធម៌ទាំងនេះ ដើម្បីពន្យល់ពីវិធីដោះស្រាយស្ថានការណ៍មិនច្បាស់លាស់ផ្សេងៗ។
«គោលបំណងតែ ១ គត់របស់ខ្ញុំគឺជួយអ្នកអានឱ្យទទួលបានជោគជ័យនៅក្នុងប្រទេសកម្ពុជា។ ខណៈមានឧទាហរណ៍ និងស្ថានភាពជាក់លាក់ជាច្រើន ត្រូវបានពន្យល់នៅក្នុងសៀវភៅនេះ ដែលបង្កប់នូវគោលគំនិតដ៏ទូលំទូលាយ គឺថាជនបរទេសគួរតែចំណាយថាមពលរបស់ពួកគេ ដើម្បីស្វែងយល់ពីប្រទេសកម្ពុជាឱ្យប្រសើរជំនួសឱ្យការត្អូញត្អែរថា វាដំណើរការបែបណា។ នេះគឺជាផ្នត់គំនិតប្រកបដោយផលិតភាព និងជាទស្សនៈមួយដែលនឹងផ្តល់ឱកាសកាន់តែច្រើនសម្រាប់ភាពជោគជ័យ»។
«ការចាប់ផ្តើមសម្រាប់សៀវភៅនេះ គឺកើតចេញពីទស្សនៈដ៏ជាក់លាក់ ដែលជាឱកាសមួយក្នុងការផ្តល់ធនធានដើម្បីជួយវិនិយោគិនបរទេស អ្នកជំនួញ និងអ្នកគ្រប់គ្រង ដើម្បីស្វែងរកភាពជោគជ័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
លោកបន្តថា៖ «ក្តីសង្ឃឹមគឺថាសៀវភៅនេះនឹងជួយណែនាំដល់អ្នកចំណូលថ្មីឱ្យយល់កាន់តែច្បាស់ និងកាត់បន្ថយភាពមិនច្បាស់លាស់។ នៅពេលជនបរទេសកាន់តែជោគជ័យក្នុងការធ្វើអាជីវកម្មនៅកម្ពុជា ពេលនោះកម្ពុជារបស់យើងក៏កាន់តែជោគជ័យដែរ»។
លោក Tan ទទួលសញ្ញាបត្រអនុបណ្ឌិតគ្រប់គ្រងហានិភ័យអាជីវកម្មពីសាកលវិទ្យាល័យ Boston និងបរិញ្ញាបត្រវិទ្យាសាស្ត្រគ្រប់គ្រងពាណិជ្ជកម្មពីសាកលវិទ្យាល័យ Franklyn ។
លោកបានធ្វើការជាទាហានថ្មើរជើង និងជាប្រតិបត្តិករកម្ចាត់អាវុធជាតិផ្ទុះ នៅក្នុងប្រទេសអ៊ីរ៉ាក់ និង អាហ្វហ្គានីស្ថាន ជាកន្លែងដែលលោកទទួលបានមេដាយ Bronze Star សម្រាប់សកម្មភាពនៅក្នុងសមរភូមិចុងក្រោយនៅក្រុង Sadr ក្នុងទីក្រុងបាកដាដ ប្រទេសអ៊ីរ៉ាក់។

សៀវភៅត្រូវបានសម្ពោធនៅសារមន្ទីរ Sosoro Museum កាលពីថ្ងៃសៅរ៍ ។
ដោយបានរស់នៅក្នុងព្រះរាជាណាចក្រកម្ពុជាអស់រយៈពេល ១២ ឆ្នាំ លោកនិយាយថា ប្រទេសកម្ពុជាកំពុងពោរពេញដោយសក្តានុពលនៃភាពជាសហគ្រិន ខណៈប្រទេសកំពុងចូលនៅក្នុងសេដ្ឋកិច្ចសកល។
«ប្រាកដណាស់ មូលហេតុដែលយើងឃើញលំហូរនៃពលរដ្ឋខ្មែរនៅក្រៅប្រទេស និងអ្នកជំនួញបរទេសដែលត្រឡប់មកកម្ពុជាវិញ គឺដោយសារតែថាមពល និងសក្តានុពលដ៏អស្ចារ្យនៃសេដ្ឋកិច្ចកម្ពុជា»។
លោកថ្លែងថា៖ «មានឱកាសនៅគ្រប់ទីកន្លែង ដែលអ្នកងាកទៅបង្កើតតម្លៃថ្មីនៅកម្ពុជា។ ជាការពិត យើងក៏មានបញ្ហាប្រឈម និងហានិភ័យផងដែរ ប៉ុន្តែទាំងនេះអាចមានតុល្យភាពជាមួយនឹងវិធីសាស្ត្រត្រឹមត្រូវ»។
ភាពច្នៃប្រឌិតរបស់លោក Tan ត្រូវបានមើលឃើញនៅក្នុងគម្របសៀវភៅដែលពណ៌នាអំពីខ្លោងទ្វារប្រាសាទបុរាណអមដោយក្បាច់ដ៏រស់រវើកជាមួយដៃកាន់កូនសោ ដែលបង្ហាញពីប្រាជ្ញាដែលកើតចេញពីការងារដើម្បីស្វែងយល់ពីវប្បធម៌របស់យើង។ ម្យ៉ាងវិញទៀត ការដើរតាមច្រកទ្វារ ការខិតខំប្រឹងប្រែងសិក្សាស្វែងយល់ពីវប្បធម៌របស់យើងឱ្យបានស៊ីជម្រៅនឹងទទួលបានចំណេះដឹងដ៏មានតម្លៃ»។ វាត្រូវបានរចនាដោយលោក Chifumi ដែលជាវិចិត្រករជនជាតិបារាំង ។
«ត្រូវបានបំផុសគំនិតដោយការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធដ៏អស្ចារ្យនៅក្នុងខេត្តសៀមរាប និងខេត្តព្រះសីហនុ ខ្ញុំគិតថា មានឱកាសមួយក្នុងការប្រើប្រាស់ពេលវេលាធ្លាក់ចុះនេះ ដើម្បីបង្កើតធនធានដែលអាចជួយអាជីវកម្មបាន (ក្នុងវិធីតិចតួច) នៅពេលក្បាលម៉ាស៊ីនសេដ្ឋកិច្ចធំរបស់យើងចាប់ផ្តើមងើបឡើងវិញ។ ខ្ញុំជឿថានឹងមានរលកនៃការវិនិយោគដ៏ធំមួយទៀតនៅកម្ពុជា ហើយសង្ឃឹមថា សៀវភៅរបស់ខ្ញុំនឹងជួយមនុស្សមួយចំនួនទៅតាមហ្នឹងដែរ»។
សៀវភៅនេះត្រូវបានសម្ពោធនៅសារមន្ទីរ SOSORO Museum ។
សៀវភៅ Essential Cambodia មានលក់នៅបណ្តាគារ Monument Books មហាវិថីព្រះរោត្តម និងនៅកន្លែងចេញដំណើរអន្តរជាតិ (departure terminals) ខាងក្នុងហាង RELAY ទាំងនៅទីក្រុងភ្នំពេញ និងខេត្តសៀមរាប។
សៀវភៅនេះក៏អាចរកបានសម្រាប់អ្នកអាននៅក្រៅប្រទេសនៅលើ Amazon នៅលើ Kindle៖ https://www.amazon.com/dp/B09V39PSP5