The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Krama NFT Marketplace បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយនឹង​​ស្នាដៃ​សិល្បៈ​ខ្មែរ​ដំបូង​គេ ដែល​ត្រូវបាន​លក់​ជា​ទម្រង់​ឌីជីថល NFT

Krama NFT Marketplace បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយនឹង​​ស្នាដៃ​សិល្បៈ​ខ្មែរ​ដំបូង​គេ ដែល​ត្រូវបាន​លក់​ជា​ទម្រង់​ឌីជីថល NFT

Content image - Phnom Penh Post
លោក Tony Francis បង្ហាញ​ផ្ទាំងគំនូរ Wonderful Women Wall ជា​គម្រោង​ដែល​សហការ​ជាមួយ​អង្គការ CCF​។

Krama NFT Marketplace បង្កើត​ប្រវត្តិសាស្ត្រ​ជាមួយនឹង​​ស្នាដៃ​សិល្បៈ​ខ្មែរ​ដំបូង​គេ ដែល​ត្រូវបាន​លក់​ជា​ទម្រង់​ឌីជីថល NFT

ផ្លេតហ្វម Krama NFT Marketplace កាលពី​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន​បាន​ប្រារព្ធ​ពិធី​អបអរ​ផ្លេតហ្វម​ទ្រព្យ​ឌីជីថល​ដំបូង​គេ​នៅ​កម្ពុជា ដែលជា​ប្រវត្តិសាស្ត្រ​នៃ​ស្នាដៃ​គំនូរ​សិល្បៈ​ដំបូងបង្អស់​របស់​ព្រះរាជាណាចក្រ​កម្ពុជា ដែល​ត្រូវបាន​លក់​ជា​ទម្រង់​ទ្រព្យ​កម្មសិទ្ធិ​ឌីជីថល (NFTs)​។

លោក Tony Francis នាយក​ក្រុមហ៊ុន​បាន​ថ្លែងថា ការប្តេជ្ញាចិត្ត​គឺ​ដើម្បី​ «​ថែរក្សា អភិរក្ស និង​លើកកម្ពស់​វប្បធម៌​ខ្មែរ​» ខណៈ​ការបើក Krama NFT Marketplace នៅឯ Cambodian Country Club បានធ្វើឱ្យ​គំនូរ​សិល្បៈ​ឌីជីថល Relax របស់​វិចិត្រករ ឈឹម សុធី ពី​ក្រុម Legacy Collection ត្រូវបាន​លក់​។

«​ប្រវត្តិសាស្ត្រ​បាន​កើតឡើង​កាលពី​ថ្ងៃ​សៅរ៍ នៅពេលដែល​វិចិត្រករ​ខ្មែរ​លោក​ ឈឹម សុធី បាន​បង្កើត​ស្នាដៃ​សិល្បៈ Relax ហើយ​ត្រូវបាន​លក់ វា​ជា​បណ្តុំ​គំនូ​សិល្បៈ​ឌីជីថល NFT​។ បច្ចុប្បន្ន​វិចិត្រករ​គ្រប់រូប​នៅ​កម្ពុជា​មាន​ឱកាស​បង្កើត​ស្នាដៃ​របស់​ពួកគេ និង​ទទួល​អត្ថប្រយោជន៍​ជា​រៀងរហូត​»​។

«NFTs កំពុង​បង្កើត​ប្រាក់ចំណូល​ពី​ទម្រង់​ថ្មី ដោយសារ​តែ​ឱកាស​ទ្រព្យសម្បត្តិ​ឌីជីថល​ផ្តល់ឱ្យ​។ ស្នាដៃ​របស់លោក​ ឈឹម សុធី និង​វិចិត្រករ​ផ្សេងទៀត​ដែល​បាន​លក់ ឥឡូវនេះ​ត្រូវបាន​រក្សាទុក​ និង​ការពារ​ជា​រៀងរហូត​ជា​ប្រភេទ​មួយ​នៅលើ blockchain ហើយនឹង​បន្ត​ផ្តល់​អត្ថប្រយោជន៍ តាមរយៈ​ការលក់​នាពេល​អនាគត​»​។

លោក​ Francis​ បាន​បន្តថា​៖ «​ដូច្នេះ​យើង​រីករាយ​ក្នុង​ការណែនាំ​ផ្លេតហ្វម​ទ្រព្យសកម្ម​ឌីជីថល​ដំបូង​របស់​កម្ពុជា (Krama NFT Marketplace)​។ បន្ទាប់ពី​កិច្ចខិតខំ​ប្រឹងប្រែង​កន្លងមក យើង​រីករាយ​ដែល​ផ្លេតហ្វម​នេះ​ដំណើរការ ហើយ​អ្នក​ច្នៃប្រឌិត​អាច​ចូលរួម​ជាមួយ​យើង ដើម្បី​ការពារ អភិរក្ស និង​ផ្សព្វផ្សាយ​វប្បធម៌​ខ្មែរ​នៅក្នុង​វិស័យនេះ​»​។

Content image - Phnom Penh Post
គំនូរ Relax ស្នាដៃ​របស់​លោក ឈឹម សុធី​។

លោក​បន្ថែមថា ផ្លេតហ្វម Krama NFT Marketplace គឺជា​ «​ស្ពាន​» សម្រាប់​ការច្នៃប្រឌិត​ឌីជីថល​។

«Krama NFT Marketplace ត្រូវបាន​បង្កើត​ឡើងជា​ស្ពាន​ជួយ​ដល់​ការផ្លាស់ប្តូរ​ពី​កម្មសិទ្ធិ​រូបវន្ត​ទៅ​កម្មសិទ្ធិ​ឌីជីថល ហើយ​វិធី​ដែល​យើង​ធ្វើ​គឺ​បង្ហាញ​នូវ​បណ្តុំ​ស្នាដៃ​សិល្បៈ​ខ្មែរ​»​។

«​បណ្តុំ​ស្នាដៃ​សិល្បៈ​ដ៏អស្ចារ្យ​ទាំងនេះ រួមមាន​ស្នាដៃ​របស់​វិចិត្រករ​ល្បីៗ​ដូចជា សំ សោភ័ណ្ឌ​, ឈឹម សុធី និង ហួរ សូបិន ដែលមាន​គំនូរ​សិល្បៈ​ជាច្រើន​ទម្រង់ ដូចជា​សិល្បៈ​ពី​ទីក្រុង​,​សិល្បៈ​ឌីជីថល Angkor Fractals រហូតដល់ Full Steam Ahead ដែលជា​គម្រោង​សិល្បៈ​ដ៏អស្ចារ្យ​របស់​យើង​ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា និង​សហការ​ជាមួយ​វិចិត្រករ​ជាច្រើន​ទៀត​»​។

«​រាល់​ស្នាដៃ​សិល្បៈ​ទាំងអស់ គឺមាន​ស្នាដៃ​សិល្បៈ​ដើម ឬ​ព្រីន និង​ឌីជីថល (NFT) ដែល​ត្រូវបាន​រក្សាទុក​លើ blockchain នៅលើ Ethereum​។ ចំពោះ​ការបើក​បណ្តុំ​ស្នាដៃ​ចំនួន ៣០ ក៏​ភ្ជាប់​មក​ជាមួយ​ស៊ុម​ឌីជីថល​ដ៏ស្រស់ស្អាត​នៅក្នុង​ប្រអប់​សម្រាប់​ធ្វើជា​អំណោយ​ផងដែរ ដែល​បង្ហាញ​ស្នាដៃ​សិល្បៈ​ឌីជីថល​»​។

លោក Francis បាន​ថ្លែងថា បណ្តុំ​ស្នាដៃ​សិល្បៈ​មួយ​ក្នុងចំណោម​ច្រើន​ទៀត គឺ Full Steam Ahead (FSA) ជា​គម្រោង​សិល្បៈ ដែល​សហការ​ជាមួយ​អង្គការ​មូលនិធិ​កុមារ​កម្ពុជា (CCF) ជាមួយនឹង​ផ្ទាំងគំនូរ Wonderful Women Wall ដែលជា​ចំណុច​លេចធ្លោ​ដ៏​ពិសេស បង្ហាញ​ពី​ឥទ្ធិពល​របស់​ស្ត្រី​ជាច្រើន​ជំនាន់ ( CCF’s three eldest grandmothers, three mothers and three daughters) ដែល​ត្រូវ​បង្កើតឡើង​ដោយ​សិស្ស​អង្គការ CCF ក្រោម​ការជួយ​ណែនាំ​ពី​វិចិត្រករ​អាល្លឺម៉ង់ Danilo Halle​។

លោក Andrew Roberts អ្នកសម្របសម្រួល​កម្មវិធី STEM នៅ​សាលា Neeson Kripps របស់​អង្គការ CCF និង​ជា​សហស្ថាបនិក​នៃ​គម្រោង FSA បាន​សាទរ​ពី​សារៈសំខាន់​នៃ​គម្រោង​នេះ​ក្នុងការ​ក្លាយជា​មូលដ្ឋានគ្រឹះ​ ដើម្បី​អភិវឌ្ឍ​ការគិត​ប្រកប​ដោយ​ការច្នៃប្រឌិត​របស់​សិស្ស​។

«​នេះ​គឺជា​ឱកាស​ដ៏អស្ចារ្យ​មួយ​សម្រាប់​សិស្ស​របស់​យើង ដែល​ធ្វើការ​នៅក្នុង​កម្មវិធីសិក្សា STEM - វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា ដើម្បី​ប្រើប្រាស់​ផ្នែក​ផ្សេងទៀត​នៃ​ខួរក្បាល និង​អភិវឌ្ឍ​សិល្បៈ​ដែល​បំផុស​គំនិត​ដោយ​វិទ្យាសាស្ត្រ​»​។

Content image - Phnom Penh Post
បណ្តុំ​គំនូរ​សិល្បៈ​ដែលជា​ស្នាដៃ​វិចិត្រករ​កម្ពុជា​ដ៏រស់រវើក​។ រូបថត Supplied

«​ជាមួយ​គម្រោង FSA សិល្បៈ​គឺជា​ផ្លេតហ្វម​មួយ​សម្រាប់​ការសិក្សា​ផ្សេងទៀត ហើយ​វា​គឺជា​គន្លឹះ​ដោយសារ​តែ​ពីមុន​សិស្ស​មិនមាន​ឱកាស​ ដើម្បី​អាច​ភ្ជាប់​មុខវិជ្ជា​ទាំងអស់នោះ​ជាមួយគ្នា​នៅក្នុង​គម្រោង​មួយ​ដែលមាន​រយៈពេល​ជាង​ ១​ ឆ្នាំ​»​។

លោក Roberts ថ្លែងថា​៖ «​ដូច្នេះ​វា​កំពុង​ទាក់ទាញ​សិស្ស​ជាច្រើន​នៅក្នុង​គម្រោង​ផ្សេងៗ​នៅក្នុង​ផ្នែក​ផ្សេងៗ​គ្នា​នៃ​ការសិក្សា ហើយ​ខណៈ​ស្នាដៃ​សិល្បៈ​គឺជា​លទ្ធផល​ចុងក្រោយ​ដែល​ត្រូវបាន​លក់​, ការសិក្សា​គឺជា​មូលដ្ឋានគ្រឹះ​នៃ​ការគិត​ប្រកបដោយ​ភាពច្នៃប្រឌិត និង​ចំណេះដឹង​របស់​ពួកគេ​អំពី​ពិភពលោក​»​។

លោក Francis បានឱ្យ​ដឹងថា​ពិភពលោក​កំពុង​មើលឃើញ​ការផ្លាស់ប្តូរ​ជា​សកល ដោយ​មនុស្ស​កំពុង​ផ្លាស់ប្តូរ​ពី​ការ​ក្លាយជា​ម្ចាស់​នៃ​ទ្រព្យសកម្ម​បែប​រូបវន្ត​ទៅជា​ម្ចាស់​កម្មសិទ្ធិ​ទ្រព្យសកម្ម​ឌីជីថល​វិញ​។

«​យើង​មាន​បច្ចេកវិទ្យា Web 1.0, Web 2.0 ហើយ​ឥឡូវនេះ​យើង​មាន Web 3.0 ជា​ពិភពថ្មី​មួយ ដែល​ស្នាដៃ​សិល្បៈ អចលនទ្រព្យ និង​សូម្បីតែ​ឧបករណ៍​ប្រើប្រាស់​សុទ្ធតែ​ជា​កម្មសិទ្ធិ​នៅក្នុង​ទម្រង់​ឌីជីថល​។ នេះ​ជា​អ្វីដែល​គួរឱ្យ​រំភើប​ណាស់​»​។

«​នេះ​ជា​មូលហេតុ​ដែល Facebook ប្តូរ​ឈ្មោះ​ទៅ Meta នេះ​ជា​មូលហេតុ​ដែលមាន​គេ​ទិញ 5,000 JPEGs ក្នុងតម្លៃ ៦៩ ​លាន​ដុល្លារ ហើយ​នេះ​ជា​មូលហេតុ​ដែលមាន Goldman Sachs, Nike, NBA ដែលជា​ក្រុមហ៊ុន និង​អង្គការ​ធំៗ​នៅលើ​ពិភពលោក​ទាំងអស់​ចូលរួម ដូច្នេះ​តើ​អ្វី​ជា​ដំណាក់កាល​បន្ទាប់​ក្នុង​ការវិវត្តភាព​ជា​ម្ចាស់​ទ្រព្យសកម្ម​»​។

លោក Francis មានប្រសាសន៍​ថា​៖ «​ហើយ​ឥឡូវនេះ​ជាមួយនឹង​ស្នាដៃ​សិល្បៈ​ខ្មែរ​ដំបូង​គេ​បង្អស់​នៅ​កម្ពុជា​ដែល​ត្រូវបាន​លក់​នៅលើ​ផ្លេតហ្វម​ទ្រព្យសកម្ម​ឌីជីថល ព្រះរាជាណាចក្រ​កម្ពុជា​កំពុង​ស្ថិតនៅ​ជួរមុខ​នៃ​ការវិវឌ្ឍ​ដ៏សំខាន់​នេះ​»៕

អត្ថបទគួរចាប់អារម្មណ៍