កាលពីសប្តាហ៍មុន អំឡុងថ្ងៃទី១៥-២០ ខែមីនា ក្រុមគ្រូពេទ្យស្ម័គ្រចិត្ត និងអ្នកស្ម័គ្រចិត្តរបស់អង្គការ Operation Smile ចំនួន៣៩នាក់ មកពី ១១ ប្រទេស ក្នុងនោះមានមកពីអាមេរិក កាណាដា និងស្វីស ជាដើម ដោយពួកគេបានរួមគ្នាបំពេញបេសកកម្មរបស់ខ្លួនក្នុងការវះកាត់ព្យាបាលដល់អ្នកជំងឺឆែបបបូរមាត់ និងឆែបក្រអូមមាត់ចំនួន ៦៥ នាក់ និងផ្តល់ការត្រួតពិនិត្យសុខភាពទូទៅចំនួនជាង ១០០ នាក់ទៀត។
ក្នុងអំឡុងពេល ១៣ឆ្នាំកន្លងមកនេះអង្គការ Operation Smile Cambodia បានផ្តល់សេវាកម្មផ្នែកវះកាត់អ្នកជំងឺមានបញ្ហាមាត់ឆែបជាច្រើននាក់ ដោយឥតគិតថ្លៃ។
«រហូតមកដល់ឆ្នាំ២០១៥នេះ មានអ្នកជំងឺជាង៧០០០នាក់ ហើយដែលទទួលបានការពិនិត្យ និងពិគ្រោះយោបល់ និងបានធ្វើការព្យាបាលដល់អ្នកជំងឺចំនួន៣,៦០០នាក់»។ នេះបើតាមការអះអាងរបស់លោក Jay McCord នាយកប្រចាំប្រទេសនៃអង្គការ Operation Smile កម្ពុជា ប្រាប់ប៉ុស្តិ៍ ភ្លឺស។
ខាងក្រោមនេះគឺជាសំណួរ-ចម្លើយ រវាងលោក Jay និងប៉ុស្តិ៍ ភ្លឺស។
សំណួរៈ តើអ្វីទៅជា Operation Smile (អូភើរ៉េស៊ិន ស្មាល)?
ចម្លើយៈ «Operation Smile (វះ កាត់ដើម្បីញញឹម) គឺជាសកម្មភាពសប្បុរសធម៌អន្តរជាតិទ្រទ្រង់សុវត្ថិភាពសុខុមាលកុមារ ក្នុងការព្យាបាលដោយវះកាត់ចំពោះអ្នកមានបញ្ហា ឆែបបបូរមាត់ និងឆែបក្រអូមមាត់ នៃផ្នែកខាងក្នុងមាត់ រួមទាំងការផ្តល់សេវាកម្មផ្គត់ផ្គង់ថ្នាំសង្កូវដល់ពួកគេបន្ទាប់ពីការវះកាត់ និងការថែទាំសុខភាពដែលត្រូវការចាំបាច់។ កុមារដែលមានបញ្ហាឆែបមាត់ បង្កឡើងដោយបញ្ហាមួយចំនួន រួមទាំងកើតមានមកពីកំណើតផងដែរ។
កុមារមានមាត់ឆែប ដែលនៅរស់រានមានជីវិតពួកគេមានការពិបាកក្នុងការហូបចំណីអាហារ និយាយស្តី កាស្តាប់ឮ ឬក៏ពិបាកដកដង្ហើមផងដែរ។ នៅទីកន្លែងខ្លះពួកគេក៏មានការរើសអើងថែមទៀត។ នៅក្នុងករណីជាច្រើនទៀតឪពុកម្តាយរបស់ពួកគេ ពុំមានលទ្ធភាពផ្តល់ព្យាបាល ការវះកាត់ ដល់ពួកគេ ដើម្បីឲ្យពួកគេទទួលបានជីវិតរស់នៅប្រកបដោយផលិតភាពនោះទេ»។
សំណួរៈ តើករណីមាត់ឆែប គឺជាបញ្ហាកើតមានចំពោះតែប្រជាជនកម្ពុជា?
ចម្លើយៈ Operation Smile បានចាប់ផ្តើមឡើងក្នុងឆ្នាំ ១៩៨២ បន្ទាប់ពីសហស្ថាបនិក គឺវេជ្ជបណ្ឌិត និងអ្នកស្រី Kathy Magee បានចូលរួមក្នុងការព្យាបាលកុមារនៅប្រទេសហ្វីលីពីន និងបន្ទាប់មកពួកគាត់ស្វែងយល់ថា បញ្ហាឆែបបបូរមាត់ និងឆែបក្រអូមមាត់ គឺជាបញ្ហាសកល។ បញ្ហា ឆែបបបូរមាត់ និងឆែបក្រអូមមាត់ វាបានកើតឡើងលើប្រជាជននៅគ្រប់ប្រទេសក្នុងពិភពលោក ហើយវាមិនមែនកើតឡើងតែនៅក្នុងប្រទេសកម្ពុជាទេ ឬក៏កើតមកពីភាពក្រីក្រនោះទេ។
សំណួរៈ តើអ្នកដោះស្រាយបញ្ហានោះយ៉ាងដូចម្តេច នៅកម្ពុជា?
ចម្លើយៈ Operation Smile កម្ពុជា មានគម្រោងការពីរសំខាន់ៗ៖ ទី១ គឺធ្វើការព្យាបាលដល់អ្នកជំងឺណាដែលមានបញ្ហាដោយសារឆែបបបូរមាត់ និងឆែបក្រអូមមាត់។ ទី២ គឺការពិនិត្យនិងព្យាបាលអ្នកជំងឺទូទៅមួយចំនួនដោយក្រុមគ្រូពេទ្យជំនាញដល់ប្រជាជនក្នុងស្រុក។
បន្ថែមលើពីនោះទៀត ចាប់តាំងពីឆ្នាំ ២០០២ មក យើងបានបង្កើតជាបេសកកម្មធំៗ ២-៣ ដង ក្នុងមួយឆ្នាំ ដោយអង្កការ Operation Smile កម្ពុជា ដូចជាបានផ្តល់ជូននឹងវគ្គបណ្តុះបណ្តាលដល់ក្រុមគ្រូពេទ្យ ដើម្បីធ្វើការវះកាត់ របៀបដាក់ថ្នាំសណ្តំ ជីវសាស្ត្រ (ការព្យាបាលដោយថ្នាំពេទ្យជាមួយនឹងការធ្វើលំហាត់កាយសម្បទា) និងជាមួយគិលានុបដ្ឋាយិកា។
អង្គការ Operation Smile មានមោទនភាពណាស់ គឺនូវរៀងរាល់បេសកកម្មរបស់យើងម្តងៗ តែងមានក្រុមអ្នកស្ម័គ្រចិត្ត គ្រូពេទ្យស្ម័គ្រចិត្ត បានចូលរួមនៅក្នុងសកម្មភាពមនុស្សធម៌នេះ ដើម្បីព្យាបាលដល់អ្នកជំងឺប្រកបដោយគុណភាពខ្ពស់។
សំណួរៈ តើអ្វីដែលជាបញ្ហាប្រឈមនៅក្នុងការព្យាបាលរបស់អ្នក នៅកម្ពុជា?
ចម្លើយៈ ភារកិច្ចចម្បងរបស់យើង គឺការស្វែងរកអ្នកជំងឺដើម្បីព្យាបាលដោយទៅឲ្យដល់ទីតាំងរបស់ពួកគាត់។ ពួកគាត់រស់នៅឆ្ងាយពីទីប្រជុំជនគឺពុំមានទឹកស្អាត ភ្លើងអគ្គីសនី ទូរទស្សន៍ ឬក៏វិទ្យុស្តាប់ទេ។ គ្មាននរណាម្នាក់គិតគូរយកចិត្តទុកដាក់អំពីពួកអ្នកជំងឺទាំងនោះទេ។ នោះហើយគឺអ្វីដែលយើងមកទីនេះដើម្បីជួយពួកគេ។ យើងត្រូវការឲ្យប្រជាជនកម្ពុជាមានការយល់ដឹងអំពីបញ្ហាជំងឺឆែបមាត់ គឺវាអាចព្យាបាលជាបាន ហើយយើងរង់ចាំជួយសង្គ្រោះពួកគេ។ បើមានមនុស្សច្រើនយល់ដឹងអំពីបញ្ហានេះ គឺប្រាកដជាមានមនុស្សច្រើននឹងជួយចែករំលែកអំពីព័ត៌មានវិជ្ជមានទាំងនោះ។
ដើម្បីស្វែងយល់ដឹងអំពីបញ្ហានេះ ជាបញ្ហាអាចព្យាបាលបាន ក៏ជាការអាច ជួយសង្គ្រោះជីវិតកុមារទើបនឹងកើត ដែលអាចប្រឈមទៅនឹងការបោះបង់ចោល ឬខ្វះខាតចំណីអាហារសម្រាប់ចិញ្ចឹមពួកគេជាដើម។
សំណួរៈ តើការផ្តល់ព័ត៌មានដល់ប្រជាជនមានប្រសិទ្ធភាពយ៉ាងណាដែរ?
ចម្លើយៈ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺអង្គការ Operation Smile កម្ពុជា គឺជាអង្គការមួយនៅក្នុងចំណោមប្រទេសគោលដៅទាំង៧ប្រទេស ដែលឈានទៅលុបបំបាត់បញ្ហា ឆែបបបូរមាត់ និងឆែបក្រអូមមាត់ នៅក្នុងចំណោម៦០ប្រទេស ដែលមានអង្គការ Operation Smile នៅទីនោះ។ គឺមានន័យថា យើងគឺជាប្រទេសដំបូងគេ ដែលស្ថិតនៅក្នុងបញ្ជីនៃការលុបបំបាត់ជំងឺឆែបក្រអូមមាត់ ដែលយើងមានតែករណីកុមារទើបនឹងកើតថ្មីតែប៉ុណ្ណោះដែលត្រូវព្យាបាល។
សម្រាប់រូបខ្ញុំ នេះគឺជាឱកាសដ៏មោទនភាពនៅកម្ពុជា ដែលប្រព័ន្ធសុខាភិបាល ក្រុមគ្រូពេទ្យ និងក្រុមអ្នកពាក់ព័ន្ធនៅទីនេះ តែងតែសម្រេចបានការវះកាត់ឆែបក្រអូមមាត់១ករណី។ ភារកិច្ចនេះនឹងផ្តល់ឲ្យក្រុមគ្រូពេទ្យកម្ពុជា និងគិលានុបដ្ឋាយិកា អាចឈានទៅជួយដល់បណ្តាប្រទេសដែលមានបញ្ហាឆែបក្រអូមមាត់ផងដែរ។
សំណួរៈ សូមលោករៀបរាប់ដោយសង្ខេបអំពីភាពជោគជ័យនាអំឡុងពេល១៣ឆ្នាំ នៃអង្គការរបស់លោក នៅក្នុងប្រទេសកម្ពុជា។
ចម្លើយៈ អង្គការ Operation Smile កម្ពុជា ទទួលបានជោគជ័យធំៗពីរ។ គឺការព្យាបាលអ្នកជំងឺដែលមានបញ្ហាឆែបក្រអូមមាត់ និងឆែបបបូរមាត់ និងបញ្ហាផ្សេងៗទៀតដែលទាក់ទងទៅនឹងបញ្ហាខូចទម្រង់មុខ តាមរយៈការព្យាបាលដោយវេជ្ជសាស្ត្រពីអ្នកស្ម័គ្រចិត្តរបស់យើង។
ម្យ៉ាងទៀតអ្នកស្ម័គ្រចិត្តម្នាក់ៗ បានយកចំណេះដឹងរបស់ពួកគេត្រឡប់មកមន្ទីរពេទ្យ ឬក៏គ្លីនិករបស់គេវិញ ហើយក៏បានជួយពួកគេឲ្យមានបទពិសោធល្អនៅក្នុងវិជ្ជាជីវៈរបស់ពួកគេ ផងដែរ៕