នៅរាជធានីភ្នំពេញដែលសម្បូរដោយវត្តមានរថយន្តប្រភេទខ្ពស់ (SUVs) ស៊ាំភ្នែកទៅហើយនោះ អ្នកដែលជិះរថយន្តស្ព័រអាល្លឺម៉ង់ដ៏ល្បីល្បាញម៉ាក Porsche នោះច្បាស់ក្លាយជាតារាដ៏លេចធ្លោបំផុតពេលធ្វើដំណើរតាមវិថីនានា។
រថយន្តស្ព័រ Panamera S E-Hybrid មិនត្រឹមតែមានរាងស្អាតអស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងបំពាក់នូវបច្ចេកវិទ្យាទំនើបចុងក្រោយដែលនាំមកនូវភាពប្រណីតទាក់ទាញអារម្មណ៍ប្រកបដោយផាសុខភាព ភាពសន្សំសំចៃជួយបរិស្ថាន និងសុវត្ថិភាពដ៏កក់ក្ដៅថែមទៀតផង។
ក្រុមហ៊ុនផលិតរថយន្តដ៏ល្បីល្បាញរបស់អាល្លឺម៉ង់ដែលជំនាញខាងបង្កើតរថយន្តស្ព័រមានសមត្ថភាពខ្ពស់ពិតជាបាន សាយភាយកេរ្តិ៍ឈ្មោះនៅប្រទេសកម្ពុជាមែន។ រថយន្ត Panamera S ដែលមានរាងរៅប្រកបដោយកិត្យានុភាព ជាមួយនឹងការរចនាគម្លាតកង់វែងលក្ខណៈស្ព័រ បានផ្ដល់នូវផ្ទៃខាងក្នុងទូលាយ ជាងមុនសម្រាប់អ្នកដំណើរកៅអីមុខ និងក្រោយ។ មិនថាទៅដល់ទីណាទេ Panamera S បានទាក់ទាញក្រសែភ្នែកមនុស្សឲ្យសម្លឹងមើលវាបីដូចជាត្បូងមានតម្លៃដ៏កម្រ។ មនុស្សដែលបានឃើញវានៅតែបន្តជជែកពីយានជំនិះដ៏អស្ចារ្យនេះមិនដាច់ពីមាត់ ទោះជារថយន្តបង្កើនល្បឿនចាកឆ្ងាយរាប់សិបគីឡូម៉ែត្រហើយក្ដី។
អ្វីដែលធ្វើឲ្យរថយន្ត Panamera S E-Hybrid មានសន្ទុះល្បឿនលឿនស្ងាត់បែបនេះគឺម៉ាស៊ីនប្រភេទ 3-litre V6 ស៊ុបភើរឆាច ដែលសំយោគជាមួយម៉ូទ័រអគ្គិសនីមានថាមពលប្រព័ន្ធសរុប 416 hp (306 kW)។ ម៉ាស៊ីននេះស្ងាត់ ដែលសូម្បីតែរថយន្តកំពុងតែបញ្ឆេះក៏អ្នកបើកបរស្ទើរតែមិនដឹងខ្លួនផង។
និយាយពីសន្ទុះវិញ គ្រាន់តែចំណាយពេលត្រឹមតែ ៥ វិនាទីកន្លះ ក្នុងការជាន់ហ្គ៊ែរប៉ុណ្ណោះ យើងនឹងអាចបង្កើនល្បឿនបានពីសូន្យរហូតដល់ ១០០ គីឡូម៉ែត្រក្នុង ១ ម៉ោងតែមួយប៉ប្រិចភ្នែក ខណៈដែលវាមានល្បឿនកំពូលរហូតដល់ ២៧០ គីឡូម៉ែត្រក្នុង ១ ម៉ោងឯណោះ។ បើទោះជានៅទីក្រុងមិនអាចឲ្យអ្នកបញ្ចេញសមត្ថភាពល្បឿនលឿនដូចហោះបែប នេះក្ដី ក៏គុណសម្បត្តិសំខាន់ បំផុតរបស់ Panamera S E-Hybrid គឺភាពសន្សំសំចៃដ៏អស្ចារ្យរបស់វាតែម្ដង។
សម្រាប់អ្នកដំណើរនៅភ្នំពេញ ដែលឧស្សាហ៍មានការកកស្ទះចរាចរណ៍ធ្វើឲ្យអ្នកបើកបរត្អូញថា ខាតសាំងនោះ ភាពសំចៃថាមពលគឺជាកត្តាដ៏សំខាន់មួយ។ រថយន្តស្ព័រ Porsche Panamera S E-Hybrid ស៊ីសាំងត្រឹមតែ ៣,១ លីត្រសម្រាប់ការបើកបរលើផ្លូវចម្ងាយ ១០០ គីឡូម៉ែត្រ ធ្វើឲ្យវាក្លាយជាជម្រើសដ៏ឆ្លាតវៃ។ ម្ចាស់របស់រថយន្តស្ព័រប្រណីតនេះនឹងមិនចាំបាច់ចូលស្ថានីយចាក់សាំងសឹងញឹកញាប់នោះទេ។
សម្រាប់ការប្រើប្រាស់ថាមពលអគ្គិសនីវិញ អ្នកបើកបរនឹងទទួលបានបទពិសោធថ្មី ជាមួយនឹងការជាន់ហ្គ៊ែរដ៏ស្ងាត់ក្នុងការបង្កើនល្បឿនរហូតដល់ ១៣៥ គីឡូម៉ែត្រក្នុង ១ ម៉ោង។ បើទោះជាផ្លូវមួយចំនួននៅភ្នំពេញមានជង្ហុករដិបរដុបក្ដី ក៏អ្នកបើកបរនៅតែមានអារម្មណ៍ថា ការបើកបរដំណើរការយ៉ាងរលូន។ ទោះជារលាក់ក៏ស្រទន់បើទោះបីជាស្ថានភាពផ្លូវជាក់ស្ដែងវាមានភាពកញ្ឆក់កញ្ឆែង ក៏ពិតមែន។ សម្រាប់ស្ថានភាពផ្លូវពិបាកបន្តិច យើងអាចចុចប៊ូតុងលើកកម្ពស់តួរថយន្តបន្តិច ដើម្បីឲ្យការធ្វើដំណើរកាន់តែងាយស្រួល។ ដោយឡែកប៊ូតុងស្ព័រកាន់តែបង្កើនសមត្ថភាពរថយន្តឲ្យពេញទំហឹងថែមទៀត។
ខណៈដែលអ្នកប្រើប្រាស់ រថយន្តប្រកបដោយចំណេះដឹងទូទាំងពិភពលោកនាំគ្នាចាប់អារម្មណ៍លើវិស័យថាមពលស្នេហាបរិស្ថាន គុណសម្បត្តិមួយ ទៀតនៃរថយន្ត Panamera S E-Hybrid គឺសមត្ថភាពសាក អាគុយអំឡុងពេលបើកបរ។ រាល់តំណក់ប្រេងដែលចំណាយលើចំហេះម៉ាស៊ីននឹងជួយសន្សំថាមពលអគ្គិសនីសម្រាប់ប្រើប្រាស់ជាបន្តបន្ទាប់។ ដូច្នេះហើយអ្នកប្រើប្រាស់រថយន្តស្ព័រ Porsche Panamera S E-Hybrid ពិតជាទទួលបានអារម្មណ៍ពិសេសមួយ។ រថយន្តស្ព័រ ដ៏ប្រណីតដែលបញ្ចេញឧស្ម័ន CO2 តិច ក៏ជាការរួមចំណែកកាត់បន្ថយការបំពុលបរិយាកាសទីក្រុងភ្នំពេញផងដែរ។
ចំពោះប្រព័ន្ធសុវត្ថិភាពវិញ រថយន្តស្ព័រមានបួនកៅអីនេះមានបំពាក់នូវពោងចំហៀង ខាងក្រោម និងខាងមុខសម្រាប់អ្នកបើកបរ និងអ្នកដំណើរជួរមុខ។ នៅកៅអីជួរក្រោយក៏មានពោងសុវត្ថិភាពផងដែរ។ អ្វីដែលផ្ដល់ឲ្យអ្នកបើកបរនូវជំនឿចិត្តជាពិសេសសម្រួលដល់ការធ្វើដំណើរពេលផ្លូវកកស្ទះដើម្បីចៀសវាងការប៉ះពារនោះ គឺកាមេរ៉ាផ្ដល់រូបភាពដ៏ច្បាស់ក្នុងមុំមួយជុំរថយន្តតែម្ដង។
ទាំងនេះហើយគឺជាគុណសម្បត្តិដ៏លើសលប់របស់ Porsche Panamera S ដែលផ្ដល់ឲ្យអ្នកបើកបរនូវអារម្មណ៍ផាសុកភាព សុវត្ថិភាព ប្រណីតភាព ជាមួយនឹងល្បឿនពោរពេញដោយថាមពលទាក់ទាញចំណាប់អារម្មណ៍មនុស្សម្នាគ្រប់ទិសទី៕