នៅមួយបទពិសោធតុបតែងមុខ និងធ្វើសក់ជូនអតិថិជនលំដាប់ខ្ពស់ៗ និងតារាល្បីៗ រួមមានអ្នកនាង យ៉ាន លីនដា វីជេ អាណូតារាចម្រៀង អេដា តារាសម្ដែង សារ៉ាយ សក្ខណា ម្ចាស់ហាងសាឡន Dee’s Studio លោក យាវ សុយ៉ាឌី គឺជាអ្នក ជំនាញនាំមុខគេម្នាក់ ដែលស្គាល់ ពីទំនោរការនិយមថ្មីៗក្នុងវិស័យសម្រស់។
ខាងក្រោមនេះជាបទសម្ភាសជាមួយអ្នកឯកទេសជំនាញផាត់មុខដ៏ចំណាននៅទីក្រុងភ្នំពេញ លោក យាវ សុយ៉ាឌី ពន្យល់ពីការពេញនិយមតុបតែងផាត់មុខរបស់អតិថិជន ដែលចូលចិត្តមកហាងរបស់គាត់។ លោក ឌី បានផ្តល់យោបល់ខ្លះៗជូនសុភាពនារីទាំងឡាយ ទាក់ទងនឹងសាឡនរបស់គាត់ និងការផាត់មុខធ្វើយ៉ាងណាឲ្យប្លែកពីថ្ងៃធម្មតា និងទាន់សម័យ។
១.តើលោកចាប់ផ្តើមបើកសាឡនផាត់មុខធ្វើសក់នេះ បានរយះពេលប៉ុន្មានឆ្នាំមកហើយ?
ខ្ញុំបើកហាងសាឡន Dee’s Studio នេះគឺបានរយៈពេល៤ឆ្នាំមកហើយ ដោយមានអតិថិជនចាស់ និងថ្មីគាត់នៅតែគាំទ្រហាងខ្ញុំមករហូតតាំងពីថ្ងៃបើករហូត មកដល់សព្វថ្ងៃនេះ។

២.តើមានកត្តាអ្វីខ្លះដែលធ្វើឲ្យភ្ញៀវចាស់ និងភ្ញៀវថ្មីនៅតែគាំទ្រហាងរបស់ខ្លួន?
កត្តាចំបងដែលធ្វើឲ្យហាងរបស់ ខ្ញុំជោគជ័យមកដល់បច្ចុប្បន្ននេះ ទីមួយយើងផ្តោតសំខាន់បំផុតទៅលើស្នាដៃរបស់មេជាងទាំង អស់នៅក្នុងហាងខ្ញុំផ្ទាល់តែម្តង។ យើងមិនអាចចេះតែបណ្តោយឲ្យកូនជាងទើបតែរៀនចេះទៅផាត់ឲ្យភ្ញៀវបានទេ គឺយើងសម្លឹងទៅអ្នកដែលមានទឹកដៃហើយមានជំនាញច្បាស់លាស់ដើម្បីកាន់មុខភ្ញៀវ។ ទី២នៅពេលដែលមានភ្ញៀវគាត់អញ្ចើញចូលមក មិនថាភ្ញៀវនោះគាត់ជិះម៉ូតូ ជិះកង់បី ឬក៏គាត់ជិះឡានល្អក៏ដោយ គឺការ ទទួលរាក់ទាក់របស់យើងចំពោះភ្ញៀវគឺដូចគ្នាទាំងអស់ហើយចំណុចពិសេសនោះគឺការរង់ចាំមិនសំដៅទៅលើភ្ញៀវជិះឡានទំនើបមកបាន បានផាត់មុខមុននោះទេ គឺគាត់ត្រូវតែរង់ចាំដូចភ្ញៀវដទៃអ៊ីចឹងដែរ គឺយើងមិនបែងចែកវណ្ណៈថា អ្នកមានត្រូវតែពិសេស បានធ្វើឲ្យមុន ហើយអ្នកក្រធ្វើឲ្យក្រោយនោះទេ។
៣.តើការផាត់មុខរបស់ហាងសាឡន Dee’s Studio មានតិចនិកផាត់មុខខុសពីហាងដទៃយ៉ាងដូចម្តេច ?
ភ្ញៀវភាគច្រើនដែលគាត់ទៅកម្មវិធីណាក៏ដោយគឺចោលហាងខ្ញុំមិនបានទេ ដោយសារតែហាងខ្ញុំមានការផាត់មុខពិសេសប្រចាំហាងតែម្តង គឺយើងផាត់មុខមិនក្រាស់នោះទេគឺផាត់មុខបែបធម្មជាតិសំដៅទៅលើសាច់ម្សៅ ស្ទីលនៃការផាត់មុខ ដោយការលេងភ្នែក ចិញ្ចើម និងរោមភ្នែក មើល ទៅគឺវាមិនដិត ខ្លាំង ភ្ញៀវពេញចិត្តថាការផាត់មុខនេះស្អាតបែបស្រទន់កត្តាទាំងអស់នេះហើយដែលធ្វើឲ្យភ្ញៀវគាត់តែងតែណែនាំគ្នាឲ្យមកកន្លែងរបស់ខ្ញុំ។
៤. តើការផាត់មុខទៅកម្មវិធីជប់លៀង និងចូលរួមពិធីរៀបអាពាហ៍ពិពាហ៍វាមានភាពខុស គ្នា យ៉ាងដូចម្តេច?
សម្រាប់ភ្ញៀវដែលគាត់មកផាត់មុខសម្រាប់ទៅកម្មវិធីជប់លៀង ខួបកំណើតគឺយើងផាត់មុខស្រាលៗ ប្រើរោមភ្នែកស្តើងៗជាមួយ និងក្រែមពណ៌ស្រទន់ និងម៉ូតសក់បែបសាមញ្ញ ស្ទីលកូរ៉េ មូររួញតិចៗ លើកឡើងលើសសុសតិចៗ តាមការចូលចិត្តរបស់យុវវ័យសម័យថ្មី រីឯការផាត់មុខទៅចូលរួមពិធីរៀបអាពាហ៍ពិពាហ៍វិញគឺយើងលេងទៅលើពណ៌ភ្នែកដិតបន្តិច ជាមួយនិងរោមភ្នែកក្រាស់ លេងជាមួយនិង Contact Lens (កែវភ្នែកសិប្បនិម្មិតពាក់លម្អភ្នែក) ពណ៌ប្រាក់ដើម្បីឲ្យស៊ីជាមួយនិងមុខរបស់គាត់។ សម្រាប់ការផាត់មុខ គឺចំណាយពេលត្រឹមតែ១៥ទៅ២០នាទី។
៥.តើបច្ចុប្បន្ននេះការផាត់ មុខបែបណាដែលពេញនិយមខ្លាំងពីអតិថិជនវ័យក្មេង?
ឥឡូវនេះយើងមើលឃើញថាអតិថិជនវ័យក្មេងគាត់ពេញនិយមផាត់ស្ទីលតាមបែបតារាថៃ ដោយផាត់ពណ៌ផ្កាឈូកពីក្រោមនៅកន្ទុយភ្នែក ក៏ប៉ុន្តែសម្រាប់ហាងខ្ញុំផ្ទាល់ពេលខ្លះយើងប្រើស្ទីលបែបនេះជូនទៅភ្ញៀវតម្រូវតាមការ ពេញនិយមរបស់យុវវ័យសម័យថ្មី។ ក៏ប៉ុន្តែសម្រាប់អតិថិជនមួយចំនួនគាត់នៅតែស្រលាញ់ស្ទីលបែបអឺរ៉ុប អ៊ីចឹងគឺយើងតម្រូវទៅតាមចំណង់ចំណូលចិត្តភ្ញៀវ និងពណ៌សម្បុររបស់គាត់ទៀត។
៦.សង្កេតឃើញថាមានតារាសម្ដែងជាច្រើន ចូលចិត្តមកតុបតែងផាត់មុខនៅទីនេះ តើ Dee’s Studio មានអ្វីពិសេសដែរ?
តារាភាគច្រើនគាត់ចូលចិត្តមកផាត់មុខនៅហាងរបស់ខ្ញុំគឹត្រង់ចំណុចពិសេសប្រចាំហាងតែម្តងគឺការផាត់មុខស្រាលៗ បែបស្រទន់ មើលទៅស្អាតបែបធម្មជាតិតែម្តង ដោយសារតែយើងផ្តោតទៅលើម្សៅទ្រនាប់ស្តើង លាបទៅតាមពណ៌សម្បុររបស់ភ្ញៀវ ។
៧.តើហាង Dee’s Studio មានសេវាកម្មផាត់មុខនៅតាមផ្ទះ ឬកន្លែងនានាដែរឬទេ?
បាទ ហាងរបស់យើងក៏មានសេវាកម្មទៅផាត់មុខដល់កន្លែងផ្ទាល់ ដោយយើងគិតទៅតាមចំនួនមនុស្ស ប្រសិនជាមានគ្នាចាប់ពីបីនាក់ឡើងទៅគឺយើងគិតតម្លៃសមរម្យ។ ប្រសិនជាភ្ញៀវមកផាត់មុខធ្វើសក់ម៉ូតសាមញ្ញធម្មតាគឺតម្លៃ១៨ដុល្លារ បើផាត់មុខធ្វើសក់ទៅញ៉ាំការវិញគឺតម្លៃ២២ដុល្លារ៕