រយៈពេល១២ឆ្នាំកន្លងមកនេះ សិស្សានុសិស្សជាច្រើនម៉ឺននាក់បានទទួលការអប់រំប្រកបដោយគុណភាព ពីមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii Language Center) ។
ទន្ទឹមនឹងកំណើននៃការគាំទ្រនៅតែបន្តតួលេខកើនឡើងជារៀងរាល់ឆ្នាំ តម្រូវឱ្យមជ្ឈមណ្ឌលនេះធ្វើការអភិវឌ្ឍពង្រីក សាខាជាបន្តបន្ទាប់។
ជាក់ស្តែងនៅក្នុងឆ្នាំនេះ គណៈគ្រប់គ្រងមជ្ឈមណ្ឌលភាសា អេ អាយ អាយ បាននិងកំពុងសម្លឹងមើលឱកាសបើកសាខារបស់ខ្លួនជាច្រើនទីតាំងបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់អ្នកអាណាព្យាបាល និងសិស្សានុសិស្ស ក្នុងការចូលរួមចំណែកអភិវឌ្ឍវិស័យអប់រំ និងបង្កើនធនធានមនុស្សជាមួយរាជរដ្ឋាភិបាលដែលមានក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការ។
បើគិតត្រឹមរយៈពេល៥ឆ្នាំចុងក្រោយនេះមជ្ឈមណ្ឌលភាសា អេ អាយ អាយ បានពង្រីកពីសាខាទី ១ របស់ខ្លួនរហូតដល់សាខាទី ២ នៅទួលគោក និងសាខាទី ៣ នៅចាក់អង្រែក្រោម។
ជាមួយនឹងការរីកចម្រើននេះ ស្ថាបនិក របស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បាននិងកំពុងពិនិត្យទីតាំងដើម្បីបើកសាខាថ្មីៗចំនួន ៥ ទីតាំងបន្ថែមទៀតផងដែរ។
លោក ឡាយ សុភា (Sophea M. Lay) អនុប្រធានមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii Language Center) បានឱ្យដឹងថា៖ «យោងតាមទស្សនវិស័យរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលតែងតែចង់ចែករំលែកចំណេះដឹងតាមរយៈការអប់រំល្អៗដល់យុវជនជំនាន់ក្រោយ ហើយក៏ស្របទៅនឹងការគាំទ្រពីមាតាបិតា និងអ្នកអាណាព្យាបាលរបស់សិស្សតែងតែគាំទ្រសាលារបស់យើងផងនោះ ខ្ញុំជឿជាក់ថា សាខាថ្មីទាំង ៥ ទីតាំងបន្ថែមនោះ នឹងចាប់ផ្តើមលេចចេញជារូបរាងជាបណ្តើរៗនៅអំឡុងឆ្នាំ២០១៧ ឬ យ៉ាងយូរត្រឹម២០១៨ ខាងមុខនេះ»។
បច្ចុប្បន្ន បរិមាណសិស្សានុសិស្សដែលកំពុងសិក្សារៀនសូត្រ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ទាំង៣សាខាមានចំនួនជាង ៦០០០ នាក់ ហើយតួលេខ នឹងកើនឡើងបន្ថែមទៀតនៅពេលបើកវគ្គសិក្សាថ្មី នៅថ្ងៃទី ២៧ ខែវិច្ឆិកា ឆ្នាំ ២០១៧ នាពេលខាងមុខនេះ។
ចំពោះសាខាចាក់អង្រែ ដោយសារមានតម្រូវការជាច្រើន ពីអ្នកអាណាព្យាបាលក៏ដូចជាសិស្សានុសិស្សទៅលើភាសាចិន គណៈគ្រប់គ្រងបានសម្រេចចិត្តបើកកម្មវិធី ថ្នាក់ភាសាចិន ដោយផ្តល់ជូនអាហារូបករណ៍រហូតដល់មួយរយភាគរយ (១០០%) នៅវគ្គសិក្សាថ្មីខាងមុខនេះ។ ក្នុងនោះដែរ សម្រាប់សាខាទួលគោក នឹងបន្តផ្តល់ជូនអាហារូបករណ៍រហូតដល់មួយរយភាគរយ (១០០%) ដល់សិស្សានុសិស្សផងដែរ។
ដើម្បីឱ្យសង្គមមួយមានការរីកចម្រើនប្រកបដោយនិរន្តរភាព គឺត្រូវពឹងផ្អែកទៅលើធនធានមនុស្ស ដែលប្រកបដោយចំណេះដឹងពិតប្រាកដ សីលធម៌ថ្លៃថ្នូរ គឺមិនថាចេះតែភាសាជាតិរបស់ខ្លួននោះទេ «យើងក៏ត្រូវចេះភាសាមួយពីរបន្ថែមទៀតដែរ។ អ៊ីចឹងហើយបានជាស្ថាប័នអប់រំមួយនេះ បង្កើតជាមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដើម្បីផ្តល់ការសិក្សាផ្នែកភាសាអង់គ្លេស និងភាសាចិន កុំព្យូទ័រ រួមទាំងមុខវិជ្ជាផ្តល់នូវចំណេះដឹងទូទៅបន្ថែមជាច្រើន ហើយគណៈគ្រប់គ្រងតែងយកចិត្តទុកដាក់ខ្ពស់ណាស់នៅក្នុងកម្មវិធីអប់រំរបស់សាលាទៅដល់សិស្សគ្រប់កម្រិតទាំងអស់» នេះបើតាមការអះអាងរបស់លោក សុភា។ ទាំងនេះ គឺវាស្រប ទៅនឹងពាក្យស្លោករបស់សាលានេះដែលបានលើកឡើងថា «ដាំនៅសាលា ផ្លែផ្កាក្នុងគ្រួសារ និងសង្គម»។
មហាជនកម្ពុជាអាចនឹងបានជ្រាបខ្លះហើយថា ជារៀងរាល់ឆ្នាំតែងមានការប្រកួតប្រជែងលើប្រធានបទ ផ្សេងៗគ្នា នៅក្នុងចំណោមសិស្សនិស្សិត និងអ្នកអាជីពវ័យក្មេងទាំងនៅក្នុងព្រះរាជាណាចក្រកម្ពុជា នៅក្នុងតំបន់ និងនៅលើឆាកអន្តរជាតិ។ «ជាញឹកញាប់លទ្ធផលជាម្ចាស់ជយលាភី គឺភាគច្រើនបានធ្លាក់ទៅលើសិស្សរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ ដូចជា កាលពីថ្ងៃទី ០១ ខែមេសា ឆ្នាំ២០១៧ កន្លងមកថ្មីៗ នេះ ក្នុងវេទិកាប្រកួតប្រជែងពានរង្វាន់វោហារស័ព្ទជាសាធារណៈ និង អ្នកតស៊ូមតិដ៏ឆ្នើមប្រចាំឆ្នាំ២០១៧ របស់ JCI ម្ចាស់ជយលាភីលេខ១ គឺ យុវតី លី ទិត្យសុភាព ជាសិស្សរបស់មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii LC)»។ គួររំឭកថា អស់រយៈពេលជាច្រើនឆ្នាំមកហើយ សិស្សានុសិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយតែងដណ្តើមយកពានរង្វាន់ និងជយលាភីលេខ១ មកជូនមជ្ឈមណ្ឌល និងក្រុមគ្រួសាររបស់គេ ទាំងនៅលើឆាកជាតិ និងអន្តរជាតិ។
ភាពលេចធ្លោនៅក្នុងការសិក្សារបស់សិស្សានុសិស្សនៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ ពិតជាទទួល បានពីគុណភាពអប់រំ បង្ហាត់បង្រៀន ស្របទៅតាមកម្មវិធីអប់រំដ៏ទំនើបរបស់សាលា ដែលមានកិច្ចសហការរួមគ្នា រាប់ទាំងគណៈគ្រប់គ្រង បុគ្គលិកសិក្សា លោកគ្រូអ្នកគ្រូ សិស្សានុសិស្ស និងជាពិសេសគឺការគាំទ្រពីអាណាព្យាបាលទៀតផង «ពួកយើងទាំងអស់គ្នាបានធ្វើការព្រមគ្នា ដើម្បីឆ្ពោះទៅអនាគតដ៏ភ្លឺស្វាង ដែលទទួលបានពីការអប់រំ»នេះបើតាមប្រសាសន៍របស់លោក សុភា។
សិស្សានុសិស្សមជ្ឈមណ្ឌលភាសា អេ អាយ អាយ ក៏បានបង្ហាញពីភាពសកម្មរស់រវើកផងដែរ នៅក្នុងកិច្ចការសង្គមជាច្រើនប្រភេទដូចជា «ការធ្វើសកម្មភាពដើម្បីស្វែងរកថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា កុមារក្រីក្រ ជនចាស់ជរា ជនអនាថា រួមទាំងការចូលរួមបរិច្ចាគថវិកាផ្ទាល់ខ្លួនរបស់ពួកគេ ដើម្បីកសាងអគារ សាលារៀនមួយខ្នង គឺសាលាបឋមសិក្សា គួច ម៉េងលី ទួលបេង ខេត្តកំពង់ចាម ដែលបានសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការកាលពីពេលថ្មីៗកន្លងមកនេះ»។
នៅរាជធានីភ្នំពេញ មានមាតាបិតាសិស្សជាច្រើនបានបញ្ជូនកូនៗរបស់គាត់ ឱ្យទៅសិក្សានៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ ដោយពួកគេសម្លឹងឃើញពីគុណភាព វិន័យ និងសេវាកម្ម នៃស្ថាប័នមួយនេះថាមានភាពល្អ ប្រសើរ និង ខុសប្លែកពីសាលារៀនដទៃ។
លោក សុភា បានពន្យល់ថា ៖ «មជ្ឈមណ្ឌលភាសា អេ អាយ អាយ គឺជាសាលាដែលមានគុណភាពអប់រំប្រហាក់ប្រហែលនឹងសាលានៅបណ្តាប្រទេសជឿនលឿនដែរ ដូចជាបន្ទប់សិក្សាមានបំពាក់គ្រឿងសម្ភារត្រឹមត្រូវតាមស្តង់ដារសាលាអាមេរិក ឯកសារសម្បូរបែប លោកគ្រូ អ្នកគ្រូ មិនត្រឹមតែមានសញ្ជាតិជាអ្នកប្រើប្រាស់ភាសាអង់គ្លេសពីកំណើតនោះទេ តែពួកគាត់ត្រូវមានសញ្ញាបត្រគរុកោសល្យ ផ្នែកអប់រំត្រឹមត្រូវ និងមានបច្ចេកទេសបង្រៀនល្អ សមស្របទៅតាមលក្ខខណ្ឌពហុវប្បធម៌ទៀតផង»៕