បច្ចុប្បន្ននេះសាលារៀន អន្តរទ្វីប អាមេរិកាំង មានកេរ្តិ៍ឈ្មោះឈានមុខគេលើផ្នែកគុណភាពអប់រំ វិន័យ និងសេវាកម្ម។
ទន្ទឹមនឹងនេះគ្រឹះស្ថានអប់រំនេះក៏កំពុងខិតខំធ្វើអ្វីៗគ្រប់បែបយ៉ាងដើម្បីបន្តរក្សាកិត្តិនាមរបស់ខ្លួនឱ្យកាន់តែល្អ និងរឹងមាំថែមទៀត ដើម្បីចូលរួមផលិតធនធានមនុស្សឆ្ពោះទៅអភិវឌ្ឍសហគមន៍កម្ពុជា ដែលកំពុងមានការប្រកួតប្រជែងផ្នែកការអភិវឌ្ឍសង្គមនៅលើឆាកអន្តរជាតិ។
សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) គឺជាសាលារៀនចំណេះទូទៅខ្មែរ ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្ដេយ្យសិក្សា រហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅកម្ពុជា។
សាលានេះបានចាប់បដិសន្ធិឡើងតាំងពីឆ្នាំ២០០៥ដោយមានការទទួលស្គាល់ពីក្រសួងអប់រំយុវជន និងកីឡា។
ចាប់តាំងពីពេលបង្កើតឡើងរបស់ខ្លួនរហូតមកទល់សព្វថ្ងៃនេះ AISបានចូលរួមចំណែកយ៉ាងសកម្មក្នុងការបណ្តុះបណ្តាលផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សគ្រប់កម្រិតសិក្សាប្រកបដោយគុណភាព និងគុណធម៌ប្រសើរបំផុត ដើម្បីចូលរួមកសាងសង្គមកម្ពុជាឱ្យក្លាយជាសង្គមរីកចម្រើនផ្អែកលើចំណេះដឹង និងចំណេះធ្វើជាមូលដ្ឋាន។
កម្មវិធីសិក្សាពិសេសរបស់ AIS តាមបែបខ្មែរ-អាមេរិកាំង បានផ្តល់នូវចំណេះដឹងយ៉ាងទូលំទូលាយដល់សិស្សគ្រប់ៗគ្នា វាគឺជាកត្តាដ៏សំខាន់បំផុតនាំឲ្យគ្រឹះស្ថានអប់រំមួយនេះទទួលបានការគាំទ្រពីមហាជនគ្រប់មជ្ឈដ្ឋាន មាតាបិតា អ្នកអាណាព្យាបាល និងសិស្ស កើនឡើងជាលំដាប់។
បច្ចុប្បន្នសាលារៀន អន្តរទ្វីប អាមេរិកាំង មានសិស្សានុសិស្សកំពុងសិក្សាសរុបជាង៥២០០នាក់ និងមានលោកគ្រូ-អ្នកគ្រូ និងបុគ្គលិកសិក្សា រហូតដល់ចំនួនជាង ៤០០នាក់។
លោកស្រី រស់ យ៉ាណា អនុប្រធានសាលារៀន អន្តរទ្វីប អាមេរិកាំង បានមានប្រសាសន៍ថា ៖ «កម្មវិធីសិក្សាពិសេសរបស់សាលានេះ គឺមានទាំងកម្មវិធីអប់រំស្របតាមនិយាមកម្មរបស់ក្រសួងអប់រំ យុវជន និងកីឡា កម្មវិធីសិក្សាភាសាអង់គ្លេស (English Program) កម្មវិធីសិក្សាកុំព្យូទ័រ (Computer Study Program) កម្មវិធីកីឡា (Sport Program) និងជំនាញថ្ងៃសៅរ៍ និងកម្មវិធីដំណើរទស្សនកិច្ចសិក្សាទាំងក្នុង និងក្រៅប្រទេសជាដើម»។
លោកស្រីបន្តថា ៖ «ក្រៅពីនេះនៅក្នុងសាលាក៏មានទាំងបណ្ណាល័យធំទូលាយ មានសៀវភៅ និងឯកសារស្រាវជ្រាវជាច្រើនប្រភេទ បន្ទប់ពិសោធ និងមានឧបករណ៍ទំទើបៗ រួមទាំងអគារ និងបន្ទប់សិក្សាធំទូលាយ ដែលបំពាក់ដោយសម្ភារបរិក្ខារទំនើបៗ»។ល។
«បន្ថែមពីលើកម្មវិធីសិក្សាសំខាន់ៗនៅក្នុងថ្នាក់ សិស្សានុសិស្សទាំងអស់មានឱកាសរៀនអំពីជំនាញបន្ថែមនៅថ្ងៃសៅរ៍ ដូចជា សិល្បៈ របាំ តន្ត្រី គេហកិច្ច កុំព្យូទ័រ រួមជាមួយកម្មវិធីកីឡាជាច្រើនប្រភេទទៀត»។
សាលារៀន អន្ដរទ្វីប អាមេរិកាំង (AIS) ត្រូវបានបង្កើតឡើងតាមទស្សនៈវិស័យរបស់លោកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលតែងតែចង់ផ្តល់ចំណេះដឹងតាមរយៈការអប់រំបណ្តុះបណ្តាលដល់កុលបុត្រកុលធីតាខ្មែរជំនាន់ថ្មី។
សាលា AIS បានសម្រិតសម្រាំងជ្រើសរើសគណៈគ្រប់គ្រងសាលាប្រកបដោយសមត្ថភាពខ្ពស់ និងមានរចនាសម្ព័ន្ធរឹងមាំច្បាស់លាស់ ដើម្បីផ្តល់ភាពកក់ក្តៅដល់លោកគ្រូអ្នកគ្រូ បុគ្គលិក និងសិស្សានុសិស្ស ប្រកបដោយសុទិដ្ឋិនិយមខ្ពស់។ បន្ថែមលើជំនាញ និងវិជ្ជាជីវៈច្បាស់លាស់រួមទាំងមានសីលធម៌ត្រឹមត្រូវរបស់បុគ្គលិក និងគ្រូបង្រៀន។ សាលានេះក៏បានកំណត់នូវត្រីវិស័យក្នុងការអប់រំច្បាស់លាស់ និងមានបទបញ្ជាផ្ទៃក្នុងយ៉ាងតឹងរ៉ឹងបំផុត។
លោកស្រី រស់ យ៉ាណា បានពន្យល់ថា ចាប់តាំងពីចាប់បដិសន្ធិឆ្នាំ២០០៥ សាលារៀន អន្តរទ្វីប អាមេរិកាំង «ក្រៅពីការអភិវឌ្ឍផ្នែកហេដ្ឋារចនាសម្ព័ន្ធ សាលាក៏ផ្តោតលើការអភិវឌ្ឍជាសំខាន់លើផ្នែកបច្ចេកវិទ្យាថ្មីៗ, វិធីសាស្ត្របង្រៀន និងសកម្មភាពរៀនរបស់សិស្ស ដើម្បីទទួលបានគុណភាពអប់រំខ្ពស់ល្អ។ AIS ក៏បានបន្ថែមនូវប្រព័ន្ធត្រួតពិនិត្យគុណភាពអប់រំតាមបែបសិស្សរៀននៅតាមមជ្ឈមណ្ឌលអនុវត្តផ្ទាល់ អនុវត្តកម្មវិធីសិក្សាគោល (បង្រៀនតាមសៀវភៅក្រសួង) និងកម្មវិធីសិក្សាបន្ថែមលើសៀវភៅគោល»។