The Phnom Penh Post Search

Search form




Logo of Phnom Penh Post newspaper Phnom Penh Post - Smart គាំទ្រ​ទិវា​យោគៈ​អន្តរជាតិ​លើក​ទី​ ១​ នៅ​កម្ពុជា

Smart គាំទ្រ​ទិវា​យោគៈ​អន្តរជាតិ​លើក​ទី​ ១​ នៅ​កម្ពុជា

លោក Dinesh ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា (ឆ្វេង) លោក Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart។
លោក Dinesh ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា (ឆ្វេង) លោក Hundt នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart។ មឿន ញាណ

Smart គាំទ្រ​ទិវា​យោគៈ​អន្តរជាតិ​លើក​ទី​ ១​ នៅ​កម្ពុជា

ប្រទេស​កម្ពុជា នឹង​មាន​រៀបចំ​ទិវាយោគៈ​អន្តរជាតិ​ជា​ផ្លូវ​ការ លើក​ដំបូង​របស់​ខ្លួន​នៅ​ថ្ងៃទី​២១ ខែ​មិថុនា ខាង​មុខ​នេះ ដោយ​មាន​កិច្ច​សហប្រតិបត្តិការ​រវាង​ក្រសួង​ទេសចរណ៍​កម្ពុជា និង​ស្ថាន​ទូត​ឥណ្ឌា ប្រចាំ​ព្រះរាជាណាចក្រ​កម្ពុជា ហើយ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ស្មាត ជា​អ្នក​ចូល​រួម​គាំទ្រ​នៅ​ក្នុង កម្មវិធី​នេះ​ផង​ដែរ។ យោគៈ គឺជា វិធីសាស្ត្រ​នៃ​ការ​ហាត់​ប្រាណ​តាម​លក្ខណៈ​ធម្មជាតិ ដោយ​ការ​ហ្វឹកហាត់​ចលនា​កាយ​សម្បទា គ្រប់គ្រង​អារម្មណ៍ និង បញ្ញា​ស្មារតី​ផ្នែក​ខួរ​ក្បាល​ជាមួយ​នឹង​បរិស្ថាន​នៅ​ជុំវិញ​ខ្លួន​មនុស្ស​គ្រប់ៗ​រូប​ប្រកប​ដោយ​ភាព​សុខដុម​នីយកម្ម។

លោក Dinesh K. Patnaik ឯក​អគ្គ​រដ្ឋ​ទូត​ឥណ្ឌា ប្រចាំ​កម្ពុជា បាន​ឲ្យ​ដឹង​ថា Yoga (យោគៈ) ត្រូវ​បាន​ប្រកាស​ទទួល​ស្គាល់​ដោយ​អង្គការ​សហប្រជាជាតិ កាល​ពី​ខែ​កញ្ញា​ឆ្នាំ​ទៅ ឲ្យ​ទៅ​ជា​ទិវា «International Day of Yoga» (ទិវា​យោគៈ​អន្តរជាតិ) នៅ​ថ្ងៃ​ទី ២១ ខែ​មិថុនា ជា​រៀង​រាល់​ឆ្នាំ បច្ចុប្បន្ន​មាន​ប្រទេស​ចូលរួម​ជា​សមាជិក​ជា​ផ្លូវ​ការ​កើន​ឡើង​រហូត​ដល់ ១៧៧ ប្រទេស នៅ​ឆ្នាំ ២០១៥ នេះ រួម​ទាំង​ប្រទេស​កម្ពុជា​ផង​ដែរ។

នៅ​ថ្ងៃទី​២១ ខែ​មិថុនា ខាង​មុខ​នេះ កម្ពុជា នឹង​ប្រារព្ធ ទិវា​យោគៈ​លើក​ទី១ របស់​ខ្លួន​ចំនួន​ពីរ​ទីតាំង​ផ្សេង​គ្នា គឺ​នៅ​វេលា​ម៉ោង ៦ព្រឹក ប្រារព្ធ​នៅ​ឯ​ទីលាន​ខាង​មុខ​ប្រាសាទ​អង្គរវត្ត និង​នៅ​ម៉ោង ៦ល្ងាច នៅ​សួន ច្បារ​ខាង​មុខ​ព្រះ​បរម​រាជវាំង នា​រាជធានី​ភ្នំពេញ។

កម្មវិធី​នេះ​ត្រូវ​បាន​រៀបចំ​ឡើង​ដោយ​ក្រសួង​ទេសចរណ៍​នៃ​រាជរដ្ឋាភិបាល​កម្ពុជា សហការ​ជាមួយ​ស្ថាន​ទូត​ឥណ្ឌា​ប្រចាំ​កម្ពុជា និង​ការ​គាំទ្រ​ដោយ​ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ស្មាត។ ថ្ងៃទី​២១ ខែ​មិថុនា គឺជា អយនកាល (Equinox) ឬ ទិវា សមាស​រាត្រី គឺ​រយៈពេល​ថ្ងៃ និង​ពេល​យប់ មាន​រយៈពេល ១២​ម៉ោង​ស្មើ​គ្នា។

លោក Dinesh បាន​បន្ត​ថា «នៅ​ក្នុង​ទិវា​យោគៈ​អន្តរជាតិ​ជា​លើក​ដំបូង​នេះ​យើង​នឹង​អញ្ជើញ គ្រូ​បង្ហាត់​បង្រៀន​យោគៈ នៅ​ភ្នំពេញ ប្រមាណ​ពី​២០-៣០ ក្លិប និង​នៅ​សៀមរាប ប្រមាណ ១៥ ក្លឹប ឲ្យ​ពួក​គាត់​មក​ជួយ​បង្ហាត់​បង្ហាញ​អំពី​មូលដ្ឋាន​គ្រឹះ​របស់​យោគៈ​ដល់​អ្នក​ចូល​រួម​ទាំង ឡាយ​ដើម្បី​ឲ្យ​ពួក​គាត់​បាន​ផ្នែក​សុខភាព​កាយ​សម្បទា​ប្រសើរ អារម្មណ៍ និង​បញ្ញា​ស្មារតី»។

«ការ​ធ្វើ​លំហាត់​ប្រាណ តាម​បែប​យោគៈ គឺជា​វិធីសាស្ត្រ​សាមញ្ញ​ប្រកប​ដោយ​ប្រសិទ្ធភាព​ដើម្បី​ប្រឆាំង​តទល់​នឹង​ជំងឺ​ផ្សេងៗ ប្រឆាំង​នឹង​បម្រែ​បម្រួល​បរិយាកាស​ជាដើម។ យោគៈ​គឺជា​វត្ថុ​អនុស្សាវរីយ៍​របស់​មនុស្ស​ជាតិ​ទៅ​ដល់​ភព​ផែនដី ប្រសិន​បើ​យើង​ចង់​ការពារ​ភព​ផែនដី នោះ​យើង​ត្រូវ​តែ​កៀងគរ​មនុស្ស​ឲ្យ​ចូលរួម​ធ្វើ​លំហាត់​ប្រាណ​តាម​បែប​យោគៈ​ឲ្យ​បាន​កាន់​តែ​ច្រើន​ឡើង» នេះ​បើ​យោង​តាម​ប្រសាសន៍​របស់​លោក Dinesh។ «នៅ​កម្ពុជា យើង​ចង់​ឲ្យ​ប្រជាជន​ច្រើន​បាន​យល់​ដឹង​អំពី​យោគៈ ដោយ​ការ​ចូលរួម​របស់​ពួក​គាត់​នៅ​ក្នុង​ទិវា​នេះ​ដោយ​មិន​ប្រកាន់​ពណ៌​សម្បុរ អាយុ ឋានៈ តួនាទី ឬក៏​នយោបាយ​នោះ​ទេ ហើយ​យោគៈ​ក៏​អត់​មាន​ទាក់ទង​ទៅ​នឹង​សាសនា​ណា​មួយ​ដែរ»។

លោក​សង្ឃឹម​ថា នឹង​មាន​អ្នក​ចូល​រួម​ប្រមាណ​ពី ២០០០ ទៅ ៣០០០នាក់ នៅ​ក្នុង​ពិធី​នោះ។

«យោគៈ គឺជា​ដំណើរ​ការ​នៃ​ការ​ហ្វឹក​ហាត់​កាយ​សម្បទា និង​ខួរ​ក្បាល តាម​បែប​ធម្មជាតិ សន្តិ​និយម ដោយ​បង្កើន​នូវ​ថាមភាព និង​សម្រួល​អារម្មណ៍​ប្រកប​ដោយ​ភាព​វិជ្ជមាន​ដល់​មនុស្ស និង​ធម្មជាតិ ដើម្បី​ផ្តល់​នូវ​ភាព​សុខដុម​នីយកម្ម​ដល់​គ្នា​ទៅវិញ​ទៅមក» នេះ​បើ​តាម​ការ​បញ្ជាក់​របស់​លោក​ឯកអគ្គ រដ្ឋទូត។ «ចំពោះ​សុខភាព​របស់ មនុស្ស​វា​បាន​ទប់ស្កាត់ និង​ប្រឆាំង ជំងឺ​ជាច្រើន ក្នុង​នោះ​មាន​ទាំង​ជំងឺ​សួត ដាច់​សរសៃ​ឈាម ជំងឺ​គាំង​បេះដូង... និង​រោគ​ស្ត្រេស (ជំងឺ​តប់​ប្រមល់)។

កាលពី​សប្តាហ៍​មុន នៅឯ​អាគារ​ការិយាល័យ​របស់​ខ្លួន​នៅតាម​ដង​វិថី​ព្រះមុនីវង្ស លោក Thomas Hundt, នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Smart បាន​ថ្លែង​ឲ្យ​ដឹង​ថា ការ​គាំទ្រ​របស់​ស្មាត នៅ​ក្នុង​ទិវា​យោគៈ នេះ ជា​ទង្វើ​របស់​ក្រុមហ៊ុន​ស្មាត ដែល​តែងតែ​គាំទ្រ​នូវ​រាល់​សកម្ម ភាព​នានា​ដែល​ផ្តល់​ប្រយោជន៍​ជា​សារវន្ត​ដល់​សង្គម​កម្ពុជា។ លោក​បន្ត​ថា «ស្មាត​មិន​សម្លឹង​តែ​លើ​ប្រយោជន៍​ក្នុង​ការ​ធ្វើ​អាជីវកម្ម​នោះ​ទេ យើង​រីករាយ​ក្នុង​ការ​ចូលរួម​រាល់​សកម្មភាព​ជា​វិជ្ជមាន​ជាមួយ​អតិថិជន និង​ប្រជាជន​កម្ពុជា​ទូទៅ» ដើម្បី​គាំទ្រ​ដល់​ដំណើរការ​អភិវឌ្ឍន៍​ប្រទេស​កម្ពុជា។

«យោគៈ គឺជា​វិធី​មួយ​ដើម្បី​ធ្វើ​ឲ្យ​ជីវិត​របស់​យើង​មាន​លំនឹង។ សម្រាប់​ក្រុមហ៊ុន​ស្មាត យើង​គឺជា​ពាណិជ្ជ​សញ្ញា​បៃតង យើង​លើក​កម្ពស់​ផ្នែក​បរិស្ថាន និង​ជីវិត​រស់នៅ [គឺ​លំនឹង​រវាង​កាយសម្បទា និង​បញ្ញា​ស្មារតី មនុស្ស និង​ធម្មជាតិ]។ វា​គឺជា​ព្រឹត្តិការណ៍​មួយ​ដ៏​ល្អ​សម្រាប់​ផ្សព្វផ្សាយ​អំពី​វិស័យ​ទេសចរណ៍​នៅ​ក្នុង​ប្រទេស​កម្ពុជា» នេះ​បើ​តាម​ប្រសាសន៍​របស់​លោក Hundt។ «នៅ​ពី​ក្រោយ​ព្រឹត្តិការណ៍​នេះ ក្រសួង​ទេសចរណ៍ បាន​ធ្វើ​កិច្ចការ​ជា​ច្រើន ដោយ​បាន​ជ្រើស​រើស​យក​ទីតាំង​ដ៏​អស្ចារ្យ​បំផុត នៅ​ពី​មុខ​ប្រាសាទ​អង្គរ​វត្ត នា​ខេត្ត​សៀមរាប និង​នៅ​សួន​ច្បារ​មុខ​ព្រះ​បរម​រាជវាំង ដែល​ជា​បេះដូង​នៃ​រាជធានី​ភ្នំពេញ»។

«ខ្ញុំ​ប្រាកដ​ណាស់​ថា ព្រឹត្តិការណ៍​នេះ (ទិវា​យោគៈ​លើក​ដំបូង​នៅ​កម្ពុជា) នឹង​ត្រូវ​បាន​គេ​ចង​ចាំ និង​បន្ត​ដំណើរ​ប្រព្រឹត្ត​ទៅ​នា​អនាគត​ដ៏​វែង​ឆ្ងាយ​ទៀត» នេះ​បើតាម​សម្តី​របស់​លោក Hundt។ ក្រុមហ៊ុន​ទូរស័ព្ទ​ចល័ត​ស្មាត មាន​អតិថិជន​គាំទ្រ​ភាគ​ច្រើន​គឺជា​យុវជន​កម្ពុជា​មាន​វ័យ​ក្មេង «យើង​រីករាយ​នឹង​បង្រៀន​ដល់​ពួក​គាត់​នូវ​វិធីសាស្ត្រ​រស់​នៅ​របៀប​ថ្មី ជីវិត​ប្រកប​ដោយ​សុខុមាល​ភាព​ល្អ សន្តិ​និយម និង​ការ​ប្រឆាំង​នូវ​រាល់​ការ​សេព​គ្រឿង​ស្រវឹង ឬក៏​ថ្នាំ​ញៀន​ជា​ដើម។ល» ក្រុមហ៊ុន​ស្មាត ចូលរួម​លើក​កម្ពស់​នូវ​រាល់​ទង្វើ​ល្អ​ផ្តល់​ផល​ជា​វិជ្ជមាន​ជាមួយ​ប្រជាជន​ទូទៅ​សម្រាប់​សង្គម​កម្ពុជា។

លោក Hundt បាន​ពន្យល់​ថា «វា​ពុំ​មាន​ទំនាក់​ទំនង​ដោយ​ផ្ទាល់​រវាង​ប្រព័ន្ធ​ទូរគមនាគមន៍ និង​យោគៈ នោះ​ទេ ប៉ុន្តែ​វា​ពាក់ព័ន្ធ​ទៅ​នឹង​គុណ​តម្លៃ​នៃ​ពាណិជ្ជសញ្ញា​របស់​ស្មាត ទាក់ទង​នឹង​យោគៈ ដូច​ជា ការ​លើក​កម្ពស់​ចំណុច​វិជ្ជមាន​នៃ​ជីវភាព​រស់នៅ និង​តំណាង​ដោយ​ពាណិជ្ជ​សញ្ញា​ពណ៌​បៃតង​តំណាង​ឲ្យ​ចីរភាព​នៃ​បរិស្ថាន។ អតិថិជន​របស់​ស្មាត​ភាគ​ច្រើន​គឺ​មនុស្ស​វ័យ​ក្មេងៗ វា​គឺ​ឱកាស​មួយ​ដ៏​ល្អ​ក្នុង​ការ​ផ្សារ​ភ្ជាប់​នូវ​លក្ខណៈ​ទាំង​ពីរ​នេះ​ទៅ​នឹង​ជីវភាព​រស់នៅ​ដោយ​ភាព​ត្រឹម​ត្រូវ»។ គាត់​បាន​ផ្តល់​នូវ​ឧទាហរណ៍​ខ្លះ​ថា បច្ចុប្បន្ន​មាន​បុគ្គលិក​របស់​ស្មាត មួយ​ចំនួន ពួក​គេ​បាន​អនុវត្ត​វិធី​របស់​យោគៈ​ជា​បណ្តើរៗ​ហើយ ហើយ​ពួក​គេ​មាន​ការ​ភ្ញាក់ផ្អើល​ជាមួយ​នឹង​លទ្ធផល​វិជ្ជមាន​របស់​វា។ «យោគៈ​គឺជា​ចលន​សាកល​មួយ​នា​ពេល​នេះ ដោយ ផ្តល់​ផល​វិជ្ជមាន​ជា​ខ្លាំង»។

ឯកអគ្គ​រដ្ឋ​ទូត​ឥណ្ឌា លោក Dinesh បាន​ធ្វើ​ការ​កត់​សម្គាល់ ថា៖«មាន​ក្រុមហ៊ុន​អាជីវកម្ម​ជាច្រើន​នៅ​លើ​សកល​លោក បាន​បង្រៀន​បុគ្គលិក​របស់​ពួក​គេ​អំពី​យោគៈ ព្រោះ​វា​គឺជា​វិធីសាស្ត្រ​មាន​ប្រសិទ្ធភាព​ក្នុង​ការ​កាត់​បន្ថយ​លើ​ការ​ចំណាយ​ផ្នែក​សុខាភិបាល​នៅ​ក្នុង​ចំនួន​បុគ្គលិក​ជាច្រើន​នោះ។ កាល​ពី​ដើម​ខែ​មិថុនា​ថ្មីៗ​នេះ មាន​របាយការណ៍​មួយ​បាន​បង្ហាញ​ថា មាន​ប្រជាជន​អាមេរិក ចំនួន​១៧​លាន​នាក់​បាន​អនុវត្ត​យោគៈ​ជា​ប្រចាំ​ថ្ងៃ»។

«មាន​ក្រុមហ៊ុន​ជាង​៦០​ភាគ រយ​នៅ​អាមេរិក បាន​បង្រៀន​ដល់​បុគ្គលិក​របស់​គេ​អំពី​យោគៈ ក្នុង​នោះ​ក្រុមហ៊ុន​ធំៗ​ដូចជា Google និង Microsoft ជា ដើម ដោយ​ពួក​គេ​បាន​អនុវត្ត​យោគៈ​ជា​រៀង​រាល់​ព្រឹក»។

គាត់​បន្ត​ពន្យល់​ថា យោគៈ គឺជា​របៀប​ហាត់​ប្រាណ​អំពី​ការ​ដក​ដង្ហើម​ចូល និង​ដង្ហើម​ចេញ ព្រោះ​មនុស្ស​យើង​បើ​ពុំ​មាន​ការ​ដក​ដង្ហើម​ត្រឹម​ត្រូវ​ទេ នោះ​ខ្លួន​ប្រាណ អវយវៈ របស់​យើង​នឹង​មិន​ដំណើរ​ការ​បាន​ត្រឹមត្រូវ​នោះ​ទេ។ អ្នក​រាល់​គ្នា​អាច​រៀន​អំពី​យោគៈ​រយៈពេល ៣ថ្ងៃ នៅ​ក្នុង​ថ្នាក់ ហើយ​បន្ទាប់​មក​គេ​អាច​យក​វា​ទៅ​អនុវត្ត​នៅ​តាម​ទីកន្លែង​រៀងៗ​ខ្លួន ក្នុង​មួយ​ថ្ងៃ​ឲ្យ​បាន ២​ដង ការ​អនុវត្ត​នោះ គឺ​តម្រូវ​ឲ្យ​ធ្វើ​ឡើង​នូវ​ពេល​មុន ឬ​ក្រោយ​ពេល​ទទួលទាន​អាហារ ២ម៉ោង៕

អត្ថបទគួរចាប់អារម្មណ៍