
អភិបាលខេត្តកំពត លោក ជាវ តាយ និងក្រុមការងារចុះទៅពិនិត្យ និងជ្រើសរើសទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ។ រដ្ឋបាលខេត្តកំពត
ភ្នំពេញៈ បើទោះបីរដ្ឋាភិបាលកម្ពុជាសម្រេចប្រែក្លាយតំបន់ភ្នំបូកគោឱ្យទៅជាក្រុងថ្មីមួយក្នុងខេត្តកំពត ក៏សម្ទុះទីផ្សារ និងតម្លៃអចលនទ្រព្យនៅទីនោះមិនទាន់មានសញ្ញាអ្វីប្រែប្រួលគួរឱ្យកត់សម្គាល់ទេនៅពេលនេះ ខណៈអ្នកជំនាញអចលនទ្រព្យអះអាងថា ការរីករាលដាលកូវីដ ១៩ បានធ្វើឱ្យផែនការវិនិយោគជាច្រើនត្រូវពន្យារពេល។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៦ ខែ មីនា ឆ្នាំ ២០២១ បានចេញអនុក្រឹត្យបង្កើតក្រុងបូកគោនៃខេត្តកំពត ដោយកាត់យកឃុំបឹងទូក កោះតូច និងឃុំព្រែកត្នោត ពីស្រុកទឹកឈូ ឱ្យស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋបាល «ក្រុងបូកគោ»។
យោងតាមរដ្ឋបាលខេត្តកំពត ទីតាំងសម្រាប់សាងសង់អគាររដ្ឋបាលក្រុងបូកគោ អាចស្ថិតនៅជិតចំណុចប៉ុស្តិ៍ត្រួតពិនិត្យផ្លូវឡើងទៅរមណីយដ្ឋានឧទ្យានជាតិព្រះមុនីវង្សឋានសួគ៌បូកគោ (អតីតស្នាក់ការមន្ទីរបរិស្ថានខេត្ត) ជាទីតាំងផ្ដល់ឱ្យដោយក្រុមហ៊ុន សុខាអូតែល ដែលជាក្រុមហ៊ុនកំពុងវិនិយោគគម្រោងធំៗជាច្រើននៅលើភ្នំបូកគោ។
លោក ជាវ តាយ អភិបាលខេត្តកំពតដែលបានចុះទៅពិនិត្យ និងជ្រើសរើសទីតាំងសម្រាប់សង់អគាររដ្ឋបាលក្រុងបូកគោកាលពីថ្ងៃទី ៧ ខែមិថុនា បានសំណូមពរឱ្យក្រុមហ៊ុន សុខាអូតែល ផ្តល់កិច្ចសហការឱ្យបានល្អដើម្បីផ្តល់លទ្ធភាពដល់មន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធរៀបចំដំណើរការសាងសង់អគាររដ្ឋបាលក្រុងបូកគោឱ្យចេញជារូបរាងក្នុងពេលឆាប់ៗ។
លោក ប៉ូ អ៊ាវគង់ អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែមិថុនាថា ការអូសបន្លាយពេលនៃការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យស្ថានភាពទីផ្សារអចលនទ្រព្យនៅតំបន់ «ក្រុងបូកគោថ្មី» ស្ថិតនៅទ្រឹងបើធៀបនឹងឆ្នាំមុន។ ការរឹតត្បិតការធ្វើដំណើរ និងក្តីបារម្ភពីការឆ្លងកូវីដ ១៩ ជំរុញឱ្យក្រុមអ្នកវិនិយោគជាច្រើនសម្រេចពន្យារពេលបញ្ចេញទុន។ លោកប្រាប់ថា៖ «តម្លៃដីធ្លីនៅតំបន់នោះមិនទាន់ប្រែប្រួលទេមកដល់ពេលនេះ បើទោះបីរដ្ឋាភិបាលសម្រេចបង្កើតតំបន់រដ្ឋបាលក្រុងថ្មីនៅទីនោះក៏ដោយ»។
ទោះបីយ៉ាងណា លោកអះអាងថា បន្ទាប់ពីបង្កើតក្រុងរដ្ឋបាលចេញជារូបរាងច្បាស់លាស់ ការអភិវឌ្ឍលើគ្រប់វិស័យនឹងមានសម្ទុះលឿន ហើយតម្លៃអចលនទ្រព្យក៏នឹងកើនផងដែរ។
អគ្គនាយកក្រុមហ៊ុន អ៊ែតវ៉ានស៍ រៀលអ៊ីស្ទេត លើកបន្ថែមថា៖ «ដោយសារខេត្តកំពត ជាប៉ូលសេដ្ឋកិច្ចមួយរបស់កម្ពុជាដែលមានសក្តានុពលទាំងផ្នែកទេសចរណ៍ និងឧស្សាហកម្ម ហេតុនេះនៅពេលស្ថានភាពកូវីដ ១៩ អាចគ្រប់គ្រងបានចលករនៃការទិញលក់ និងតម្លៃអចលនទ្រព្យនៅក្រុងបូកគោនឹងមានសម្ទុះលឿន»។
លោក សំ សុខនឿន ប្រធានសមាគមអចលនទ្រព្យសកលបាននិយាយថា ទោះដឹងថាជាទីតាំងមានសក្តានុពលខ្ពស់សម្រាប់ការវិនិយោគ ក៏ភាពមិនច្បាស់លាស់នៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ក្នុងសហគមន៍ព្រឹត្តិការណ៍ ២០ កុម្ភៈ ដែលកំពុងអូសបន្លាយដល់ពេលនេះ បានធ្វើឱ្យការសម្រេចចិត្តនានាស្ថិតក្នុងភាពរង់ចាំ។ លោកបន្តថា ទីផ្សារអចលនទ្រព្យនឹងមានការផ្លាស់ប្តូរខ្លាំងនៅពេលជំងឺកូវីដ ១៩ ត្រូវបញ្ចប់ទាំងស្រុង។
លោកបញ្ជាក់ថា៖ «ទោះរដ្ឋាភិបាលសម្រេចបង្កើតឱ្យមានក្រុងបូកគោក៏ស្ថានភាពទីផ្សារអចលនទ្រព្យនៅទីនោះមិនបានផ្ទុះឡើង ឬអ្វីប្រែប្រួល គួរឱ្យកត់សម្គាល់ទេ»។
បើតាមលោក អ៊ាវគង់ សព្វថ្ងៃដីធំៗ (ហិកតា) នៅជាប់ផ្លូវជាតិចេញពីក្រុងកំពតទៅក្រុងបូកគោ អាចមានតម្លៃពី ៥០-១៥០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ដីនៅផ្លូវតូចៗតម្លៃក្រោម ៥០ ដុល្លារ និងដីចម្ការ តម្លៃពី ៥-១៥ ដុល្លារ៕LA