ភ្នំពេញៈ ការប្រមូលពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២១ នឹងត្រូវបិទបញ្ចប់នៅក្នុងដំណាច់ខែកញ្ញា។ នេះបើយោងតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ។
លិខិតចុះកាលបរិច្ឆេទថ្ងៃទី ៨ ខែ មិថុនា ឆ្នាំ ២០២១ របស់អគ្គនាយកដ្ឋានពន្ធដារ ស្តីពីការរំឭកការប្រកាសបង់ពន្ធលើអចលនទ្រព្យ និង/ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ ២០២១ ឱ្យដឹងថា អគ្គនាយកដ្ឋានពន្ធដារសូមជូនដំណឹងដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលស្ថិតនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តទាំងអស់ឱ្យបានជ្រាបថា អនុលោមតាមប្រកាសលេខ ៤៩៣ សហវ.ប្រក ចុះថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ ២០១០ ស្តីពីការប្រមូលពន្ធលើអចលនទ្រព្យ និងប្រកាសលេខ ២២៤ ប្រក.សហវ.ពដ ចុះថ្ងៃទី ០៥ ខែ កក្កដា ឆ្នាំ ១៩៩៦ ស្តីពីការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់ ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ សម្រាប់ឆ្នាំ ២០២១ នឹងត្រូវបិទបញ្ចប់នៅចុងខែកញ្ញា ឆ្នាំខាងមុខ។
លិខិតបានបន្តថា រហូតមកទល់ពេលនេះ អគ្គនាយកដ្ឋានពន្ធដារសង្កេតឃើញថា មានម្ចាស់អចលនទ្រព្យមួយចំនួននៅមិនទាន់បានបំពេញកាតព្វកិច្ចប្រកាសបង់ពន្ធប្រភេទទាំងនេះនៅឡើយ។ ដូចនេះ ដើម្បីជំរុញការប្រមូលពន្ធលើអចលនទ្រព្យ និង/ ឬ ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២១ នេះបានអស់លទ្ធភាពប្រកបដោយប្រសិទ្ធភាពខ្ពស់ និងចៀសវាងបាននូវការកកស្ទះ ការប្រជ្រៀតគ្នាមកប្រកាសបង់ពន្ធនៅថ្ងៃជិតផុតកំណត់ ដែលអាចនាំឱ្យមានបាតុភាពអសកម្មដោយប្រការណាមួយ អគ្គនាយកដ្ឋានពន្ធដារសូមរំឭកដល់ម្ចាស់អចលនទ្រព្យទាំងអស់ ដែលមិនទាន់បានបំពេញ កាតព្វកិច្ចបង់ពន្ធសូមរួសរាន់អញ្ជើញមកប្រកាសបង់ពន្ធឱ្យបានទាន់ពេលវេលា។
លិខិតបានបញ្ជាក់ថា៖ «ការបង់ពន្ធលើអចលនទ្រព្យ និងការបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់ឆ្នាំ ២០២១ នឹងត្រូវបិទបញ្ចប់នៅថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២១ ខាងមុខនេះ»។
ជាមួយគ្នានេះលិខិតក៏បានបញ្ជាក់ថា ចំពោះការខកខានមិនបានដាក់លិខិតប្រកាសបង់ពន្ធទាន់ពេលវេលាកំណត់ខាងលើម្ចាស់អចលនទ្រព្យនឹងត្រូវរងនូវទោសទណ្ឌ តាមច្បាប់ជាធរមាន។
ទិន្នន័យពីអគ្គនាយកដ្ឋានពន្ធដារឱ្យដឹងថា ក្នុងឆ្នាំ ២០២០ ចំណូលពន្ធអាករដែលអគ្គនាយកដ្ឋានពន្ធដារប្រមូលបានសរុបមានចំនួន ២ ៨៨៩,០២ លានដុល្លារ កើនឡើង ១០៤,៤៩ លានដុល្លារស្មើនឹង ៣,៧៣ ភាគរយធៀបនឹងឆ្នាំ ២០១៩៕