ភ្នំពេញៈ ក្រុមហ៊ុន Monarchy Land & Investment បាន​សម្ពោធ​បុកគ្រឹះ​បើក​ការដ្ឋាន​សាងសង់ និង​លក់​គម្រោង​ «​បុរីខេមរភូមិ​» ​ជា​លើកដំបូង​ដោយ​ផ្តោតលើ​តម្លៃ​សមរម្យ និង​គុណភាព​ជា​ចម្បង​។

អ្នកស្រី សុខ បុរី ប្រធាន​ផ្នែក​លក់​បុរីខេមរភូមិ បាន​ឱ្យដឹង​ក្នុង​ពិធី​បញ្ចុះ​បឋមសិលា​បើក​ការដ្ឋាន​សាងសង់ និង​លក់​កាលពី​ថ្ងៃទី​ ១០ ខែមិថុនា​ថា គម្រោង​នេះ​ត្រូវ​បាន​វិនិយោគ​ដោយ​ក្រុមហ៊ុន Monarchy land & Investment លើ​ផ្ទៃដី​ទំហំ ៣ ហិកតា និង​មាន​ចម្ងាយ ៧០០ ​ម៉ែត្រ​ពី​ផ្លូវជាតិ​លេខ ២ ស្ថិតក្នុង​ឃុំ​ជើង​កើប ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល​។

អ្នកស្រី សុខ បុរី បាន​និយាយថា​៖ «​បុរីខេមរភូមិ នឹង​អភិវឌ្ឍ​សំណង់​លំនៅឋាន​ជាង​ ១០០ ​ខ្នង ដោយ​ចែកចេញ​ជា ៣ ​ប្រភេទ គឺ​ផ្ទះល្វែង​អាជីវកម្ម វីឡា​កូនកាត់ និង​វីឡា​ទោល​។ គម្រោង​បុរី​នេះ​នឹង​ប្រើ​ពេល​សាងសង់ ១២ ​ខែ ដោយ​នឹង​បញ្ចប់​ការសាងសង់​ក្នុង​ខែ​មិថុនា ឆ្នាំ​ ២០២២»​។

បើតាម​អ្នកស្រី បុរី វីឡា​កូនកាត់​មានតម្លៃ​ចាប់ពី ៤៨ ៨០០ ​ដុល្លារ ផ្ទះល្វែង​អាជីវកម្ម​មាន​តម្លៃ​ចាប់ពី ៩៨ ៨០០ ​ដុល្លារ និង​វីឡា​ទោល​មាន​តម្លៃ​ចាប់ពី ១៣,៨៨ ​ម៉ឺន​ដុល្លារ​។

អ្នកស្រី​បន្តថា​៖ «​តម្លៃ​លំនៅឋាន​ទាំង​ ៣ ​ប្រភេទ​នៅក្នុង​បុរីខេមរភូមិ​នេះ មាន​តម្លៃ​សមរម្យ ឬ​ទាប​ជាង​ទីផ្សារ បើ​ធៀប​នឹង​សំណង់​លំនៅឋាន​នៃ​បុរី​ផ្សេងៗ​»​។

អគ្គនាយិការង​ក្រុមហ៊ុន Monarchy land & Investment អ្នកស្រី ឃួន លក្ខិណា ដែលជា​អ្នកតំណាង គម្រោង​បុរីខេមរភូមិ បាន​ប្រាប់ថា លក្ខណពិសេស​នៃ​គម្រោង​នេះ​គឺ​សំណង់​មាន​ភាពទំនើប ស៊ីវិល័យ រចនាប័ទ្ម​ប្លែក រួមផ្សំ​នឹង​ទីតាំង​មាន​បរិស្ថាន​ល្អ​សម្រាប់​រស់នៅ​។

អ្នកស្រី​និយាយថា​៖ «​បុរីខេមរភូមិ មាន​ទីតាំង​ភូមិសាស្ត្រ​អំណោយផល និង​មាន​សក្តានុពល នៅក្បែរ​ផ្លូវ​ក្រវាត់ក្រុង​ទី​ ៣ និង​ក្បែរ​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី ព្រម​ទាំង​នៅ​មិន​ឆ្ងាយ​ប៉ុន្មាន​ពី​ផ្សារ​ទំនើប​អ៊ីអន ៣ ដែល​តំបន់​ពាណិជ្ជកម្ម​កំពុង​រីកដុះដាល​ដូច​ផ្សិត​»​។

បើតាម​លោកស្រី លក្ខិណា បន្ទាប់ពី​គម្រោង​បុរីខេមរភូមិ​នេះ​ក្រុមហ៊ុន​ក៏មាន​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​បែប​ធម្មជាតិ​ជាប់មាត់​ទន្លេ​ដែល​ជា​គម្រោង​ទី​ ២ នៅ​ទីក្រុង​តាខ្មៅ ខេត្ត​កណ្តាល​។ គម្រោង​នេះ​នឹង​សាងសង់​លំនៅឋាន​លើ​ផ្ទៃដី​ប្រមាណ ៣០ ​ហិកតា​។ អ្នកស្រី​បញ្ជាក់ថា​៖ «​នៅ​ទីនោះ​យើង​នឹង​ប្រែក្លាយ​ជា​គម្រោង​បែប​លំនៅឋាន​សួន​បរិស្ថាន​ធម្មជាតិ​បៃតង​សុទ្ធសាធ ហើយ​យើង​សង្ឃឹមថា​នឹង​ទទួលបាន​ការគាំទ្រ​ខ្លាំង​»​។

អ្នកស្រី អាន សុធីតា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia បាន​ឱ្យ​ដឹងថា ដោយ​ស្ថានភាព​ការឆ្លង​រាលដាល​ជំងឺ​កូវីដ-១៩ នៅ​កម្ពុជា​មិនទាន់​ធូរស្រាល​បាន​ធ្វើឱ្យ​ទុនវិនិយោគ​វិស័យ​សំណង់​ក្នុង​ឆ្នាំ​ ២០២១ អាច​នឹង​ធ្លាក់ចុះ​ទៀត​ធៀប​នឹង​ឆ្នាំ​ ២០២០​។ អ្នកស្រី​បន្តថា សូម្បី​វិស័យ​អចលនទ្រព្យ​ក៏​មិនទាន់​ល្អ​ឡើងវិញ​ដែរ​ក្នុងឆ្នាំនេះ​។

អ្នកស្រី​អះអាងថា​៖ «​ខ្ញុំ​យល់ឃើញ​ថា ទុនវិនិយោគ​ក្នុង​ឆ្នាំ​ ២០២១ នេះ​នឹង​បន្ត​ធ្លាក់ចុះ​ទៀត ព្រោះ​មិនសូវ​មាន​គម្រោង​វិនិយោគ​ធំៗ និង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ថ្មីៗ​ដូច​មុន​ទេ​។ ម្យ៉ាងទៀត​ចំនួន​ការដ្ឋាន​សាងសង់​លំនៅឋាន​លក្ខណៈ​អគារ​ខុនដូ និង​បុរី ក៏​ថយចុះ​ផងដែរ​»​។

របាយការណ៍ FSR 2020 ធនាគារជាតិ​នៃ​កម្ពុជា​បង្ហាញ​ថា ដោយសារ​វិបត្តិ​ជំងឺ​កូវីដ​ ១៩ បាន​នាំឱ្យ​ទុន​វិនិយោគ​ក្នុង​វិស័យ​សំណង់​ឆ្នាំ​ ២០២០ មានតម្លៃ​សរុប ៧,៨ ​ពាន់​លាន​ដុល្លារ ធ្លាក់ចុះ ៣២,១ ​ភាគរយ​ធៀប​នឹង​ឆ្នាំ​ ២០១៩ មានតម្លៃ ១១,៤ ​ពាន់​លាន​ដុល្លារ​។

ក្រឡា​ផ្ទៃ​សំណង់​បាន​ធ្លាក់ចុះ ២៦,៩ ​ភាគរយ ស្មើនឹង​ប្រហែល ១៧ ​លាន​ម៉ែត្រការ៉េ​។ ក្នុងនោះ​ផ្ទៃក្រឡា​គម្រោង​អភិវឌ្ឍន៍​លំនៅឋាន​មាន ៤៦,១ ​ភាគរយ អគារ​ពាណិជ្ជកម្ម ៣១,៨ ភាគរយ និង​ឧស្សាហកម្ម ១៤,៦ ​ភាគរយ​៕ LA