
កំណើនភ្ញៀវទេសចរ និងការស្ថាបនាផ្លូវនឹងរួមចំណែកក្នុងការធ្វើឱ្យទីផ្សារអចលនទ្រព្យនៅក្រុងសៀមរាបមានសម្ទុះឡើងវិញ។ ហុង មិនា
ភ្នំពេញៈ ការស្ថាបនាផ្លូវ និងផែនការបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចឱ្យមកទស្សនាតំបន់សៀមរាប-អង្គរចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១ កំពុងធ្វើឱ្យវិស័យអចលនទ្រព្យក្នុងខេត្តសៀមរាបកម្រើកឡើងវិញជាបណ្តើរៗ ជាពិសេសចាប់ពីចុងឆ្នាំ ២០២១ តទៅ។ នេះបើតាមអ្នកក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។
រដ្ឋាភិបាលកម្ពុជាកាលពីចុងខែវិច្ឆិកា ឆ្នាំ ២០២០ បានទម្លាក់ថវិកាប្រមាណ ១៥០ លានដុល្លារ ដើម្បីស្ថាបនាផ្លូវចំនួន ៣៨ ខ្សែក្នុងក្រុងសៀមរាប ដោយមានប្រវែងសរុប ១០៨,៧៤ គីឡូម៉ែត្រ។ ក្នុងគម្រោងនោះក៏រួមមាន រៀបចំបណ្តាញលូទឹកភ្លៀង ទឹកកខ្វក់ ប្រព័ន្ធការពារទឹកជំនន់ ចិញ្ចើមផ្លូវសម្រាប់ជនពិការ ផ្លូវជិះកង់ ចំណតរថយន្តកាមេរ៉ាសុវត្ថិភាព សួនច្បារ ការដាំដើមឈើលម្អ និងបង្គោលភ្លើងបំភ្លឺផ្លូវជាដើម។
ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុន កាលពីដើមខែមេសាក៏បានលើកសំណើទៅលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ឱ្យពិចារណាពីការបើកទ្វារទទួលភ្ញៀវទេសចរអន្តរជាតិ ដែលចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ ១៩ រួចរាល់ឱ្យចូលមកទស្សនាគោលដៅទេសចរណ៍សៀមរាប-អង្គរចាប់ពីត្រីមាសទី ៤ ឆ្នាំ ២០២១។
ស្ថាបនិក និងជានាយកក្រុមហ៊ុន ឃី រៀលអេស្ទេត លោក សន សៀប បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍នៅថ្ងៃទី ១៦ ខែមិថុនា ថា ទីផ្សារអចលនទ្រព្យក្នុងខេត្តសៀមរាប ពិសេសក្រុងសៀមរាបនឹងមានកំណើនវិញចាប់ពីចុងឆ្នាំ ២០២១ គ្រាន់តែកំណើនបានប៉ុន្មាននោះគឺគេត្រូវរង់ចាំមើលស្ថានភាពនៃការឆ្លងរាលដាលជំងឺកូវីដ ១៩ ជាមុនសិន។ ជាទូទៅបើនិយាយពីទីផ្សារអចលនទ្រព្យ គឺមានពាក់ព័ន្ធនឹងតម្លៃ និងសកម្មភាពទិញលក់។
លោកបន្តថា សម្រាប់អចលនទ្រព្យនៅក្រុងសៀមរាប តម្លៃនឹងកើនឡើងវិញចាប់ពីចុងឆ្នាំ ២០២១ តទៅ ចំណែកការទិញ លក់ គឺមិនទាន់មានភាពច្បាស់លាស់ទេ ដោយត្រូវនៅរង់ចាំមើលស្ថានភាពឆ្លងរាលដាលក្នុងប្រទេសជាមុនសិន បើស្ថានភាពឆាប់ល្អប្រសើរ សកម្មភាពនៃការទិញលក់ និងតម្លៃនឹងមានសម្ទុះឡើងវិញព្រមគ្នា។
លោកបានថ្លែងថា៖ «ខ្ញុំគិតថា ទីផ្សារអចលនទ្រព្យនៅខេត្តសៀមរាបនឹងល្អឡើងវិញចាប់ពីចុងឆ្នាំនេះទៅ ព្រោះសកម្មភាពនៃការធ្វើផ្លូវ និងហេដ្ឋារចនាសម្ព័ន្ធ និងការបើកទទួលភ្ញៀវទេសចរបរទេសនឹងមានឥទ្ធិពលយ៉ាងខ្លាំងចំពោះទីផ្សារមួយនេះ»។
របាយការណ៍របស់ក្រុមហ៊ុន ឃី រៀលអេស្ទេត កាលពីខែឧសភាឱ្យដឹងថា តម្លៃដីនៅក្រុងសៀមរាបឆ្នាំ ២០២០ ធ្លាក់ចុះ ៥ ភាគរយធៀបឆ្នាំ ២០១៩ ដោយមានតម្លៃមធ្យម ១ ៥២០ ដុល្លារក្នុង ១ ម៉ែត្រការ៉េ ធ្លាក់ចុះពី ១ ៦០០ ដុល្លារ។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បាននិយាយថា បើទោះបីការស្ថាបនាផ្លូវក្នុងក្រុងសៀមរាបមិនទាន់រួចរាល់ ប៉ុន្តែតម្លៃ និងសកម្មភាពទិញ លក់ដី ទីនោះបានកើនមួយកម្រិតហើយ។ កំណើននេះនឹងមានបន្ថែមទៀតចាប់ពីចុងឆ្នាំ ២០២១ ជាពេលដែលការស្ថាបនាផ្លូវនឹងត្រូវរួចរាល់ ហើយភ្ញៀវទេសចរបរទេសចូលមកកម្ពុជាក៏រំពឹងចាប់ផ្តើមកើនឡើងវិញ។ លោកបន្ថែមថា ក្រៅពីកត្តាខាងលើ ការសង់ព្រលានយន្តហោះ និងស្ថានភាពតម្លៃទីផ្សារនៅទាបធៀបនឹងដីនៅក្រុងព្រះសីហនុ ក៏ជាកត្តាជួយធ្វើឱ្យទីផ្សារអចលនទ្រព្យនៅទីនោះងើបឡើងវិញឆាប់រហ័សផងដែរ។
លោកបន្តថា៖ «ខ្ញុំជឿថា ទីផ្សារអចលនទ្រព្យនៅក្រុងសៀមរាបនឹងកើនឡើងនៅចុងឆ្នាំនេះ»។
អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន លោក ហ៊ាង សុទ្ធាយុត្តិ បានប្រាប់ថា ទោះបីកម្ពុជាកំពុងប្រយុទ្ធនឹងជំងឺកូវីដ ១៩ ដើម្បីបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ ក៏ដំណើរការស្ថាបនាផ្លូវរបស់ក្រសួងមិនថមថយឡើយ គិតត្រឹមថ្ងៃទី ១៦ ខែមិថុនា ផ្លូវទាំង ៣៨ ខ្សែ នៅក្នុងក្រុងសៀមរាបសម្រេចបាន ៥៦,៥៩ ភាគរយ ខណៈការស្ថាបនានឹងត្រូវរួចរាល់នៅដំណាច់ឆ្នាំ ២០២១។
លោកបានបញ្ជាក់ថា៖ «គ្រប់គម្រោងស្ថាបនាផ្លូវរបស់ក្រសួងសាធារណការ និងដឹកជញ្ជូនគឺកំពុងដំណើរការទៅតាមផែនការដែលបានកំណត់»។
លោកបន្ថែមថា ផ្លូវនៅសៀមរាបនឹងដើរតួនាទីសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរ និងអ្នកវិនិយោគ។
ប្រធានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា អ្នកស្រី ឆាយ ស៊ីវលីន បានប្រាប់ថា នៅពេលវិស័យទេសចរណ៍មានកំណើនវិស័យផ្សេងៗក៏កើនឡើងដែរ។ អ្នកស្រីអះអាងថា៖ «យើងពិតជាចង់ឱ្យវិស័យនេះចាប់ផ្តើមឡើងវិញណាស់»៕ LA