
សកម្មភាពសាឡង់ដឹកជញ្ជូនអ្នកដំណើរពីភ្នំពេញទៅអរិយក្សត្រ។ ហុង មិនា
ភ្នំពេញៈ កម្ពុជារំពឹងថា រដ្ឋាភិបាលកូរ៉េនឹងពន្លឿនបញ្ចប់ការសិក្សាអំពីគម្រោងសាងសង់ស្ពានតភ្ជាប់ពីតំបន់អរិយក្សត្រភ្នំពេញនាពេលដ៏ខ្លីខាងមុខនេះ ខណៈអ្នកជំនាញនៅក្នុងវិស័យអចលនទ្រព្យបានព្យាករថា តម្លៃដីធ្លីនៅតំបន់នោះនឹងមានសម្ទុះឡើងខ្ពស់នៅពេលមានការសាងសង់ស្ពានតភ្ជាប់។
រដ្ឋាភិបាលប្រទេសកូរ៉េខាងត្បូងកាលពីឆ្នាំ ២០២០ បានសម្រេចផ្តល់ថវិកាសាងសង់ស្ពានឆ្លងទន្លេមេគង្គពីតំបន់ជ្រោយចង្វារនៃរាជធានីភ្នំពេញទៅតំបន់អរិយក្សត្រ តាមការស្នើសុំរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
ក្នុងពេលចុះត្រួតពិនិត្យវឌ្ឍនភាពសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុកាលថ្ងៃទី ២១ ខែមិថុនា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា បើទោះបីប្រទេសកូរ៉េបានយល់ព្រមផ្តល់ជំនួយដល់គម្រោងសាងសង់ស្ពាននេះក៏ដោយ ប៉ុន្តែមកដល់ពេលនេះនៅមិនទាន់មានការសាងសង់អ្វីទេ ដោយកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ។
លោកថ្លែងថា៖ «បច្ចុប្បន្នក្រុមហ៊ុនកូរ៉េកំពុងសិក្សាថា តើត្រូវសាងសង់ស្ពានប្រភេទណា? អស់ថវិកាប៉ុន្មាន? ហើយនៅពេលសិក្សាចប់សព្វគ្រប់នឹងដាក់ដេញថ្លៃ ដើម្បីជ្រើសរើសក្រុមហ៊ុនមកសាងសង់ស្ពានស្វាយជ្រំរបស់យើង»។
ឯកអគ្គរាជទូតកម្ពុជាប្រចាំនៅប្រទេសកូរ៉េខាងត្បូង លោក ឡុង ឌីម៉ង់ និយាយថា ភាពល្អប្រសើរនៃកិច្ចសហប្រតិបត្តិការការទូត និងពាណិជ្ជកម្ម បានជំរុញឱ្យប្រទេសកូរ៉េផ្តល់ជំនួយ និងកម្ចីជាបន្តបន្ទាប់យកមកអភិវឌ្ឍប្រទេសកម្ពុជា ពិសេសការកសាងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់។
លោកបន្តថា ជាមួយនឹងភាពល្អប្រសើរនៃកំណើនពាណិជ្ជកម្មទ្វេភាគីប្រទេសទាំង ២ ក៏កំពុងត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយគ្នាក្នុងពេលឆាប់ៗនេះផងដែរ។
លោកអះអាងថា៖ «ការជួយស្ថាបនាហេដ្ឋារចនាសម្ព័ន្ធ គឺជាផ្នែកមួយដ៏សំខាន់ក្នុងទំនាក់ទំនងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េ។ អរិយក្សត្រនឹងក្លាយជាតំបន់មានសក្តានុពលខ្ពស់លើគ្រប់វិស័យ»។
ប្រធានសមាគមអចលនទ្រព្យសកល លោក សំ សុខនឿន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ២៣ ខែមិថុនាថា ចលនានៃការទិញ លក់អចលនទ្រព្យនៅតំបន់អរិយក្សត្របានចាប់ផ្តើមកម្រើកឡើងវិញជាបណ្តើរៗហើយ ក្រោយពីថមថយល្បឿនបន្តិចក្នុងឆ្នាំ ២០២០។ ការកម្រើកឡើងវិញនេះ អាចបណ្តាលមកពីកត្តាធំៗ ២ គឺការប្រកាសផ្តល់ថវិកាសាងសង់ស្ពានរបស់រដ្ឋាភិបាលកូរ៉េ និងការសម្លឹងឃើញរយៈពេលវែងរបស់អ្នកវិនិយោគ។
លោកបន្ថែមថា៖ «អរិយក្សត្រជាតំបន់ដ៏មានសក្តានុពលដែលមិនអាចមើលរំលង ព្រោះនៅពេលមានស្ពានឆ្លងទន្លេ ទីនោះប្រៀបដូចតំបន់ជ្រោយចង្វារ នាពេលនេះតែម្តង»។
យោងតាមលោក សុខនឿន ដីនៅអរិយក្សត្រតាមផ្លូវលេខ ៣៨០ (ជាប់មាត់ទន្លេ) មានតម្លៃជាមធ្យម ១ ០០០ ដុល្លារ ក្នុង ១ ម៉ែត្រការ៉េ ដីមានចម្ងាយពី ១-២ គីឡូម៉ែត្រពីមាត់ទន្លេ តម្លៃពី ១០០-២០០ ដុល្លារ និងចាប់ពីចម្ងាយ ៥ គីឡូម៉ែត្រអាចមានតម្លៃក្នុងរង្វង់ពី ២០-១០០ ដុល្លារ។
លោកលើកឡើងថា តម្លៃនេះនៅធូរនៅឡើយ ដែលអាចជាឱកាសសម្រាប់អ្នកមានបំណងចង់វិនិយោគផងដែរ។
លោក ច្រឹក សុខនីម ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានប្រាប់ថា ទីផ្សារអចលនទ្រព្យតំបន់អរិយក្សត្រនៅតែរក្សាបានភាពល្អប្រសើរ បើទោះជំងឺកូវីដ ១៩ កំពុងបន្តរីករាលដាល ហើយគម្រោងសាងសង់ស្ពាននៅមិនទាន់ចាប់ផ្តើម។ លោកបន្ថែមថា ការរក្សាបាននូវភាពវិជ្ជមាននេះ គឺដោយសារអរិយក្សត្រជាតំបន់ដែលនឹងមានសក្តានុពលខ្ពស់លើគ្រប់វិស័យនៅពេលអនាគត។
លោកប្រាប់ថា៖ «អរិយក្សត្រគឺជាទីតាំងដែលមានលក្ខណៈអំណោយផលសម្រាប់ការវិនិយោគលើគ្រប់វិស័យ»៕LA