ភ្នំពេញៈ អត្រា​ការប្រើប្រាស់​កន្លែង​លក់រាយ​ (Retail) នៅ​រាជធានី​ភ្នំពេញ​ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ បាន​ថយចុះ​ជិត ៥ ​ភាគរយ​បើ​ធៀប​នឹង​ឆមាស​ទី​២ ឆ្នាំ​ ២០២០ ដោយសារតែ​ក្តីបារម្ភ​ពី​ការឆ្លង​រាលដាល​ជំងឺ​កូវីដ​ ១៩ ដែល​តម្រូវឱ្យ​ប្រជាជន​ត្រូវ​កាត់បន្ថយ​ការធ្វើដំណើរ​ទៅ​កន្លែង​លក់ទំនិញ​នានា​។ នេះ​បើ​យោងតាម​ការស្រាវជ្រាវរ​បស់​ក្រុមហ៊ុន​អចលនទ្រព្យ CBRE Cambodia​។

លទ្ធផល​នៃ​ការស្រាវជ្រាវ​កាលពី​សប្តាហ៍​មុន​បានឱ្យ​ដឹងថា ការផ្ទុះ​ឡើង​នៃ​ព្រឹត្តិការណ៍​សហគមន៍ ២០ ​កុម្ភៈ​ បាន​ធ្វើឱ្យ​ទីផ្សារ​កន្លែង​ជួល​លក់រាយ ធ្លាក់ចុះ​យ៉ាងខ្លាំង​នៅ​អំឡុង​ដើម​ខែ​មីនា ដែល​ធ្វើឱ្យ​មធ្យមភាគ​នៃ​អត្រា​ប្រើប្រាស់​ (Cccupancy) ក្នុង​ឆមាស​ទី​១ ឆ្នាំ​ ២០២១ មាន​ប្រមាណ ៧១,៥ ​ភាគរយ ធ្លាក់ចុះ ៤,៦ ​ភាគរយ ពី​ចំនួន ៧៦,១ ​ភាគ កាលពី​ឆមាស​ទី​២ ឆ្នាំ​ ២០២០​។

ជាមួយ​គ្នា​នេះ​តម្លៃ​ជួល​របស់​ទីតាំង​លក់រាយ ៣ ប្រភេទ​ក្នុងចំណោម ៤ ប្រភេទ​ក៏បាន​ធ្លាក់ចុះ​ដែរ​ក្នុង​ឆមាស​ទី​១ ដោយ​ប្រភេទ Prime Shopping Mall មានតម្លៃ​មធ្យម ២៧,៥៦ ​ដុល្លារ​ក្នុង ​១ ​ម៉ែត្រការ៉េ​សម្រាប់​រយៈពេល​ ១ ​ខែ ធ្លាក់ចុះ ៣,២ ​ភាគរយ ប្រភេទ Prime High Street មានតម្លៃ ២៣,៦១ ​ដុល្លារ ធ្លាក់ចុះ ១០,០ ​ភាគរយ និង​ប្រភេទ Prime Retail Podium មានតម្លៃ ២២,២២ ​ដុល្លារ​ថយចុះ ៩,៣ ​ភាគរយ​។ ផ្ទុយទៅវិញ​ប្រភេទ Community Maill មានតម្លៃ ២១,៥៨ ​ដុល្លារ កើន ០,៧ ​ភាគរយ​។

លទ្ធផល​នៃ​ការស្រាវជ្រាវ​ខាងលើ​ក៏បាន​រកឃើញ​ថា ក្នុង​ឆមាស​ទី​១ ផ្ទៃ​កន្លែង​លក់រាយ​សរុប ៣៧ ៨២៤ ​ម៉ែត្រការ៉េ​ត្រូវបាន​ដាក់ចូល​ក្នុង​ទីផ្សារ ដែល​ធ្វើឱ្យ​ផ្ទៃ​លក់រាយ​សរុប​ក្នុង​រាជធានី​ភ្នំពេញ​កើន​ដល់​ប្រមាណ ៣៩០ ០០០ ​ម៉ែត្រការ៉េ​។

អ្នកនាង គឹម គិនកេសា អ្នកគ្រប់គ្រង​ជាន់ខ្ពស់​នៃ​ក្រុមហ៊ុន CBRE Cambodia បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​កាលពី​ថ្ងៃទី​ ១៤ ខែកក្កដា​ថា ដោយសារ​ស្ថានភាព​នៃ​ការឆ្លង​រាលដាល​កូវីដ​ ១៩ នៅ​បន្ត​អូសបន្លាយ​ពេល​រហូតមក​ដល់​ខែកក្កដា​នេះ​មិនទាន់​បញ្ចប់ ហេតុនេះ​ទីផ្សារ​កន្លែង​លក់រាយ​នឹងមិន​ទាន់​អាច​ងើបឡើងវិញ​ក្នុង​ឆ្នាំ​ ២០២១ ​ទេ ទោះបី​រដ្ឋាភិបាល​កំពុង​បង្កើនល្បឿន​ក្នុង​ការចាក់​វ៉ាក់សាំង​ឱ្យ​ដល់​ប្រជាជន​ក៏ដោយ​។ អ្នកនាង​បាន​បន្តថា តម្រូវការ​ជួល និង​ប្រើប្រាស់​ទីតាំង​ជួល​អាច​ងើប​វិញ លុះត្រា​ជំងឺ​កូវីដ​ ១៩ អាច​គ្រប់គ្រង​បាន​ទាំងស្រុង​។

អ្នកនាង គិនកេសា អះអាង​ថា​៖ «​ទីផ្សារ Retail អាច​នឹង​បន្ត​ធ្លាក់ចុះ​បន្តិចបន្តួច​ថែមទៀត​ដល់​ចុងឆ្នាំ​ ២០២១ ដោយសារ​ចំនួន​អ្នកដើរ​ទិញ​ទំនិញ​នៅ​ផ្សារ​ទំនើប ឬ​តាម​ហាង​លក់ទំនិញ​នៅមាន​ចំនួន​តិច​នៅឡើយ​»​។

តាម​ការព្យាករ​នៅ​ឆមាស​ទី​ ២ ឆ្នាំ​ ២០២១ នេះ​នឹងមាន​ផ្ទៃ​កន្លែង​លក់រាយ ៦៤ ១០២ ​ម៉ែត្រការ៉េ​បន្ថែមទៀត​ដាក់​ចូល​ទីផ្សារ ដែល​នឹង​ធ្វើឱ្យ​ផ្ទៃ​កន្លែង​លក់រាយ​នៅ​ភ្នំពេញ​កើន​ដល់ ៤៥០ ០០០ ​ម៉ែត្រការ៉េ​។ នេះ​បើតាម​អ្នកនាង គិនកេសា​។

របាយការណ៍​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ចេញ​ផ្សាយ​នៅ​ដើមខែ​កក្កដា​នេះ​ឱ្យដឹងថា នៅក្នុង​រយៈពេល ៥ ​ខែ​ដំបូង​ឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា​បានអនុម័ត​លើ​គម្រោង​សាងសង់​សរុប ​១ ៨២៣ ​គម្រោង​បើ​ធៀប​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ គឺ​ធ្លាក់ចុះ ២៧៨ ​គម្រោង​។

ក្នុងនោះ​គម្រោង​សំណង់​លំនៅឋាន​មាន​ចំនួន ១ ៦០៧ ​គម្រោង​ស្មើនឹង​ប្រមាណ ៨៧,៩ ​ភាគរយ​នៃ​សំណើសុំ​សាងសង់​សរុប​ធ្លាក់ចុះ ១៣៩ គម្រោង ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំមុន​។ គម្រោង​លំនៅឋាន​ដែល​ត្រូវបាន​អនុញ្ញាត​សាងសង់ គិត​ជា​ទឹកប្រាក់​មាន​ប្រមាណ ២ ៣៤៩ លាន​ដុល្លារ ធ្លាក់ចុះ ៣២,៦ ​ភាគរយ​៕ LA