ភ្នំពេញៈ គម្រោង​អភិវឌ្ឍន៍​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Boon Roong Twin Towers ដែលមាន​កម្ពស់​​ ៥៦៧ ​ម៉ែត្រ​ (១៣៣ ​ជាន់​) និង​មាន​ទុន​វិនិយោគ​ជាង ៣ ០០០ ​លាន​ដុល្លារ​របស់​ក្រុមហ៊ុន Thai Boon Roong Group នឹង​ចាប់ផ្តើម​ដំណើរការ​សាងសង់​នៅពេល​ស្ថានភាព​នៃ​ការអ៊ួអាប់​ ដោយសារ​ជំងឺ​កូវីដ ១៩ បិទ​បញ្ចប់​។ នេះ​បើតាម​លោក ទូស សាភឿន ប្រធាន​ក្រុម​ដឹកនាំ​ក្រុម​ស្ថាបត្យករ និង​សំណង់​ប្រចាំ​ក្រុមហ៊ុន Thai Boon Roong Group​។

Thai Boon Roong Twin Towers គឺជា​គម្រោង​សាងសង់​អគារ​ដ៏ធំ និង​ខ្ពស់​ជាងគេ​នៅ​កម្ពុជា ដែល​គ្រោង​សាងសង់​លើ​ផ្ទៃដី​ទំហំ​ជាង ៥ ​ហិកតា​ទល់មុខ​សណ្ឋាគារ និង​កាស៊ីណូ Naga World​។ មជ្ឈមណ្ឌល​ពាណិជ្ជ​កម្មនេះ​នឹង​មាន​ក្រឡា​ផ្ទៃ​សរុប ១ ៤៧៤ ៣៨៩ ​ម៉ែត្រការ៉េ ដែល​រួមបញ្ចូល​នូវ​សណ្ឋាគារ​កម្រិត​ផ្កាយ​ ៥ អាផាតមិន​ខុនដូ ការិយាល័យ​លំដាប់​អន្តរជាតិ ផ្សារ​ទំនើប ភោជនីយដ្ឋាន កន្លែង​គយគន់​ទេសភាព និង​សេវាកម្ម​កម្សាន្ត​លំដាប់​ពិភពលោក​ជាច្រើន​ទៀត​។

លោក ទូស សាភឿន បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ២២ ខែកក្កដា​ថា ការសិក្សា​អំពី​ប្លង់​បច្ចេកទេស​សាងសង់ និង​ការសាងសង់​ជញ្ជាំង​ទប់​ដី​ការពារ​កុំឱ្យ​បាក់​ដី ការពារ​ជម្រាប​ទឹក​នៃ​គម្រោង​អគារ​ពាណិជ្ជកម្ម​លំដាប់​ពិភពលោក Thai Boon Roong Twin Towers បានបញ្ចប់​រួចរាល់​ហើយ ដោយ​ក្រុមហ៊ុន​រង់ចាំ​ពេល​វិបត្តិ​ជំងឺ​រាតត្បាត​កូវីដ​ ១៩ បិទ​បញ្ចប់​តែប៉ុណ្ណោះ ដើម្បី​ចាប់ផ្តើម​សាងសង់​។

លោក​ថ្លែងថា​៖ «​យើង​មិនទាន់​ប្រាកដថា ការសាងសង់​នឹង​ចាប់ផ្តើម​នៅពេលណា​ទេ ដោយ​យើង​រង់ចាំ​មើលថា ជំងឺ​រាតត្បាត​នេះ​នឹង​ចប់​នៅពេលណា​? ខណៈ​អ្វីៗ​បាន​ត្រៀម​រួចរាល់​ហើយ​»​។

នៅលើ​បណ្តាញ​សង្គម​ផ្លូវការ​កាលពី​ថ្ងៃទី​ ២១ ខែកក្កដា លោក សាភឿន បានសរសេរថា​៖ «៤ ​ឆ្នាំ​កន្លង​ទៅហើយ​មាន​មិត្តភក្តិ​ជាច្រើន​សួរ​ខ្ញុំ​ថា គម្រោង​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម​ថៃប៊ុនរ៉ុង កម្ពស់ ៥៦៧ ​ម៉ែត្រ​នៅតែ​បន្ត​សាងសង់ ឬទេ​! មហា​គម្រោង​នេះ​នឹងមិន​មាន​អ្វី​ប្រែប្រួល​ទេ គម្រោង​ប្លង់​បច្ចេកទេស​បាន​គូរ​បញ្ចប់ ១០០ ​ភាគរយ ចំណែក​ជញ្ជាំង​ទប់ដី ការពារ​បាក់ដី ការពារ​ជម្រាប​ទឹកទន្លេ ជម្រៅ ២៦ ​ម៉ែត្រ​ក៏បាន​ចាក់​បេតុង​បញ្ចប់​រួចរាល់ ១០០ ​ភាគរយ​ហើយ​»​។

លោក​បន្ថែមទៀត​​ថា​៖ «​នៅពេលនេះ​ក្រុមការងារ​សាងសង់ និង​ក្រុមការងារ​ផ្នែក​បច្ចេកទេស​ផ្សេងៗ​ក៏បាន​ត្រៀមខ្លួន​រៀបចំ​រួចរាល់​ផងដែរ ដោយនៅ​រង់ចាំតែ​ឱកាសល្អ និង​ការបញ្ចប់​ស្ថានការណ៍​អួអាប់​ដោយសារ​ជំងឺ​កូវីដ គម្រោង​នេះ​នឹង​ចាប់ផ្តើម​ហើយ ក្រោម​ការដាក់ចេញ​ផែនការ និង​បទបញ្ជា​យ៉ាងម៉ឺងម៉ាត់​ពី​អ្នកឧកញ៉ា​អគ្គនាយក​ក្រុមហ៊ុន ថៃ ប៊ុនរ៉ុង​»​។

កន្លងមក លោក សាភឿន ធ្លាប់បាន​ប្រាប់​ ភ្នំពេញ​ ប៉ុស្តិ៍​ថា Thai Boon Roong Twin Towers នឹង​ក្លាយជា​មោទនភាព និង​ជា​កិត្យានុភាព​សម្រាប់​កម្ពុជា​លើ​ឆាក​អន្តរជាតិ និង​មុខមាត់​ប្រទេសជាតិ ដែល​ជា​ប្រទេស​ធ្លាប់មាន​អរិយធម៌​ខ្ពង់ខ្ពស់​។ អគារ​នេះ​មិន​ត្រឹមតែ​ជា​មោទនភាព​សម្រាប់​កម្ពុជា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​នឹង​ទាក់ទាញ​ក្រុមហ៊ុន​លំដាប់​អន្តរជាតិ​ធំៗ ឱ្យ​ចូលមក​ប្រទេស​កម្ពុជា​កាន់តែ​ច្រើន​ថែមទៀត​។

លោក​បាន​ថ្លែងថា​៖ «​មិនមែន​ប្រទេស​ទាំងអស់​សុទ្ធតែ​មាន​សមត្ថភាព​កសាង​អគារ​ធំ​បែបនេះ​បានទេ ជួនកាល​គេ​មាន​លុយ តែ​មិន​ប្រាកដថា​អាច​សាងសង់​បាន​នោះឡើយ​»​។

អ្នកជំនាញ​ផ្នែក​អចលនទ្រព្យ អ្នកស្រី អាន សុធីតា បាន​ប្រាប់ ​ភ្នំពេញ​ ប៉ុស្តិ៍​ ក្នុង​ថ្ងៃទី​ ២២ ខែកក្កដា​ថា នេះ​ជា​ព័ត៌មាន​វិជ្ជមាន​សម្រាប់​វិស័យ​អចលនទ្រព្យ និង​សំណង់​នៅ​កម្ពុជា ប៉ុន្តែ​ដោយសារ Thai Boon Roong Twin Towers ជា​គម្រោង​ធំ និង​ប្រើពេល​សាងសង់​យូរ ហេតុនេះ​គេ​មិនអាច​វាយតម្លៃ​បាន​ភ្លាមៗ​ពី​កម្រិត​ភាពជោគជ័យ​ទេ​។

អ្នកស្រី​បន្តថា ម្យ៉ាងទៀត​ដោយសារ​វា​ជា​គម្រោង​ធំ ហេតុនេះ​ទីផ្សារ​អតិថិជន​គោលដៅ​របស់​គម្រោង​ប្រាកដជា​ផ្តោត​សំខាន់​ទៅលើ​វិនិយោគិន​លំដាប់​អន្តរជាតិ និង​ក្រុមហ៊ុន​ធំៗ​។

អ្នកស្រី​លើកឡើង​ថា​៖ «​ដើម្បី​ទទួលជោគជ័យ គឺ​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ធ្វើការ​សិក្សា​ឱ្យបាន​លម្អិត​ពី​ភាព​ដែល​អាចទៅរួច​សម្រាប់​គម្រោង​ខ្នាត​យក្ស​មួយ​នេះ ព្រោះ​ទីផ្សារ​ប្រទេស​កម្ពុជា​មាន​ការរីកលូតលាស់​មែន ប៉ុន្តែ​ជា​ទីផ្សារ​តូច​តែប៉ុណ្ណោះ​»​។

អ្នកស្រី​បន្ថែមថា សម្រាប់​គម្រោង​លំដាប់​ពិភពលោក​បែបនេះ គឺ​ទាមទារ​នូវ​គម្រោង​នេះ​មាន​បំពាក់​នូវ​ការប្រើប្រាស់​បច្ចេកវិទ្យា​ថ្មីៗ ការរចនា​ទំនើប​ទាន់សម័យ គុណភាព​ល្អ និង​មាន​វិធីសាស្ត្រ​ងាយស្រួល​ក្នុង​ការបង់ប្រាក់ ជាដើម​។ ទោះបីជា​យ៉ាងណា​អ្នកស្រី​បញ្ជាក់ថា​៖ «​អ្នក​អភិវឌ្ឍន៍​ប្រាកដ​ជា​មាន​យុទ្ធសាស្ត្រ​ទីផ្សារ​ច្បាស់លាស់​ក្នុង​ការបង្ការ​ការពារ​ហានិភ័យ​ដែល​អាច​កើតឡើង​»​។

របាយការណ៍​និន្នាការ​សេដ្ឋកិច្ច​សង្គម​នៃ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ ចេញផ្សាយ​នៅ​ដើមខែ​កក្កដា​ឱ្យ​ដឹងថា ក្នុង​រយៈពេល ៥ ​ខែ​ដើមឆ្នាំ​ ២០២១ រដ្ឋាភិបាល​កម្ពុជា បាន​អនុម័ត​លើ​គម្រោង​សាងសង់​សរុប​ ១ ៨២៣ ​គម្រោង បើ​ធៀប​ទៅនឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០ គឺ​បាន​ធ្លាក់ចុះ​ប្រមាណ ២៧៨​ គម្រោង​៕ LA